ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ពិភព​លោក​ប្តេជ្ញា​ដោះ​ស្រាយ​ជំងឺ​មិន​ឆ្លង​ដែល​សម្លាប់​មនុស្ស​


រូបឯកសារ៖ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នៃ​អង្គការ​សុខភាព​ពិភពលោក WHO ថ្លែង​​សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ កាល​ពី​ខែ​សីហា ២០១៨។
រូបឯកសារ៖ លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus នៃ​អង្គការ​សុខភាព​ពិភពលោក WHO ថ្លែង​​សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ នៅទីក្រុង​ហ្សឺណែវ កាល​ពី​ខែ​សីហា ២០១៨។

មនុស្ស​៧​នាក់​ក្នុង​ចំណោម​មនុស្ស១០​នាក់​នៅ​ក្នុង​ពិភព​លោក​បាន​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង ​មហារីក ​ទឹក​នោម​ផ្អែម​ និង​ជំងឺ​សួត​រ៉ាំរ៉ៃ ​នេះ​បើ​តាម​ការ​សិក្សា​មួយដែល​បាន​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្តី​ពេទ្យ ​Lancet ​នៅ​ដើម​ខែ​នេះ។

​ជំងឺ​ទាំង​នេះ​មិនត្រឹម​តែ​សម្លាប់​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ ​វា​បាន​ធ្វើ​ឲ្យ​ខាត​បង់​ប្រាក់​ដ៏​សម្បើម​ទៀត​ផង។ របាយការណ៍​របស់​ទស្សនាវដ្តី​ពេទ្យ​ Lancet បាន​ប៉ាន់​ស្មាន​ថា ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ខាង​មុខ​ទៀត ការ​ខាត​បង់​សម្រាប់​ប្រទេស​កំពុង​អភិ​វឌ្ឍន៍ត្រូវ​បាន​គេ​ព្យាករណ៍​ថា​មាន​តម្លៃ​ជាង​៧​លាន​លាន​ដុល្លារ។

​កាល​ពី​៣ឆ្នាំ​មុន ​ពួក​មេដឹកនាំ​សាកល​លោក​បាន​សន្យា​កាត់​បន្ថយ​ការ​ស្លាប់​មុន​អាយុ​មក​ពី​ជំងឺ​មិន​ឆ្លង​ទាំង​នោះ​ចំនួន​១ភាគ​៣​នៅ​កំណត់​ឆ្នាំ​២០៣០។

​នៅ​ឯជំនួប​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ នៅ​បូរី​ញូយ៉ក ​លោក​វេជ្ជបណ្ឌិត ​Tedros Adhanom Ghebreyesus ​នាយក​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​និយាយ​ថា ​មាន​ប្រទេស​មិន​ដល់​ពាក់​កណ្តាល​ផងរបស់​ពិភព លោក​ដែលធ្វើ​ទៅ​តាម​ការ​សន្យា​នេះ។​ លោក​បាន​ជំរុញ​ឲ្យ​ពួក​មេ​ដឹកនាំ​ពិភព​លោក​សន្យាធ្វើ​ទៅ​តាម​គោល​ដៅ​ទាំង​អស់​នោះ​ឡើង​វិញ។

លោក​ Tedros ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​តាំង​ចិត្ត​ខាង​នយោបាយ​និង​ការ​វិនិយោគ​ទុន​ក្នុង​ប្រទេស​កាន់​តែ​ច្រើន​ឡើង។​ លោក​បាន​និយាយ​ទៀត​ថា ​លោក​បាន​ដឹង​ពី​បទ​ពិសោធន៍​របស់​លោក​ផ្ទាល់​ថា​ «ដោយ​មានការ​តាំង​ចិត្ត​ខាង​នយោបាយ​អ្វី​ៗ​ក៏​អាច​ធ្វើ​បាន​ដែរ។ បើ​គ្មាន​ការ​តាំង​ចិត្ត​ខាង​នយោបាយ ​ការ​ជឿន​លឿន​មាន​ភាព​យឺត​យ៉ាវ»។

លោក ​Tedros​ បាន​ជំរុញ​ប្រទេស​នានា​ឲ្យ​បង្កើន​ពន្ធ​គយ​លើ​ថ្នាំ​ជក់ ​រឹតត្បិត​ការ​ឃោសនា​សុរា ​ហើយ​នឹង​បញ្ចុះការ​ប្រើ​ផលិតផល​ម្ហូបអាហារ​មាន​ជាតិអំបិល ​ស្ករ​និង​ខ្លាញ់។​ ការបញ្ចុះ​សារធាតុ​នេះ​នឹង​កាត់​បន្ថយ​ភាព​គ្រោះ​ថ្នាក់​នៃ​ជំងឺ​ទឹក​នោម​ផ្អែម មហារីក ​បេះ​ដូង​និង​ជំងឺ​ដាច់​សសៃ​ឈាម​ក្នុង​ខួរក្បាល៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG