ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​​ម៉ឺន​នាក់​​នៅ​រដ្ឋ​ California ភៀស​ខ្លួន​​​ពី​ផ្ទះ​​ដោយ​សារការ​រាលដាល​នៃភ្លើង​ឆេះ​ព្រៃ​


រថយន្ដ​ពន្លត់​អគ្គីភ័យ​មួយ​គ្រឿង​បើក​កាត់​ផ្លូវ​ Highway 168 ដើម្បី​​ពន្លត់​ភ្លើង​ឆេះព្រៃ Creek Fire នៅ​ក្នុង​សង្កាត់ Fresno រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
រថយន្ដ​ពន្លត់​អគ្គីភ័យ​មួយ​គ្រឿង​បើក​កាត់​ផ្លូវ​ Highway 168 ដើម្បី​​ពន្លត់​ភ្លើង​ឆេះព្រៃ Creek Fire នៅ​ក្នុង​សង្កាត់ Fresno រដ្ឋ California សហរដ្ឋអាមេរិក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។

ទី​ភ្នាក់ងារ​ព័ត៌មាន AFP រាយការណ៍​ថា មនុស្សប្រមាណ​៦០.០០០​នាក់​ បានភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ជិត​ទី​ក្រុង Los Angeles កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​សារ​តែ​ការ​រីក​រាល​ដាល​នៃ​ភ្លើង​ឆេះ​ព្រៃ​ ដែល​កើត​មាន​ឡើង​លើផ្ទៃ​ដីព្រៃ​ប្រមាណ​ជាង៣.០០០​ហិកតា​ បានធ្វើ​ឲ្យ​រាំង​ស្ទះ​ផ្លូវ​សំខាន់ៗ​ និង​ធ្វើ​ឲ្យ​អ្នក​ពន្លត់​អគ្គីភ័យ​ ២នាក់​ ទទួល​រង​របួស​ធ្ងន់​ផង​ដែរ។

ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​ឈ្មោះ​ថា ​Silverado បាន​ផ្ទុះ​ឡើង​នៅ​ពេល​ព្រឹក​ព្រហាម​ នៅ​ជើង​ភ្នំ​ជិត​ក្រុង Irvine ​ចម្ងាយ​ប្រមាណ​៦០​គីឡូវម៉ែត្រ​ ភាគ​អាគ្នេយ៍​នៃ​ទី​ក្រុង Los Angeles ហើយ​បាន​រីក​រាលដាល​យ៉ាង​ឆាប់​រហ័ស​ដោយមិនអាច​ទប់​ទល់​បាន ដោយ​សារអាកាសធាតុ​ស្ងួត​ មាន​ខ្យល់​បក់ ដែល​បាន​រារាំង​ដល់​យន្តហោះ​ពន្លត់​អគ្គិភ័យ​ដែល​បាន​ព្យាយាម​បាញ់​ទឹក​ពន្លត់​ពី​លើ​អាកាស​ផង​នោះ។

ក្រុមគ្រួសារ​នៅ​ផ្ទះ​ប្រមាណ​២០.០០០​ខ្នងត្រូវ​ជម្លៀស រួម​ជាមួយ​សាលារៀនរបស់​រដ្ឋ​ជាច្រើន​កន្លែង​ផង​ដែរនោះ​ ត្រូវ​បានគេ​បញ្ជាឲ្យ​បិទ​ទ្វារ​នៅថ្ងៃ​អង្គារ។ ​

ការិយាល័យ​ឧតុនិយម​ជាតិព្រមាន​ថា កត្តា​រួម​ផ្សំ​គ្នានៃ​អាកាសធាតុ​ដែល​មាន​សំណើម​តិច​ ផ្ទៃ​ព្រៃ​មាន​លក្ខណៈ​ស្ងួត​ហួត​ហែង​ រួម​ជាមួយ​ខ្សល់​បក់​ខ្លាំង​ផង​នោះ​ បានបង្កើត​នូវលក្ខខណ្ឌ​អាកាសធាតុ​មួយដែល​មាន​លក្ខណៈ​គ្រោះ​ថ្នាក់​បំផុត​ក្នុង​ឆ្នាំ​នេះ។​ ស្ថាប័ន​នេះ​លើកឡើង​ថា​ តំបន់ដែល​មាន​ភ្លើងឆេះ​នេះ ស្ថិត​ក្នុងកម្រិតនៃ​ការ​ព្រមាន​ពី​គ្រោះ​ថ្នាក់ខ្ពស់​ នៃភ្លើង​ឆេះ​ព្រៃ​រហូត​ដល់​យប់​ថ្ងៃ​អង្គារ។​

ផ្ទៃ​ព្រៃ​ប្រមាណ​១,៦​លាន​ហិកតា​ ត្រូវ​បាន​បំផ្លាញ​ដោយភ្លើង​ឆេះ​ព្រៃ​ក្នុង​រដូវកាល​នេះក្នុង​រដ្ឋ California និង​បាន​ឆក់​យក​ជីវិត​មនុស្ស​អស់​៣១​នាក់​ហើយ​រហូត​មក​ដល់​ពេល​នេះ​ ដែល​នេះ​ជា​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​រដ្ឋ​នេះ៕

XS
SM
MD
LG