ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​គាំទ្រ​​សិទ្ធិ​​អ្នក​ធ្វើ​បាតុកម្ម​​នៅ​មជ្ឈឹមបូព៌ា


lលោក Amro Eobaz ដឹកនាំ​ជនជាតិ​អេហ្ស៊ីព​តវ៉ា​នៅមុខ​សេតវិមាន​ប្រឆាំង​លោក​Mubarak។​
lលោក Amro Eobaz ដឹកនាំ​ជនជាតិ​អេហ្ស៊ីព​តវ៉ា​នៅមុខ​សេតវិមាន​ប្រឆាំង​លោក​Mubarak។​

វ៉ាស៊ីនតោន៖ រដ្ឋបាល​លោក​អូបាម៉ា​បាន​គាំទ្រដោយចំហនូវសិទ្ធិ​របស់​ក្រុមបាតុករ​ក្នុង​ការ​រំជើបរំជួល​នយោបាយ​នៅមជ្ឈឹម​បូព៌ាដែល​កំពុង​គំរាម​ទៅលើ​រដ្ឋាភិបាល​ប្រទេស​អេហ្ស៊ីព​ និង​រដ្ឋាភិបាលឯទៀតៗ​ ​ដែលធ្លាប់​ជា​សម្ព័ន្ធ​មិត្តយុទ្ធសាស្ត្រ​គន្លឹះ​របស់​ស.រ.អា.។​ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ យុទ្ធសាស្រ្ត​នេះជា​ការ​ផ្សងព្រេង​មួយ​ថា​រដ្ឋាភិបាល​ថ្មីដែល​នឹង​ងើប​ចេញមក​ពី​ចលាចល​នេះ​ ​នឹង​ក្លាយ​ទៅជា​រដ្ឋាភិបាល​មួយ មិន​ជ្រុលនិយម​ ​ហើយ​គាំទ្រ​ផល​ប្រយោជន៍​ស.រ.អា.។

សូរ​សម្តី​របស់​ស.រ.អា.​ត្រូវ​បាន​បន្លឺ​ដោយលោក​ប្រធានា​ធិបតី​អូបាម៉ា​ផ្ទាល់​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ​ពេល​លោក​ចេញ​បង្ហាញ​ខ្លួន​ក្នុងវីដេអូ​មួយ​របស់ ​Website YouTube​ ដ៏​មាន​ប្រជាប្រីយ៍។

លោក​ប្រធានាធិបតីអូបាម៉ា​ថ្លែងថា​ ​ខណៈ​ដែលលោក​Hosni Mubarak​ ​ប្រធានាធិបតី​ អេហ្ស៊ីព​ ​ដែល​ជា​សម្ព័ន្ធ​មិត្តរបស់​ស.រ.អា.​ជាយូរមកហើយ​លើ​វិស័យ​សំខាន់​ជា​ច្រើន​ ​ដែល​មាន​ទាំង​ដំណើរ​ការ​សន្តិភាព​រវាងប្រជាជនអ៊ិស្រាអែលជាមួយប្រជាជន​ប៉ាឡេស្ទីន​ផង​នោះ​ សេចក្តី​ត្រូវការឲ្យ​មាន​ការ​កែ​ទម្រង់​នយោបាយ​នៅអេហ្ស៊ីពក៏​ជា​រឿង​ជាក់​ច្បាស់​និងជា​ការ​កត់​សម្គាល់ដោយសហ​រដ្ឋ​អាមេរិកតាំង​ពីយូរ​មកហើយ។

«ខ្ញុំតែង​បាន​ជម្រាប​លោក​ថា​ អេហ្ស៊ីព​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ​មាន​ការ​ចម្រើន​ទៅ​មុខក្នុង​ការ​កែទម្រង់​នយោបាយ និង​ការកែ​ទម្រង់​សេដ្ឋកិច្ច​ ជា​រឿង​សំខាន់ ​ដាច់ខាត​ត្រូវ​តែ​ធ្វើ​សម្រាប់សុខុមាល​ភាព​យូរ​អង្វែង​របស់​ប្រជា​ពលរដ្ឋ​អេហ្ស៊ីព​ ​ហើយ​លោក​អ្នក​អាច​ឃើញ​ហើយ​នូវ​ការ​តប់​ប្រមល់​ក្នុង​ការ​រង់ចាំ​ឲ្យ​មាន​ការ​កែទម្រង់​នេះ​ ​ដែល​គេ​បញ្ចេញ​ជា​បាតុកម្ម​នៅ​តាម​ផ្លូវ។​ ក្តីសង្ឃឹម​ធំ​របស់​ខ្ញុំ​ ​ឥឡូវ​នេះ​គឺ​អំពើ​ហិង្សា​មិន​មែន​ជា​ចម្លើយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​អេហ្ស៊ីព​ទេ​ ​ដូច្នេះ​រដ្ឋាភិបាលត្រូវតែ​ប្រយ័ត្ន​ ជៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​ ហើយ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​ក៏​ត្រូវតែ​ប្រយ័ត្ន​ផង​ដែរ​ ​កុំ​ទៅ​ស្រវា​យក​អំពើ​ហិង្សា»។

ទំនាក់​ទំនង​អេហ្ស៊ីព​ជាមួយ​អ៊ិស្រាអែលក្នុង​សន្ធិសញ្ញា​សន្តិភាព​ ​ជា​យូរមក​ហើយ​គឺ​ជា​គន្លឹះ​សំខាន់​ក្នុង​គោល​នយោបាយ​ស.រ.អា.​នៅ​ក្នុង​តំបន់​ ក៏​ដូចជា​នយោ​បាយ​មិន​ជ្រុល​និយម​របស់​រដ្ឋាភិបាល​ទុយនេហ្ស៊ី​ដែល​ថ្មីៗ​នេះ​ទើប​តែ​ធ្លាក់​ចេញពី​តំណែង​ ហើយ​និង​ថ្មីៗ​នេះ​ទៀត​ ​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​យេម៉េន​ប្រឆាំង​នឹង​ភេរវកម្ម​ ​ដែល​ឥឡូវ​រដ្ឋាភិបាល​នេះ​ក៏​កំពុង​ប្រឈម​នឹង​បាតុកម្ម​តាម​ផ្លូវ​ប្រឆាំង​នឹង​ខ្លួន​ផង​ដែរ។

លោក Marc Ginsberg អតិត​ឯក​អគ្គរដ្ឋទូត​អាមេរិក​នៅ​ប្រទេស​ Maroc​ដែល​សព្វ​ថ្ងៃ​ជា​អ្នក​និពន្ធ​ខ្ទង់​កាសែត​សម្រាប់​គេហទំព័រ​នយោបាយ​របស់​កាសែត ​Huffington​ Postថ្លែង​ថា​ ​យុទ្ធសាស្ត្រ​របស់​រដ្ឋបាល​មាន​គ្រោះ​ថ្នាក់​ ​ដោយ​លោក​កត់​សម្គាល់​ថា ការ​គាំទ្រ​របស់​ស.រ.អា.​ដល់​ការ​បោះឆ្នោត​ដោយ​សេរីក្នុង​ចំណោម​ជនជាតិ​ប៉ាឡេស្ទីន​កាល​ពី​ឆ្នាំ​២០០៦​ ​បាន​ធ្វើ​ឲ្យ​ចលនា​និយម​ជ្រុល​ Hamas​ ​មាន​អំណាច។

លោក​ Daniel Brumberg​ អ្នក​ប្រាជ្ញ​ម្នាក់​ខាង​ការ​កែ​ទម្រង់​នៅ​មជ្ឈឹម​បូព៌ានៃ​វិទ្យាស្ថានសន្តិភាព​ក្នុង​រដ្ឋធានី​ វ៉ាស៊ីនតោន​ ​ថ្លែង​ថា​ អាជីព​របស់​លោក​ Hosni Mubarak​ ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ ​ប្រហែល​ជា​ជិត​ឈាន​ដល់​ទីបញ្ចប់​ហើយ។​ ប៉ុន្តែ​លោក​ថ្លែង​ថា លទ្ធផល​នយោបាយ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីព​មិន​ច្បាស់​ជា​ថា​ ​ជា​ការ​ថយ​ក្រោយ​មួយសម្រាប់​សហ​រដ្ឋ​អាមេរិក​ទេ។

«សភាព​ការណ៍​នៅ​ប្រទេស​អេហ្ស៊ីព​ ​បច្ចុប្បន្ន​នេះ​ ​ផ្តល់ឱកាស​មួយ​សម្រាប់​ក្រុម​អ្នក​កែ​ទម្រង់​នៅ​ក្នុង​គណបក្ស​ប្រឆាំង​ ​និង​ប្រហែល​ជា​សម្រាប់​រដ្ឋា​ភិបាល​ផង​ដែរ​ដោយ​លោក​បង្ហាញ​ថា​ ​មាន​បេក្ខជន​ថ្មី​ ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​ថា​ ​មាន​កិច្ច​ប្រឹង​ប្រែង​ពិតប្រាកដដើម្បី​បើក​ឱកាស​ជូន​គណបក្ស​ប្រឆាំង។​ នេះ​ជា​ឱកាស​មួយ។​ ប៉ុន្តែក្នុង​កាលៈទេសៈ​នេះ​ ​វា​ជា​ការ​ពិបាក​ឲ្យ​លោក​ Hosni Mubarak​ ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ ​ហើយ​ឈ្នះ​ឆ្នោត​ដោយ​ស្រប​ច្បាប់​នោះ។ ​នេះ​ជា​លទ្ធផល​មួយ​ដែល​គ្មាន​អ្នក​ណា​ជឿ​បាន​ទេ​ ​នៅ​ពេល​នេះ»។

លោក​ William Zartman​ ​អ្នក​ប្រាជ្ញ​ខាង​អាហ្រ្វិក​ខាងជើង​ដែល​ជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​ម្នាក់​ ​នៅ​សាលា​កិច្ចការ​អន្តរជាតិជាន់ខ្ពស់​នៃ​សាកល​វិទ្យាល័យ ​John Hopkins​ ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ​ថ្លែង​ថា​ សហ​រដ្ឋ​អាមេរិកធ្វើត្រូវ​ក្នុង​ការ​យល់ស្រប​ជា​មួយ​ក្រុម​បាតុករ​ និង​អ្នក​ចង់បាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ នៅ​ប្រទេស​អេហ្ស៊ីព​ ទោះ​ជា​អាមេរិក​ផ្តល់​តម្លៃ​ដល់​ការទាក់ទង​៣០​ឆ្នាំ​ជាមួយ​លោក​ប្រធានាធិបតី​ Mubarak ​ក៏ដោយ។

«លោកMubarak​មានសារៈសំខាន់​យ៉ាងខ្លាំង​ចំពោះយើងក្នុងរឿង​នយោបាយ​ នៅ​មជ្ឈឹម​បូព៌ា​ ​និង​បញ្ហា​អ៊ិស្រាអែល និង​ក្រុម​ជនប៉ាឡេស្ទីន។ ​ដូច្នេះ​ ​យើងមាន​ការ​ប្រុង​ប្រយ័ត្ន​អំពី​ការ​ប្រព្រឹត្ត​របស់​យើង​ទៅ​លើ​លោក​Mubarak។​ ហើយ​យើងមានការប្រទាញប្រទង់រវាងជំនឿលទ្ធិប្រជា​ធិបតេយ្យរបស់យើងនិង​សេចក្តីត្រូវការសម្ព័ន្ធ​មិត្តរបស់​យើង។​ នេះជារឿងដែលប្រទេសមួយដែលមានគោលជំហរដូចសហ​រដ្ឋអាមេរិក​ ត្រូវប្រឈមមុខ។​ប៉ុន្តែខ្ញុំសង្ឃឹមថា​ ​យើងទទួលស្គាល់កាន់តែច្រើនឡើងថា ​ពួក​បាតុករទាំងនេះ​ជាមនុស្សរបស់យើង»។

លោក Zartman ថ្លែងថា ​ការបះបោរដែលបានផ្តួលរំលំរដ្ឋាភិបាលទុយនេហ្ស៊ី​ ជាការបះបោររបស់ពលរដ្ឋ ​មិនមែនរបស់សាសនាអ៊ិស្លាមទេ។ លោកថ្លែងថា ​ពិតមែនតែពួក​អ៊ិស្លាម​ ដូចជាពួក Muslim Brotherhood ចេញមុខចេញមាត់ក្នុងចំណោមកងកម្លាំងប្រឆាំង​នៅប្រទេស​អេហ្ស៊ីព​ក៏ដោយ ​ក៏គេមិនអាចសន្មត់ថា ​រដ្ឋាភិបាលក្រោយជំនាន់លោក​Mubarak នៅប្រទេសអេហ្ស៊ីព​ ​នឹងមានភាពនិយមជ្រុល​ ​ហើយលុប​ចោលសន្តិភាពជាមួយ​អ៊ិស្រាអែល​នោះទេ។

មួយថ្ងៃមុនការបះបោរ​ទម្លាក់ប្រធានាធិបតី ​Zine el-Abidine Ben Ali​នៃប្រទេស​ទុយនេហ្ស៊ី​ចេញពីតំណែង​ ​កាលពី២សប្តាហ៍មុននោះ ​លោកស្រីរដ្ឋមន្ត្រីការបរទេសសហ​រដ្ឋ​អាមេរិក Hillary Clinton​ ​បានថ្លែងប្រាប់វេទិកានយោបាយមួយនៅប្រទេស Qatar​ថា​ ​បណ្តាប្រទេសអារ៉ាប់ប្រឈម​នឹង​គ្រោះ​ថ្នាក់លិចចូលដីខ្សាច់ លើកលែង​តែ​ពួក​គេ​ធ្វើ​ឲ្យ​មានសេរីភាវូបនិយកម្មនៅ​ក្នុង​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​របស់ខ្លួន៕

ប្រែសម្រួល​ដោយ​អ្នក​ស្រី នៅ សារីម

XS
SM
MD
LG