ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំណាច​បដិវត្តន៍​អ៊ីនធើណេត​រំលំ​រដ្ឋាភិបាល​ទុយនេស៊ី


នៅ​លើ​អេក្រង់​កុំព្យូទ័រ​ក្នុង​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១១នេះ ទំព័រ​ហ្វេសប៊ុក​ (Facebook) មួយ​ដែល​ដំណើរការ​ដោយ​ក្រុម​និស្សិត​ បង្ហាញ​ពី​រូប​​ទង់ជាតិ​ទុយនេស៊ី​ប្រឡាក់​ដោយ​​ព័ណ៌​ក្រហម​។
នៅ​លើ​អេក្រង់​កុំព្យូទ័រ​ក្នុង​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០១១នេះ ទំព័រ​ហ្វេសប៊ុក​ (Facebook) មួយ​ដែល​ដំណើរការ​ដោយ​ក្រុម​និស្សិត​ បង្ហាញ​ពី​រូប​​ទង់ជាតិ​ទុយនេស៊ី​ប្រឡាក់​ដោយ​​ព័ណ៌​ក្រហម​។

ក្មេងៗ​ជំនាន់​ក្រោយ​ប្រើ​អ៊ីនធើណេតបញ្ឆេះ​ឲ្យ​មាន​មហា​បាតុកម្ម​ទូទាំង​ប្រទេស​ទុយនេស៊ី​បណ្តេញលោក​ប្រធានាធិបតី​ ហ្ស៊ីន អិល អាប៊ិឌិន បិន អាលី (Zine el Abidine Ben Ali) ឲ្យនិរទេស​ខ្លួន​ទៅ​បរទេស។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ហៅ​ថា​ បដិវត្តន៍ចាស្ម៊ីន ឬ​ បដិវត្តន៍​ផ្កា​ម្លិះ (Jasmine Revolution) ប៉ុន្តែ​អ្នក​ខ្លះ​ហៅ​ថា​បដិវត្តន៍​ហ្វេសប៊ុក (Facebook Revolution)។ ធ្វីតធ័រ (Twitters) អ៊ីម៉េល និង​ប្លក (blog) បានប្រមូល​ផ្តុំ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​រាប់​សប្តាហ៍​មក​ហើយនៅ​ទូទាំង​ប្រទេស​ទុយនេស៊ី​ ដែល​តាំង​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ភាគ​ខាង​ជើង​ ប្រឆាំង​នឹង​របប​ផ្តាច់​ការ​របស់​លោក​ប្រធានាធិបតី ហ្ស៊ីន អិល អាប៊ិឌិន បិន អាលី (Zine el Abidine Ben Ali) ​ដែល​កាន់​អំណាច​ដ៏​យូរ។

នៅ​តាម​ផ្លូវ​ក្នុង​រដ្ឋធានី​ ជន​ទុយនេស៊ី​ក្មេងៗ​ ដូច​ជា​ ម៉ារូអិន ហ្ការ៉ា (Marouen Gara) ដែលជាបុគ្គលិក​ទូរគមនាគមន៍​អាយុ​២៧​ឆ្នាំ ដឹង​ប្រាកដ​ថា ​អាវុធ​ថ្មី​បំផុត​សម្រាប់​ការ​ផ្លាស់​ប្តូរ​គឺ ប្រព័ន្ធ​អ៊ីនធើណេត។ ហ្ការ៉ា​ ហៅ​ព្រឹត្តិការណ៍​នេះ​ថា​ជា​បដិវត្ត​ន៍​អ៊ីនធើណេត។ អ្នក​សរសេរ​ប្លកអាច​ជៀស​ផុត​ពី​ការ​ពិនិត្យ​ចាប់​ពិរុទ្ធ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​ ដើម្បី​ផ្ញើ​ចេញ​ទៅ​ទូទាំង​ប្រទេស​ទុយនេស៊ី​ និង​ជុំវិញ​ពិភពលោក​នូវសេចក្តី​ទុក្ខ​សោក​អំពី​កង្វះ​លទ្ធិ​ប្រជាធិបតេយ្យ។

រដ្ឋាភិបាល​ផ្តាច់ការ​របស់​លោក​ បិន អាលី មាន​ការ​អត់​ឱន​តិច​តួច​ចំពោះ​សេរីភាព​អ៊ីនធើណេត។ រដ្ឋាភិបាល​បាន​បិទ​គេហទំព័រ​ជាច្រើន​ ហើយ​ចាប់​ខ្លួន​អ្នក​សរសេរ​ប្លក​មួយ​ចំនួន។

ប៉ុន្តែ​ជន​ទុយនេស៊ី​វ័យ​ក្មេង​ដូច​ នាង​សាលូអាហ៍​ ដាលហ៊ូមី (Salouah Dalhoumi) ដែល​អង្គុយ​នៅ​ឯ​ហាង​កាហ្វេ​អ៊ីនធើណេត​មួយ​នៅ​ក្រុង​ទុយនីស​ បាន​រក​ឃើញ​វិធីបញ្ជូន​សារ​ចេញ។ នាង​និយាយ​ថា​ អាជ្ញាធរ​ទុយនេស៊ី​ ជា​ដំបូង​ព្យាយាម​ទប់​បំបិទ​វីដេអូទូរស័ព្ទ​ដៃ​ស្តីអំពី​ការ​សម្លាប់​អ្នក​តវ៉ា​ប្រឆាំង​ កាល​ពី​ខែ​ធ្នូ​ ដែល​ជំរុញ​ឲ្យ​មាន​ការ​បះបោរ​ជាតិ​មួយ។ នាង​ដាលហ៊ូមី​បន្ត​ថា៖

«គាត់​បង្កើត​ហ្វាយវ៉ល (Firewall) ដើម្បី​ទប់​ស្កាត់​ការ​ចែក​ចាយវីដេអូ​នេះ។ ប៉ុន្តែ​យើង​អាច​ដាក់​បញ្ចូល​វីដេអូ​ក្នុងអ៊ីនធើណេត​ និង​ទាញ​យក​វា​ដាក់​ក្នុង​កុំព្យូទ័រ​ដៃ​ ហើយ​ក្រោយ​មក​ចែក​ចាយ​ឲ្យ​ប្រជាពលរដ្ឋ»។

លោក​ស្រី​ ក្លែរ​ ស្ពែនសឺរ (Clair Spencer) ប្រធាន​កម្មវិធី​កិច្ចការ​មជ្ឈឹម​បូព៌ា​ និង​អាហ្វ្រិក​ខាង​ជើង​នៃ​វិទ្យាស្ថាន​គោល​នយោបាយ​ ឈែធឹម ហោស (Chatham House) នៃ​ទី​ក្រុង​ឡុងដ៍​ មាន​ប្រសាសន៍​ថា ទី​បំផុត​ យុវជន​ទុយនេស៊ី​បង្ហាញ​ឲ្យ​ឃើញ​ថា​ ពួក​គេ​ឆ្លាត​ជាង​ក្រុមចាប់​ពិរុទ្ធ​របស់​រដ្ឋាភិបាល។ លោក​ថ្លែង​ថា៖

«នៅ​ពេល​អ្វី​មួយ​ត្រូវ​បាន​ហាម​ប្រាម​ក្នុង​ប្រព័ន្ធ​អ៊ីនធើណេត​ ពេល​នោះ​គឺ​មាន​អ្នក​រក​វិធី​បំបែក។ ដូច្នេះ​យុទ្ធសាស្រ្ត​គ្រប់​គ្រងរបស់​រដ្ឋា​ភិបាលមិនបាន​ផល​ប៉ុន្មាន​ទេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ»។

សារ​អ៊ីនធើណេត​ជា​ច្រើន​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទូទាំ​ពិភពលោក​យ៉ាង​ឆាប់​រហ័ស​ ដោយ​បាន​ភ្ជាប់​ទំនាក់​ទំនង​ជន​ទុយនេស៊ី​ទាំង​ឡាយ​នៅ​បរទេស​ទៅ​នឹង​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​កំណើត​របស់​គេ។ លោក​ ម៉ូហាម៉ិដ​ បិន​ ហាហ្ស៊ូហ្ស (Mohamed Ben Hazouz) វិស្វករ​សុហ្វវ៉ែរ​កុំព្យូទ័រ​ (Software) ដែល​កំពុង​រស់​នៅ​ទីក្រុង​ប៉ារីស​ អាន​សារ​ទាំង​នេះ។ គាត់​បាន​ជិះយន្ត​ហោះ​ទៅ​កាន់​ទី​ក្រុង​ទុយនីស​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ដើម្បី​ចួលរួម​ក្នុង​មហា​បាតុកម្ម​ដែល​បាន​បណ្តេញ​លោក​ បិន អាលី​ ចេញ​ពី​តំណែង។ លោក​ ហាហ្ស៊ូហ្ស និយាយ​ថា៖

«ក្នុង​នាម​ជា​វិស្វករសុហ្វវែរ ខ្ញុំ​គិត​ថា​ នេះ​ជា​បដិវត្តន៍​អ៊ីនធើណេត​ទី​មួយ​ក្នុង​ពិភពលោក។ នៅ​ក្នុង​ពិភពលោក​ថ្មី​នៃ​អ៊ីនធើណេត​ បដិវត្តន៍​នេះ​ចាប់​ផ្តើម​ពី​ទ្វីប​អាហ្វ្រិក»។

ធាតុ​មួយ​ចំនួន​ដែល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​អ៊ីនធើណេតនៅ​ទុយនេស៊ី​ ក៏​មាន​នៅ​ទី​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ពិភព​អារ៉ាប់​ដែរ​ ដែល​មានរដ្ឋាភិបាល​ផ្តាច់ការ​ មាន​អត្រា​អត់​ការងារ​ធ្វើ​ខ្ពស់​ មាន​ហាង​កាហ្វេ​អ៊ីនធើណេត​ និងមាន​ប្រជាពលរដ្ឋ​មាន​ចំណេះ​ដឹង​ច្រើន​ ជា​ពិសេស​យុវជន​សកម្ម​ដែលចូលរួមជាមួយ​គេ។ លោក​ស្រី​ ក្លែរ ស្ពែនសឺរ​ មាន​ប្រសាសន៍​ថា៖

«គួរ​ត្រូវ​បាន​ចោទ​សួរ ថា​តើ​ពួក​គេ​នឹង​ប្រមូល​ផ្តុំ​គ្នា​ដូច​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ទុយនេស៊ី​ នៅ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ដែរ​ឬ​ទេ? ប៉ុន្តែ​ខ្ញុំ​យល់​ថា​ និន្នាការ​យូរ​អង្វែង​នោះ​ គឺ​ថា​ នេះ​ជា​ជំនាន់​មួយ​ដែលមាន​ចំណេះ​ដឹង​ ដែល​ពេញ​ដោយ​ព័ត៌មាន ដែល​មាន​ការទាមទារ​សិទ្ធិចូលរួម​ថែម​ទៀត​ ដើម្បី​ទទួល​បាន​តួនាទី​ជា​ពលរដ្ឋ​នៅ​ក្នុង​រដ្ឋ​របស់​គេ ដោយ​មិន​អង្គុយ​ស្ងៀម​តាម​ការ​បោះឆ្នោត​លួច​បន្លំ ​ខ្វះ​តំណាង​នយោបាយ​ និង​ខ្វះ​ការ​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ច​នោះ​ទេ»។

បដិវត្តន៍​អ៊ីនធើណេត​ទុយនេស៊ី​ នៅ​តែ​កំពុង​បន្ត។ ​មេរៀន​ដែល​បដិវត្តន៍​នេះ​នឹង​ផ្តល់​ឲ្យ​ពិភព​អារ៉ាប់​ទាំង​មូល​ នៅ​តែ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ៕

ប្រែស​ម្រួល​ដោយ​ អ៊ឹម សុធារិទ្ធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG