រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យមើលសំណង់ដែលកំពុងសាងសង់ និងអគារដែលត្រូវបានសាងសង់រួចក្នុងខេត្តព្រះសីហនុ ដើម្បីវាយតម្លៃថា សំណង់ទាំងនោះ ត្រូវបានសាងសង់ដោយមានច្បាប់ និងមានគុណភាពឬយ៉ាងណា។ កាលពីថ្ងៃពុធ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា សំណង់ដែលកំពុងសាងសង់ចំនួន៥ក្នុងខេត្តព្រះសីហនុ ត្រូវបានរកឃើញភ្លាមៗថាសាងសង់ដោយគ្មានច្បាប់អនុញ្ញាត។ គ្រោះថ្នាក់បាក់អគារ៧ជាន់នៅក្នុងខេត្តព្រះសីហនុ នាំឲ្យមានការព្រួយបារម្ភលើគុណភាពសំណង់អគារនៅក្នុងខេត្តមួយនេះ។
បន្ទាប់ពីការបាក់អគារកំពុងសាង់សង់ចំនួន៧ជាន់នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃសោរ៍សប្តាហ៍មុន ដែលបណ្តាលឲ្យមនុស្ស២៨នាក់ស្លាប់ ខេត្តដែលកំពុងរីកដុះដាលយ៉ាងគំហុកនៃសំណង់និងការរកស៊ីរបស់ចិន បានប្រឈមនឹងបញ្ហាការសាងសង់សំណង់ដោយមិនមានអាជ្ញាបណ្ណ និងសំណង់មិនមានគុណភាព។
ក្រោយគ្រោះថ្នាក់បាក់អគារ កាលពីថ្ងៃសោរ៍ ដែលបណ្តាលឲ្យកម្មករដែលធ្វើការនៅទីនោះបានស្លាប់ និងរងរបួស រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមបង្កើតនូវគណៈកម្មការពិសេសមួយ ដើម្បីត្រួតពិនិត្យសំណង់អគារនៅទីនោះ។
កាលពីថ្ងៃពុធ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាននៅពេលលោកចូលរួមក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិនៅភ្នំពេញ ថា រដ្ឋមន្រ្តីក្រសួងដែនដី លោក ជា សុផារ៉ា បានរាយការណ៍មកលោកថា ជាដំបូងរកឃើញសំណង់កំពុងសាងសង់ចំនួន៥ មិនបានសុំច្បាប់។
លោកបានថ្លែងថា៖ «គ្រាន់តែយប់មិញ ខ្ញុំទទួលព័ត៌មានពីឯកឧត្តមជា សុផារ៉ា មកថាជាបឋមមាន៥សំណង់ ៥កន្លែងដែលថាកំពុងសាងសង់ តែអត់មានច្បាប់ទាំងអស់ ដូច្នេះនេះជាហានិភ័យមួយធំ ហើយយើងត្រូវធ្វើអាហ្នឹងទាំងអស់ឡើងវិញ»។
លោកបញ្ជាក់បន្ថែមថាសំណង់ទាំងអស់ ទាំងសង់រួច និងមិនទាន់សង់រួច នឹងត្រូវត្រួតពិនិត្យ។
ទាក់ទងនឹងអគារដែលបាក់នោះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ដែលបានប្រកាសលាលែងពីតំណែង ក្រោយគ្រោះថ្នាក់មួយនេះ បានថ្លែងកាលពីសប្តាហ៍មុនថា អគាររបស់ចិននេះ ត្រូវបានអាជ្ញាធរចុះឃាត់ពីរដងរួចទៅហើយ ដោយថាមិនអនុវត្តតាមលក្ខណៈបច្ចេកទេស។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាមូលហេតុអ្វីបានជាមិនមានការបញ្ឈប់ការដ្ឋានសំណង់ រហូតមកដល់ថ្ងៃគ្រោះថ្នាក់។
លោកមានប្រសាសន៍ថា៖
«ជាក់ស្តែងក្រុមការងាររបស់យើង បានមកឃាត់ពីរដងដែរហើយ»។ លោកបន្ថែមថា៖ «ហើយកន្លងទៅ ខេត្តធ្លាប់ឃាត់ញឹកណាស់សំណង់ដទៃ។ ខ្លះគាត់ស្តាប់ទៅ ខ្លះគាត់លួច»។
លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ការដែលអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានលាលែងពីតំណែង«ការល្អមួយ» តែលោកមិនបានបញ្ជាក់ថា នឹងមានចំណាត់ការអ្វីបន្តទៀតលើអភិបាលខេត្តនោះទេ។ លោកគ្រាន់តែមានប្រសាសន៍ថា លោកកំពុងពិនិត្យមើលឯកសារថាតើមន្រ្តីណាខ្លះពាក់ព័ន្ធនឹងករណីនេះ។
បើតាមហ្វេសប៊ុកផ្លូវការរបស់សាលាខេត្តព្រះសីហនុ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី កាលពីថ្ងៃអង្គារ បានជួបជាមួយម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសំណង់ ដែលភាគច្រើនជាជនជាតិចិន មួយថ្ងៃក្រោយបញ្ចប់ការជួយសង្រ្គោះមនុស្សដែលជាប់ក្នុងគំនរអគារបាក់រលំ។
បើតាមការដកស្រង់សម្តី លោក ជា សុផារ៉ា បានព្រមានថា សំណង់ដែលគ្មានច្បាប់ នឹងត្រូវប្តឹងទៅតុលាការ ដើម្បីដោះស្រាយ។
លោកត្រូវបានដកស្រង់សម្តីបន្តថា៖ «គណៈកម្មការនឹងចុះធ្វើការងារ នេះដោយប្រាកដប្រជាបំផុតនិងព្រមទាំងបានរំឭកដល់ម្ចាស់សំណង់ទាំងអស់ឲ្យត្រៀមឯកសារទាក់ទិននឹងសំណង់របស់ខ្លួននិងកុំមានទម្លាប់ពេលគណៈកម្មការចុះទៅហុចស្រោមសំបុត្រ»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានថ្លែងថាសំណង់អគារផ្សេងទៀត ក៏នឹងអាចប្រឈមនឹងផ្លូវច្បាប់ផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំយល់ថារឿងសំណង់ខុសច្បាប់ វាមិនមែនតែសំណង់ដែលដួលរលំហ្នឹងទេ។ វាអាចមានផ្សេងទៀត ហើយយល់ល្អអាជ្ញាធរគួរតែពិនិត្យ ហើយសំណង់ខ្លះ ខ្ញុំសង្ស័យតែប្រឈមនឹងការរុះរើ ឬក៏វាយចោលទេ។ ហើយតម្រូវឲ្យក្រុមហ៊ុនចិនហ្នឹងត្រូវសុំច្បាប់ឡើងវិញ»។
របាយការណ៍របស់ក្រុមធនាគារពិភពលោកចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ដែលនិយាយអំពី«ឆ្ពោះទៅសម្រេចសក្តានុពលនគរូបនីយកម្ម» បានបញ្ជាក់ថាខេត្តព្រះសីហនុ បានប្រឈមនឹង«គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន»។ របាយការណ៍បានបញ្ជាក់បន្ថែមថា ការផ្តល់ការអនុញ្ញាតឲ្យធ្វើសំណង់នៅតែជាបញ្ហាត្រង់ថា «សង់សិន អាជ្ញាបណ្ណតាមក្រោយ»។
របាយការណ៍បានបញ្ជាក់ថា៖ «នៅមានការអនុញ្ញាតការសាងសង់ត្រូវបានផ្តល់លើមូលដ្ឋានមួយករណីម្តងៗ ដែលនៅទីនោះគេច្រើនស្គាល់ថាជាវិធី «សង់សិន អាជ្ញាបណ្ណតាមក្រោយ»។ សិទ្ធិអំណាចក្នុងការចេញអាជ្ញាបណ្ណសាងសង់និងការត្រួតត្រាសំណង់ស្ថិតនៅហួសពីសមត្ថកិច្ចរបស់មន្ទីរខេត្តនីមួយៗ ឬរបស់អាជ្ញាធរក្រុងទៅទៀត»។
នៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី២៦ ខែមិថុនា រដ្ឋាភិបាលបានបង្កើតក្រុមការងារចំនួន១៧ក្រុម ដែលមានសមាជិកសរុបទាំងអស់ជិត១០០នាក់។ សេចក្តីសម្រេចបានបញ្ជាក់ថា ក្រុមការងារនឹងចុះពិនិត្យការអនុវត្តបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់នៅខេត្តព្រះសីហនុ និងពិនិត្យមើលលក្ខណសម្បត្តិរបស់ក្រុមហ៊ុនម៉ៅការសាងសង់តាមការដ្ឋានសំណង់។
VOA មិនអាចសុំការឆ្លើយតបពីលោក ឡៅ ទិព្វសីហា ប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ និងអ្នកនាំពាក្យក្រសួងដែនដី លោក សេង ឡូត បាននៅឡើយទេ។
ក្នុងពេលចុះពិនិត្យមើលប្រតិបត្តិការជួយសង្រ្គោះអ្នកជាប់ក្នុងគំនរអគារកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានខ្លាំងៗថានឹងចាត់វិធានការសំណង់ខុសច្បាប់ និងថាអាជ្ញាធរខេត្តត្រូវតែហ៊ានចាត់វិធានការទាំងនេះ។
លោកមានប្រសាសន៍ថា៖ «គ្មានច្បាប់ សាងសង់ ក៏ត្រូវបានសាងសង់គេសាងសង់ហើយ ទៅប្រាប់គេ គេមិនស្តាប់។ ខ្ញុំគួរតែប្រាប់ថាតើអំណាចរដ្ឋវានៅកន្លែងណា? ទុកឲ្យអ្នកសាងសង់មកធ្វើចៅហ្វាយខេត្ត មកធ្វើចៅហ្វាយក្រុង មកធ្វើរដ្ឋមន្រ្តីវាល្អជាង។ ដូច្នេះពីថ្ងៃនេះទៅ គ្មានការលើកលែងណាមួយបានទេ»។
លោក ហ៊ុន សែន បានបញ្ជាក់ថា គណៈកម្មការដែលត្រូវបានបង្កើតឡើងនឹងវាយតម្លៃពិតប្រាកដទៅលើសំណង់ទាំងអស់។
ខណៈដែលខេត្តព្រះសីហនុ មានការរីកដុះដាលសំណង់អគារ និងជនជាតិចិននៅទីនោះយ៉ាងគំហុកក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ការរីកចម្រើននេះ ក៏បាននាំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋកម្ពុជាថាបានធ្វើឲ្យប៉ះពាល់បរិស្ថានក្នុងខេត្តមួយនេះ និងធ្វើឲ្យតម្លៃកន្លែងស្នាក់នៅ ការហូបចុកនៅទីនោះឡើងថ្លៃ ដែលធ្វើឲ្យប្រជាជនកម្ពុជាមិនហ៊ានទៅលេងក្នុងខេត្តមួយនេះ។
លោក ហ៊ុន សែន បានថ្លែងការពារថា ផ្លូវថ្នល់ និងបរិស្ថាននៅទីនោះ នឹងមានភាពល្អប្រសើរ នៅពេលសំណង់អគារត្រូវបានសាងសង់រួចហើយ។
លោកមានប្រសាសន៍ថា៖ «ពិតមែនហើយនៅពេលដែលការចាប់ផ្តើមសាងសង់ មានការខូចផ្លូវ ប៉ុន្តែនៅពេលមានការសាងសង់រួចហើយ ទីក្រុងព្រះសីហនុ វានឹងក្លាយទៅជាប៉ូលនៃឆ្នេរសមុទ្រមួយដ៏ធំ ដែលមិនតូចតាចទេ»។ លោកបានការពារថា ដោយសារការវិនិយោគរបស់ចិន ទើបធ្វើឲ្យមានសំណង់អគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុ។
លោកបានបញ្ជាក់ថា៖ «ឥឡូវបើសិនក្រុងព្រះសីហនុគ្មានអ្នកវិនិយោគចិនទេ សួរថាតើយើងមានសំណង់អគារធំៗខ្ពស់ៗ យ៉ាងដូច្នេះទេ»។
ការបាក់អគារនេះធ្វើឲ្យសាធារជន និងកម្មករដែលធ្វើការក្នុងវិស័យសំណង់មានការព្រួយបារម្ភអំពីសុវត្ថិភាពធ្វើការ និងគុណភាពសំណង់នៅក្នុងប្រទេសកម្ពុជា។ អំពើពុករលួយត្រូវបានមើលឃើញថាធ្វើឲ្យសំណង់មួយចំនួនសាងសង់ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ។
លោក សឿង សារ៉ន ប្រធានសមាគមធាងត្នោតដែលជាអង្គការធ្វើការលើការអភិវឌ្ឍទីក្រុង មានប្រសាសន៍ថា ការដែលសាងសង់អគារដោយមិនមានការសុំច្បាប់ ឬអាជ្ញាធរចុះទៅពិនិត្យមើល គឺជាភាពទន់ខ្សោយក្នុងការអនុវត្តច្បាប់។
លោកមានប្រសាសន៍ថា៖ «បើនិយាយមែនទែនទៅដោយសារតែកម្សោយនៃការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ព្រោះបើសាងសង់អគារមួយៗ សាងសង់ដោយមិនមានច្បាប់ហើយអាចរីកលូតលាស់ធំបាន អញ្ចឹងអាជ្ញាធរមូលដ្ឋានជាអ្នកដើរតួនេះហើយ។ ដើរតួនាទីជាអ្នករៀបចំសណ្តាប់ធ្នាប់យ៉ាងម៉េច បើសិនការសាងសង់ គ្មានការអនុញ្ញាត»។
លោកមានប្រសាសន៍ថា រដ្ឋាភិបាលគួរវាយកម្ទេចចោលសំណង់ដែលកំពុងសាងសង់ពុំមានច្បាប់ និងសង់រួចទៅហើយ តែគ្មានគុណភាពស្តង់ដារត្រឹមត្រូវ ដើម្បីទុកជាការព្រមានដល់អ្នកវិនិយោគមួយចំនួន។
លោក រស់ ស៊ីថា អាយុ៤០ឆ្នាំ ដែលជាកម្មករម្នាក់រងគ្រោះថា្នក់បាក់អគារ ហើយជាប់ក្នុងគំនរអគារជិត២ថ្ងៃកន្លះ បានថ្លែងថា លោកនឹងមិនទៅធ្វើការក្នុងវិស័យសំណង់ទៀតទេ ដោយសារលោកមានភាពភ័យខ្លាចក្នុងគ្រោះថ្នាក់ការងារ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំឈប់ហើយ អត់ចង់ចំណាកស្រុក ខ្ញុំចង់ដាំដំណាំ ដាំបន្លែអីលក់អញ្ចឹង។ ដល់អញ្ចឹង ខ្ញុំមានការភ័យខ្លាចដែរ ខ្លាចបងប្អូនប្រជាពលរដ្ឋយើងក្រោយ អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតទៀត»៕