ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​អាហ្វ្រិក​គំរាមកំហែង​​សន្តិសុខ​ស្បៀង សុខភាព​និង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច


រូប​ឯកសារ៖ រូប​ថត​ពី​អាកាស​បង្ហាញ​មហន្តរាយ​ដែល​បង្ក​ដោយ​ខ្យល់​កួច Kenneth ដែល​បាន​បោកបក់​កោះ Ibo នៅ​ប្រទេស​ម៉ូសំប៊ិក​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៩។

អង្គការ​ឧតុនិយម​ពិភពលោក​ហៅ​កាត់​ថា WMO កំពុង​អំពាវនាវ​ឱ្យ​ចាត់​វិធានការ​បន្ទាន់​មួយ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀងអាហារ សុខាភិបាល និង​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅ​ក្នុង​ទ្វីប​នេះ។ អង្គការ WMO នៅ​ពេល​ថ្មីៗ​នេះ​បាន​ចេញផ្សាយ​របាយការណ៍​ដែល​មាន​ចំណងជើង​ថា ស្ថានភាព​អាកាសធាតុ​នៅ​ទ្វីប​អាហ្វ្រិក​ឆ្នាំ២០១៩ ដែល​មាន​ការ​ចូលរួម​ពី​ទីភ្នាក់ងារ​ជាច្រើន។

របាយការណ៍​របស់​អង្គការ​ឧតុនិយម​ពិភពលោក​ WMO ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ​កាលពី​ចុង​ខែ​តុលា​និង​បង្ហាញ​ពី​ស្ថានភាព​ដ៏​អាក្រក់​ពី​និន្នាការ​អាកាសធាតុ​នា​ពេល​បច្ចុប្បន្ន និង​នៅ​ពេល​អនាគត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ដែល​បង្ក​ឡើង​ដោយសារ​តែ​ការ​ឡើង​កម្តៅ​ដែល​មិន​អាច​ទប់ស្កាត់​បាន។ ចាប់​តាំង​ពីឆ្នាំ១៩០១ អង្គការ​នេះ​កត់​សម្គាល់​ថា​ទ្វីប​អាហ្វ្រិក​បាន​ឡើង​កម្តៅ​ជាង​១អង្សារសេ ដែល​ឆ្នាំ២០១៩​ស្ថិត​ក្នុង​ចំណោម​ឆ្នាំដែល​ក្តៅ​បំផុត​៣។

អង្គការ WMO បាន​ព្រមាន​ថា ទ្វីប​អាហ្វ្រិក​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ព្រឹត្តិការណ៍​អាកាសធាតុ​អាក្រក់​ខ្លាំង និង​ការ​ឡើង​កម្ពស់​ទឹក​សមុទ្រ។​ឧទាហរណ៍ ព្យុះ​ស៊ីក្លូន​ត្រូពិច​ឈ្មោះ Idai បាន​បក់​បោក​លើ​ប្រទេស​ម៉ូសំប៊ិក​នៅ​ក្នុង​ឆ្នាំ២០១៩។ ព្យុះ Idai ដែល​ជា​ព្យុះ​ស៊ីក្លូន​មួយ​ក្នុង​ចំណោម​ព្យុះ​ស៊ីក្លូន​សាហាវ​បំផុត​ដែល​ធ្លាប់​មាន​នៅ​ក្នុង​អឌ្ឍគោល​ខាង​ត្បូង​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង​៧០០នាក់​ស្លាប់ បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ជាច្រើន ប៉ះពាល់​ដល់​ជីវភាព​និង​បង្ក​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​លំនៅដ្ឋាន។​

អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​បាន​រាយការណ៍​ថា ចំនួន​មនុស្ស​ដែល​ខ្វះ​អាហារ​បំប៉ន​នៅ​ក្នុង​បណ្តា​ប្រទេស​អាហ្វ្រិកក្នុង​អនុតំបន់​សាហារ៉ា​ដែល​ងាយគ្រោះ​ដោយសារគ្រោះរាំងស្ងួត​បាន​កើន​ឡើង​ចំនួន​៤៥,៦%​ចាប់​តាំង​ពី​ឆ្នាំ២០១២​មក។ លោក Filipe Lucio នាយក​ការិយាល័យ​យុទ្ធសាស្ត្រ​ប្រចាំ​តំបន់​នៃ​អង្គការ WMO បាន​ប្រាប់VOAថា​មនុស្ស​ជាច្រើន​នាក់​បន្ថែម​ទៀត​ទំនង​នឹង​ប្រឈម​ភាព​អត់​ឃ្លាន ដោយសារ​តែបញ្ហា​នៃ​ការ​ប្រែប្រួលអាកាសធាតុ។

លោក ​Lucio ថ្លែង​ថា៖«ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​កម្តៅ​ផែនដី យើង​រំពឹង​ថា នឹង​មាន​ការ​ធ្លាក់​ចុះនៃ​ផលិតកម្ម​ស្បៀងអាហារ។ យើង​ក៏​នឹង​រំពឹង​ថា នឹង​មាន​ផលប៉ះពាល់​ពាក់ព័ន្ធ​នឹង​ជំងឺ​និង​សត្វ​ល្អិត​ចង្រៃ។ ប៉ុន្តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​នឹង​មាន​ផលប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ទឹក​ជំនន់​ទៅ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ផលិតកម្ម​កសិកម្ម ដែល​ជា​ប្រភព​ចម្បង​សម្រាប់​ជីវភាព​រស់នៅ​និង​សន្តិសុខ​ស្បៀងអាហារ​នៅ​ក្នុង​ទ្វីប​នេះ»។

របាយការណ៍​ខាង​លើ​នេះ​បាន​កត់សម្គាល់​ថា ជំងឺ​ថ្មីៗ​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់​ឬ​ទីកន្លែង​ដែល​មិន​ធ្លាប់​មាន​ជំងឺ​ទាំង​នោះ​ពីមុន​មក ដោយសារ​តែ​សីតុណ្ហភាព​កើន​ឡើង និងភ្លៀង​ធ្លាក់​មិន​ទៀងទាត់។ ជា​ឧទាហរណ៍ ការ​រាតត្បាត​នៃ​ជំងឺ​គ្រុនចាញ់​បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ភ្នំ​នៅ​ខាង​កើត​ទ្វីប​អាហ្វ្រិក ទីកន្លែង​ដែល​កាលពី​មុន​មូស​មិន​អាច​រស់នៅ​បាន​ទេ។​

ផលប៉ះពាល់​សេដ្ឋកិច្ច​ទៅ​លើ​ទ្វីប​នេះ​ក៏​មាន​ច្រើន​ផង​ដែរ។ លោកOmar Baddour អ្នក​សម្របសម្រួល​ផ្នែក​អាកាសធាតុ​នៃ​អង្គការ WMO និយាយ​ថា ផលិតផលក្នុង​ស្រុក​សរុប​ឬ GDP​នៅ​ក្នុង​អនុ​តំបន់​អាហ្វ្រិក​ចំនួន៥​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្លាក់​ចុះពី​២,២៥ភាគរយដល់​១២,១២ភាគរយ ដែល​បណ្តាល​មកពី​កំណើន​សីតុណ្ហភាព​សាកលលោក។

លោក​ Baddour ថ្លែងថា៖«វា​នឹង​បណ្តាល​ឱ្យ​មាន​ស្ថានភាព​ឥត​ការងារ​ធ្វើ មាន​សកម្មភាព​សេដ្ឋកិច្ច​តិច​ជាង​មុន មាន​ការងារ​តិចជាងមុន​ការ​ធ្វើ​អន្តោប្រវេសន៍​តិច​ជាង​មុន និង​ធ្វើ​ឱ្យ​មាន​វិវាទ​ផ្សេងៗ​ផង​ដែរ។ ដូច្នេះ វា​ជា​សូចនាករ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ដែល​យើង​អាច​នឹង​ឃើញ​ថា ជា​ផលប៉ះពាល់​ទៅ​លើ​ទ្វីប​អាហ្វ្រិក»។​

អង្គការ WMO បាន​ជំរុញ​រដ្ឋាភិបាល​អាហ្វ្រិក​ឱ្យ​បង្កើន​យុទ្ធសាស្ត្រ​គ្រប់គ្រង​ហានិភ័យ​អាកាសធាតុ​របស់​ខ្លួន។ យុទ្ធសាស្ត្រ​នេះ​រួម​មាន​ការ​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អជាង​មុន ការ​ទប់​ស្កាត់​និង​ប្រព័ន្ធ​ព្រមាន​ដែល​ប្រសើរ​ជា​មុន​ដោយ​ផ្អែក​លើ​ទិន្នន័យដែល​ល្អ​និង​ការ​ព្យាករណ៍​អាកាសធាតុ​ឲ្យ​បាន​ត្រឹមត្រូវ។​

អង្គការ WMO បាន​ឲ្យដឹង​ថា ទ្វីប​អាហ្វ្រិក​គួរ​តែ​ប្រើប្រាស់​វិធីសាស្ត្រ​ដូចជា ប្រភព​ថាមពល​ស្អាត និង​មាន​ប្រសិទ្ធភាព។ អង្គការ​នេះបាន​ឲ្យដឹង​ទៀត​ថា ជា​ឧទាហរណ៍ ប្រព័ន្ធ​ធារាសាស្ត្រ​តូច​ដែល​មាន​ប្រសិទ្ធភាព និង​ប្រើប្រាស់ថាមពល​ពន្លឺ​ព្រះអាទិត្យ​ធ្វើ​ឱ្យទិន្នផល​កសិកម្ម​កើន​ឡើងរហូត​ដល់​៣០០% និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក​រហូត​ដល់​៩០% ស្រប​ពេល​ដែល​វិធី​នេះ​នឹង​ជួយ​កាត់បន្ថយ​ការ​បញ្ចេញ​កាបូន​ទៅ​ក្នុង​បរិយាកាស។

អង្គការ WMO និយាយ​ថា វិធីសាស្ត្រ​ទាំង​នេះ​ត្រូវ​គេ​បង្ហាញ​ថា​បាន​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ​ពី​៥​ទៅ​១០ដង​នៅ​កន្លែង​ដែល​ពួកគេ​ត្រូវ​បាន​ជួល​ឱ្យ​ធ្វើការ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG