នៅតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្វ្រិក ចំនួនប្រជាជនក្នុងក្រុងបានកើនឡើងទ្វេដងចាប់តាំងពីពាក់កណ្តាលទសវត្សរ៍១៩៩០។ ចំនួនប្រជាជនបានកើនឡើងដល់៤០០លាននាក់នៅក្នុងឆ្នាំ២០១៦។ បើយោងតាមក្រុមអ្នកជំនាញ ៤០%នៃប្រជាជនសរុបនៅក្នុងតំបន់នេះរស់នៅទីក្រុង បើធៀបនឹងឆ្នាំ២០០០ ដែលមានតែ៣១%ប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងឧស្សាហកម្មផ្សេងៗមិនទាន់រីកចម្រើនដូចទៅនឹងកំណើនប្រជាជនក្នុងទីក្រុងនោះទេ។
៦០%នៃអ្នករស់នៅក្នុងទីក្រុងនៅក្នុងតំបន់ភាគខាងត្បូងវាលខ្សាច់សាហារ៉ាក្នុងទ្វីបអាហ្វ្រិក រស់នៅក្នុងសំណង់អនាធិបតេយ្យ ហើយមានតែ២៥%ប៉ុណ្ណោះមានទឹកស្អាតមានសុវត្ថិភាពសម្រាប់ប្រើ
ប្រព័ន្ធលូបង្ហូរទឹកមិនល្អ និងប្រព័ន្ធគ្រប់គ្រងទឹកជំនន់ខ្សោយគឺជាបញ្ហាប្រឈមមួយទៀត។ ព្រះនាង Kouman Kossia Tamia ជាព្រះមហាក្សត្រយានីតាមបែបប្រពៃណី នៅប្រទេសកូតឌីវ័រ (Ivory Coast)។ ព្រះនាងព្រួយព្រះទ័យនៅពេលដល់រដូវភ្លៀងម្តងៗ និងទឹកជំនន់ដែលអាចកើតមានឡើង។
ព្រះនាងមានព្រះរាជបន្ទូលត្អួញត្អែរថា នៅពេលដល់រដូវភ្លៀងម្តងៗ ព្រះនាងមិនអាចធ្វើអ្វីបាននោះទេ។ អ្វីៗទាំងអស់ត្រូវបានជាប់គាំង។
លោក Amadou Diarra គឺជាអភិបាលក្រុង North Pikine ដែលជាក្រុងស្ថិតនៅជាយរដ្ឋធានីដាកា របស់ប្រទេសសេណេហ្គាល់ (Senegal)។ លោកយល់ថា ការគ្រប់គ្រងកាកសំណល់របស់មនុស្សគឺជាបញ្ហាដែលមានកាន់តែច្រើនឡើងៗ។
លោក Amadou Diarra បានថ្លែងថា លោកមានការសោកស្តាយដែលមានបញ្ហាត្រូវកប់កាកសំណល់ចោល ដោយសារតែពួកគេមិនមានរោងចក្រដើម្បីដោះស្រាយបញ្ហានេះ។ មានកន្លែងចាក់សំរាមតែមួយប៉ុណ្ណោះ ដែលត្រូវទទួលយកកាកសំណល់ពីគ្រប់ផ្ទះសម្បែងទាំងអស់នៅក្នុងតំបន់ Dakar។ បញ្ហានេះបានបង្កឲ្យមានផលវិបាកផ្សេងៗទៀត។ លោកបាននិយាយថា បញ្ហាប្រឈមក្នុងការអភិវឌ្ឍប្រកបដោយចីរភាពគឺត្រូវបំលែងកាកសំណល់ទាំងនោះឲ្យទៅជិតកន្លែងផលិតវា ជាជាងកប់វាចោល។ លោកនិយាយថា ការកប់សំរាមបែបនេះមានគ្រោះថ្នាក់សម្រាប់មនុស្ស។
ការរីកលូតលាស់នៃតំបន់ទីក្រុងក្នុងទ្វីបអាហ្វ្រិកភាគច្រើនកើតមាននៅក្នុងទីក្រុងតូចៗ និងមធ្យម។ អ្នករស់នៅទីក្រុងជាងពាក់កណ្តាលក្នុងទ្វីបអាហ្វ្រិក រស់នៅក្នុងទីក្រុងដែលមានប្រជាជនតិចជាង២៥០.០០០នាក់។
អ្នកស្រី Maggie Chazal គឺជាស្ថាបនិកនៃអង្គការក្រៅរដ្ឋាភិបាលឈ្មោះថា Urbanists Without Borders។ អ្នកស្រីនិយាយថា ទីក្រុងទំហំមធ្យមទាំងនោះមានសារៈសំខាន់ចំពោះអនាគតរបស់ទ្វីបអាហ្វ្រិក។
អ្នកស្រី Maggie Chazal ថ្លែងថា លោកស្រីបានសង្កត់បញ្ជាក់ថា ប្រសិនបើមិនមានទីក្រុងមធ្យមនោះទេ យើងមិនអាចភ្ជាប់ទីក្រុងធំៗជាមួយនឹងតំបន់ជនបទនោះទេ។ ក្នុងករណីបែបនេះ តំបន់ជនបទនឹងមិនមានទាំងការងារនិងឧបករណ៍នានាសម្រាប់ប្រើប្រាស់។ លោកស្រីបន្ថែមថា មនុស្សវ័យក្មេងនឹងចាកចេញពីតំបន់ទាំងនេះទៅកាន់ទីក្រុងក្នុងចំនួនដ៏ច្រើន។ ទីក្រុងធំៗប្រមូលផ្ដុំទៅដោយបញ្ហាសេដ្ឋកិច្ច និងបញ្ហាសង្គមប៉ុណ្ណោះ ដូចជាសំណង់អនាធិបតេយ្យជាដើម។
ប៉ុន្តែទ្វីបអាហ្វ្រិកមានទីក្រុងធំៗជាច្រើនរួចទៅហើយ ហើយទីក្រុងទាំងនោះកាន់តែធំទៅៗ។ ទីក្រុង Lagos ដែលជាទីក្រុងក្នុងប្រទេសនីហ្សេរីយ៉ា ត្រូវបានគេទស្សន៍ទាយថា នឹងក្លាយជាទីក្រុងធំបំផុតនៅក្នុងពិភពលោក ដែលមានមនុស្សរស់នៅចំនួន ៨៨,៣លាននាក់ នៅត្រឹមឆ្នាំ២១០០។ នេះបើយោងតាមអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក ឬ World Economic Forum៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ