សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយយោងតាមច្បាប់ថ្មីដ៏ចម្រូងចម្រាសមួយរបស់អាមេរិក ដែលនឹងអនុញ្ញាតឱ្យទីភ្នាក់ងារអនុវត្តច្បាប់បង្ខំឱ្យក្រុមហ៊ុនបច្ចេកវិទ្យា ប្រគល់សារទាក់ទងគ្នាតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងការស៊ើបអង្កេតបទឧក្រិដ្ឋ មិនថាទិន្នន័យនោះ ត្រូវបានតម្កល់ទុកនៅប្រទេសមួយណាឡើយ។
នេះគឺកិច្ចព្រមព្រៀងលើកដំបូងហើយ ដែលត្រូវបានចុះហត្ថលេខាតាមច្បាប់ CLOUD Act ដែលត្រូវបានអនុម័តដោយសភាអាមេរិកកាលពីឆ្នាំមុន។ ច្បាប់នេះបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រទេសមួយចំនួនក្នុងទ្វីបអឺរ៉ុប ចំពោះការគំរាមកំហែងដល់សិទ្ធិឯកជនភាព។
រដ្ឋាភិបាលបារាំងបានហៅកិច្ចព្រមព្រៀងនេះថា ជាការគំរាមកំហែងដល់ «អធិបតេយ្យភាពឌីជីថល»របស់ខ្លួន ខណៈដែលរដ្ឋាភិបាលអាល្លឺម៉ង់បានសម្ដែងការព្រួយបារម្ភអំពីការលួចចូលយកទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋសាមញ្ញរបស់អាល្លឺម៉ង់ពីសំណាក់អាជ្ញាធរអាមេរិក។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាមេរិក លោក William Barr និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស អ្នកស្រី Priti Patel ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅក្នុងពិធីមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ បានព្យាយាមធ្វើឱ្យស្រាកស្រាន្តការព្រួយបារម្ភទាំងនេះ។
លោក Barr មានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យពលរដ្ឋនៃប្រទេសទាំងពីរកាន់តែមានសុវត្ថិភាពជាងមុន ហើយទន្ទឹមពេលជាមួយគ្នានេះក៏ធានាឱ្យមានការការពារដ៏ខ្លាំងចំពោះឯកជនភាពនិងសេរីភាពពលរដ្ឋ»។
អ្នកស្រី Patel មានប្រសាសន៍ថា៖ «ភេរវជននិងជនសេពកាមជាមួយកុមារ នៅតែបន្តកេងប្រយោជន៍ពីអ៊ីនធឺណិត ដើម្បីសាបព្រោះសារសម្អប់របស់ពួកគេ ដើម្បីរៀបចំផែនការវាយប្រហារលើពលរដ្ឋរបស់យើងនិងតម្រង់គោលដៅទៅរកជនដែលងាយរងគ្រោះជាងគេ»៕