ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជសាស្ត្រ​សម្រាប់​ព្យបាល​សត្វ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​សម្រាប់​សត្វ​ពង្រូល​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក


រូបភាព​ឯកសារ៖ សត្វ​ពង្រូល​មួយ​ត្រូវ​បាន​គេ​យក​ចេញ​ពី​មន្ទីរពេទ្យ​ព្យាបាល​សត្វ​ព្រៃ Johannesburg និង​ដោះលែង​ឲ្យ​វា​ចូល​ក្នុង​វាល​មួយ​ដើម្បី​ស្វែងរក​ចំណី កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

វីធីសាស្ត្រ​ព្យាបាល និង​ថែទាំ​សត្វ​ពង្រូល​ថ្មី​ស្រឡាង​មួយ​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដើម្បី​ជួយ​សង្គ្រោះ​សត្វ​ពង្រូល​នៅ​អាហ្វ្រិក ដែល​ជា​ប្រភេទ​សត្វ​ពួកឈ្មួញ​ជួញដូរ​ច្រើន​បំផុត។

អ្នកស្រី​វេជ្ជបណ្ឌិត Karin Lourens ដែល​ជា​ពេទ្យ​សត្វ​មួយ​រូប​បាន​ក្លាយ​ជា​ទៅ​ជា ​«វេជ្ជបណ្ឌិត​ព្យបាល​សត្វ​ពង្រូល» នៅ​អាហ្វ្រិក​ដើម្បី​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែងជួយ​សង្គ្រោះ​សត្វ​ប្រភេទ​នេះ​ចេញ​ពី​ការ​ធ្វើ​ជំនួញ​សត្វ​ព្រៃ​ខុស​ច្បាប់។

វិធី​សាស្ត្រ​បញ្ចុក​ចំណី​តាម​ទុយោ និង​ការ​ធ្វើ​តេស្ត​ឈាម​ដែល​ណែនាំ​ដោយ​អ្នកស្រី​វេជ្ជបណ្ឌិតជួយ​សង្គ្រោះ​ជីវិត​សត្វ​ដែល​ជិត​ផុត​ពូជ​នេះ​បាន​ច្រើន។​

អ្នកស្រី​វេជ្ជបណ្ឌិត Karin Lourens ដែល​ព្យាបាល​សត្វ​ពង្រូល​បាន​ថ្លែងថា៖ «ប្រសិន​បើ​អ្នក​មើល​ជើង​របស់​សត្វ​ពង្រូល​នេះ ​យើង​អាច​ដឹង​ថា ​វា​ជាប់​នៅ​ក្នុង​ទ្រុង​យូរ​ប៉ុន​ណា...»។

សត្វ​ពង្រូល​ជិត​ផុត​ពូជ​នេះ ជា​អំបូរ​មួយ​ប្រភេទ​ដែល​រក​ឃើញ​នៅ​ក្នុងប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​អាហ្វ្រិក​ខាង​កើត ហើយ​វា​ជា​សត្វ​ដែល​មាន​សំណាង។

​សត្វ​ពង្រូល​នេះ​ស្ថិត​ក្នុង​ចំណោម​សត្វ​ពង្រូល​៥០ក្បាល​ ដែល​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ឆ្នាំ​នេះ ​ចេញ​ពី​អ្នក​ជួញដូរ​សត្វ​ព្រៃ និង​ត្រូវ​បាន​អ្នកស្រី​វេជ្ជបណ្ឌិត Karin Lourens មើល​ថែទាំ។

វិធីសាស្ត្រ​ថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​ថ្មី​ស្រឡាង​របស់​អ្នកស្រី​សម្រាប់​សត្វ​ពង្រូល​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​វា​អាច​ត្រឡប់​ទៅ​ទីជម្រក​របស់​វា​វិញ​បាន​ក្នុង​ពេល​ឆាប់ៗ។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

South African Vet Pioneering Medicine for Africa's Endangered Pangolins
សូម​រង់ចាំ

No media source currently available

0:00 0:02:28 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកស្រី​វេជ្ជបណ្ឌិត Karin Lourens បាន​ថ្លែង​ថា៖ «យើង​ដឹង​ពី​សត្វ​ពង្រូល​អំបូរ Temminck តិច​ណាស់។ មាន​ការ​ប្រម៉ាញ់​យក​សត្វ​នេះ​ជា​ច្រើន​ និង​យូរយារ​មក​ហើយ​នៅ​ក្នុង​ទ្វីប​អាស៊ី។ ដូច្នេះ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ចំណាយ​ពេល​ច្រើន​ដើម្បី​សិក្សាស្រាវជ្រាវ​អំពី​អំបូរ​សត្វ​ប្រភេទ​នេះ។ ចំណែក​ពួក​យើងវិញ​ យើង​អាច​ជួយ​សង្គ្រោះបាន​ម្តង​មួយៗ។ សត្វ​ពង្រូល​នៅ​អាស៊ី​ស៊ី​ចំណី​នៅ​លើ​ចាន​ ប៉ុន្តែ​សត្វ​ពង្រូល​នៅ​ទី​នេះ​អត់ស៊ី​ទេ។ យើង​ត្រូវ​យក​វា​ទៅ​ដាក់​នៅ​កន្លែង​ដែល​វា​រស់នៅ​តាម​ធម្មជាតិ​វិញ​ និង​ត្រូវ​តាមដានមើល​វា​រាល់​ពេល​យើង​ឲ្យ​ចំណី​វា​ស៊ី»។

ក្រុម​ការងារ​របស់​អ្នកស្រី​វេជ្ជបណ្ឌិត Lourens បាន​បង្កើត​វិធីសាស្ត្រ​បញ្ចុក​ចំណី​តាម​ទុយោ ដោយ​ប្រើ​អាហារ​មាន​ជាតិ​ខ្លាញ់​តិច និង​ប្រូតេអ៊ីន​ច្រើន ដើម្បី​ជួយ​ឲ្យ​សត្វ​ពង្រូល​ដែល​ត្រូវ​បាន​សង្គ្រោះ​ទាំង​នោះ​ នៅ​រស់ និង​អាច​ជា​សះស្បើយ។

ការ​ស្រាវជ្រាវ​របស់​អ្នកស្រី​វេជ្ជបណ្ឌិត​លើ​ការ​ធ្វើ​តេស្ត​ឈាម​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​រៀបចំ​គម្រោង​ព្យាបាល​សត្វ​ពង្រូល​នីមួយៗ។

លោក​សាស្ត្រាចារ្យ Leith Meyer គឺជានាយក​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ពេទ្យ​សត្វនៃ​សាកល​វិទ្យាល័យ​ Pretoria។ លោក​និយាយ​ថា​ការ​ស្រាវជ្រាវ​របស់​អ្នកស្រី​វេជ្ជបណ្ឌិត Lourens មាន​សារៈសំខាន់​ខ្លាំង​ណាស់។ លោក​បាន​ថ្លែង​ថា៖

«អ្នកស្រី​វេជ្ជបណ្ឌិតរកឃើញ​វិធីព្យាបាល​ដ៏​មាន​សារៈសំខាន់​មួយ។ អ្នកស្រី​បាន​រកឃើញ​រឿង​ដ៏​សំខាន់​មួយ​អំពី​ទម្លាប់​រស់នៅ​ធម្មតា​របស់​សត្វ​ពង្រូល​ និង​អំពី​ដំណើរការ​របស់​រាងកាយ​ពួកគេ។ ការ​រកឃើញ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ និង​មនុស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក​អាច​ថែទាំ​សត្វ​ពង្រូល​បាន​ល្អ​ជាង​មុន»។​

អ្នកស្រី Nicci Wright ធ្វើ​ការ​ឲ្យ​អង្គការ​ក្រុម​ការងារ​ការពារ​សត្វ​ពង្រូល​អាហ្វ្រិក និង​ការពារ​ការ​ជួញដូរ​សត្វ​អន្តរជាតិ ឬ African Pangolin Working Group and Humane Society International។ អ្នកស្រី​បាន​និយាយ​ថា​ វា​ច្បាស់​ណាស់​ថាការ​អភិរក្ស​សត្វ​អង្រូល​នៅ​ទ្វីប​អាហ្វ្រិក​មិន​មែន​គ្រាន់​តែ​អាចបញ្ចប់​ការ​ប្រម៉ាញ់​សត្វ​ពង្រូល​ប៉ុណ្ណោះ​ទេ។

អ្នកស្រី Wright និយាយ​ថា «យើង​ត្រូវ​ការ​វិធីសាស្ត្រ​ផ្សេងៗ។ អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​ព្យាបាល​ដោយ​ពេទ្យ​សត្វ»។

លោក​សាស្ត្រាចារ្យ Raymond Jansen គឺជា​ប្រធាន​អង្គការ​ការពារ​សត្វ​ពង្រូល​អាហ្វ្រិក ឬ African Pangolin Working Group។ លោក​និយាយ​ថា សត្វ​ពង្រូល​ដែល​ទទួល​បាន​ការ​ព្យាបាល​ពី​អ្នក​ជំនាញ​នៅ​អាហ្វ្រិក​ខាង​ត្បូង​មាន​សុខភាព​ល្អ។ ​

លោក​និយាយ​ថា «ប្រសិន​បើ​យើង​អាច​សង្គ្រោះ​ពួកវា​បាន​លឿន​នោះ​ យើង​អាច​យក​វា​ចេញ​ពី​មន្ទីរពេទ្យ​បាន​ជាង​៩០%។ យើង​តាមដាន​ពួកវា​រយៈពេល​១ឆ្នាំ​បន្ទាប់​ពី​យើង​ដោះលែង​ពួកគេ​ចូល​ទៅ​ក្នុង​ព្រៃ។ អត្រា​ជោគជ័យ​របស់​ពួកវា​គឺ​មាន​ប្រមាណ​ជា​ ៧៥%»។​

សត្វ​អង្រូល​គឺ​ជា​សត្វ​មួយ​ប្រភេទ​ក្នុង​ចំណោម​សត្វ​នានា​ដែល​ត្រូវ​បាន​ពួកឈ្មួញ​ជួញដូរ​ច្រើន​បំផុត។

វិធីសាស្ត្រ​ថែទាំ​ថ្មី​របស់​អ្នកស្រី​វេជ្ជបណ្ឌិត Lourens គឺគ្រាន់​តែជា​វីធីសាស្ត្រ​មួយ​អាច​ជួយ​ទប់ស្កាត់​មិន​ឲ្យសត្វ​ប្រភេទ​នេះ​ផុត​ពូជ​ទាំង​ស្រុង​ចេញ​ពី​ភពផែនដី៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG