អង្គការឧតុនិយមពិភពលោករាយការណ៍ថា ឆ្នាំ២០២០ កំពុងក្លាយជាឆ្នាំមួយដ៏ក្តៅបំផុតក្នុងចំណោមឆ្នាំក្តៅបំផុតទាំងបីក្នុងកំណត់ត្រា ហើយជាឆ្នាំមួយដែលព្រឹត្តិការណ៍អាកាសធាតុអាក្រក់ខ្លាំង បានបំផ្លាញជីវិត និងជីវភាពមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក។
សីតុណ្ហភាពក្នុងសាកលលោកជាមធ្យមក្នុងឆ្នាំ២០២០ គឺប្រហែល ១,២ អង្សារសេ លើកម្រិតសីតុណ្ហភាពមុនបដិវត្តឧស្សាហកម្ម។ ទោះជាមានកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសក៏ដោយ ក៏នាយកផ្នែកអាកាសធាតុនៃអង្គការឧតុនិយមពិភព (WMO) លោក Maxx Dilley និយាយថា សីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង។
លោក Dilley បាននិយាយថា៖ «ដូច្នេះអ្វីដែលយើងអាចរំពឹងបានក្នុងឆ្នាំនេះ យើងមិនអាចនិយាយបានថា តើវានឹងជាឆ្នាំដ៏ក្តៅបំផុត ឬក៏អត់នោះទេ ប៉ុន្តែចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២០ វាជាទសវត្សរ៍ដ៏ក្តៅបំផុតក្នុងកំណត់ត្រា។ បច្ចុប្បន្នយើងមានការទស្សន៍ទាយមួយថា យ៉ាងហោចលទ្ធភាពមួយក្នុងចំណោមប្រាំ គឺសីតុណ្ហភាព អាចនឹងឡើងដល់យ៉ាងតិច ១,៥អង្សារសេ រវាងពេលនេះ និងឆ្នាំ២០២៤»។
នេះមានន័យថា បម្រែបម្រួលអាកាសធាតុ នឹងកើតឡើងលឿនជាងអ្វីដែលអ្នកជំនាញបានទស្សន៍ទាយ។ កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៦ បានព្យាយាមជៀសវាងការប្រែប្រួលអាកាសធាតុដ៏គ្រោះថ្នាក់ ដោយកំណត់កំណើនសីតុណ្ហភាពសាកលលោកជាមធ្យមត្រឹម១,៥អង្សារសេ រហូតដល់ឆ្នាំ២០៥០។
អង្គការឧតុនិយមពិភពលោកពណ៌នាថា ឆ្នាំ២០២០ ជាឆ្នាំដ៏ចម្លែកមួយទៀតសម្រាប់បញ្ហាអាកាសធាតុ។ អង្គការនេះបានឲ្យដឹងថា សីតុណ្ហភាពអាក្រក់ខ្លាំងបានកើតឡើងលើដីគោក សមុទ្រ និងជាពិសេសនៅតំបន់អាកទិក។ របាយការណ៍នេះ បានកត់សម្គាល់ថា សីតុណ្ហភាពក្នុងតំបន់ Siberian Arctic បានឡើងលើស៥អង្សារសេ លើកម្រិតមធ្យម។
អ្នកសម្របសម្រួលវិទ្យាសាស្ត្រនៃអង្គការឧតុនិយមពិភពលោក លោក Omar Baddour បានលើកឡើងថា នេះជាបញ្ហាធ្ងន់ធ្ងរ។
លោកបាននិយាយថា៖ «ផ្នែកនៃពិភពលោកនៅតំបន់អាកទិក ពិតជាកំពុងរងការផ្លាស់ប្តូរយ៉ាងខ្លាំង។ យើងកំពុងបំបែកកំណត់ត្រាមួយហើយមួយទៀត។ ការផ្លាស់ប្តូរនៅអាកទិក គឺមិនមែននៅតែក្នុងតំបន់នោះទេ គឺសម្រាប់ប្រព័ន្ធអាកាសធាតុក្នុងសាកលលោកទាំងមូល។ អ៊ីចឹងអ្វីក៏ដោយដែលកំពុងផ្លាស់ប្តូរនៅតំបន់អាកទិក ក៏ប៉ះពាល់ដល់អាកាសធាតុទាក់ទងនឹងរលកកម្តៅផងដែរ»។
ឆ្នាំនេះ អង្គការឧតុនិយមពិភពលោករាយការណ៍ថា ភ្លើងឆេះព្រៃ បានបំផ្លាញតំបន់យ៉ាងធំក្នុងប្រទេសអូស្ត្រាលី ស៊ីបេរី និងតំបន់ឆ្នេរភាគខាងលិចនៃសហរដ្ឋអាមេរិក និងអាមេរិកខាងត្បូង។ អង្គការនេះ បានបន្តថា ខ្យល់ព្យុះដ៏សាហាវជាច្រើនក្នុងមហាសមុទ្រអាត្លង់ទិក បានបំផ្លាញប្រទេសនានាក្នុងតំបន់អាមេរិកកណ្តាល។
អង្គការឧតុនិយមពិភពលោកក៏បានរាយការណ៍ថា ទឹកជំនន់ក្នុងតំបន់មួយចំនួននៅទ្វីបអាហ្រ្វិកនិងអាស៊ីអាគ្នេយ៍ បាននាំឲ្យមានការផ្លាស់ទីប្រជាជនទ្រង់ទ្រាយធំ បំផ្លាញទិន្នផលដំណាំ និងបង្កឲ្យមនុស្សរាប់លាននាក់ខ្វះអាហារបរិភោគ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ