ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កុមារ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​ជំងឺ​ និង​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំនន់​ភ្លៀង​ក្នុង​ប្រទេសសូម៉ាលី


ពលរដ្ឋ​សូម៉ាលី​ដើរ​នៅ​តាម​ផ្លូវ បន្ទាប់​ពី​មាន​ព្យុះ​ភ្លៀង​បោកបក់​ទៅ​លើ​ក្រុង Mogadishu កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨។

មូលនិធិកុមារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​អំពី​ភ្លៀងធ្លាក់​ជោគជាំ​និង​គ្រោះ​ទឹកជំនន់​នៅក្នុង​ប្រទេស​សូម៉ាលី​ដែល​បង្ក​ឲ្យ​កុមារ​រាប់ម៉ឺននាក់​ប្រឈម​ឆ្លង​ជំងឺ​និង​ស្លាប់​បាត់បង់​ជីវិត។ រដូវភ្លៀង​ក្នុង​ប្រទេសសូម៉ាលី​នៅ​ឆ្នាំ​នេះ​បាន​នាំ​យក​ទឹកភ្លៀង​ធ្លាក់​ជោគជាំ​នៅក្នុង​ប្រទេស​ដែល​មាន​គ្រោះ​រាំងស្ងួត​អស់​រយៈពេល​៤ឆ្នាំ​មក​ហើយ​ ហើយ​ភាពរាំងស្ងួត​នេះ​បាន​បង្ក​ឲ្យ​តំបន់​ខ្លះ​កើត​គ្រោះ​ទុរភិក្ស។ ក៏​ប៉ុន្តែ​ក្តី​សង្ឃឹម​រង់ចាំ​ទឹកភ្លៀង​ជា​យូរ​មក​ហើយ​នេះ​ បាន​ប្រែ​ក្លាយ​ពី​ស្ថានភាព​រាំងស្ងួត​ទៅ​ជា​ជំនន់​ទឹកភ្លៀង​ជោគជាំ​វិញ ដែល​ការណ៍​នេះ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ផ្លាស់ប្តូរ​ទីលំនៅ​ នឹង​ប្រឈម​នឹង​ការ​រីករាដាល​ជំងឺ​ឆ្លង​នានា​នៅ​ទូទាំង​ប្រទេស។

អង្គការ UNICEF រាយការណ៍​ថា​មនុស្ស​ប្រមាណ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​មនុស្ស​២សែន៣ម៉ឺននាក់​ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ចាប់តាំង​ពី​ខែមេសា​មក​គឺ​ជា​កុមារ។ របាយការណ៍​នេះ​ក៏​បាន​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​យ៉ាង​កកកុញ​ គ្មាន​អនាម័យ​និង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​នានា។

លោក Christophe Boulierac អ្នកនាំពាក្យ​អង្គការ UNICEF បាន​ព្រមាន​ថា​កុមារ​ដែលកើត​ជំងឺ​ខ្វះ​អាហារ​រូបត្ថម្ភ​កំពុង​ប្រឈម​នឹង​ស្ថានភាព​គ្រោះថ្នាក់​កើត​ជំងឺ​ធ្ងន់ធ្ងរ និង​អាច​ស្លាប់​បាត់បង់​ជីវិត។ លោក Christophe Boulierac បាន​ថ្លែង​ថា៖ «ភ្លៀងធ្លាក់​ជោគជាំ​បង្ក​ឲ្យ​មាន​ជំងឺ​ឆ្លង​នានា​រីករាលដាល​នៅ​គ្រប់​ទីកន្លែង​ ជាពិសេស​ចំពោះ​កុមារ​ដែល​កើត​ជំងឺ​ខ្វះ​អាហារ​រូបត្ថម្ភ​ដែលប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ។ ខណៈ​ដែល​យើង​មិន​ទាន់​ឃើញ​មាន​ការ​កើនឡើង​នៅ​ឡើយ​ គ្រោះថ្នាក់​នៃ​ការកើតឡើង​នៃ​ជំងឺ​ឆ្លង​នានា​ស្ថិត​នៅ​កម្រិត​ខ្ពស់​ និង​ធ្វើ​ឲ្យ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​សារ​ទឹកជំនន់»។

អង្គការ UNICEF រាយការណ៍​ថា​ចំនួន​កុមារ​ដែល​កើត​ជំងឺ​ខ្វះ​អាហារ​រូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ បាន​កើនឡើង​លើស​ចំនួន​ដែល​ត្រូវ​ប្រកាស​អាសន្ន​ត្រឹម១៥ភាគរយ។ បច្ចុប្បន្ន​ចំនួន​កុមារ​ដែល​កើត​ជំងឺ​ខ្វះ​អាហាររូបត្ថម្ភ​បាន​កើន​ឡើងដល់​ចំនួន២១ភាគរយ។ ក្នុង​ឆ្នាំ​នេះ​ទីភ្នាក់ងារ​របស់​អង្គការ UNICEF បាន​ព្យាបាល​កុមារ​ដែល​កើត​ជំងឺ​ខ្វះ​អាហាររូបត្ថម្ភ​ធ្ងន់ធ្ងរ​ចំនួន​ជាង៨៨០០០នាក់ ដោយ​ផ្តល់​ជា​អាហារ​រូបត្ថម្ភ​ពិសេស​ដល់​កុមារ​ទាំងនោះ។

លោក Boulierac បាន​ថ្លែង​បន្ថែម​ថា​គេ​អាច​សង្គ្រោះ​ជីវិត​កុមារ​ដែល​កើត​ជំងឺ​ខ្វះ​អាហាររូបត្ថម្ភ​ជាច្រើននាក់​ផ្សេង​ទៀត​បាន​ ប្រសិន​បើ​អង្គការ UNICEF ទទួល​បាន​ថវិការ​ដែល​ត្រូវការ​ដើម្បី​ជួយ​ព្យាបាល​កុមារ​ទាំងនោះ។ លោក​បាន​កត់សម្គាល់​ឃើញ​ថា​ក្តី​រំពឹង​ទុកពី​ការ​ទទួល​បាន​ថវិកា​ដែល​ត្រូវការ​ទាំងនោះ​ហាក់​ដូចជា​មិន​សូវ​មាន​សង្ឃឹម​នោះ​ទេ។ លោក​បាន​ថ្លែង​បន្ត​ថា​អង្គការ UNICEF​ បាន​ទទួល​ថវិកា​តិចជាង៣០ភាគរយ​នៃ​ចំនួន​ថវិកា១៥៥លានដុល្លារ​ដែល​ត្រូវ​បាន​អំពាវនាវ​រក​សម្រាប់​ជំនួយ​មនុស្សធម៌​នៅ​ក្នុង​ឆ្នាំនេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG