ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អូស្ត្រាលី ត្រូវ​បាន​ព្រមាន​ពី​ទឹកជំនន់​និង​ខ្យល់ព្យុះ ខណៈ​ដែល​រដូវ​ក្តៅ​ចូល​មក​ដល់


រូបឯកសារ៖ ក្នុង​រូបភាព​ដែល​ដកស្រង់​ចេញ​ពី​វីដេអូ​នេះ បង្ហាញ​ពី​ការលិចទឹក​នៅ​ក្រុង Gold Coast នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ក្នុង​រូបភាព​ដែល​ដកស្រង់​ចេញ​ពី​វីដេអូ​នេះ បង្ហាញ​ពី​ការលិចទឹក​នៅ​ក្រុង Gold Coast នៃ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។

ការ​ចូល​មក​ដល់​នូវ​រដូវ​ក្តៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​ត្រូវបាន​ព្យាករណ៍​ថា ​នឹង​មាន​ការ​កើន​ឡើង​នៃ​ហានិភ័យ​ថា ​នឹង​មាន​ទឹក​ជំនន់ ​និង​ព្យុះ​ស៊ីក្លូន​ត្រូពិក។ នេះបើយោង​តាម​ការ​ព្យាករណ៍​អាកាស​ធាតុ​របស់​ការិយាល័យ​ឧតុនិយម​ជាតិ។ ការិយាល័យ​នេះបានទស្សន៍​ទាយ​ថា នឹង​មាន​ភាព​សើម​ខ្លាំង​ជាង​មុន​ ហើយ​ត្រជាក់ជាង​ឆ្នាំ​មុនៗ​ ប៉ុន្តែ​ព្រមាន​ថា​ នឹង​មាន​ហានិភ័យ​ភ្លើង​ឆេះ​ព្រៃ​សម្រាប់​ភាគខាងត្បូង​ប្រទេស​អូស្ត្រាលី។

អូស្ត្រាលី​ ស៊ាំ​នឹងគ្រោះ​ធម្មជាតិ​ដែល​អាក្រក់​ខ្លាំង។ រដូវក្តៅ​ឆ្នាំ​មុនបន្សល់​ទុកនូវការចងចាំ​ដោយ​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​កំណត់ត្រា​របស់​ប្រទេស​អូស្ត្រាលី។ ឆ្នាំ​នេះ ​ត្រូវបាន​រំពឹង​ថា ​នឹង​សើម​ជាង​និង​ត្រជាក់​ជាង​រដូវក្តៅ​ឆ្នាំ​មុន។

ឥទ្ធិពល​នៃបាតុភូត La Niña ដែល​ជា​ការ​ចុះត្រជាក់​នៃ​ផ្ទៃសមុទ្រ​ជាទៀងទាត់​នៅ​ផ្នែក​ខ្លះ​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​មុន​ក្នុង​តំបន់​ជាច្រើន​នៃ​ប្រទេស​អូស្ត្រាលី។ ​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ការិយាល័យឧតុនិយម​ បាន​ទាយ​ថា​នឹងមានព្យុះ​ស៊ីក្លូន​ត្រូពិក​ច្រើន​ខ្លាំង​ ហើយ​ខ្យល់​មូសុង​ប្រចាំ​ឆ្នាំ​ទំនង​នឹង​អាច​ចាប់​ផ្តើម​លឿន​ជាង​មុន។

​លោក Andrew Watkins ដែល​ជាអ្នក​គ្រប់គ្រង​ផ្នែក​ព្យាករណ៍​អាកាស​ធាតុ​នៅ​ការិយាល័យ​ឧតុនិយម​បាន​ថ្លែងថា៖​

«ផ្ទូយ​ពី​រដូវក្តៅឆ្នាំ​មុន ស្ថានភាព​សើម​នឹង​កើត​មាន​ក្នុង​តំបន់ជាច្រើន​ក្នុង​ប្រទេស។ នេះ​មាន​ន័យ​ថា ឱកាស​នៃការ​រីករាលដាល​នៃទឹក​ជំនន់​កើនឡើង​នៅ​ភាគខាងកើត​ប្រទេស​អូស្ត្រាលី។ ទោះ​យ៉ាង​ណា យើង​នៅ​តែ​មើល​ឃើញ​ពី​ការ​ឡើង​កម្តៅ​មួយ​ចំនួន​និង​ភ្លើង​ឆេះ​ព្រៃខ្លះ។ ការ​រីកលូតលាស់​ច្រើន​នៃ​ស្មៅ​ក្នុង​អំឡុង​រដូវ​ផ្ការីក​បាន​នាំឲ្យ​ហានិភ័យ​នៃ​ភ្លើង​ឆេះ​ស្មៅ​នៅ​ផ្នែក​នៃ​រដ្ឋ New South Wales កើនឡើង។ ប៉ុន្តែភ្លើង​ឆេះ​ព្រៃ​តែ​ងតែ​ជា​ហានិភ័យ​មិន​ថា​រដូវក្តៅ​ឆ្នាំ​ណាក៏​ដោយ»។

ការ​ព្យាករណ៍នាពេលថ្មីៗ​នេះ​អំពី​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដូវ​ក្តៅដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​សហប្រតិបត្តិការ​ផ្តោត​លើ​គ្រោះ​ធម្មជាតិ​និង​ភ្លើង​ឆេះព្រៃ (Bushfire and Natural Hazards Cooperative Research Center) បាន​កំណត់​ថា ​ភ្លើងឆេះស្មៅជា​គ្រោះ​ថ្នាក់​ចម្បង​ក្នុង​រដូវក្តៅ​នេះ​ នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អូស្ត្រាលី។

មានការ​ព្រមាន​ថា​ តំបន់​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះព្រៃ​ធ្ងន់ធ្ងរ​កាលពី​រដូវក្តៅឆ្នាំមុន ​ក៏​អាច​រង​ហានិភ័យ​ពី​ទឹក​ជំនន់​ភ្លាមៗ ការសឹក​រេចរិល​ និង​ការ​បាក់ដី​ជាដើម បើសិនជា​មាន​ភ្លៀងធ្លាក់​ខ្លាំង។

រដូវក្តៅ​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ចាប់​ផ្តើម​ផ្លូវការ​កាលពី​ថ្ងៃទី​១ ​ខែធ្នូ ប៉ុន្តែការ​ឡើង​កម្តៅ​ខ្លាំង​ត្រូវបាន​រំពឹង​ទុក​ថា នឹង​កើត​មាន​ភាគច្រើន​នៅ​ភាគ​អាគ្នេយ៍​និង​ភាគ​ខាងកើត​នៃ​ប្រទេស​អូស្ត្រាលី ​ក្នុងពេល​ខាងមុខ។ សីតុណ្ហភាព​ក្នុង​ភាគខាងត្បូង​បាន​ឡើង​ដល់​៤៧អង្សារសេ។

ក្នុង​រដ្ឋ Queensland ភ្លើង​ឆេះព្រៃ​មួយ​បានបិទ​ដំណើរ​ការ​កោះ Fraser ដែល​ជាកោះ​ទេសចរដ៏​ល្បី​មួយ​ក្នុងចំណោម​កោះ​ផ្សេងទៀត​នៃប្រទេស​អូស្ត្រាលី។ ភ្ញៀវ​ទេសចរ​និងពលរដ្ឋ​លើ​កោះ​នោះ​ ត្រូវបាន​ជូន​ដំណឹង​ថា​ពួកគេ​មិន​អាច​ចាកចេញ​ពី​កោះ​ដែល​បានជាប់​ក្នុង​បញ្ជី​បេតិភណ្ឌ​ពិភពលោក​នៅ​ភាគ​ខាងជើង​ទីក្រុង Brisbaneបាន​ទេ។ អាជ្ញាធរ​នៃ​ទីក្រុង Queensland និយាយ​ថា ស្ថានភាព​នឹង​កាន់តែ​អាក្រក់​ក្នុង​រយៈពេល​ពីរ​បីថ្ងៃខាងមុខ។

ឆ្នាំ​២០១៩​ គឺ​ជា​ឆ្នាំ​ដ៏ក្តៅ​បំផុត​និង​ស្ងួត​បំផុត​ក្នុង​កំណត់ត្រា​ប្រទេស​អូស្ត្រាលី៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ

XS
SM
MD
LG