ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើ​លោក​ស្រី​អធិការ​បតី​អាល្លឺម៉ង់ ​Merkel​ ដែល​ជាប់​ឆ្នោត​ម្តង​ទៀត​អាចជា​មេ​ដឹកនាំ​អស្ចារ្យឬ?


លោក​ស្រីអធិការបតី​អាល្លឺម៉ង់ Angela Merkel ញញឹម​មុន​ពេល​កិច្ច​ប្រជុំ​របស់​គណបក្ស​ Christian Democratic Union (CDU) របស់​លោក​ស្រី​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញ នៅ​ទីក្រុង​ប៊ែឡាំង។ លោក​ស្រី​បាន​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី​៤​របស់​លោក​ស្រី។

មជ្ឈមណ្ឌល​សា្រវ​ជ្រាវ ​Pew នៅ​សហរដ្ឋ​អាមេរិក​បាន​ស្ទង់​មតិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជាង​៣០​ ហើយ​រក​ឃើញ​ថា លោក​ស្រី​អធិការបតី Angela Merkel ​នៃ​ប្រទេស​អាល្លឺម៉ង់​​បាន​ស្ថិត​នៅ​លើ​គេ​ដោយ​អ្នក​ឆ្លើយ​តប​បាន​សម្តែង​នូវ​ទំនុក​ចិត្ត​លើ​លោក​ស្រី​ជាង​មេដឹកនាំ​ផ្សេង​ទៀត។​

នៅ​ដើម​ឆ្នាំ​នេះ ​មជ្ឈមណ្ឌល​សា្រវ​ជ្រាវ ​Pew ​ដែល​មាន​ទីតាំងនៅ​សហរដ្ឋ​អាមេរិក​បាន​ស្ទង់​មតិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ជាង​៣០​អំពី​ការ​គិត​របស់​ពួក​គេ​លើ​មេដឹកនាំ​ពិភព​លោក​ជា​ច្រើន។ ​លោក​ស្រី​អធិការបតី Angela Merkel ​នៃ​ប្រទេស​អាល្លឺម៉ង់បាន​ស្ថិត​នៅ​លើ​គេ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ដោយ​មាន​អ្នក​ឆ្លើយ​តប​កាន់​តែ​ច្រើន​ឡើង​បាន​សម្តែង​នូវ​ទំនុក​ចិត្ត​លើ​លោក​ស្រី​ជាង​មេដឹកនាំ​ផ្សេង​ទៀត។​

ដោយ​សហរដ្ឋ​អាមេរិក​ងាក​ទៅ​រក​ឯកកោនិយមខ្លាំង​ឡើង ​ចក្រ​ភព​អង់​គ្លេ​ស​បាន​ជាប់​ផុង​នៅ​ក្នុង​ជម្លោះ​នៃ​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​ដែល​ហៅថា​ Brexit ​ហើយ​ប្រទេស​បារាំង​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ក្មេង​ដែល​មិន​មាន​បទ​ពិ​សោធន៍​ ហើយ​ដែល ប្រជា​ប្រិយភាព​របស់​លោក​កំពុង​ដាំ​ក្បាល​ចុះ​រួច​ទៅ​ហើយ​នោះ ​មនុស្សជា​ច្រើន​មើល ឃើញ​លោក​ស្រី ​Merkel ថា​ជា​មេដឹកនាំ​ដែល​ទុក​ចិត្ត​បំផុត​របស់​ប្រ​ទេស​លោក​ខាង​លិច។ លោក​ស្រី​ បាន​ជាប់​ឆ្នោត​អាណត្តិ​ទី៤​ជា​ប្រវត្តិសាស្រ្ត​ កាល​ពី​ថ្ងៃ​អាទិត្យ​ហើយ​បើទោះ​ជាគណបក្ស​ Christian Democratic Union ​របស់​លោក​ស្រី ឈ្នះ​បាន​អាសនៈ​តិច​ជាង​មុន​ក៏​ដោយ។

​កាសែត​របស់​អាមេរិកកាំង​និង​អឺរ៉ុប​បាន​ចាត់​ទុក​លោក​ស្រី​ជា​«មេដឹកនាំ​ពិភពលោក​ សេរី‍» ​ស្ទើរ​ពេញ​ឆ្នាំ​២០១៧​នេះ‍»។

ក៏ប៉ុន្តែ ​សំណួរ​នៅតែ​មាន​អំពី​ថា​ លោកស្រី Merkel​ នឹង​ក្លៀវក្លា​យ៉ាង​ណា ​នៅ​ពេល​ដែល​និយាយ​ដល់​គោល​នយោបាយ​ការ​បរ​ទេស​នៅ​ក្នុង​អាណត្តិ​ទី៤របស់​លោកស្រី​នោះ ​គឺថា​តើ​លោក​ស្រី​អាច​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​យ៉ាង​ច្រើន​ដូចម្តេច​នៅពេល ដែល​អាល្លឺម៉ង់​និង​អឺរ៉ុប​កំពុង​ប្រឈម​រឿង​ជា​ច្រើននោះ ​រួម​ទាំងវិបត្តិ​ភេរវកម្ម ​សង្គ្រាម​និងវិបត្តិ​ហិរញ្ញវត្ថុ ​ហើយ​និង​ការ​ចលាចល​ខាង​នយោបាយ​នោះ។ ឥរិយាបទ​របស់​លោក​ស្រីដែល​ជា​អ្នក​វិទ្យាសាស្រ្ត​ក្លាយ​ជា​អ្នក​នយោបាយ​នោះ គឺ​តែងស្វែង​រកការ​មូលមតិ ​ក៏ប៉ុន្តែ ​ការណ៍​នេះ​ជា​បញ្ហា​លំបាក​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​ដែល​ប្រឈម​ជាមួយ​មេដឹកនាំ​បុរស​ខ្លាំងៗ​ដូច​ជា​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ​ និង​ប្រធានាធិបតី ​Recep Tayyip Erdoganនៃ​ប្រទេស​តួកគី​ដែល​ចាត់​ទុក​វិស័យ​ការទូត​ថា​ជា​ជា​យុទ្ធសាស្ត្រ​ចាញ់​ឈ្នះ។

នៅ​ដើម​ឆ្នាំ​នេះ ​បន្ទាប់​ពីការ​ប្រកាស​របស់​ប្រធានា​ធិបតី​ត្រាំ​ថា ​លោក​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ផ្លាស់​ប្តូរ​អាកាស​ធាតុ​ក្រុង​ប៉ារីស ​លោក​ស្រី Merkel ​បាន​ពិគ្រោះ​ជាមួយ​សហការី​នៅ​អឺរ៉ុប​ថា ​ពួក​គេ​ត្រូវ​តែ​គិត​គូ​ជោគ​វាសនា​ដោយ​ខ្លួន​ឯង។​លោកស្រី​ Merkel ​បាន​និយាយថា៖ «ពេល​វេលា​ដែល​យើង​អាច​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រទេស​ដទៃគឺ​ទំនង​ចប់​ហើយ‍»។

​ក្នុង​កិច្ច​សម្ភាសន៍​មួយ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោតកាល​ពី​នៅ​ថ្ងៃ​អាទិត្យ ​លោក​ស្រី Merkel ​បាន​បង្ហាញ​ពី​សញ្ញា​ថា ​លោក​ស្រី​មាន​គោល​បំណង​ជំរុញ​ឲ្យ​មាន​ឯកភាព​ខ្លាំង​ឡើង​ក្នុង​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​ដោយ​បាន​ប្រាប់​កាសែត​អាល្លឺម៉ង់ ​Frankfurter Allgemeine Sonntagszeitung ​ថា ​ប្លុក​នោះ​ត្រូវ​តែ​ព្រម​ព្រៀង​គ្នា​ឲ្យ​បាន​ឆាប់​រហ័ស​ដល់​ជំហរ​រួមចំពោះ​ការ​កើន​ឥទ្ធិពលរបស់​ចិន​និង​ការ​នយោបាយ​សើរើ​របស់​រុស្ស៊ី។

លោកស្រី​ Merkelបាន​និយាយ​ថា៖ «ពិភពលោក​ត្រូវ​តែ​មើល​ឃើញ​ថា ​រដ្ឋជា​សមា​ជិក​នឹង​មិន​ងាក​ចេញ​ពី​ការ​មូល​មតិ​អឺ​រ៉ុប​លើ​បញ្ហា​ទាំង​អស់​នេះ​ទេ»។ លោក​ស្រី​និយាយ​បន្ថែម​ទៀត​ថា ​ការណ៍​នេះ​មាន​សារៈ​សំខាន់​ដែល​រដ្ឋាភិបាល​ប្រទេស​និមួយ​ៗ​ត្រូវ​ប្រុង​ប្រៀប​ខ្លួន​ព្រម​តាមអ្វី​ដែល​ជា​ការ​ដ៏​ល្អ​បំផុត​សម្រាប់​សហភាព​អឺរ៉ុប​ទាំង​មូល។

​ដូច្នេះ ​តើ​លោក​ស្រី​ Merkel​ ចាប់​ផ្តើម​បង្ហាញ​កេរដំណែល​គោល​នយោបាយ​ការបរទេស​ដើម្បី​ដឹកនាំ​និង​ត្រួត​ត្រា​មេដឹកនាំ​អឺរ៉ុប​ផ្សេងទៀតឲ្យ​សម​នឹង​អ្វី​ដែល​បណ្តាញ​ព័ត៌មាន​ហៅ​លោក​ស្រី​ថា​ជា​មេដឹកនាំ​ពិភព​លោក​សេរី​ឬ?

ការ​ដឹកនាំ​អឺរ៉ុប

ប្រទេស​អាល្លឺម៉ង់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ស្រី​មាន​លក្ខណៈ​បង្ហាញ​អំណាច​ខ្លាំង​ឡើង​រួច​ហើយ ​ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ឧត្តមភាព​សេដ្ឋកិច្ចនៅ​តំបន់​អឺរ៉ុប​ ​ហើយ​ខ្លួន​ចាប់​ផ្តើម​ទទួល​យក​និង​ដោះ​ស្រាយ​រឿង​សង្គ្រាម​លោក​លើកទី​២​កាល​ពី​អតីត​កាល​របស់​ខ្លួន។ ​លោកស្រី​ Merkel ​បាន​ដាក់​ពង្រាយ​កងទ័ព​អាល្លឺម៉ង់​នៅ​បរទេស​ដូច​ជា ​ប្រទេស​អាហ្វហ្គានីស្ថាន ម៉ាលី ​និង លីទុយអានី។

លោកស្រី​ជា​មេដឹកនាំ​ដែល​បាន​ធ្វើ​ឲ្យ​សម្រេច​ជោគជ័យ​នូវ​ការ​មូលមតិ​អឺរ៉ុប​ដើម្បី​ដាក់​ទណ្ឌកម្មលើ​ប្រទេស​រុស្ស៊ី​ចំពោះ​ការ​ត្រួតត្រា​តំបន់ ​Crimea ​ហើយ​រួម​ជា​មួយ​ប្រទេស​បារាំង លោកស្រី​បាន​ដឹកនាំ​ការ​ខំ​ប្រឹង​ប្រែង​របស់ប្រទេស​លោក​ខាង​លិចដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​ដល់​ជម្លោះ​ដែល​បង្កើត​ឡើង​ដោយ​រុស្ស៊ី​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

​ក្នុង​តំបន់​ភាគខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីបអាហ្វ្រិក ​រដ្ឋាភិបាល​របស់​លោកស្រី​បាន​អនុវត្ត​ផែនការ​អភិវឌ្ឍ​ Marshall​ សម្រាប់​ទ្វី​បអាហ្វ្រិក​ ដោយ​បញ្ជូន​ជំនួយ​និង​លើក​ទឹក​ចិត្ត​ការ​វិនិយោគទុន​ឯកជនក្នុង​ការ​ស្វះ​ស្វែង​កាត់​បន្ថយ​ពួក​ជីហាដ​ហើយ​នឹង​ផ្តល់​មូលហេតុ​ដល់​មនុស្ស​ដែល​នឹង​ក្លាយ​ជាជន​ចំណាក​ស្រុក​ឲ្យ​ស្ថិត​នៅ​ក្នុង​ប្រ​ទេស។

ហើយ​មាន​ការពិភាក្សា​ខ្លះ​ថា ​ក្រោយ​ការ​បោះឆ្នោត​ លោកស្រី​នឹង​រួប​រួមជាមួយ​ប្រធានាធិបតី​បារាំង​លោក ​Emmanuel Macron នឹង​ចាប់​ផ្តើម​ឡើង​វិញនូវ​តំបន់​អឺរ៉ុប​ដែល​មាន​សមា​ហរណកម្មនិង​ការធ្វើ​មជ្ឈការ​កាន់​តែ​ខ្លាំង​ឡើង​ជាង​កាល​ពី​ពេល​មុនក្រោយ​ចាក​ចេញ​របស់​ចក្រ​ភព​អង់គ្លេស​។

ក៏ប៉ុន្តែ​ អ្នក​វិភាគ​ខ្លះ​បាន​ព្យាករណ៍​ថា អតីតកាលដឹកនាំ​របស់​លោកស្រី​ Merkel បង្ហាញ​ថា​ ក្រោយ​ការ​បោះ​ឆ្នោត​ លោកស្រីនឹង​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្លាំងជាង​មុន​ក្នុង​ការ​អនុវត្ត​នូវ​អ្វី​ដែល​ជា​ពាក្យ​សម្តី​របស់​លោកស្រី។ហើយ​លោកស្រី ​នឹងចាត់​វិធានការ​យឺតៗ។

ន័យ​ដូច​នឹង​ការ​យឺតយ៉ាវ

ជា​ឧទាហរណ៍​មួយ​នៃ​អ្នក​នយោបាយ​ប្រាកដ​ប្រជា​ដែល​មាន​ការ​អត់ធ្មត់ ​លោកស្រី មាន​ប្រតិកម្ម​លឿន​ជាង​ការត្រៀមទប់ទល់។ ​នៅ​ឆ្នាំ​២០១៥ ​កិរិយាស័ព្ទ​ Merkel ដែល​មាន​ន័យ​ថា ​«រារែក‍»​ ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ក្លាយ​ទៅ​ជា​ពាក្យ​ថ្មី​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​អាល្លឺម៉ង់។ លោកស្រី​ប្រហែល​មាន​ការ​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ​ដែល​នឹង​មិន​ធ្វើ​ឲ្យ​រកាំចិត្ត​ដល់​បទ​បញ្ជា​សាកល​ដែល​ផ្អែកលើ​ច្បាប់ពហុភាគី។

​អ្នក​វិទ្យាសាស្រ្ត​នយោបាយ ​Matthew Qvortrup​ជា​សាស្រ្តាចារ្យ​នៅឯសាកល​វិទ្យាល័យ ​Coventry ​នៃ​ចក្រ​ភព​អង់គ្លេសនិង​ជាអ្នក​និពន្ធ​ប្រវត្តិ​របស់​លោកស្រី ​Merkel បាន​កត់​សម្គាល់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​លោកស្រីជា​អ្នក​ចាត់​ចែង ដែល​ព្យាយាម​រក្សា​ឲ្យ​អ្វីៗ​នៅ​ស្ថិត​ស្ថេរ។​ អ្នក​វិភាគ​រូប​នេះគិត​ថា​ លោកស្រី Merkel នឹ​ង​មិន​ផ្តល់នូវ​ការ​យល់​ព្រម​ដើម្បី​សើ​រើ​សហភាព​អឺរ៉ុប​ដូច​ដែល​បាន​ស្នើរ​ឡើង​ដោយ​លោក​ Macron ​ដែល​ជា​ប្រធានា​ធិបតី​បារាំង​ចូល​ចិត្ត​លេង​ពាក្យធំៗ​នោះ​ទេ។

ប្រធានា​ធិបតី​បារាំង​ចង់​បានសន្និបាត​ប្រជា​ធិបតេយ្យ​ដែល​មាន​រយៈ​ពេល​៦ខែក្នុង​ប្រទេស​និមួយៗ ​ដែល​ក្នុង​អំឡុង​នោះ​ពលរដ្ឋ​សហភាព​អឺរ៉ុប​នឹង​ជជែក​ដេញ​ដោល​ពីគោល​បំណង​រួម​និង​តំបន់​ប្រើ​ប្រាស់ប្រាក់​អឺរ៉ូ​ ដោយ​មានរដ្ឋមន្រ្តី​ហិរញ្ញវត្ថុនិង​សភា​ដាច់​ដោយឡែក ​និងថវិកា​ខ្លួន​ឯង​ដើម្បី​បង្កា​ទុក​នៅ​ពេល​វិបត្តិ​ហិរញ្ញវត្ថុ​កើត​ឡើង​នៅ​ថ្ងៃ​អនាគត។

នៅ​ដើម​ឆ្នាំ​នេះ ​លោកស្រី ​Merkel ​បាន​ផ្តល់​ការ​យល់​ព្រម​ប្រកប​ដោយ​គុណភាព​នៃ​គំនិត​ធ្វើ​កំណែ​ទម្រង់​ដល់​ប្រធានា​ធិបតី ​Macron ​ក៏ប៉ុន្តែ ​ពួក​អ្នក​វិភាគ​និយាយ​ថា ​ទស្សនៈ​នៅ​ក្នុង​ក្រុង​ប៉ារីស​និង​ប៊ែឡាំង​អំពី​សមាហរណកម្ម​តំបន់​ប្រើ​ប្រាក់អឺរ៉ូ​មានភាព​ខុសគ្នា​យ៉ាង​ខ្លាំង។​ លោក Qvortrup បង្ហាញ​ពីភាព​ខុសគ្នា​រវាង​លោកស្រី Merkel ​និង​លោកHelmut Kohl ​អធិការបតី​អាល្លឺម៉ង់​ដែល​កាន់​តំណែង​មុន​របស់​លោកស្រី ដែល​បាន​មើលខុសត្រូវ​ចំពោះ​ការបង្រួបបង្រួម​ប្រទេស​អាល្លឺម៉ង់និងមានទស្សនៈសម្រាប់​សហភាព​អឺរ៉ុប​ធំជាង​លោក​ស្រី Merkel។

​លោក​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ជាមួយ​អង្គការ Chatham Houseដែល​ជា​ក្រុម​ស្រាវជ្រាវ​គោលនយោបាយ​របស់ចក្រ​ភព​អង់គ្លេស​ថា«​លោកស្រី Merkel យក​ចិត្ត​ទុកដាក់​សហភាព​អឺរ៉ុប​ជា​គម្រោង​អន្តរ​រដ្ឋាភិបាល‍»។

អ្នកវិភាគ​ផ្សេង​ទៀត​ចោទសួរ​ថា​ តើ​ហេតុអ្វី​បាន​ជា​លោកស្រី Merkel ​យល់​ព្រម​ដល់​កំណែទម្រង់​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ដ៏​ធំមួយ​ដែល​អាល្លឺម៉ង់​បាន​ទទួល​ប្រ​យោជន៍​យ៉ាង​ខ្លាំង​នោះ។

បញ្ហា​តូចៗ​ក្លាយ​ជា​ធំ

សេចក្តី​ប្រកាស​គោលនយោបាយ​របស់​គណបក្ស​លោកស្រី​សម្រាប់​ការ​បោះឆ្នោតថ្ងៃ​អា​ទិត្យ​និយាយ​ពី​មហាគម្រោងតិចតួច​និង​សម្បូរ​វិធានការ​តូចៗ​វិញ ​ថ្វីបើគណបក្ស​នោះ​បាន​ប្តេជ្ញា​ចិត្ត​បង្កើនការចំណាយ​ខាង​វិស័យការពារ​ប្រទេស​ពី1,2 ​%នៃផលិត ផល​ក្នុង​ស្រុក​សរុប (GDP) ទៅ​ដល់​ទីដៅ២ភាគរយរបស់​អង្គការ​អូតង់។​ក៏ប៉ុន្តែ ​ការ​បង្កើន​ចំណាយ​ខាង​វិស័យ​យោធា​និង​ការ​ប្រើ​ប្រាស់​យោធាមិន​ដូច​គ្នា​ទេ ព្រោះ​ ​ការ​ស្ទង់មតិ​កាល​ពីពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា ​ពលរដ្ឋ​អាល្លឺម៉ង់​ភាគ​ច្រើន​មិនសប្បាយ​ចិត្ត​ពី​គំនិត​នៃការ​ប្រើ​ប្រាស់កម្លាំង​ ទោះបីក្នុង​វិស័យ​ការពារ​ប្រទេស​របស់​អង្គការ​អូតង់​ក៏ដោយ។

ក៏ប៉ុន្តែ ​លោBernd Ulrich ជា​អ្នកកាសែតអាល្លឺម៉ង់​និង​ជាបណ្ណាធិការ​ខាង​នយោបាយ​នៃកាសែត​ប្រចាំ​សប្តាហ៍ Die Zeit ​ជជែក​ឲ្យ​ហេតុផលថា លក្ខណៈ​នៃ​ការ​ដឹកនាំ​របស់​លោកស្រីMerkel ​មាន​លក្ខណៈ​ខុសប្លែកពី​សមភាគីក្រអឺត​ក្រទម​របស់​លោកស្រី។ លោក​អះអាង​ឲ្យ​ហេតុផល​ទៀត​ថា ការណ៍​ដែល​លោកស្រីមិនមាន​មហាផែនការ មិន​មែន​មានន័យថា ​លោកស្រីមិន​មាន​ភាព​មេដឹកនាំនោះ​ទេ។

​លោក Bernd Ulrich ​បាន​សរសេរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា «​ការណ៍​នេះ​ជាការយល់​ច្រឡំ​ដែល​ជន​ជាតិ​អាមេរិកាំងហៅ​លោកស្រី​អធិការបរតី​អាល្លឺម៉ង់​ថា​ជា​មេដឹកនាំ​ថ្មី​របស់​ពិភពលោក​ខាង​លិចនោះ។ ​លោកស្រី Merkel ​អាច​ចាត់​ទុក​ជា​មេដឹកនាំ​ម្នាក់​គត់ ​ប្រសិន បើភាព​ជាមេដឹកនាំ​នោះ​ជាអ្វី​ដែលមានន័យ​ផ្សេង​វិញ គឺ​ជា​អ្វី​ដែល​ផ្អែក​លើ​បណ្តាញការងារ ​ភាព​ជា​ស្រ្តី​និង​កិច្ចសហការណ៍នោះ‍»។

ឥរិយាបថសហប្រតិបត្តិការ​របស់​លោក​ស្រី​នឹងក្លាយ​ជា​ការប្រឈមមួយក្នុង​អាណត្តិ​ទី៤​របស់​លោកស្រី​នេះ។​សហភាព​អឺរ៉ុប​ប្រឈម​ចលាចល​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត ​ដោយ​រដ្ឋាភិបាល​ប្រជានិយមក្នុង​ប្រទេស​ប៉ូឡូញ​និង​ហុងហ្គ្រី​ដែល​មិនធ្វើ​តាមគោល​នយោបាយ​អន្តោ​ប្រវេសន៍និង​សេរីភាព​ស៊ីវិល​ក្រុង Brussels ។​បញ្ហា​មួយ​ទៀត​គឺ​ការ​រក្សា​សណ្តាប់ធ្នាប់​ក្រោយ​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​របស់​ចក្រ​ភព​អង់គ្លេស​ហៅថា Brexit ​ហើយ​បញ្ហា​នេះ​ដែល​លោកស្រី​អាច​ប្រើ​គោល​នយោបាយ​តឹង​រ៉ឹងលើរដ្ឋាភិបាលអង់គ្លេសដែល​ចង់​យក​ចំណេញនៅពេល​ដែល​និយាយ​ពីទំនាក់​ទំនង​នៅពេល​អនាគត​រវាង​ចក្រ​ភព​អង់គ្លេស​និង​សហភាពអឺរ៉ុប។

ក៏ប៉ុន្តែ ​បញ្ហា​ប្រឈម​ដ៏ធំបំផុត​របស់​លោកស្រីគឺ​ជាមួយ​សហរដ្ឋ​អាមេរិក ​ដែល​គំនិត ផ្តល់​អាទិភាព​ដល់​ប្រទេស​អាមេរិក​ឬ America First របស់​ប្រធានា​ធិបតី​ត្រាំ​និង​មន្ទិល​ចំពោះកិច្ច​ព្រម​ព្រៀង​ពហុភាគី​ គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹងការតាំង​ចិត្ត​របស់​លោកស្រី​ដើម្បី​ការពារ​រចនាសម្ព័ន្ធ​នយោបាយ​មួយដែល​ផ្អែក​លើ​ច្បាប់៕

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន

អត្ថបទ​ទាក់ទង

XS
SM
MD
LG