ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា ខណៈឆ្នាំនេះដែលមានគ្រោះធម្មជាតិច្រើនដូចជា ខ្យល់ព្យុះ ភ្លើងឆេះព្រៃ និងរលកកម្តៅ បានខិតដល់ទីបញ្ចប់ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានទាមទារដល់ក្រុមមេដឹកនាំពិភពលោកឲ្យយកឆ្នាំ២០២១ ជាឆ្នាំដែលមនុស្សជាតិបញ្ចប់សង្គ្រាមប្រឆាំងធម្មជាតិ ហើយតាំងចិត្តកុំឱ្យមានការបញ្ចេញផ្សែងកខ្វក់ពីជាតិកាបូនក្នុងពិភពលោកដ៏ក្តៅនេះទៅអនាគត។
ដោយរបាយការណ៍ថ្មីមួយបានបង្ហាញអាកាសធាតុឆ្នាំ២០២០ ថាមានការកើនឡើងកម្តៅនិងការខួងយកប្រេងឥន្ធនៈ ដែលបណ្តាលឲ្យមានកម្តៅក្នុងពិភពលោក លោកអគ្គលេខាធិការ អ.ស.ប. Antonio Guterres បានថ្លែងអំពាវនាវជាបន្ទាន់ដើម្បីឲ្យមានការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ របាយការណ៍នេះមានសុទិដ្ឋិនិយមខ្លះ តែក៏នៅបង្ហាញពីការគំរាមពីគ្រោះថ្នាក់ នៅមុនពេលដែលអ.ស.ប.រៀបចំកិច្ចប្រជុំកំពូលនៅថ្ងៃទី១២ ខែធ្នូ អំពីអាកាសធាតុនៅក្នុងប្រទេសបារាំង ដែលជាខួបលើកទី៥ នៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងបារីសជាប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៥។
លោក Guterres ថ្លែងកាលពីថ្ងៃពុធថា៖ «ស្ថានភាព[អាកាសធាតុ]ភពផែនដីបានខ្ទេចខ្ទាំហើយ។ មនុស្សកំពុងធ្វើសង្គ្រាមនឹងធម្មជាតិ។ នេះជារឿងអត្តឃាត»។
អង្គការឧតុនិយមពិភពលោកបានព្យាករថា ឆ្នាំនេះមានការកើនសីតុណ្ហភាពជាមធ្យមប្រមាណ១,២អង្សារសេ ដែលធ្វើឲ្យឆ្នាំ២០២០នឹងក្លាយជាឆ្នាំក្តៅបំផុតមួយ ក្នុងប្រវត្តិសាស្ត្រនៃការវាស់អាកាសធាតុ៕