ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យុវជន​ជាអ្នក​ជំរុញ​ការតវ៉ា​នៅមជ្ឈឹម​បូព៌ា


យុវជន​យុវនារីប្រមូល​ផ្ដុំ​គ្នា​ជុះ​វិញ​ទៀន​ពេល​គេ​ផ្ដើម​កាន់​មរណ​ទុក្ខ​៣​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​ជន​រង​គ្រោះ​ដោយ​សារ​ការប្រឆាំង​តវ៉ា​នៅ​ប្រ​ទេស​ទុយ​នីស​ នៅ​ថ្ងៃ​២២ខែ​មករា​ឆ្នាំ​២០១១
យុវជន​យុវនារីប្រមូល​ផ្ដុំ​គ្នា​ជុះ​វិញ​ទៀន​ពេល​គេ​ផ្ដើម​កាន់​មរណ​ទុក្ខ​៣​ថ្ងៃ​នៅ​ថ្ងៃ​សុក្រ​ជន​រង​គ្រោះ​ដោយ​សារ​ការប្រឆាំង​តវ៉ា​នៅ​ប្រ​ទេស​ទុយ​នីស​ នៅ​ថ្ងៃ​២២ខែ​មករា​ឆ្នាំ​២០១១

មជ្ឈឹម​បូព៌ា ទុយនីស៊ី៖ តំបន់​អេតាដាមេន​ដែល​ស្ថិត​នៅជាយ​រដ្ឋធានី​របស់​ប្រទេស​ទុយនីស៊ី​ត្រូវ​ចាត់​ទុក​ថា​ជា​កន្លែង​ដ៏​ក្រីក្រ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាង​ជើងដ៏តូច​មួយ​នេះ​។ ​ស្ថិតិ​ជាក់​លាក់​គឺពិបាក​រក​បាន​ណាស់ ​ប៉ុន្តែ​យើង​អាចនិយាយ​បាន​ថា​នៅ​ទីនេះ​យុវជន​ជា​ច្រើន​កំពុង​តស៊ូ​ចិញ្ចឹម​ជីវិត​យ៉ាង​លំបាក​។ ​លោក​ បេសាម​( Bessam) ​អាយុ​២៩​ឆ្នាំ​មាន​សំណាង​ជាង​អ្នក​ផ្សេង​ទៀត​ដោយ​លោកទទួល​បានការងារ​ជា​វិស្វករ​នៅ​ក្រុមហ៊ុន​បារាំង​មួយ​។

ប៉ុន្តែ​លោក​ បេសាម​ ថ្លែង​ថា ​ប្អូន​ប្រុស​របស់​លោក​ ដែល​ទទួល​បាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ គ្មាន​លទ្ធ ភាព​រក​ការ​ងារ​នៅ​ទុយនីស៊ី​ទេ​។ ​ឥឡូវ​នេះ​ ប្អូនប្រុស​លោក​ធ្វើ​ការ​ជា​អ្នក​លាង​ចាន​នៅក្នុង​សណ្ឋាគារ​មួយ ​នៅ​ប្រទេស​កាតា​។

សេលីម​ (Selim) ដែល​មានវ័យ​១៧ឆ្នាំ​និងជា​អ្នក​នៅក្នុង​តំបន់​ អេតាដាម​ដែរកំពុង​សិក្សា​នៅឯវិទ្យា ល័យនៅឡើយ​។ ​លោក​សង្ឃឹម​ថា​ ការ​ផ្លាស់​ប្តូរ​ដែល​កើត​ឡើង​នៅ​ទុយនីស៊ី​ដែល​មាន​ការ​តវ៉ា​អស់រយៈពេល​ជា​ច្រើន​សប្តាហ៍​ដើម្បី​ផ្តួល​រំលំ​ប្រធានាធិបតី​ផ្តាច់ការ​ លោក​ ហ្សីន​ អ៊េល​ អាប៊ីដីន​ ប៊េន​អាលី​ ​(Zine el Abidine Ben Ali) ​នឹង​នាំមកនូវអនាគត​ភ្លឺ​ត្រចះ​ត្រចង់​ជាង​មុន​។

«ប្រហែល​ជា ​រដ្ឋាភិបាល​ថ្មី​នេះ ​អាច​ផ្លាស់​ប្តូរ​អនាគត​របស់​ខ្ញុំ​ ការ​ងារ​របស់​ខ្ញុំ ​និង​សុបិន្ត​របស់​ខ្ញុំ​ ដោយ​សារ​តែ​រដ្ឋាភិបាល​មុន​ របស់​លោក​ ប៊េនអាលី មិន​ល្អ»​។

តាម​ពិតទៅផ្កា​ភ្លើង​មួយ​ ដែល​បាន​ដុត​បញ្ឆេះ​នូវអ្វី​ដែល​ពលរដ្ឋ​ទុយនីស៊ី ​បាន​ហៅ​ថា​ជា​ បដិវត្តន៍​ផ្កាម្លិះ​របស់​ពួក​គេ ​គឺ​កើត​ឡើង​ដោយ​សារ​ការធ្វើ​អត្តឃាត​ដោយដុតខ្លួន​របស់​យុវជន​ម្នាក់ ​ដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​លក់​បន្លែ​។​ រឿង​រ៉ាវ​របស់​លោក​ត្រូវចំ​ទឹក​ចិត្ត​យុវជន​ជា​ច្រើន​ទៀត ​ដែល​បាន​ក្លាយទៅ​ជា​កម្លាំង​ជំរុញ​ដើម្បី​បណ្តេញ​ លោក​ ប៊េនអាលី ​ឲ្យ​ចេញ​ពី​អំណាច​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា​។​ តំបន់ ​អេតាដាមេន ​ជា​សង្កាត់​មុន​គេ​មួយ​ដែរ​ដែល​ងើប​បះ​បោរ​ឡើង​។

លោក​ស្រី​ ម៉ានស៊ូរីយ៉ា​ មុខេហ្វី ​(Mansouria Mokhefi)​ ជា​ប្រធាន​កម្មវិធី​អាហ្រ្វិក​ខាងជើង​ និង​មជ្ឈិម​បូព៌ា ​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិរបស់​ប្រទេស​បារាំង ​(French Institute of International Relations)​ មាន​មូលដ្ឋាន​នៅ​ទីក្រុងប៉ារី​ស​មាន​ប្រសាសន៍​ថា ​ការមិន​សប្បាយ​ចិត្ត​របស់​យុវជនទុយ​នីស៊ី ​រួម​មាន​ ភាពគ្មាន​ការងារ​ធ្វើ ​ការ​បញ្ចេញ​មតិ​ដោយ​សេរី​ សេចក្តី​ថ្លៃ​ថ្នូរ​ និង​អំណាច​ បាន​ឆ្លុះ​បញ្ចាំង នៅ​ទូទាំង​ពិភព​អារ៉ាប់​ ដែល​ប្រជាពលរដ្ឋ​ចំនួន​៧០ភាគ​រយ​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​។

លោក​ស្រី​ មុខេហ្វី ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ពលរដ្ឋ​ក្មេង​ៗ​ទាំងអស់​នេះ ​កំពុង​បង្កើត​ប្រវត្តិសាស្រ្ត​។​ លោក​ស្រី​ជឿ​ថា ​ពិភព​អារ៉ាប់​កំពុង​មើល​ឃើញចលនា​គាំទ្រ​ឯករាជ្យ​ដ៏​ពិត​ប្រាកដ​លើក​ទីមួយ​។ ​ក្រុម​យុវជន​ កំពុង​ចាប់​ផ្តើម​គ្រប់គ្រង​លើជោគវាសនា​របស់​ពួក​គេ​។

នៅ​គ្រប់​ទីកន្លែង​ដែល​អ្នក​បាន​ទៅ​ដល់​នៅ​ទុយនីស៊ី ​ប្រជាពលរដ្ឋ​នឹង​និយាយ​ថា​ ពួក​គេ​មាន​មោទ​នភាពដែល​បាន​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ប៊េនអាលី ​ដែល​ពួកគេ​ស្អប់ខ្ពើម​។​ ជា​ពិសេស​មាន​មោ​ទនភាព​ចំពោះ​ក្រុម​យុវជន​។

ស្រ្តី​ម្នាក់​ទៀត​នៅ​ក្នុង​តំបន់អេតាដាមេន​និយាយ​ថា​ក្រុម​យុវជន​បាន​ផ្លាស់​ប្តូរ​រឿង​រ៉ាវ​ទាំង​អស់​នេះ​។​លោក​ ហ្សីយ៉េត​ គ្រីចេន​ (Zyed Krichen)​ និពន្ធ​នាយក​នៃ​ទស្សនា​វដ្តីទុយនីស៊ី​ ឈ្មោះ​ រៀលឡាយ​ (Realites)​ បាន​និយាយ​ថា​ លោក​មាន​ការភ្ញាក់​ផ្អើល​ ចំពោះ​មនុស្ស​ជំនាន់​ថ្មី​នេះ​។

លោក​ គ្រីចេន​ បាន​ថ្លែង​ថា​ក្រុម​មនុស្ស​ចាស់ ដូច​ជា​រូប​លោក​ ធ្លាប់​គិត​ថា​ យុវជន​ទុយនីស៊ី ​មិន​ចាប់​អារម្មណ៍​លើ​កិច្ចការនយោបាយ​ទេ ​ពួក​គេ ​បាន​រស់​នៅ​ក្នុង​ពិភព​ផ្ទាល់​ខ្លួន​ផ្សេង​មួយ​។

ឥឡូវ​នេះ​ ការ​បះបោរ​នៅ​ទុយនីស៊ី ​កំពុង​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​នៅ​ទូទាំង​ពិភព​អារ៉ាប់​។​ មាន​ការ​ធ្វើ​អត្តឃាត​ដោយ​ដុតខ្លួន​ជា​ច្រើន​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ នៅ​ក្នុង​ប្រទេស​អាល់ហ្សេរី ​ស៊ូដង់​ យ៉េ​មែន និងម៉ារ៉ុក​។​ ឥឡូវ​នេះ​ ក្រសែ​ភ្នែក​កំពុង​ផ្តោត​ទៅ​លើ​ប្រទេស​អេហ្ស៊ីប ​ដែល​ក្រុម​បាតុករ​រាប់​ម៉ឺន​នាក់​ កំពុង​អំពាវនាវ​ដល់​លោក​ប្រធានាធិបតី ​ហូស្នី​ មូបារ៉ាក់​ (Hosni Mubarak)​ វ័យ​៨២​ឆ្នាំ​ ឲ្យ​ចុះ​ចេញពី​តំណែង​។

លោក​ស្រី​ មុខេហ្វី​ ជា​អ្នក​វិភាគ​ មាន​ប្រសាសន៍​ថា​ បដិវត្តន៍​នៅ​ទុយនីស៊ី​ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ចាស់​ទុំ​និង​មាន​បែបបទ​របស់អ្នកដែល​ដឹកនាំ​បដិវត្តន៍​នេះ​។​ លោកស្រី ​មិន​ឃើញ​ថា​គំរូ​បដិវត្តន៍នេះ​ត្រូវ​បានចម្លង​ចូល​ទៅ​អេហ្ស៊ីប​ទេ​ ដែល​នៅ​ទី​នោះ ​មនុស្ស​ជំនាន់​ថ្មី​មាន​ភាព​ក្រី​ក្រ​ មិន​សូវ​ចេះ​ដឹង​និង​អាក់​អន់​ចិត្ត​ខ្លាំងជាង​។

បដិវត្តន៍​នៅ​ទុយនីស៊ី ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។​ រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ បាន​សន្យា​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្នុង​រយៈពេល​៦​ខែ​ទៀត​។​ ប៉ុន្តែ​ អ្នកដឹក​នាំ​វ័យ​ក្មេង​នៅ​តាម​ដង​ផ្លូវ​របស់​ប្រទេស​នេះ​ មិន​បានបញ្ចូល​ក្នុងនយោបាយ​ទេ ​ដែល​នៅតែមាន​ឥស្សរ​ជន​ល្បី​ឈ្មោះ​ជា​ច្រើន ​មាន​វ័យ​កណ្តាល ​ឬ​ចំណាស់​ដោយ​រាប់ទាំង​ប្រធាន​គណបក្ស​ប្រឆាំង​ដែរ​។

ប៉ុន្តែ​ ចំពោះ​រឿង​មួយ​នោះ​គឺ​ថា ​លោក​ស្រី ​មុខេហ្វី ​ជា​អ្នក​វិភាគ ​សម្តែង​ពី​សុទិដ្ឋិនិយម​ចំពោះ​អនាគត​របស់​ប្រទេស​ទុយនីស៊ី ​គឺ​ពលរដ្ឋ​ទុយនីស៊ី ​ដែល​រស់នៅ​ឯ​បរទេស​កំពុង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដើម្បី​ជួយ​កសាង​ប្រទេស​របស់​ពួក​គេ​ឡើង​វិញ​។​ លោក​ស្រី​ជឿ​ជាក់​ថា ​មេដឹកនាំ​ថ្មី​ ហើយ​មាន​វ័យក្មេង​នឹង​រះ​ឡើង​ដើម្បី​ដឹក​នាំ​ប្រទេស​នេះ​៕

ប្រែសម្រួលដោយលីសុខឃាង

XS
SM
MD
LG