ពួកប្រមុខរដ្ឋនៃប្រទេស២០មានសេដ្ឋកិច្ចនាំមុខគេក្នុងពិភពលោកកំពុងប្រមូលផ្តុំគ្នានៅក្នុងក្រុង Hamburg ប្រទេសអាល្លឺម៉ង់ នៅថ្ងៃសុក្រនេះដើម្បីធ្វើការប្រជុំគ្នាពីរថ្ងៃសម្រាប់ស្វះស្វែងឱ្យមានការសម្របសម្រួលគ្នា និងចម្លើយដល់បញ្ហាមួយចំនួនដោយមានរួមបញ្ចូលការធ្វើឱ្យផ្សារហិរញ្ញវត្ថុត្រឹមត្រូវតាមបទបញ្ញត្តិ ការប្រឆាំងនឹងភេរវកម្ម ការប្រែប្រួលធាតុអាកាស ប្រព័ន្ធផ្គត់ផ្គង់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតខ្លាំង។
លោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលនេះបានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីមានសង្ឃឹមថា ពួកមេដឹកនាំទាំងនេះនឹងអាចមានការសម្របសម្រួលគ្នានិងចម្លើយដល់បញ្ហាជាច្រើន ទោះណាជាលទ្ធភាពនៃការមានការយល់ឃើញដូចគ្នាអំពីការប្រែប្រួលអាកាសធាតុ និងពាណិជ្ជកម្មមានភាពមិនប្រាកដប្រជាក៏ដោយ។
ប្រធានាធិបតីស.រ.អា. Donald Trump មានការខ្វែងគំនិតជាមួយមេដឹកនាំពិភពលោកឯទៀតៗចាប់តាំងពីគាត់បានដកស.រ.អា.ចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីស កាលពីឆ្នាំ២០១៥ដែលមានគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទហកញ្ចក់ និងគោលនយោបាយ «ផ្តល់អាទិភាពលើប្រទេសអាមេរិក» ដែលភាសាអង់គ្លេសហៅថា «America First» ទាក់ទងនឹងពាណិជ្ជកម្ម។ លោក Trump បាននិយាយថា គាត់មានផែនការ «មុះមុត» សម្រាប់ដាក់កំហិតយកពន្ធដារច្រើន ឬចំនួនលើការដឹកជញ្ជូនដែកថែបចូលមកលក់ក្នុងស.រ.អា.ដែលជាការគំរាមកំហែងថ្មីៗបំផុត ហើយប្រហែលជាការគំរាមកំហែងខ្លាំងបំផុតដើម្បីការពារឧស្សាហកម្មស.រ.អា.ដែលបានធ្វើឱ្យប្រទេសជាដៃគូក្នុងក្រុមប្រទេស G-20 មានការជ្រួលច្រាលក្នុងចិត្ត។
គេក៏មានការសង្ឃឹមខ្ពស់ដែរអំពីការជួបទល់មុខគ្នាជាលើកដំបូងនៅថ្ងៃសុក្រនេះរវាងលោក Trump និងសមភាគីរុស្ស៊ីរបស់គាត់គឺលោកប្រធានាធិបតី Vladimir Putin។ សហគមន៍ខាងស៊ើបការណ៍សម្ងាត់ស.រ.អា.បានសន្មតថា លោក Putin បានបញ្ជាដោយផ្ទាល់ឱ្យមានយុទ្ធនាការមួយដើម្បីបង្ខូចការបោះឆ្នោតបួនឆ្នាំម្ដងក្នុងស.រ.អា. និងធ្វើឱ្យខូចខាតដល់កេរ្តិ៍ឈ្មោះលោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា. Hillary Clinton ដែលជាគូប្រជែងរបស់ Trump៕