ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​សុខាភិបាល​អ៊ីរ៉ាក់​ថា មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ដែល​ឆ្លង​តាម​ទឹក​ក្នុង​ក្រុង Basra


រូបភាព​ឯកសារ៖ ក្មេង​ប្រុស​ជនជាតិ​អ៊ីរ៉ាក់ ផឹក​ទឹក​ពី​ទុយោ​ដែល​បែក​មួយ​ក្នុង​ទីក្រុង​ Sadr នៃ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។
រូបភាព​ឯកសារ៖ ក្មេង​ប្រុស​ជនជាតិ​អ៊ីរ៉ាក់ ផឹក​ទឹក​ពី​ទុយោ​ដែល​បែក​មួយ​ក្នុង​ទីក្រុង​ Sadr នៃ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។

លោក Abadi បាន​សន្យា​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ក្រុង Basra នៅ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​នេះ​កាល​ពី​ខែ​កក្កដា។

បុរស​វ័យ​ក្មេង​មួយ​ក្រុម​បាន​ស្រែក​បន្ទរ​នៅ​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​តាម​ដង​ផ្លូវ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​សីហា​កន្លង​ទៅ​នេះ​នៅ​ក្នុង​ទីក្រុង Basra ដែល​ជា​ទីក្រុង​កំពង់ផែ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីរ៉ាក់ ដោយ​ទាមទារ​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​លោក​នាយករដ្ឋមន្ត្រី Haidar al Abadi ឲ្យ​បង្កើន​បរិមាណ​ទឹក​ស្អាត​សម្រាប់​ចែកចាយ​ទៅ​កាន់​ក្រុង​របស់​ពួកគេ។

បុរស​វ័យ​ក្មេង​ម្នាក់ ដែល​មិត្តភ័ក្ដិ​របស់​បុរស​នោះ​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំឡុង​ពេល​តវ៉ា​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​យំ​ខ្សឹកខ្សួល ដោយសារតែ​អ្នក​តវ៉ា​មិន​អាច​បង្ខំ​មេដឹកនាំ​អ៊ីរ៉ាក់​ឲ្យ​កែ​លំអ​លក្ខខណ្ឌ​សេវា​សាធារណៈ​នៅ​ក្នុង​ទីក្រុង Basra ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ជាពិសេស​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​មិន​ល្អ និង​បរិមាណ​ទឹក​ស្អាត​មិន​គ្រប់គ្រាន់​ដែល​ចែកចាយ​ដោយ​រដ្ឋាភិបាល​អ៊ីរ៉ាក់។

មន្ត្រី​សុខាភិបាល​មួយ​ចំនួន​នៃ​ក្រុង Basra បាន​ព្រមាន​ថា ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​អាសន្នរោគ​គឺ​អាច​កើត​ឡើង​បាន ដោយសារតែ​ទឹក​មិន​ស្អាត និង​ប៉ារ៉ាស៊ីត​ដែល​ឆ្លង​តាម​ទឹក ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ឈឺ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​វេជ្ជបណ្ឌិត Riad Abdul Amir អគ្គនាយក​មន្ទីរ​សុខាភិបាល​ក្រុង Basra បាន​ប្រាប់​ទូរទស្សន៍ Al Hurra TV ថា ស្ថានការណ៍​នេះ​កាន់តែ​អាក្រក់​ទៅៗ។

លោក​បាន​និយាយ​ថា អ្នក​ជំងឺ​ជាង ១ ម៉ឺន ៧ ពាន់ ៥ រយ​នាក់ ដែល​បាន​ឆ្លង​មេរោគ​ដោយសារ​ការ​បរិភោគ​ទឹក​មិន​ស្អាត បាន​ទទួល​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ទីក្រុង Basra កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក Abdul Amir បាន​និយាយ​ថា បញ្ហា​នេះ​គឺ​បណ្ដាល​មក​ពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​មិន​គ្រប់គ្រាន់​សម្រាប់​ទីក្រុង​នេះ​តាម​រយៈ​ព្រែក និង​បំពង់​ទឹក​ដែល​ភ្ជាប់​មក​ពី​តំបន់​ខាង​ជើង​នៃ​ប្រទេស​អ៊ីរ៉ាក់។

លោក​បាន​អះអាង​ថា៖ «គេ​ដឹង​ថា ទឹក​សមុទ្រ​ដែល​បាន​ជ្រាប​ចូល​បណ្ដាញ​ទឹក​ស្អាត អាច​កាត់​បន្ថយ​ឥទ្ធិពល​របស់​សារធាតុ​ក្ល័រ​ដែល​ប្រើ​សម្រាប់​ព្យាបាល និង​សម្លាប់​បាក់តេរី​នៅ​ក្នុង​ទឹក​បរិភោគ​បាន»។

លោកស្រី​វេជ្ជបណ្ឌិត Safaa Kazem ដែល​បាន​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​ពោះវៀន និង​រោគ​រាគរូស​រាប់​សិប​នាក់​មក​ហើយ​នៅ​ឯ​មន្ទីរពេទ្យ Sadr Teaching នៃ​ក្រុង Basra ជា​រៀងរាល់​ថ្ងៃ បាន​និយាយ​ថា ទឹក​ដែល​ផ្គត់ផ្គង់​ដល់​ទីក្រុង Basra គឺ​គ្មាន​សុវត្ថិភាព​សម្រាប់​បរិភោគ​នោះ​ទេ។

លោកស្រី​បាន​បញ្ជាក់​ថា កម្រិត​នៃ​ការ​សម្លាប់​មេរោគ​ក្នុង​ទឹក​គឺ​មាន​តិចតួច​ណាស់ ហើយ​ទឹក​នៃ​ក្រុង Basra មាន​ជាតិ​ប្រៃ​ខ្លាំង និង​មាន​កម្រិត​មីក្រុប​ខ្ពស់ ក៏​ដូចជា​មាន​កម្រិត​បំពុល​គីមី​ខ្ពស់​ផង​ដែរ។

អភិបាល​ក្រុង Basra លោក Assad al Edani បាន​ប្រាប់​ទូរទស្សន៍ Al Hurra TV ថា ក្រុង​របស់​លោក​បាន​រងគ្រោះ​ដោយសារ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​អស់​រយៈពេល​ជា​យូរ​មក​ហើយ។

លោក​បាន​និយាយ​ថា គេ​មិន​បាន​ជួសជុល​កែ​លំអ​បណ្ដាញ​ទឹក​ក្នុង​ក្រុង Basra អស់​រយៈពេល​យ៉ាង​តិច ៣០ ឆ្នាំ​មក​ហើយ ហើយ​បំពង់​ទឹក​ចាស់ៗ​ជា​រឿយៗ​ធ្លាយ​ដែល​ធ្វើ​ឲ្យ​ទឹក​សម្រាប់​បរិភោគ និង​ទឹក​លូ​លាយ​ច្របល់​ចូល​គ្នា។

លោក Edani និយាយ​ថា៖ «មិន​មាន​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​គ្រប់គ្រាន់​ពី​ខេត្ត Thi Qar ទៅ​កាន់​តំបន់​ភាគ​ខាង​ជើង​តាម​ព្រែក​តែ​មួយ​គត់​របស់​តំបន់​នេះ​នោះ​ទេ»។ លោក​គិត​ថា «ចរន្ត​ខ្លាំង​នៃ​ទឹក​ស្អាត​អាច​ជម្រះ​ចេញ​នូវ​ទឹក​ប្រៃ​ដែល​ជ្រាប​ពី​សមុទ្រ​ចូល​ទៅ​កាន់​បណ្ដាញ​ទឹក​នេះ»។ លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​នៃ​ក្រុង Basra «បាន​កើន​ឡើង​ពីរ​ដង តាំង​ពី​បណ្ដាញ​ទឹក​ត្រូវ​បាន​កែ​លំអ​ឡើង​វិញ​កាល​ពី​ដើម​ទសវត្សរ៍ ១៩៩០ មក»។

ខេត្ត​នីមួយៗ​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​ប្រឹងប្រែង​ដើម្បី​បាន​ទឹក​ស្អាត​ប្រើប្រាស់ ស្រប​ពេល​ដែល​កំពុង​មាន​ការ​ខ្វះខាត​ទឹក​ជា​ទូទៅ តាំង​ពី​ប្រទេស​ទួរគី​បាន​ដាក់​កំហិត​បរិមាណ​ទឹក​ដែល​ចែកចាយ​ទៅ​កាន់​ទន្លេ Tigris និង​ទន្លេ Eupharates កាល​ពី​ដើម​ខែ​មិថុនា​មក៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG