ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គនាយក​អង្គការ​សុខភាពពិភពលោក WHO ប្រកាស​ពី​ប្រព័ន្ធ​ថែទាំ​សុខភាព​សកល


នាយក​នៃអង្គការ​សុខភាព​ពិភពលោក​ថ្ លោក Tedros Adhanom Ghebreyesus ចូល​រួម​ក្នុង​សន្និសីទកាសែត​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ កាលពី​ថ្ងៃទី​២៤ ឧសភា ២០១៧។
នាយក​នៃអង្គការ​សុខភាព​ពិភពលោក​ថ្ លោក Tedros Adhanom Ghebreyesus ចូល​រួម​ក្នុង​សន្និសីទកាសែត​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ កាលពី​ថ្ងៃទី​២៤ ឧសភា ២០១៧។

អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHO កំពុង​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ចំនួន១៩២ប្រទេស​ ឲ្យ​ជ្រើស​យក​ប្រព័ន្ធ​ថែទាំ​សុខភាព​សកល​ ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ​ ក្នុង​ការធានា​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ទាំងអស់​របស់​ខ្លួន។

នេះ​គឺ​ជាលើក​ទីមួយ​ហើយ​ដែល​លោក Tedros Adhanom បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​នឹង​សមាជិក​ក្រុមប្រឹក្សា​ចំនួន៣៤នាក់​ ចាប់តាំង​ពី​លោក​ចូល​កាន់​តំណែង​ជា​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក WHOនៅក្នុង​ខែកក្កដា​មក ហើយ​លោក​គឺ​ជាជនជាតិ​អាហ្វ្រិកទី១​ហើយ​ ដែល​កាន់​តំណែង​នេះ។ លោកអតីត​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​អេត្យូពី​រូបនេះ​មិន​រួញរា​ក្នុង​ការ​ប្រកាស​ពី​ស្នាដៃ​ការងារ​របស់​លោក​ក្នុងរយៈពេល​៦ខែ​ដំបូង​ចាប់តាំង​ពី​លោក​ចូល​កាន់​តំណែង​នេះ​មក។

លោក​មាន​ប្រសាសន៍​ថា​ គម្រោងនានា​ដែល​បម្រើ​ឲ្យ​វិស័យ​សុខភាព​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​អង្គការ WHOកាន់​តែ​រឹងមាំ​ឡើង។ លោក Tedrosបាន​គូស​បញ្ជាក់​ឲ្យ​ដឹង​ថា​ពាក់ព័ន្ធ​នឹង​សមភាពយេនឌ័រ​ លោក​បាន​ទទួល​ជោគជ័យ​ក្នុងការ​ធ្វើ​ឲ្យ​មាន​ចំនួន​ស្រ្តី​បំពេញ​ការងារ​ក្នុង​មុខ​តំណែងធំៗ​ក្នុង​អង្គការWHO ច្រើន​ជាង​បុរស។

លោក Tedros ថ្លែង​ថា​អង្គការ WHOបាន​បង្កើត​យុទ្ធសាស្រ្ត​នយោបាយ​មួយ​ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មិន​ឆ្លង​ និង​ជំងឺរបេង។ លោក​ថ្លែង​ថា​គំនិត​ផ្តួចផ្តើម​ថ្មី​ ​ត្រូវបាន​ធ្វើឡើង​មាន​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលប៉ះពាល់​ផ្នែក​សុខភាព ដែល​បណ្តាល​មក​ពី​បម្រែ​បម្រួល​អាកាសធាតុ​នៅតាម​កោះតូចៗ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍ​នានា។ លោក​ចង់​ឃើញ​ពី​ភាពជោគជ័យ​ដែល​ចេញ​ពី​ទស្សនៈវិស័យ​របស់​លោក​ ដើម្បី​ជួយ​ដល់​សុខភាព​មនុស្ស​ទាំងអស់។

លោក Tedrosបាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «យ៉ាងហោច​ណាស់​ចំនួន​ប្រជាជន​ពាក់​កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ទូទាំង​ពិភពលោក​ នៅតែ​មិន​អាច​ទទួល​បាន​សេវា​សុខភាព​សំខាន់ៗ​សម្រាប់​ពួកគេ។ ជា​រៀងរាល់ឆ្នាំ​មាន​មនុស្ស​ជិត១០០លាននាក់​កំពុង​ធ្លាក់​ចូល​ក្នុង​ភាពក្រីក្រ​យ៉ាងខ្លាំង​ ដោយសារ​តែ​ចំណាយ​ប្រាក់កាស​ទៅ​លើ​ការ​ព្យាបាល​ជំងឺ។ ការណ៍​នេះ​ត្រូវ​តែ​បញ្ឈប់»។

លោក Tedrosថ្លែង​បន្ត​ទៀត​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​នាពេលថ្មីៗ​នេះ​ ទៅ​កាន់​ប្រទេសកេនយ៉ា​ ម៉ាដាហ្គាស្កា​ និងរវ៉ាន់ដា​ បាន​ធ្វើ​ឲ្យ​លោក​ជឿ​ថា​ ការ​បង្កើត​ឲ្យ​មាន​សេវា​ថែទាំ​សុខភាព​ជាសកល​ មិនមែន​គ្រាន់​តែ​ជា​ក្តីសប្តិ​នោះ​ទេ។ លោក​បន្ថែម​ថា​ ប្រទេស​ទាំងបី​នេះ​កំពុង​តែ​បង្កើត​ប្រព័ន្ធ​សុខភាព​មួយ​ដែល​ពលរដ្ឋ​អាច​មាន​លទ្ធភាព​ប្រើប្រាស់​បាន។ លោក Tedros បាន​លើកឡើង​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ជឿជាក់​យ៉ាង​ខ្លាំង​ថា​ ប្រព័ន្ធ​សុខភាព​សកល​ ឬហៅ​កាត់​ថា UHC គឺ​មិនគ្រាន់​តែ​ជា​ការ​បោះទុន​វិនិយោគ​ដ៏​ពិសេស​មួយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​ពិភពលោក​មាន​សុខភាព​ល្អជាង​មុន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជា​ការវិនិយោគ​ដ៏​មាន​សុវត្ថិភាព​ក្នុង​ពិភពលោក​ផង​ដែរ។ ដូច​អ្នក​ទាំងអស់​គ្នា​ធ្លាប់​បានឮ​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ហើយ​ថា​ ការ​បង្កើត​សេវា​ថែ​ទាំសុខភាព​សកល​ និង​សន្តិសុខ​ផ្នែក​សុខភាព​ គឺ​ជា​រឿង​ដែល​ត្រូវ​តែ​ដើរ​ទន្ទឹម​គ្នា»។

អគ្គនាយក​អង្គការWHO រូបនេះ​សង្ឃឹម​ថា​ នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​លឿន​បំផុត​ នៅក្នុង​មហាសន្និបាត​ស្តី​ពី​សុខភាព​ពិភពលោក​ នៅក្នុង​ខែឧសភា​ខាង​មុខ​នេះ។ លោកថា​ លោក​នឹង​ស្នើ​ទៅ​ប្រទេស​ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព​ដែលលោក​អាច​ធ្វើ​បាន​ ដើម្បី​ឲ្យ​ប្រទេស​ទាំងនោះ​ប្តេជ្ញា​នៅក្នុង​មហា​សន្និបាត​នោះ​ ថា​នឹង​ចាត់​វិធានការណ៍​ទៅមុខ​ដើម្បី​បង្កើត​ឲ្យ​មាន​សេវា​សុខភាព​សកល​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG