ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ទុយនេស៊ី​ប្រឆាំង​នឹង​ការ​ក្តាប់​អំណាច​របស់​ប្រធានាធិបតី


ក្រុម​បាតុករ​បាន​ដើរ​ដង្ហែរ​ដោយ​បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ Ben Ali​។​
ក្រុម​បាតុករ​បាន​ដើរ​ដង្ហែរ​ដោយ​បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ Ben Ali​។​

វ៉ាស៊ីនតោន៖ នៅ​ប្រទេស​ទុយនេស៊ី​ (Tunisia)​ បញ្ហា​នយោបាយ​នៅតែ​មិនទាន់​អាច​ដោះស្រាយ​បាន​នៅឡើយ។ បាតុករ​រាប់​ពាន់​នាក់​ កំពុង​ដើរ​ដង្ហែរ​តាម​ផ្លូវ​នានា​ក្នុង​រដ្ឋធានី​ ដើម្បី​ទាមទារ​ឲ្យ​ប្រធានាធិបតី​ចុះចេញ​ពី​តំណែង។ ការ​ធ្វើ​បាតុកម្ម​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ ​ក្រោយ​ពេល​ដែល​លោក​ប្រធានាធិបតី​បាន​ស្វះស្វែង​រក​វិធី​ ដើម្បី​បន្ធូរបន្ថយ​ភាពវឹកវរ​ខាង​នយោបាយ​ ដោយ​ប្តេជ្ញា​ថា​ លោក​នឹង​មិន​ស្វះស្វែង​រក​ការ​កាន់​អំណាច​ជា​ប្រធានាធិបតី​មួយ​អណត្តិ​ទៀត​ទេ​ ហើយ​ជម្រុញ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ​ និង​សារព័ត៌មាន។ ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ទាមទារ​ទាំងនោះ​ លោក​ប្រធានាធិបតី​ ទំនង​ជា​ត្រូវ​កែប្រែ​យ៉ាងខ្លាំង​នូវ​ការគាប​សង្កត់​ផ្នែក​នយោបាយ​ ដែល​មាន​ជាយូរ​មក​ហើយ​នោះ។

កាលពី​ថ្ងៃ​សុក្រ​នេះ​ ក្រុម​បាតុករ​បាន​ដើរ​ដង្ហែរ​តាម​មហាវិថី​ដ៏​សំខាន់​ នៅ​កណ្តាល​ក្រុងទូនីស​ ដោយ​បាន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ Ben Ali​ ដោយ​បាន​ហៅ​លោក​ថា​ជា​ ឃាតករ​ និង​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង។​ កាល​ពី​ ២៤​ម៉ោង​មុន​នោះ​ ការ​ដើរ​ដង្ហែ​ទាមទារ​ដូច​នេះ​ មិន​អាច​ធ្វើ​ឡើង​បាន​ទេ​ ដោយសារ​ទុយនេស៊ី​ជា​ប្រទេស​មួយ​ដែល​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ត្រូវ​បាន​គាប​សង្កត់​ជាយូរ​មក​ហើយ។​ ការធ្វើ​បាតុកម្ម​លើក​នេះ​ គឺ​ជា​ការ​សាកល្បង​លើក​ដំបូង​ នៃ​ការប្តេជ្ញារបស់​លោក​ប្រធានាធិបតី​ Ben Ali​ ដែល​ថា​ នឹងបន្ធូរ​បន្ថយការរឹត​បន្តឹង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ចាត់​វិធានការ​បញ្ចុះ​តម្លៃ​ម្ហូបអាហារ​ និង​បញ្ឈប់​កងកម្លាំង​សន្តិសុខ​មិន​ឲ្យ​បាញ់​កាំភ្លើង​ទៅ​លើ​ក្រុម​បាតុកម្ម។ លោក​ប្រធានាធិបតី​ Ben Ali​ មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​យល់​ ចំពោះ​សំណូមពរ​ផ្នែក​នយោបាយ​របស់​លោក​អ្នក។ បាទ​ ខ្ញុំ​យល់​ ហើយ​ខ្ញុំ​បាន​សម្រេច​ថា​ នឹង​ផ្តល់​សេរីភាព​ផ្នែក​ព័ត៌មាន​ដល់​គ្រប់​កម្រិត​ទាំងអស់​ ហើយ​មិន​ទប់ស្កាត់​ការ​ប្រើ​អ៊ីនធឺណិត​ ហើយ​ការពិនិត្យពិច័យ​តាមដាន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​លែង​មាន​ទៀត​ដែរ។ តែ​ទោះ​យ៉ាងនេះ​ក៏ដោយ​ យើង​ត្រូវតែ​គោរព​ដល់​គោលការណ៍​ និង​ការប្រព្រឹត្ត​របស់​យើង»។

លោក​ប្រធានាធិបតី​មើល​ទៅ​ហាក់​ដូច​ជា​ញ័រ​ខ្លួន​ក្នុង​ពេល​ដែល​លោក​ថ្លែង​សន្ទរកថា​ដែល​បាន​ត្រូវ​រៀបចំ​ដោយ​ប្រញាប់​ប្រញាល់​ទុក​ជាមុន​មួយ​ តាម​ទូរទស្សន៍​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ព្យាយាម​បញ្ឈប់​កូដកម្ម​ដ៏​មរណៈ​ ទាក់ទិន​នឹង​បញ្ហា​តម្លៃ​ម្ហូប​អាហារ​ និង​អត្រា​គ្មាន​ការងារ​ធ្វើ​ដ៏​ខ្ពស់។ រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​២៣នាក់​បាន​ស្លាប់​នៅ​ក្នុង​ភាពវឹកវរ​នោះ​ ក៏ប៉ុន្តែ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ និង​គណបក្ស​ប្រឆាំង​និយាយ​ថា​ ចំនួន​មនុស្ស​ស្លាប់​ គឺ​មាន​ច្រើន​ជាង​ចំនួន​នោះ​ឆ្ងាយ​ណាស់។

ភាសា​និយាយ​របៀប​សម្រុះសម្រួល​របស់​លោកអាលី​ នៅ​ក្នុង​សន្ទរកថា​ទៅ​កាន់​ជន​រួមជាតិ​ ដំបូង​ឡើយ​បាន​ធ្វើ​ឲ្យ​មានការអបអរ​ ដោយ​មាន​ក្រុម​ដែល​ធ្លាប់​រិះគន់​ លោក​ ធ្វើការ​សរសើរ​ដល់​លោក​ប្រធានាធិបតី​ ចំពោះ​ការដែល​លោក​ទទួល​ស្គាល់​កំហុស​របស់​លោក។

ប្រជាពលរដ្ឋ​រាប់ពាន់​នាក់​ បាន​នាំគ្នា​ដើរ​លើ​ផ្លូវ​ ដើម្បី​សរសើរ​ដល់​លោក​ Ben Ali។

ក៏ប៉ុន្តែ​ មួយ​ថ្ងៃ​ក្រោយ​មក​ ប្រវត្តិ​របស់​លោក​ប្រធានាធិបតី​ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ត្រូវបាន​រំឭក​ជា​ថ្មី​ ហើយ​ធ្វើ​ឲ្យ​មាន​ការតវ៉ា​ថ្មី​មួយ​ទៀត។ លោក​ Ali​ បាន​គ្រប់គ្រង​ប្រទេស​ទុយនេស៊ី​ អស់​រយៈពេល​២៣ឆ្នាំ​ហើយ​ ហើយ​លោក​និង​គ្រួសារ​របស់​លោក​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​លួច​ទ្រព្យសម្បត្តិ​របស់​ជាតិ​ សម្រាប់​ប្រយោជន៍​ផ្ទាល់​ខ្លួន។

Dilou Thoraya​ ជា​បាតុករ​ម្នាក់​ និយាយ​ថា​ ការសន្យា​ធ្វើ​កំណែទម្រង់​តែ​ម្យ៉ាង គឺមិន​គ្រប់គ្រាន់​ទេ។

«ការ​ប្តេជ្ញា​របស់​លោក​ គឺ​បាន​ធ្វើ​ឡើង​ក្រោម​សំពាធ​របស់​ប្រជាពលរដ្ឋ។​ វា​យឺត​ពេល​ហើយ​ មាន​មនុស្ស​ ៧០នាក់​បាន​ស្លាប់។​ ក្នុង​ពេល​ដែល​លោក​កំពុង​ថ្លែង​សន្ទរកថា​នោះ​ មាន​ប្រជាពលរដ្ឋ​កំពុង​ស្លាប់​នៅ​ក្រុង​ Kairouan។​ យើង​លែង​មាន​ទំនុកចិត្ត​ចំពោះ​លោក​ទៀត​ហើយ។​ នៅទីនេះ​ប៉ូលិស​ និង​ក្រសួង​មហាផ្ទៃ​ជា​អ្នក​ទទួល​ខុស​ត្រូវ»។

ភាពវឹកវរ​នេះ​ បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែធ្នូ​ នៅ​ពេល​ដែល​និស្សិត​បញ្ចប់​សាកល​វិទ្យាល័យ​គ្មាន​ការងារ​ធ្វើ​មួយ​រូប​ បាន​ដុត​ខ្លួន​ឯង​ ក្រោយ​ពេល​ដែល​ប៉ូលិស​ បាន​ដក​ហូត​តូប​លក់​ទំនិញ​របស់​លោក។​ ក៏ប៉ុន្តែ​ ប្រជាពលរដ្ឋ​ទុយនេស៊ី​មួយ​ចំនួន​ ដែល​មិន​ពេញចិត្ត​ដោយសារ​ពួកគេ​មិន​មាន​ឥទ្ធិពល​ទៅ​លើ​អ្នក​ដឹកនាំ​នយោបាយ​ដែល​គ្រប់គ្រង​អំណាច​អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ​ គឺ​មាន​អារម្មណ៍​ដូច​និស្សិត​ដែល​បាន​ធ្វើអត្តឃាតនោះ​ដែរ​៕

ប្រែ​សម្រួល​ដោយ​ លី ម៉ូរីវ៉ាន់

XS
SM
MD
LG