នៅរាត្រីថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសស្វែងរកគ្រូពេទ្យ និងអ្នកជំនាញវេជ្ជវិទ្យាស្ម័គ្រចិត្ត ដើម្បីចូលរួមបំពេញកិច្ចការចាំបាច់នានាក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ឬកូវីដ១៩ នៅក្នុងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានថ្មីមួយរបស់ក្រសួង។
ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសបិទសាលារៀន និងគ្រឹះស្ថានអប់រំទូទាំងប្រទេស ខណៈករណីឆ្លងវីរុសក្នុងប្រទេសបានកើនដល់ ១២ករណី ក្នុងនោះរួមមានជនជាតិខ្មែរយ៉ាងតិច៣នាក់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុងក្រោយនោះ ក្រសួងសុខាភិបាលបានឲ្យដឹងថា ដោយសារមានការស្នើសុំធ្វើតេស្តរកវីរុសកូរ៉ូណាកាន់តែកើនឡើង ក្រសួងបានពង្រីកគម្រោងព្យាបាល និងធ្វើតេស្តរបស់ខ្លួនមួយកន្លែងទៀត នៅអតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានចំណុះគ្រែចំនួន ១០០ បន្ថែមទៀត។
មកទល់ពេលនេះ កម្ពុជាបានបង្កើត និងចាត់យកកន្លែងថែទាំ និងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យទូទាំងខេត្តចំនួន ២៤ រួមមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧សៀមរាប។
គិតត្រឹមថ្ងៃច័ន្ទនេះ នៅទូទាំងសកលលោក ករណីឆ្លងវីរុសកូរ៉ណាបានកើនលើស ១៧ម៉ឺន ៥ពាន់ករណី ក្នុងប្រទេសជាង ១២០ ខណៈករណីស្លាប់បានកើនលើស ៦.៧០០ករណី៕