ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាល្លឺម៉ង់​អះអាង​ថា​វៀតណាម​បាន​ចាប់​ពង្រត់​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​ស្វែង​រក​ចាប់​ខ្លួន


រូបឯកសារ៖ លោក Trinh Xuan Thanh កំពុង​អង្គុយនៅ​លើ​បង់​មួយ​ក្នុង​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ ទី​ដែល​លោក​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រកកោន​។

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ថ្កោល​ទោស​ការ​រំលោភ​បំពាន​ដោយ​ត្រង់ៗ​មិន​ដែល​មាន​ពី​មុន​មក​របស់​ប្រទេស​វៀតណាម​លើ​ច្បាប់​របស់​ប្រទេស​អាល្លឺម៉ង់ និង​ច្បាប់​អន្តរជាតិ ដោយ​សារ​តែ​វៀតណាម​បាន​ចាប់​ពង្រត់​ពលរដ្ឋ​វៀតណាម​ម្នាក់​ដែល​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង។

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ថ្កោល​ទោស​ការ​រំលោភ​បំពាន​ដោយ​ត្រង់ៗ​មិន​ដែល​មាន​ពី​មុន​មក​របស់​ប្រទេស​វៀតណាម​លើ​ច្បាប់​របស់​ប្រទេស​អាល្លឺម៉ង់ និង​ច្បាប់​អន្តរជាតិ ដោយ​សារ​តែ​វៀតណាម​បាន​ចាប់​ពង្រត់​ពលរដ្ឋ​វៀតណាម​ម្នាក់​ដែល​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ និង​បាន​បញ្ជូន​ពលរដ្ឋ​ម្នាក់​នោះ​ទៅ​ទីក្រុង​ហាណូយ​វិញ​ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ។

ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​បាន​បណ្ដេញ​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​វៀតណាម​ម្នាក់​ចេញ​ពី​ប្រទេស ហើយ​បាន​កោះ​ហៅ​ឯក​អគ្គរដ្ឋទូត​វៀតណាម​ឲ្យ​មក​ស្តាប់​ការ​ត្អូញ​ត្អែរ​ដែល​បាន​លើក​ឡើង​ថា ឧបទ្ទវហេតុ​នេះ «ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​លើ​ទំនាក់​ទំនង​រវាង​ប្រទេស​អាល្លឺម៉ង់​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម»។

របាយការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ទីក្រុង​ប៊ែរឡាំង​កាល​ពី​ថ្ងៃ​ទី ២ ខែ​សីហា កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​អាល្លឺម៉ង់​នានា​មាន​ភស្តុតាង​យ៉ាង​ច្បាស់​ថា ភ្នាក់ងារ​សន្តិសុខ​វៀតណាម និង​បុគ្គលិក​ស្ថានទូត កាល​ពី​ចុង​ខែ​កក្កដា បាន​ចាប់​ពង្រត់​លោក Trinh Xuan Thanh វ័យ ៥១ ឆ្នាំ ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន PetroVietnam ដែល​ជា​ក្រុមហ៊ុន​ថាមពល​របស់​រដ្ឋ។ ក្រុម​ហ៊ុន​នេះ​ស្ថិត​ក្នុង​គោលដៅ​នៃ​ការ​ស៊ើប​អង្កេត​រឿង​ពុក​រលួយ​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ការ​ស៊ើប​អង្កេត​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ជំនួញ​និង​មន្ត្រី​រដ្ឋាភិបាល​ជាប់​ក្នុង​អន្ទាក់។ លោក Trinh Xuan Thanh ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​ការ​បាត់​បង់​ទឹក​ប្រាក់​ជិត ១៥០ លាន​ដុល្លារ​អាមេរិក នៅ​ក្នុង​នាយកដ្ឋាន​មួយ​នៃ​ក្រុមហ៊ុន PetroVietnam នេះ នៅ​ពេល​លោក​ដឹកនាំ​នាយកដ្ឋាន​នេះ។

ការ​ចាប់​ខ្លួន​លោក Trinh Xuan Thanh

សារព័ត៌មាន​ជា​ភាសា​វៀតណាម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​បាន​រាយការណ៍​ថា ក្រុម​មនុស្ស​ប្រដាប់​ដោយ​អាវុធ​បាន​ចូល​ទៅ​ជិត ហើយ​ចាប់​ខ្លួន​លោក Trinh Xuan Thanh នៅ​ឯ​ឧទ្យាន Tiergarten ដែល​ជា​ឧទ្យាន​សំបូរ​ព្រៃឈើ​ដ៏​ធំ​មួយ​នៅ​ក្នុង​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី ២៣ ខែ​កក្កដា កន្លង​ទៅ​នេះ។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​មុន​ពេល​លោក​ត្រូវ​ដល់​ថ្ងៃ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​អំពី​ការ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​របស់​លោក​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

លោក Trinh Xuan Thanh ដែល​ជា​អតីត​សមាជិក​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម បាន​បង្ហាញ​មុខ​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ពេល​ថ្មីៗ​នេះ។ ប៉ូលិស​នៅ​ក្នុង​ទីក្រុង​ហាណូយ​បាន​អះអាង​ថា លោក Trinh Xuan Thanh បាន​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ប៉ូលិស គឺ​ក្នុង​រយៈ​ពេល ១០ ខែ​ក្រោយ​មក បន្ទាប់ពី​មាន​ការ​ចេញ​ដីកា​អន្តរជាតិ​មួយ​តាម​ស្វែង​រក​ចាប់​ខ្លួន​រូប​លោក។

ប៉ូលិស​ក្រុង​ហាណូយ​មិន​បាន​ពន្យល់​ថា​តើ​លោក Trinh Xuan Thanh បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​វិធី​ណា​នោះ​ទេ ឬ​ក៏​មិន​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​លោក​ សម្រេច​ចិត្ត​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​នោះ​ដែរ។ មិន​មាន​រូបថត​របស់​លោក​ណា​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នោះ​ទេ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា មិន​បាន​ទទួល​ព័ត៌មាន​ដែល​ថា​គាត់​បាន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​នោះ​ដែរ។

ក្រសួង​ការ​បរទេស​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​ស្រី​អធិការបតី Angela Merkel បាន​ទាមទារ​ឲ្យ​មាន​ការ​អនុញ្ញាតិ​ឲ្យ​លោក Trinh Xuan Thanh ធ្វើ​ដំណើរ​ត្រឡប់​មក​កាន់​ប្រទេស​អាល្លឺម៉ង់​វិញ​ជា​ប្រញាប់ ដើម្បី​ឲ្យ​អាជ្ញាធរ​នៅ​ទី​នោះ​អាច​ពិនិត្យ​លើ​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​របស់​លោក ក៏​ដូច​ជា​ពិនិត្យ​មើល​លើ​សំណើ​របស់​រដ្ឋាភិបាល​វៀតណាម​ក្នុង​ការ​ធ្វើ​បត្យាប័ន​នាំ​ខ្លួន​លោក​ផង​ដែរ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាល្លឺម៉ង់ លោក Martin Schaefer បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ប្រសិនបើ​ចាំបាច់ យើង​រក្សាសិទ្ធិ​បង្ហាញ​ពី​ផល​វិបាក​នានា​នៅ​កម្រិត​នយោបាយ សេដ្ឋកិច្ច និង​គោលនយោបាយ​អភិវឌ្ឍន៍»។

គ្មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​ក្រុង​ហាណូយ​នោះ​ទេ

VOA បាន​ស្នើ​ក្រសួង​ការបរទេស​វៀតណាម​ឲ្យ​ធ្វើ​ការ​បំភ្លឺ​លើ​ករណី​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​នោះ​ទេ។ សេចក្ដី​រាយការណ៍​នានា​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​ថា ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​ប៊ែរឡាំង​ក៏​មិន​ធ្វើ​ការ​ឆ្លើយតប​ចំពោះ​សំណួរ​ណា​មួយ​នោះ​ដែរ។

វិធានការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​វៀតណាម​នា​ពេល​បច្ចុប្បន្ន​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណាក់កាល​នៃ​ការ​ផ្លាស់ប្ដូរ និង​ការ​ដឹកនាំ​កែប្រែ​នៅ​ក្នុង​ជួរ​គណបក្ស​កុម្មុយនិស្ត​វៀតណាម។

លោក Carl Thayer សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ New South Wales ប្រទេស​អូស្ត្រាលី បាន​ថ្លែង​ប្រាប់ VOA ពី​ប្រទេស​អូស្ត្រាលី​មក​ថា៖ «អំពើ​ពុក​រលួយ​ដ៏​ធំ​គឺ​ប្រៀប​ដូច​ជា​ច្រែះ​ដែល​កំពុង​ស៊ី​អំណាច​នៃ​ភាព​ស្រប​ច្បាប់​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម​ដូច្នេះ​ដែរ»។

លោក Carl Thayerបាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «រឿង​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាធារណៈ​ដោយ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ។ ករណី​អំពើ​ពុករលួយ​ធំៗ​នីមួយៗ ត្រូវ​បាន​វាយ​តម្លៃ​មិន​ត្រឹម​តែ​លើ​ការ​បាត់​បង់​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​ផល​ប៉ះពាល់​វា​លើ​ស្ថិរភាព​នយោបាយ​ផង​ដែរ។

លោក Carl Thayer បាន​បន្ត​ថា៖ «ខ្ញុំ​ប្រដូច​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​នឹង​យុទ្ធនាការ​បញ្ចប់​ពេស្យាកម្ម។ យុទ្ធនាការ​ទាំង​ពីរ​នេះ​គឺ​ជា​យុទ្ធនាការ​គ្មាន​ទី​បញ្ចប់ ពីព្រោះ​ភាព​លោភលន់​របស់​មនុស្ស​មាន​ជាប់​ជំពាក់​ក្នុង​អំពើ​ទាំ​ងនេះ ហើយ​មន្ត្រី​រដ្ឋាភិបាល​ទាំង​ឡាយ​ហ៊ាន​ប្រថុយ​នឹង​គ្រោះថ្នាក់»។

ការ​ដំឡើង​តំណែង​សម្រាប់​លោក Trinh Xuan Thanh

លោក Trinh Xuan Thanh ដែល​មាន​ដើម​កំណើត​នៅ​ទីក្រុង​ហាណូយ បាន​បញ្ចប់​ការ​សិក្សា​ពី​សាកល​វិទ្យាល័យ​ក្រុង​ហាណូយ​ផ្នែក​ស្ថាបត្យកម្ម (Hanoi University of Architecture) នៅ​ក្នុង​ឆ្នាំ ១៩៩០ ហើយ​បន្ទាប់​មក​បាន​ធ្វើការ​នៅ​ប្រទេស​អាល្លឺម៉ង់​រហូត​ដល់​ឆ្នាំ ១៩៩៥។ ប្រទស​អាល្លឺម៉ង់​បច្ចុប្បន្ន​នេះ គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​បង្អស់​របស់​ប្រទេស​វៀតណាម នៅ​ក្នុង​សហភាព​អឺរ៉ុប។

លោក​ Trinh Xuan Thanh បាន​លេច​មុខ​នៅ​តាម​កញ្ជក់​ទូរទស្សន៍​ប៉ុស្តិ៍ VTV របស់​វៀតណាម។
លោក​ Trinh Xuan Thanh បាន​លេច​មុខ​នៅ​តាម​កញ្ជក់​ទូរទស្សន៍​ប៉ុស្តិ៍ VTV របស់​វៀតណាម។

បន្ទាប់​ពី​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ លោក​បាន​វិវឌ្ឈ​ខ្លួន​យ៉ាង​លឿន​ដោយ​បាន​ឆ្លង​កាត់​ការ​បំពេញ​តួនាទី​ក្នុង​តំណែង​ប្រតិបត្តិ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​កើន​ឡើង​ជា​ច្រើន ដូចជា​នៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​និង​សេដ្ឋកិច្ច​របស់​រដ្ឋ នៅ​ក្រុមហ៊ុន​សំណង់​ស៊ីវិល​និង​ឧស្សាហកម្ម​របស់​រដ្ឋ ហើយ​នៅ​ឆ្នាំ ២០០៧ នៅ​សាជីវកម្ម​ផ្សារ​ហ៊ុន​រួម​មួយ​ផ្នែក​សំណង់​ឈ្មោះ PetroVietnam ជា​ដើម។ លោកគឺ​ជា​ប្រធាន​នៃ​ក្រុមហ៊ុន PetroVietnam នេះ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣ ហើយ​ទទួល​បាន​ពាន​រង្វាន់ «វីរបុរស​ពលករ​ក្នុង​យុគសម័យ​ច្នៃ​ប្រឌិត​ថ្មី» (Laborers' Hero in the Revolution Era) នៅ​ក្នុង​ឆ្នាំ ២០១១។

លោក Trinh Xuan Thanh បាន​ឈាន​ជើង​ចូល​ធ្វើ​ការ​បម្រើ​រដ្ឋាភិបាល​នៅ​ខែ​កញ្ញា ឆ្នាំ ២០១៣ ក្នុង​តំណែង​ជា​អនុប្រធាន​ការិយាល័យ និង​ជា​ប្រធាន​ការិយាល័យ​តំណាង​នៃ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម នៅ​ខេត្ត Da Nang ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម។

កាល​ពី​ដើម​ខែ​មិថុនា​ឆ្នាំ​មុន លោក​ត្រូវ​បាន​សាធារណជន​ចាប់​អារម្មណ៍ បន្ទាប់ពី​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​រូប​លោក​បើក​រថយន្ត​ផ្ទាល់​ខ្លួន​ដែល​មាន​ស្លាក​លេខ​រដ្ឋាភិបាល ត្រូវ​បាន​គេ​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ប្រព្រឹត្តិ​ខុស​ដោយសារតែ​បុព្វសិទ្ធិ​របស់​ខ្លួន

ភាព​ភ្ញាក់ផ្អើល​មាន​ការ​កើន​ឡើង​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​លោក Trinh Xuan Thanh ដែល​ជា​អតីត​អភិបាល​រង​ខេត្ត Hau Giang នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ទទួល​បាន​ស្លាក​លេខ​រដ្ឋាភិបាល​សម្រាប់​រថយន្ត​របស់​លោក​នោះ។ បន្ទាប់​ពី​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ដោយ​ទីភ្នាក់ងារ​ដែល​មាន​សិទ្ធិ​អំណាច​ត្រួត​ពិនិត្យ​លើ​រឿង​នេះ​មក ថ្នាក់​ដឹកនាំ​របស់​ខេត្ត​នោះ​បាន​ទទួល​ស្គាល់​ថា ពួក​គេ​បាន​ធ្វើ​ខុស។

ប៉ុន្តែ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ការ​ជំទាស់​របស់​សាធារណជន​នេះ​បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រធាន​គណបក្ស​កុម្មុយនិស្ត​វៀតណាម​លោក Nguyen Phu Trong ដែល​កាល​ពី​ថ្ងៃទី ៩ ខែ​មិថុនា ឆ្នាំ ២០១៦ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​ទាំង​ឡាយ​របស់​លោក Trinh Xuan Thanh។ ការ​ត្រួត​ពិនិត្យ​នោះ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន PetroVietnamបាន​បាត់​បង់​ទឹក​ប្រាក់​ចំនួន ១៤៧ លាន​ដុល្លារ​អាមេរិក ក្នុង​អំឡុង​ពេល​ដែល​លោក Trinh Xuan Thanh ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​នេះ។

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៦ លោក Trinh Xuan Thanh បាន​ស្នើ​សុំ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ។ ហើយ​នៅ​ខែ​បន្ទាប់​មក លោក​បាន​ស្នើ​សុំ​ឈប់​សម្រាក​ដើម្បី​ទទួល​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ហើយ​ក៏​បាន​បាត់​ខ្លួន​តែ​ម្ដង។

កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​មុន ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​វៀតណាម បាន​ចោទ​ប្រកាន់​លោក Trinh Xuan Thanh និង​មនុស្ស ៤ នាក់​ផ្សេង​ទៀត ពី​បទ «គ្រប់គ្រង​មិន​បាន​ត្រឹមត្រូវ» នៅ​ក្រុម​ហ៊ុន​សាខា​របស់​ក្រុមហ៊ុន​មេ PetroVietnam ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​និង​សាំង​ដ៏​ធំ​មួយ ហើយ​បាន​ដក​គាត់​ចេញ​ពី​តំណែង​ជា​សមាជិក​មួយ​រូប​របស់​គណបក្ស​កុម្មុយនិស្ត​វៀតណាម ព្រម​ទាំង​បាន​ចេញ​ដីកា​អន្តរជាតិ​ឲ្យ​មាន​ការ​ចាប់​រូប​លោក​ទៀត​ផង។

ការ​តាម​ចាប់​ខ្លួន​លោក​នៅ​ទូទាំង​ពិភពលោក​ហាក់​ដូច​ជា​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ រហូត​ទាល់​តែ​ដល់​ការ​ចាប់​ខ្លួន​រូប​លោក​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ពេល​ថ្មីៗ​នេះ។

សេចក្ដី​រាយការណ៍​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ​នេះ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ពិភាក្សា​គ្នា​អំពី​ករណី​របស់​លោក Trinh Xuan Thanh មុន​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ទីក្រុង​ប៊ែរឡាំង។

ទីភ្នាក់​ងារ​ព័ត៌មាន The Associated Press បាន​រាយការណ៍​ថា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាល្លឺម៉ង់ លោក Martin Schaefer បាន​បញ្ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​បាន​ពិភាក្សា​អំពី​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បត្យាប័ន​បញ្ជូន​លោក Trinh Xuan Thanh ពី​ប្រទេស​អាល្លឺម៉ង់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ក្នុង​ទីក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី ៧ ដល់​ថ្ងៃ​ទី ៨ ខែ​កក្កដា កន្លង​ទៅ​នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស G20៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG