ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្ងៃ​អស្សា​នៃ​ត្រកូល​បិន​ អាលី​ អតីត​ប្រធានាធិបតី​ទុយនេស៊ី


ពលរដ្ឋ​ទុយនេស៊ី​ម្នាក់​​កំពុង​ពិនិត្យ​មើល​គោម​គ្រប​អំពូល​មួយ​ដែល​លោក​បាន​រក​ឃើញ​ក្នុង​ពេល​លោក​ដើរ​មើល​នៅ​ក្នុង​ភូមិគ្រឹះ​របស់​​ក្រុមគ្រួសារ​​​អតីត​ប្រធានាធិបតី​​ផ្តាច់ការ​ទុយនេស៊ី​ ហ្ស៊ីន អិល អាប៊ីឌីន បិន អាលី (Zine el Abidine Ben Ali) កាល​ពី​ខែ​មករា​ឆ្ន
ពលរដ្ឋ​ទុយនេស៊ី​ម្នាក់​​កំពុង​ពិនិត្យ​មើល​គោម​គ្រប​អំពូល​មួយ​ដែល​លោក​បាន​រក​ឃើញ​ក្នុង​ពេល​លោក​ដើរ​មើល​នៅ​ក្នុង​ភូមិគ្រឹះ​របស់​​ក្រុមគ្រួសារ​​​អតីត​ប្រធានាធិបតី​​ផ្តាច់ការ​ទុយនេស៊ី​ ហ្ស៊ីន អិល អាប៊ីឌីន បិន អាលី (Zine el Abidine Ben Ali) កាល​ពី​ខែ​មករា​ឆ្ន

ពីរ​សប្តាហ៍​ក្រោយ​ពី​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ដែល​បាន​បណ្តេញ​ ឈ្មោះ​ ហ្ស៊ីន អិល អាប៊ីឌីន បិន អាលី (Zine​ El ​Abidine​ Ben ​Ali) ចេញ​ពី​តំណែង​ប្រធានាធិបតី​នៃ​ប្រទេស​ទុយនេស៊ី​ ដែល​កាន់​អំណាច​ផ្តាច់ការ​យូរយា​មកហើយ​នោះ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​របស់​ប្រទេស​នេះ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​រូប​នេះ និង​គ្រួសារ​គាត់​ពី​បទ​លួច​ និង​ទោសកម្ម​ខាង​ហិរញ្ញវត្ថុ​ឯ​ទៀតៗ។

ពួក​អ្នក​បើក​ទ្បាន​បាន​បន្ថយ​ល្បឿន​ដើម្បី​ក្រទ្បេក​មើល​ភូមិគ្រឹះ​របស់​បែលហាសិន​ ត្រាបែលស៊ី (Belhassen ​Trabelsi) បង​ថ្លៃ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​ប្រធានាធិបតី​ត្រូវ​បណ្តេញ​ចេញ​ពី​តំណែង​នៃ​ប្រទេស​ទុយនេស៊ី ឈ្មោះ​ហ្ស៊ីន អិល អាប៊ីឌីន បិន អាលី។ ពី​ខាង​ក្រៅ​ គ្មាន​អ្វី​ច្រើន​ដើម្បី​មើល​ទេ​ក្រៅពី​កំផែង​ពណ៌​ស​ដែល​មាន​ពាក្យស្លោក​ជា​អក្សរ​អារ៉ាប់។

លោក​ ណេឌ្យី ដ្យាហ្វាលី (Neji ​Jaffali) ដែល​ជា​គ្រូបង្រៀន​បកប្រែ​អក្សរ​អារ៉ាប់​ដែល​ត្រូវ​បាន​សរសេរ​នៅ​លើ​កំផែង​នេះ​ថា «នេះ​ជា​សារមន្ទីរ​របស់ ​បែលហាសិន ត្រាបែលស៊ី ដែល​ជា​ចោរ​ប្លន់ ​និង​ឃាតករ»។

នៅ​ពេល​នេះ​ ជនជាតិ​ ទុយនេស៊ី រាប់រយ​នាក់​ដូចជា​លោក​ ដ្យាហ្វាលី​ជា​ដើមចូល​ទៅ​ក្នុង​ «សារមន្ទីរ» នេះ ដែល​ជា​អគារ​មួយ​ត្រូវ​បាន​លួច​របស់របរ​ និង​ត្រូវ​ដុត​ឆេះ​ ហើយ​ពេញ​ទៅ​ដោយ​បំណែក​កញ្ចក់​ និង​សំរាម។​ ជនជាតិ​ទុយនេស៊ី បាន​ដុត​ភូមិ​គ្រឹះ​នេះ​ និង​ដាក់​សំរាម​ក្នុង​ទីនោះ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ បិន អាលី​ បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស។

នៅ​ពេល​នេះ​ជនជាតិ​ទុយនេស៊ី​ រុះរើ​ភូមិគ្រឹះ​នេះ​ដល់​គ្រឹះ​របស់​វា​តែ​ម្តង​លោក​ កៃស៍ ប៊ូហ្ស៊ីឌី (Kais​ Bouzidi) អាយុ​៣៨​ឆ្នាំ​បាន​យក​ឥដ្ឋ​ស្តើងៗ​ខ្លះ​ទៅ​ផ្ទះ។ លោក​និយាយ​ថា​ ឥដ្ឋ​ទាំងនេះ​នឹង​ជា​និមិត្តរូប​មួយ​នៃ​ពួក​ចោរប្លន់​មួយ​ក្រុម​ដែល​បាន​លួច​ប្លន់​អ្វីៗ​គ្រប់​បែប​យ៉ាង​ក្នុង​ប្រទេស​ទុយនេស៊ី។

ក្រុម​បាតុករ​ដែល​បាន​បណ្តេញ​ បិន អាលី ពី​ប្រទេស​ក៏​បាន​បញ្ចេញ​កំហឹង​របស់​ពួកគេ​ប្រឆាំង​នឹង​គ្រួសារ​ញាតិសន្តាន​ផ្សេងៗ​ទៀត​របស់​គាត់ ដោយ​បាន​លួច និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ញាតិ​សន្តាន​របស់​ប្រពន្ធ​គាត់​គឺ​ត្រកូល​ ត្រាបែលស៊ីស ដែល​ក្រុម​បាតុករ​ចាត់ទុក​ថា ជា​ឧទាហរណ៍​ជាក់ស្តែង​បំផុត​នៃ​របប​គ្រប់គ្រង​ពុក​រលួយ និង​ប្រើ​អំណាច​ហួស​ហេតុ​របស់​គាត់។​ អ្នកស្រី​ ឡេឡា ត្រាបែលស៊ី ប្រពន្ធ​របស់​បិន អាលី ជា​អតីត​អ្នក​សំអិតសំអាង​សក់​ម្នាក់។​ គ្រួសារ​អ្នក​ស្រី​មាន​ប្រវត្តិ​ជា​ពួក​ជន​ខ្សត់ខ្សោយ។

ពួក​សមាជិក​គ្រួសារ​អ្នកស្រី​បាន​ក្លាយ​ទៅ​ជា​អ្នកមាន​ធនធាន​ស្តុកស្តម្ភ​ដោយ​មាន​ធនាគារ​ ក្រុមហ៊ុន​បណ្តាញ​ផ្សាយ​ព័ត៌មាន​ កន្លែង​ឱ្យ​ទេសចរ​សម្រាក​កាយ​និង​ហាង​លក់​ទ្បាន។

អ្នកបើក​ទ្បាន​តាក់ស៊ី​ឈ្មោះ​ អាដែល តាទូអ៊ី (Adel ​Tatoui)​ និយាយ​ថា​លោក​បាន​បង់​តម្លៃ​ច្រើន​សម្រាប់​ទ្បាន​ម៉ាក​ វ៉ូលស្វាហ្គែន (Volkswagen) របស់​លោក​ដោយសារ​ត្រូវ​បង់​ពន្ធគយ។

លោក​ថ្លែង​ថា លោក​គ្មាន​ជម្រើស​ទេ។​ លោក​អះអាង​ថា​ កូនប្រសា​របស់​ បិន អាលី ឈ្មោះ សាឃរ ម៉ិទ័រី (Sakher​ Meteri)​ រកស៊ី​ផ្តាច់មុខ​ក្នុង​ឧស្សាហកម្ម​រថយន្ត​នៃ​ប្រទេស​ទុយនេស៊ី​ដោយ​មាន​ឋានៈ​ជា​ប្រធាន​ក្រុមហ៊ុន​លក់​ទ្បាន​នាំមុខ​គេ​មួយ។

ជនជាតិ​ទុយនេស៊ី​ហៅ​បក្ខពួក​របស់​ បិន អាលី​ (Ben​ Ali) ថា​ «គ្រួសារ​» ឬ​ «ពួក​ម៉ាហ្វ៊ា ( Mafia)» ។ បែលហាសិន ត្រាបិលស៊ី (Trabelsi) បាន​ត្រូវ​ចាត់ទុក​ថា​ជា​មេ​របស់​ «ពួកម៉ាហ្វ៊ា»នេះ។

អ្នក​ជំនួញ​ ម៉ុណាម គ្រា (Monam​ Kria) ដែល​បាន​ចូល​មើល​ភូមិគ្រឹះ​របស់​ បែលហាសិន​ នៅ​ កាថាដ្យ (Carthage) ប្រដូច​ធនធាន​របស់​គ្រួសារ​ ត្រាបិលស៊ី ទៅ​នឹង​ធនធាន​របស់​ពួក​អ្នកកាន់​អំណាច​ផ្តាច់ការ​ក្នុង​ទ្វីប​អាហ្វ្រ៊ិក។ លោក​ថ្លែង​ថា៖

«គឺ​ធនធាន​ច្រើន​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​នៅ​គ្រប់​កម្រិត​ទាំង​អស់​នៃ​សង្គម​ស្លុត​ចិត្ត»។

អ្នកស្រី ​អាលម៉ា មូនីស (Alma​ Mounis)​ ដែល​ជា​ស្ត្រី​មេផ្ទះ​ក្នុង​ក្រុង​ទុនីស បាន​ប្រមូល​យក​ផ្នែកប្លាស្ទីកខាង​លើ​ពី​កញ្ចប់​កាហ្វេ​ឆុង​ភ្លាមៗ​មាន​ម៉ាក​ល្បី​ដែល​ជា​ម៉ាក​កាហ្វេជនជាតិ​ទុយនេស៊ី​ក្នុង​វណ្ណៈ​កម្មករ​មិន​អាច​មាន​លុយ​ទិញ​បាន​ទេ។​ អ្នកស្រី​ មូនីស បាន​និយាយ​ថា ជនជាតិ​ទុយនេស៊ី​ហួស​និស្ស័យ​នឹង​ធនធាន​ច្រើន​អស្ចារ្យ​របស់​គ្រួសារ​អ្នកគ្រប់គ្រង​ប្រទេស។​ នៅ​ពេល​នេះ ខណៈ​អ្នកស្រី​ចូល​មើល​ភូមិគ្រឹះ​នេះ​ អ្នកស្រី​យល់​ថា ពួក​អ្នក​មាន គ្មាន​ការ​ឆ្នៃប្រឌិត​ទេ​គឺ​សោះ​កក្រោះ​ណាស់។

រដ្ឋាភិបាល​បណ្តោះអាសន្ន​នៃ​ប្រទេស​ទុយនេស៊ី​បាន​ចាប់​ខ្លួន​សមាជិក​រាប់​សិប​នាក់​នៃ​ញាតិសន្តាន និង​បក្ខពួក​របស់​ បិន អាលី ហើយ។ រដ្ឋាភិបាល​នេះ​ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួន​អន្តរជាតិ​ប្រឆាំង​នឹង​ជន​ឯ​ទៀតៗ​ដែរ ដោយ​មាន​រួម​បញ្ចូល​ទាំង​អតីត​ប្រធានាធិបតី​ និង​ បែលហាសិន ត្រាបិលស៊ី ដែល​គេ​រាយការណ៍​ថា ឋិត​នៅ​ក្នុង​ប្រទេស​កាណាដា។

ជនជាតិ​ទុយនេស៊ី​មិន​មែន​គ្រាន់​តែ​ស្វែង​រក​អនុស្សាវរីយ៍​អតីតកាល​មួយ​ដែល​មាន​ការ​ស្អប់ខ្ពើម​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ពួកគេ​ក៏​ស្វះ​ស្វែង​រក​យុត្តិធ៌ម​ផង​ដែរ។

ប្រែសម្រួល​ដោយ ឈឹម សុមេធ

XS
SM
MD
LG