ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថៃ​បន្ត​គម្រោង​សាងសង់​ទំនប់​ដែល​មាន​ជម្លោះ ដោយ​ព្រងើយ​កន្តើយ​នឹង​កិច្ចសញ្ញា​តំបន់


អ្នក​នេសាទ​ម្នាក់​ប្រកប​ការងារ​នៅ​​​តាម​ដង​ទន្លេមេគង្គ​ត្រង់​​ចំណុច​ដែល​គេ​កំណត់​ជា​កន្លែង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​សាយ៉ាប៊ូរី (Xayaburi) នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ។
អ្នក​នេសាទ​ម្នាក់​ប្រកប​ការងារ​នៅ​​​តាម​ដង​ទន្លេមេគង្គ​ត្រង់​​ចំណុច​ដែល​គេ​កំណត់​ជា​កន្លែង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​សាយ៉ាប៊ូរី (Xayaburi) នៅ​ភាគ​ខាង​ជើង​ប្រទេស​ឡាវ។

ក្រុម​ការពារ​បរិស្ថាន​មួយ និយាយ​ថា​ក្រុមហ៊ុន​ថៃ​នឹង​បន្ដ​កិច្ចការ​សាងសង់​ទំនប់​វារី​អគ្គីសនី​ដែល​មាន​បញ្ហា​ចម្រូងចម្រាស​នៅ​លើ​ទន្លេ​មេគង្គ​ភាគ​ខាងក្រោម ទោះបីជា​មាន​កិច្ច​ព្រមព្រាង​ពន្យា​ពេល​សេចក្ដី​សម្រេច​មក​លើ​គម្រោង​នោះ​ក៏​ដោយ។

អង្គការ​ទន្លេ​អន្ដរជាតិ (International Rivers) ដែល​មាន​មូលដ្ឋាន​នៅ​ស.រ.អា និយាយ​ថា​ ខ្លួន​បាន​រកឃើញ​ការ​សាងសង់​បឋម​នៃ​ទំនប់​វារី​អគ្គិសនី​សាយាប៊ូរី (Xayaburi) ក្នុង​ប្រទេស​ឡាវ ដែល​មាន​ទឹកប្រាក់​៣.៥០០​លាន​ដុល្លារ​អាមេរិក ដែល​រួម​បញ្ចូល​ទាំង​ផ្លូវ​ចេញ​ចូល​ទៅ​កាន់ទំនប់​នេះ។

គណៈកម្មការ​ទន្លេ​មេគង្គ (Mekong River Commission) ដែល​មាន​ប្រទេស​ជា​សមាជិក​ ថៃ កម្ពុជា ឡាវ និង វៀតណាម បាន​យល់ព្រម​គ្នា​កាល​ពី​ខែ​ធ្នូ​ នឹង​ធ្វើ​ការ​សិក្សា​បន្ថែម​ដើម្បី​វាយ​តម្លៃ​មក​លើ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ទីនោះ​ ទោះបី​ជា​សេចក្ដី​សម្រេច​នោះ​មិន​មាន​ចំណង​គតិយុត្ត​ក៏​ដោយ។

អ្នកស្រី ពានពន ឌីតេស (Pianporn Deetes) អ្នក​សម្រប​សម្រួល​យុទ្ធនាការ​របស់​អង្គការ​ទន្លេ​អន្ដរជាតិ​ក្នុង​ប្រទេស​ថៃ ថ្លែង​ប្រាប់​វីអូអេ​ថា ទំនប់​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ដែល​មាន​មនុស្ស​៦០​លាន​នាក់​ដែល​រស់នៅ​ជិត​ខាង​អាង​ទន្លេ​មេគង្គ ហើយ​ដែល​ពឹង​ផ្អែក​លើ​របស់​នេសាទ​ត្រី​នៅ​តាម​ដង​ទន្លេ​នេះ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត៖

បាតុករ​ហ្វ៊ីលីពីន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ប្រទេស​ចិន​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ក្រុង​ម៉ានីល​ក្នុង​ពេល​កន្លង​មក ក្នុង​ជម្លោះ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។
បាតុករ​ហ្វ៊ីលីពីន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​ប្រទេស​ចិន​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​ចិន​ប្រចាំ​ក្រុង​ម៉ានីល​ក្នុង​ពេល​កន្លង​មក ក្នុង​ជម្លោះ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

ចិន/ហ្វីលីពីន៖ ជម្លោះ​ថ្មី​មូយ​កំពុង​កើត​ឡើង​រវាង ចិន​និង​ហ្វីលីពីន អំពី​ការ​រុករក​ប្រេង​នៅ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាងត្បូង ដោយ​ភាគី​ទាំង​សង​ខាង​ពុំ​មាន​បង្ហាញ​សញ្ញា​ណា​មួយ​នៃ​ការ​ដក​ខ្លួន​ថយ​ទេ។

ស៊ីរី៖ មន្ដ្រី​ជាន់​ខ្ពស់​នៃ​អ.ស.ប​និយាយ​ថា​ ការ​វាយ​បង្ក្រាប​ដែល​ចេញ​បញ្ជា​ដោយ​លោក​ប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល អាសាដ (Bashar Al Assad) មក​លើ​ក្រុម​បះបោរ បាន​សម្លាប់​មនុស្ស​រហូត​ដល់​ ៧.៥០០​នាក់ នៅពេល​ដែល​ក្រុម​អ្នក​ការទូត​កំពុង​ស្វែងរក​ការ​ដោះស្រាយ​វិបត្ដិ​នេះ ហើយ​ស្វែងរក​ជំនួយ​មនុស្សធម៌​ដល់​ជន​រងគ្រោះ។

ស.រ.អា/កូរ៉េខាងជើង៖ មេបញ្ជាការ​យោធា​ជាន់​ខ្ពស់​របស់​ស.រ.អា ថ្លែង​ថា​កូរ៉េខាងជើង​ត្រូវតែ​ធ្វើ​សម្បទាន​មក​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ដើម្បី​ទទួល​យក​ជំនួយ​អាហារ​ដ៏​ចាំបាច់​ពី​រដ្ឋាភិបាល​វ៉ាស៊ីនតោន។

សេណេហ្គាល់៖ ក្រុម​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​បង្កើត​សម្ព័ន្ធភាព​មូយ​ក្នុង​គោល​បំណង​នឹង​យក​ជ័យជម្នះ​លើ​ប្រធានាធិបតី​កាន់​តំណែង លោក អាប៊ូឡាយេ វ៉ាឌី (Aboulaye Wade) បើ​មាន​ការ​បោះឆ្នោត​លើក​ទី​ពីរ។

នីហ្សេរីយ៉ា៖ ក្រុម​អ្នក​តាម​ឃ្លាំ​មើល​ស្ថានការណ៍​សមុទ្រ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​នេះ​ថា​ពួក​ចោរ​សមុទ្រ បាន​ចាប់​មនុស្ស​យ៉ាង​តិ​២​នាក់ ដែល​ជា​បុគ្គលិក​របស់​នាវា​ដឹក​ទំនិញ​មួយ ដែល​បោះ​យុថ្កា​នៅ​ជិត​ឆ្នេរ​សមុទ្រ​ប្រទេស​នីហ្សេរីយ៉ា។

អូតង់/អាហ្វហ្គានីស្ថាន៖ អគ្គលេខាធិការ​របស់​អង្គការ​អូតង់ លោក អង់ដ្រេស ហ្វគ រ៉ាសម៊ូសសេន (Anders Fogh Rasmussen) បាន​សរសើរ​កងកម្លាំង​ចម្រុះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​បាន​បង្ហាញ អ្វី​ដែល​លោក​ហៅ​ថា ចិត្ដ​អត់ធ្មត់​ប្រកប​ទៅ​ដោយ​វិជ្ជាជីវៈ នៅ​ពេល​ប្រឈម​មុខ​នឹង​អំពើ​ឃោរឃៅ​ប្រឆំាង​មក​លើ​កង​កម្លាំង​ចម្រុះ​ ក្រោយ​ពី​មាន​ការ​ដុត​គម្ពីរ​គួរអាន (Quran) ​ក្នុង​មូលដ្ឋាន​យោធា​ស.រ.អា។

ស.រ.អា៖ សភា​ស.រ.អា ព្រមាន​ដល់​មេដឹកនាំ​យោធា​ស.រ.អា​ថា គេ​អាច​រំពឹង​ថា​នឹង​មាន​ការ​កាត់​បន្ថយ​ចំណាយ​យោធា​ដ៏​ធំធេង​បន្ថែម​ទៀត​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ខណៈ​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ដោះស្រាយ​បញ្ហា​បំណុល​ដ៏​ធំធេង​របស់​រដ្ឋាភិបាល។

អាហ្វហ្គានីស្ថាន៖ មនុស្ស​យ៉ាង​តិច​ណាស់​៦​នាក់​ បាន​រង​របួស​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ក្នុង​រថយន្ដ​មួយ​ដែល​មាន​ទិសដៅ​ទៅ​រក​ក្បួន​ហែរ​រថយន្ត​ទាហាន​បរទេស​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន។

ចិន៖ បណ្ដាញ​ព័ត៌មាន​រដ្ឋ​ចិន​និយាយ​ថា ​មាន​មនុស្ស​យ៉ាង​តិច​១២​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​អំឡុង​ពេល​ដែល​មាន​អំពើ​ឃោរឃៅ​នៅ​តំបន់​ដាច់ស្រយាល​ ភាគ​ពាយ័ព្យ​នៃ​ខេត្ដ​សិនជាង (Xinjiang)។

XS
SM
MD
LG