ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​ទុយនីស៊ី ធ្វើ​កុបកម្ម​និង​​លួច​ឥវ៉ាន់​ពី​អាជីវកម្ម​ក្នុង​ខួប​១០ឆ្នាំ​នៃ​ការលាលែង​ពី​តំណែង​របស់​​អតីត​ប្រធានាធិបតី


ក្រុមបាតុករ ប៉ះទង្គិចគ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុង​អំឡុងពេល​បាតុកម្ម​មួយ​នៅក្នុង​ទីក្រុង ​Siliana នៃ​ប្រទេស​ទុយនីស៊ី​ដែល​នៅ​ចម្ងាយ​ប្រហែល​១៣០ គីឡូម៉ែត្រ​ភាគនិរតី​នៃ​ទីក្រុង​ទុយនីស កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។
ក្រុមបាតុករ ប៉ះទង្គិចគ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុង​អំឡុងពេល​បាតុកម្ម​មួយ​នៅក្នុង​ទីក្រុង ​Siliana នៃ​ប្រទេស​ទុយនីស៊ី​ដែល​នៅ​ចម្ងាយ​ប្រហែល​១៣០ គីឡូម៉ែត្រ​ភាគនិរតី​នៃ​ទីក្រុង​ទុយនីស កាលពី​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អារ៉ាប់ បាន​ផ្សព្វផ្សាយ​វីដេអូ​មួយ​ពី​ហ្វូង​យុវជន​កំពុង​ដុត​ភ្លើង​ និង​ចូល​លួចក្នុង​ធនាគារ​និង​អាជីវកម្មឯកជន​ក្នុង​ថ្ងៃ​ហិង្សា​ទីពីរនៅ​តាមទីក្រុង​ជាច្រើន​ក្នុង​ប្រទេស​ទុយនីស៊ី។

ក្រសួង​មហាផ្ទៃ​បាន​រាយការណ៍​ថា ​មាន​មនុស្ស ​២៤២​ នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំពើ​ហិង្សា​នោះ។

នាយករដ្ឋ​មន្ត្រី Hichem Meshishi បាន​ថ្លែង​ជា​សាធារណៈ​កាល​ពី​ថ្ងៃសៅរ៍ទី​១៦ ខែ​មករា​ថា លោក​កំពុង​បង្ហាញ​សំណើ​រុះរើ​គណៈរដ្ឋមន្ត្រី​មួយ​ទៅ​កាន់​សភា​ ដើម្បី​ព្យាយាមកាត់បន្ថយ​អំពើ​ពុករលួយ ភាព​អត់​ការងារ​ធ្វើ​ និង​វិបត្តិ​សេដ្ឋកិច្ច ដែលកំពុងញាំញី​ប្រទេស​នេះ។

លោក​និយាយ​ថា ​ប៉ុន្មាន​ខែ​ខាង​មុខ ​នឹង​ជាការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​មួយ ​ហើយ​កំណែ​ទម្រង់​សេដ្ឋកិច្ចត្រូវតែ​ធ្វើ​ឡើង រួម​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បីកែប្រែ​ភាព​អយុត្តិធម៌​ក្នុង​សង្គម ​និង​ការ​អភិវឌ្ឍ​មិន​គ្រប់គ្រាន់។ លោក​បន្ថែម​ថា​ គេ​ក៏​ត្រូវការ​កិច្ច​សហប្រតិបត្តិការ​ច្រើន​ជាង​មុន​នៅ​ថ្នាក់​រដ្ឋមន្ត្រី ដែល​នេះ​ជា​ហេតុផល​នាំឱ្យមាន​ការ​រុះរើ​គណៈរដ្ឋមន្ត្រី។

សង្គមវិទូ​នយោបាយ​ជនជាតិ​អេហ្ស៊ីប​លោក Said Sadek និយាយ​ជាមួយ​វីអូអេ​ពីប្រទេស​ទុយនីស៊ី​ថា​ អ្នក​ធ្វើ​កុបកម្ម​ភាគច្រើន​ជា​«ក្មេង​ជំទង់​និង​បុរស​វ័យក្មេង» ហើយប៉ូលិស​បាន​«ស្ទាក់ស្ទើរ​ក្នុង​ការ​បង្ក្រាប​ពួកគេ​ដោយសារ​មាន​ការ​រិះគន់​ពី​គណបក្ស​នយោបាយថា ​ជា​អំពើ​សាហាវ​ឃោរឃៅ»។​

លោក Sadek បន្ថែម​ថា ​ជនជាតិ​ទុយនីស៊ី​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​នឹង​ស្ថានភាព​បច្ចុប្បន្ន ទាំង​សេដ្ឋកិច្ច​និង​នយោបាយ ហើយ​មនុស្ស​ជាច្រើន​យល់​ថា ​អ្នកនយោបាយ ​មិន​ខ្វល់​ពី​ជោគ​វាសនា​របស់​ប្រជាជន​សាមញ្ញ។

លោក Sadek ថ្លែង​ថា៖ «បដិវត្តន៍ Arab Spring ដែល​មាន​ទម្រង់​បែប​កុបកម្ម​នេះ កំពុង​ជួប​នឹង​បញ្ហា​ជាច្រើន​ ទោះ​បីជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាងលិច​បាន​ផ្សព្វផ្សាយ​និង​បង្ហាញ​រូបភាព​ថា ​វា​ជោគជ័យ​ក៏ដោយ។​ នៅ​ក្នុង​ប្រទេស​ ប្រជាជន​មិន​មាន​អារម្មណ៍ ឬ​ឃើញ​ជោគជ័យ​ណា​នោះ​ទេ។ ពួកគេ​មិន​មាន​នំប៉័ង ពួកគេ​មិនមាន​ទឹក ហើយ​សន្តិសុខ​ក្នុង​ប្រទេស​ក៏​ជា​បញ្ហា»។

រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ដំណើរការ​ប្រទេស​រយៈពេល​បួន​ថ្ងៃ​កាល​ពី​សប្តាហ៍​មុន ដោយ​និយាយ​ថា ​វិធានការ​នេះ ​គឺ​ដោយសារ​តែ​ករណីឆ្លង​វីរុស​កូរ៉ូណា ​បាន​កើនឡើង។ ទោះ​យ៉ាង​ណា​អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ ការ​បិទ​ដំណើរការ​ប្រទេស​ គឺ​ដើម្បី​បង្ការ​លទ្ធភាព​កើត​មាន​អំពើ​ហិង្សា​នៅ​ថ្ងៃ​គម្រប់​ខួបនៃការ​ចាកចេញ​របស់ប្រធានាធិបតី​មុន ​គឺ​លោក Ben Ali កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​ ឆ្នាំ​២០១១។

ប្រទេស​ទុយនីស៊ី​ បានប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​តាំង​ពី​លោក Ben Ali ចុះចេញ​មក​ម៉្លេះ ​ហើយ​វិបត្តិ​វីរុស​កូរ៉ូណា បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ ខ្វះ​ថវិកា។ ជនជាតិ​ទុយនីស៊ី​ក៏​និយាយ​ដែរ​ថា​ រដ្ឋាភិបាល​មិន​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទិញ​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ខ្លួន​ទេ។

បដិវត្តន៍ «Arab Spring» ក្នុង​ប្រទេស​ទុយនីស៊ី បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​២០១០ បន្ទាប់​ពី​អ្នក​លក់​បន្លែ​វ័យ​ក្មេង​ម្នាក់​ឈ្មោះ Mohammed Bouaziz ដុត​ខ្លួន​ឯង​ដើម្បី​តវ៉ា​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ និង​ភាព​ឃោរឃៅ​របស់ប៉ូលិស។ វា​គឺ​ជា​បដិវត្ត​លើក​ទីមួយ​ក្នុង​ពិភព​អារ៉ាប់ ដែលបាន​ផ្ទុះ​ដែរ​នៅ​ប្រទេស​ផ្សេង​ទៀតដូច​ជា អេហ្ស៊ីប លីប៊ី យេម៉ែន និង​ស៊ីរី។​

ទោះ​បី​ជា​មាន​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ផ្តាច់ការ​នានា​ដូច​ជា​រដ្ឋាភិបាលរបស់​លោក Zein el Abidine Ben Ali ក្នុង​ប្រទេស​ទុយនីស៊ី​កាលពី​ឆ្នាំ​២០១១​ក៏ដោយ ក៏​ការ​ទាមទារ​និង​សេចក្តី​ប្រាថ្នា​ជា​ច្រើន​របស់​អ្នកតវ៉ា ​មិន​ត្រូវ​បាន​ធ្វើ​ឱ្យ​សម្រេច​ទេ ដែល​នាំ​ឲ្យ​មាន​ការ​ផ្ទុះ​កំហឹង​ពី​សាធារណជន​ម្តងម្កាល ដូច​កុបកម្ម​ថ្មីៗ​នេះ និង​អំពើ​ហិង្សានៅ​ក្នុង​ខែ​មករា​នេះ៕

ប្រែសម្រួល​ដោយកញ្ញា ទុំ​ ម្លិះ

XS
SM
MD
LG