ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេនយ៉ា​ស្វះស្វែង​លើក​កម្ពស់​ការ​អប់រំ​ក្មេង​ស្រី​ដោយ​ផ្ដល់​ផលិតផល​អនាម័យ​ដោយ​ឥត​គិត​ថ្លៃ


រូបឯកសារ៖ ក្មេង​ស្រីកេនយ៉ាឈរ​កាន់​ទង់ជាតិ​ អាមេរិកនិង​កេនយ៉ា ខណៈរង់ចាំទទួលស្វាគមន៍លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​កេនយ៉ា Robert Godec កាល​ពីថ្ងៃទី១០​ ខែមិនា​ ឆ្នាំ២០១៨។
រូបឯកសារ៖ ក្មេង​ស្រីកេនយ៉ាឈរ​កាន់​ទង់ជាតិ​ អាមេរិកនិង​កេនយ៉ា ខណៈរង់ចាំទទួលស្វាគមន៍លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ​កេនយ៉ា Robert Godec កាល​ពីថ្ងៃទី១០​ ខែមិនា​ ឆ្នាំ២០១៨។

ជា​ញឹកញាប់ ការ​មក​រដូវ​បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​ជា​ច្រើន​នៅ​តាម​តំបន់​នានា​ក្នុង​ទ្វីប​អាហ្វ្រិក​មិន​បាន​មក​រៀន។ ប៉ុន្តែ​តើ​រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​ផលិតផល​អនាម័យ​ឲ្យ​ក្មេង​ស្រី​ ដែល​មិន​មាន​លទ្ធភាព​ទិញ​ ដើម្បី​ការពារ​កុំ​ឲ្យ​ពួកគេ​រៀន​មិន​ទាន់​ក្នុង​ថ្នាក់​ដែរ​ឬ​ទេ? សំនួរ​នេះ​បាន​បន្ត​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​ប្រទេស​ជាច្រើន​នៅ​ភាគ​ខាង​កើត​ទ្វីប​អាហ្វ្រិក ពិសេស​នៅ​ក្នុង​ប្រទេស​កេនយ៉ា កន្លែង​ដែល​កាលពី​ឆ្នាំ​មុន​លោក​ប្រធានាធិបតី​ Uhuru Kenyatta បាន​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការអប់រំ​ជា​មូលដ្ឋាន​ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​កន្សែង​អនាម័យ​ដោយ​ឥត​គិត​ថ្លៃ​ដល់​សិស្ស​ស្រីៗ។

របាយការណ៍​មួយ​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ឆ្នាំ​២០១៦​ បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ដប់​នាក់​នៅ​អនុ​តំបន់​សាហារ៉ា​ក្នុង​ទី្វប​អាហ្វ្រិក​ មិន​បាន​មក​សាលារៀន​ នៅ​ពេល​ពួកគេមាន​រដូវ​ ដោយ​សារ​តែ​ពួកគេ​គ្មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ផលិតផល​អនាម័យ។

បន្ទាប់​ពី​បាន​ធ្វើ​ការ​ជជែក​ពិភាក្សា​អស់​រយៈ​ពេល​២ឆ្នាំ សភា​ប្រទេស​កេនយ៉ា​បាន​បោះ​ឆ្នោត​គាំទ្រ​យ៉ាង​លើស​លប់​កាល​ពី​ឆ្នាំ​២០១៧ ដើម្បី​គាំទ្រ​វិធានការ​មួយ​ ដែល​អ្នក​តស៊ូ​មតិ​បាន​និយាយ​ថា​ នឹង​បំបាត់​ឧបសគ្គ​រារាំង​ដល់​ការ​អប់រំ។ នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ លោក​ប្រធានាធិបតី​ Kenyatta បាន​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​នោះ​ឲ្យ​ចូល​ជា​ធរមាន។ ​

នៅ​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​នេះ​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​យេនឌ័រ​ អ្នកស្រី Margaret Kobia បាន​លុប​បំបាត់​ឧបសគ្គ​ ដើម្បី​ឲ្យ​មាន​ការចែក​ចាយ​កន្សែង​អនាម័យ​ចំនួន​មួយ​លាន​ ដល់​ក្មេង​ស្រី​នៅ​ស្រុក​ Makueni និង​ Kitui នៃ​ប្រទេស​កេនយ៉ា។ ​

រដ្ឋាភិបាល​បាន​ប្រកាស​ថា​ ខ្លួន​នឹង​តម្រង់​ទិសដៅ​សម្រាប់​ការ​ចែកចាយ​ដល់​ក្មេង​ស្រី​សិស្ស​សាលា​ជាង​ ២ សែន​នាក់ ជា​ផ្នែក​នៃ​កម្មវិធី​សាកល្បង។​

តាម​រយៈ​មូលនិធិ​ផ្ដល់​ដោយ​រដ្ឋាភិបាល​និង​បញ្ជូន​ទៅ​រដ្ឋបាល​ថ្នាក់​ស្រុក​ ច្បាប់​ថ្មី​នេះ​ ត្រូវ​បាន​កំណត់​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ក្មេង​ស្រី​ នៅ​គ្រប់​ស្រុក​ទាំង​៤៧​ ក្នុង​ប្រទេស​កេនយ៉ា។

រដ្ឋាភិបាល​បាន​បែង​ចែក​ថវិកា​ចំនួន​ ៤,៦ លាន​ដុល្លារ​ ដល់​ក្រសួង​កិច្ចការ​យេនឌ័រ​ ដើម្បី​ទិញ​កន្សែង​អនាម័យ។

លោក​ស្រី​ Rachel Ouko គឺ​ជា​មន្ត្រី​សម្របសម្រួល​កម្មវិធី​សម្រាប់​អង្គការ​ Femme International ជា​អង្គការ​មិន​រក​ប្រាក់​កម្រៃ​ដែល​បាន​ផ្ដល់​ផលិតផល​ចំពោះ​ការ​មក​រដូវ​ ដូច​ជា​ពែង​និងសំឡី​អនាម័យ ​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ បោក​ទឹក​បាន​ សម្រាប់​ក្មេង​ស្រី​ក្រីក្រ​ នៅ​ក្នុង​ប្រទេស​កេនយ៉ា​ និង​តង់សានី។ ​

លោកស្រី Ouko បាន​ថ្លែង​ថា៖

«ប្រសិន​បើ​ប្រព័ន្ធ​នោះ​មាន​ដំណើរ​ការ​បាន​ល្អ​ វា​នឹង​ផ្ដល់​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ក្មេង​ស្រី​សិស្ស​សាលា​ទាំង​នោះ។ ដំបូង​បង្អស់​ យើង​មាន​ការអប់រំ​ដោយ​មិន​គិត​ថ្លៃ​ ដូច្នេះ​គ្មាន​ក្មេង​ស្រី​ណា​ មាន​លេស​ថា​មិន​ទៅ​សាលារៀន​នោះ​ទេ។ បន្ទាប់​មក​ យើង​មាន​សំឡី​អនាម័យ​ដោយ​ឥត​គិត​ថ្លៃ ដូច្នេះ​គ្មាន​ក្មេង​ស្រី​ណា​ មាន​លេស​ថា​មិន​ទៅ​សាលារៀនដោយ​សារ​តែ​គ្មាន​សំឡី​អនាម័យ​នោះ​ទេ»។

សកម្មជន​នៅ​ជុំវិញ​តំបន់​និយាយ​ថា​ បញ្ហា​នេះ​គឺ​កើត​ឡើង​ភាគច្រើន​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ហើយ​បញ្ហា​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង​ មិន​មែន​គ្រាន់​តែ​រឿង​ចែក​ចាយ​សំឡី​អនាម័យ​នោះ​ទេ។

កាល​ពី​ឆ្នាំ​២០១៧​ អង្គការ​មូលនិធិ​កុមារ​នៃ​អង្គការ​សហប្រជាជាតិ​ បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ក្មេង​ស្រី​ប្រហែល​៦០​ភាគរយ មិន​បាន​មក​រៀន​ ដោយសារ​ សាលារៀន​របស់​ពួកគេ​ ខ្វះ​បង្គន់​អនាម័យ​និង​បន្ទប់​សម្រាប់​លាង​សម្អាត​ ដើម្បី​ជួយ​ពួកគេ​ក្នុង​អំឡុង​ពេល​មាន​រដូវ។ ​

លោក​ស្រី Regina Kasebe ជា​អ្នក​បម្រើ​ការងារ​សង្គម​ ជន​ជាតិ​អ៊ូហ្គាន់ដា​ ជាមួយ​អង្គការ​ Action Alliance ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ Solidarity Uganda។​

អ្នកស្រី​បាន​ថ្លែង​ថា៖

«បញ្ហា​របស់​ស្ត្រី​និង​ក្មេង​ស្រី​មាន​នៅ​ទូទាំង​ប្រទេស​ ហើយ​អ្នក​ឃើញ​បញ្ហា​នោះ​នៅ​តាម​សាលារៀន​។ ក្មេង​ស្រី​ទាំង​នោះ​ភាគ​ច្រើន​មក​ពី​គ្រួសារ​ក្រីក្រ។ នៅ​តាម​សាលារៀន​ដែល​យើង​ធ្វើ​ការ​ បញ្ហា​ប្រឈម​ដែល​ពួក​គេ​មាន​ គឺ​កើត​ឡើង​ក្នុង​អំឡុង​ពេល​មក​រដូវ។ ដោយ​សារ​តែ​ពួកគេ​មិន​មាន​កន្សែង​អនាម័យ​ ពួក​គេ​មិន​បាន​ប្រើ​អ្វី​ទាំង​អស់​ ដូច្នេះ​សម្រាប់​ថ្ងៃ​នោះ​ ពួក​គេ​នឹង​នៅ​ផ្ទះ​ ហើយ​មិន​អាច​ទៅ​សាលា​រៀន​បាន​ក្នុង​ស្ថានភាព​បែប​នោះ​ទេ។ ដូច្នេះ​ពួកគេ​នឹងបាត់​មុខ​ពី​សាលារៀន​ នៅ​ថ្ងៃ​ដែល​ពួកគេ​មក​រដូវ​ ហើយ​ពួកគេ​ក៏​បោះ​បង់​ចោល​ការ​សិក្សា​ផង​ដែរ​ ពីព្រោះ​ពួកគេ​មាន​ការ​លំបាក ដោយ​សារ​ពួកគេ​មិន​អាច​ទ្រាំ​ទ្រ​នឹង​បញ្ហា​ដដែលៗ​ ម្តង​ហើយ​ម្តង​ទៀត​បាន»។

លោក​ស្រី​និយាយ​ថា​ ក្មេង​ស្រី​នៅ​តាម​តំបន់​ដាច់​ស្រយាល​ គឺ​ឆាប់​ងាយ​នឹង​រៀបការ​ នៅ​ពេល​ដែល​ពួកគេ​ចាប់​ផ្ដើម​មក​រដូវ​ ដែល​ការណ៍​នេះជា​កត្តា​រួម​ចំណែក​បន្ថែម​ ដល់​អត្រា​បោះ​បង់​ចោល​ការ​សិក្សា។

ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ បាន​ជ្រើសរើសវិធានការ​មួយ​ចំនួន​ ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​អនាម័យ​ ងាយ​ទទួល​បាន​ សម្រាប់​ទាំង​ស្ត្រី​និង​ក្មេង​ស្រី។

ប្រទេស​អ៊ូហ្គាន់ដា​ (Uganda) បាន​ប្រកាស​កាល​ពី​ឆ្នាំ​ ២០១៧​ ថា​ សំឡី​អនាម័យ​នឹង​ត្រូវ​បាន​លើក​លែង​ពន្ធ​ ហើយ​កាល​ពី​ខែ​វិច្ឆិកា​ ប្រទេស​កេនយ៉ា​ បាន​លុប​ចោល​ពន្ធ​លើ​វត្ថុ​ធាតុ​ដើម​សម្រាប់​ការ​ផលិត​សំឡី​អនាម័យ​ ដើម្បី​ធ្វើ​ឱ្យ​ផលិតផល​កាន់​តែ​មាន​តម្លៃ​សមរម្យ។​

យោង​តាម​អង្គការ​សហគ្រាស​សុខាភិបាល​ប្រកប​ដោយ​ចីរភាព​ (Sustainable Health Enterprises) បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​មុន មាន​ស្ត្រី​និង​កុមារី​ ១៨​ភាគរយ​ក្នុង​ប្រទេស​រវ៉ាន់ដា​ (Rwanda) មិន​បាន​មក​ធ្វើ​ការ​ឬ​មក​រៀន​ ដោយ​សារ​តែ​ពួកគេ​មិន​មាន​លទ្ធភាព​ទិញ​សំឡី​អនាម័យ​។ អង្គការ​នេះ​បាន​ប៉ាន់​ប្រមាណ​ថា​ កង្វះ​សំឡី​អនាម័យ​ធូរ​ថ្លៃ​ អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​រវ៉ាន់ដា​ ចំណាយ​លុយ​អស់ ១១៥​ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។​

ក្រុម​សកម្មជន​សង្ឃឹម​ថា​ ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​ នឹង​អនុវត្ត​តាម​គំរូ​ប្រទេស​កេនយ៉ា​ ព្រម​ទាំងចាត់​វិធានការ ​ដើម្បី​ធ្វើ​ឲ្យ​សំឡី​អនាម័យ​មាន​ភាព​ងាយ​ស្រួល​នឹង​ទទួល​បាន​ ហើយ​ដូច្នេះ​វា​នឹង​ជួយ​ឲ្យ​ក្មេង​ស្រី​យក​ឈ្នះ​លើ​គុណ​វិបត្តិ​ដ៏​ធំ​មួយ​ ដែល​ពួកគេ​កំពុង​ប្រឈមនៅ​សាលារៀន៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG