- ដោយ កាន់ វិច្ឆិកា
ពលរដ្ឋនៅភ្នំពេញចាប់ផ្តើមចេញធ្វើដំណើរនិងរកស៊ីឡើងវិញ ខណៈរដ្ឋាភិបាលបន្តព្រមានពីហានិភ័យវីរុសកូរ៉ូណា
ភ្នំពេញ — ពលរដ្ឋនិងអ្នករកស៊ីមួយចំនួនចាប់ផ្តើមចេញក្រៅ និងបើកការរកស៊ីឡើងវិញ ក្រោយបានផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩ ប៉ុន្តែរដ្ឋាភិបាលនៅតែព្រមានពីហានិភ័យខ្ពស់នៃការរាតត្បាតនៃវីរុសនេះ ប្រសិនបើពលរដ្ឋបាត់បង់ការប្រុងប្រយ័ត្នក្នុងការការពារខ្លួន។
គិតមកដល់ថ្ងៃច័ន្ទនេះគឺមានរយៈពេលពីរសប្តាហ៍ជាប់គ្នា ដែលកម្ពុជារកមិនឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទៀត។ អ្នកជាសះស្បើយមានទៅដល់១១៩នាក់ គឺនៅសល់អ្នកជំងឺនេះតែ៣នាក់ប៉ុណ្ណោះ។
ប៉ុន្មានថ្ងៃមកនេះ គេឃើញចរាចរណ៍តាមដងផ្លូវមានភាពអ៊ូអរឡើងវិញ។ ចំណែកអ្នកលក់ដូរមួយចំនួនដែលបានផ្អាកនាពេលកន្លងទៅ ដោយសារការកើនឡើងអ្នកឆ្លងជំងឺកូវីដ១៩បានចាប់ផ្តើមបើកការរកស៊ីឡើងវិញ។
កំពុងអង្គុយលក់គុយទាវឆា និងបបរនៅកែងផ្លូវមួយជិតស្នាក់ការសង្កាត់ចតុមុខអ្នកស្រី ពិន នារី មានប្រសាសន៍ថា អ្នកស្រីបានចាប់ផ្តើមបើកលក់វិញនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីផ្អាកអស់រយៈពេលជាងមួយខែ ដោយសារជំងឺកូវីដ១៩។ អ្នកស្រីប្រាប់VOAនៅថ្ងៃច័ន្ទនេះថា អ្នកស្រីសម្រេចបើកលក់វិញ ដោយសារបញ្ហាជីវភាពនិងការឆ្លងជំងឺនេះមានសភាពស្ងប់ស្ងាត់។
អ្នកស្រី នារី ថ្លែងថា៖ «សម្រេចថាផ្អាកលក់លក់វាអត់សូវដាច់។ លក់វាអត់សូវដាច់ហើយយើងមិនគួរណាមកប្រឈមទៀត ប្រឈមជាមួយអាកូវីដហ្នឹង។ ហើយយើងលក់អត់សូវបានលុយប៉ុន្មានទេ ព្រោះវាអត់សូវដាច់។ ហើយកូនថា ម៉ាក់ឯងលក់អត់សូវដាច់ដដែល សម្រាកសិនទៅ! ដល់ឥឡូវចូលឡើងវិញហ្នឹង យើងចាយលុយក៏ជិតអស់ ហើយខ្លាចដាច់ម៉ូយទៀត»។
ទោះបីជាអ្នកស្រីបើកលក់វិញប៉ុន្តែអ្នកស្រីនៅបារម្ភអំពីជំងឺនេះនៅឡើយ។
- ដោយ ស៊ុន ណារិន
ពុំមានករណីឆ្លងវីរុសថ្មីជាង២សប្តាហ៍ ប៉ុន្តែ WHO ជំរុញឲ្យកម្ពុជាបន្តប្រុងប្រយ័ត្នខ្ពស់
ភ្នំពេញ — មន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃច័ន្ទនេះ លើកឡើងថា ក្រសួងបានធ្វើតេស្តរកវីរុសកូរ៉ូណាលើក្រុមមនុស្សដែលសង្ស័យទាំងអស់ ហើយរកមិនឃើញករណីឆ្លងថ្មីនោះទេ ក្នុងរយៈពេលជាង២សប្តាហ៍នេះ។
ប៉ុន្តែពួកគេបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នជានិច្ច ខណៈមន្រ្តីអង្គការសុខភាពពិភពលោក(WHO)ប្រចាំនៅកម្ពុជាជំរុញឲ្យត្រៀមខ្លួនសម្រាប់ការប្រយុទ្ធប្រឆាំងរយៈពេលវែង។
ក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃច័ន្ទនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា ជាង២សប្តាហ៍មកនេះ មិនមានករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានោះទេ ហើយការព្យាបាលជាសះស្បើយបានកើនទៅដល់១១៩នាក់ គឺនៅសល់អ្នកជំងឺកូវីដ១៩ តែ៣នាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោក ម៉ម ប៊ុនហេង អំពាវនាវឲ្យប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ បើទោះពួកគេចាប់ផ្តើមបើកការរកស៊ីឡើងវិញក៏ដោយ។
លោកមានប្រសាសន៍ថា៖ «ដូច្នេះក្រសួងសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងសូមមេត្តាកុំយល់ច្រឡំថា ប្រទេសកម្ពុជាអស់មានការរាតត្បាតវីរុសកូវីដ១៩ឲ្យសោះ»។
លោករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖ «ដូច្នេះមានតែការប្រុងប្រយ័ត្នមួយគត់ កុំឲ្យឆ្លងទៅសហគមន៍។ មិនបាច់សួរថាគ្រោះថ្នាក់ខ្ពស់ គ្រោះថ្នាក់ទាប គ្រោះថ្នាក់ខ្សោយអីទេ»។
ភ្នំពេញ — មន្រ្តីពាក់ព័ន្ធអះអាងថា កម្មកររាប់ពាន់នាក់នឹងត្រូវពិនិត្យសុខភាពរករោគសញ្ញានៃវីរុសកូរ៉ូណា ហើយត្រូវដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ មុននឹងអាចចូលធ្វើការនៅរោងចក្រវិញ។
នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកន្លែង ដែលកម្មករមួយចំនួនត្រូវពិនិត្យសុខភាព លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្មកររោងចក្រប្រមាណ ៣ម៉ឺននាក់ បានឈប់សម្រាកអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ ក្នុងនោះនៅភ្នំពេញមានចំនួន ១៥.០០០នាក់។
លោកបន្តថា ក្រសួងការងារសហការជាមួយសាលារាជធានីភ្នំពេញ និងក្រសួងសុខាភិបាលបានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពចំនួន ១០កន្លែង នៅភ្នំពេញ ហើយមណ្ឌលត្រួតពិនិត្យសុខភាពបណ្តោះអាសន្ននេះ នឹងត្រូវដាក់ដំណើរការរយៈពេល ៥ថ្ងៃ។ លោកបន្ថែមថា ក្រសួងក៏បានត្រៀមកន្លែងស្នាក់នៅសម្រាប់កម្មករ បើសិនពួកគេត្រូវបានរកឃើញថា មានរោគសញ្ញានៃវីរុសកូរ៉ូណា ហើយមិនមានកន្លែងស្នាក់នៅ។
លោក ហេង សួរ មានប្រសាសន៍ថា៖ «ប្រសិនជាបងប្អូនយើងមិនមានរោគសញ្ញាអ្វីនោះទេ គឺគ្រូពេទ្យរបស់យើងគាត់នឹងចេញលិខិតបញ្ជាក់ថា គាត់មិនមានរោគសញ្ញាកូវីដ គិតមកត្រឹមថ្ងៃនេះ។ អ៊ីចឹងអនុញ្ញាតឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះ មានន័យថា អាចនៅផ្ទះជួលរបស់គាត់ ឬក៏ផ្ទះគាត់ក៏បានដែរ»។
គិតមកត្រឹមម៉ោង ១២រសៀល ថ្ងៃច័ន្ទនេះ លោក ហេង សួរ ឲ្យដឹងថា រកឃើញកម្មករ ២នាក់ ដែលមានរោគសញ្ញានៃជំងឺកូវីដ១៩។
អ្នកស្រី សូ សុភក្តិ អាយុ ៣៦ឆ្នាំ ជាកម្មករម្នាក់នៃរោងចក្រ Cambodia Textile Worldwide បានមកឲ្យគេធ្វើតេស្តពិនិត្យរកមេរោគកូរ៉ូណានៅវិទ្យាល័យជម្ពូវ័ន ក្នុងក្រុងភ្នំពេញ តាមការណែនាំរបស់រោងចក្រ។ អ្នកស្រីបន្ថែមថា កម្មករជាង ១០នាក់ដែលមកពីរោងចក្រអ្នកស្រី ធ្វើការបានមកធ្វើតេស្ត នៅថ្ងៃច័ន្ទនេះ។
អ្នកស្រី សុភក្តិ មកពីខេត្តស្វាយរៀង បានឲ្យដឹងទៀតថា អ្នកស្រីត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ នៅបន្ទប់ជួលរបស់អ្នកស្រី។
- ដោយ អូន ឆេងប៉រ
រដ្ឋាភិបាលចំណាយប្រាក់ជាង១០លានដុល្លារប្រយុទ្ធនឹងកូវីដ១៩រហូតមកដល់ពេលនេះ
ភ្នំពេញ — មន្រ្តីក្រសួងសុខាភិបាលអះអាងនៅថ្ងៃច័ន្ទនេះថារដ្ឋាភិបាលបានត្រៀមថវិការាប់សិបលានដុល្លារអាមេរិកដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានៅកម្ពុជា ហើយថវិកាទាំងនោះក៏បានមកពីការចូលរួមរបស់សាធារណជនផងដែរ ក្នុងនោះក៏មានមន្រ្តីរដ្ឋាភិបាល និងអ្នកជំនួញនៅកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃច័ន្ទនេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលទទួលបន្ទុកថវិកា និងសម្ភារៈពេទ្យ ឲ្យដឹងថារដ្ឋាភិបាលបានចំណាយលើការងារទប់ស្កាត់ជំងឺកូវីដ១៩ អស់ប្រមាណ១០,៥លានដុល្លារអាមេរិក រហូតមកដល់ពេលនេះ ដែលក្នុងនោះ៤,៥លានដុល្លារជាកញ្ចប់បម្រុងក្នុងថវិកាជាតិដែលមានសរុប៣០លានដុល្លារ និង៦លានដុល្លារទៀត កាត់ចេញពីកញ្ចប់ជំនួយដែលចូលរួមបរិច្ចាគដោយសាធារណជន។
លោកស្រីបន្តថា ក្នុងទឹកប្រាក់ជំនួយ៦លានដុល្លារនេះមាន១លានដុល្លារកំពុងប្រើប្រាស់សម្រាប់ការពិនិត្យសុខភាព និងការទុកកម្មករកាត់ដេរឲ្យនៅដាច់ដោយឡែកដោយមានការរំពឹងទុកថាពួកគេជាង១ម៉ឺននាក់ បានធ្វើដំណើរពីស្រុកកំណើត ត្រឡប់ចូលភ្នំពេញវិញ ក្រោយបញ្ចប់បុណ្យចូលឆ្នាំ។
លោកស្រីបន្ថែមថា ដោយសារមួយសប្តាហ៍នេះ មិនមានករណីឆ្លងថ្មី ការចំណាយក៏មិនសូវមានធំដុំនោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «សម្រាប់ឥឡូវនេះ អវិជ្ជមានមួយអាទិត្យនេះយើងបានធូរស្បើយខ្លះ។យើងសង្ឃឹមថា មួយអាទិត្យទៀត បើយើងអវិជ្ជមានទៀត យើងសល់ថវិកាច្រើន។ យើងមិនមានចំណាយអ្វីធំដុំទេ»។