ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី Merkel ទទួល​​ជ័យ​ជម្នះ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​តំណែង​ក្នុង​អាណត្តិ​ទី​៤​របស់​ខ្លួន


លោក​ស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់​ បាន​មក​ចូល​រួម​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅទីក្រុង​ប៊ែឡាំង។ លោក​ស្រី​បាន​ជាប់​ឆ្នោត​ជា​អធិការបតី​អាល្លឺម៉ង់​ក្នុង​អាណត្តិ​ទី​៤​របស់​លោក​ស្រី។

លោកស្រី​ Angela Merkel បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​អាណត្តិ​ទី​៤​របស់​លោកស្រី​សម្រាប់​តំណែង​ជា​អធិការបតី​អាល្លឺម៉ង់​នៅ​ក្នុង​ការ​បោះឆ្នោត​សហព័ន្ធ​មួយ ដែល​លទ្ធផល​នេះ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​រួច​ទៅ​ហើយ ចាប់​តាំង​ពី​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​កាល​ពី​៣​ខែ​មុន​មក។

ប៉ុន្តែ​គណបក្ស​ប្រជាធិបតេយ្យសាសនា​គ្រិស្ត​ដែល​កាន់​អំណាចរបស់​លោកស្រី​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ទាប​ជាង​ការ​ដែល​បាន​ព្យាករណ៍​ទុក​ជា​មុន ហើយ​អ្នក​គាំទ្រ​របប​ស្តាំ​និយម​ជ្រុល​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​កើន​ឡើង ដោយ​ពួកគេបាន​បោះឆ្នោត​គាំទ្រ​របប​នេះ​ច្រើន​ជាង​ការ​ដែល​អ្នក​ស្ទង់​មតិ​មហាជន​ព្យាករណ៍​ទុក។

ការ​ទស្សន៍​ទាយ​ទុក​ជា​មុន​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន ដែល​អាស្រ័យ​ទៅ​លើ​ការ​ស្ទង់មតិ​ភ្លាមៗ​ក្រោយ​ពី​បិទ​មណ្ឌល​បោះឆ្នោត​បង្ហាញ​ថា គណបក្ស​សហភាព​ប្រជាធិបតេយ្យ​សាសនា​គ្រិស្ត​ដែល​កាន់​អំណាច​របស់​លោកស្រី​ Merkel និង​គណបក្ស​សហភាព​សង្គម​គ្រិស្ត ដែល​ជា​ដៃគូ​នោះ ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ ៣២,៥​ ភាគរយ។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​លោកស្រី​ Merkel ក្លាយ​ទៅ​ជា​អធិការបតី​ម្នាក់​ក្នុង​ចំណោម​អធិការបតី​៣​នាក់​ក្រោយ​ពី​សម័យ​សង្គ្រាម​ដែល​អាច​កាន់​តំណែង​ដល់​អាណត្តិ​ទី​៤​បាន។ ​

អ្នក​ស្ទង់​មតិ​មហាជន​បាន​រំពឹង​ថា ​គណបក្ស​ទាំង​២​នោះ​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ពី​ចន្លោះ​ ៣៦​ ទៅ​ ៣៩​ ភាគរយ​ឯណោះ​នៅ​ក្នុង​ការ​បោះឆ្នោត​នោះ៕

XS
SM
MD
LG