ប្រធានាធិបតីអាមេរិកលោក Donald Trump បានដកលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិចេញពីតំណែង។
លោក Trump បានសរសេរតាម Twitter កាលពីថ្ងៃអង្គារថា «ខ្ញុំបានប្រាប់លោក John Bolton កាលពីយប់មិញថា សេវារបស់លោកលែងត្រូវការទៀតហើយនៅឯសេតវិមាន។ ខ្ញុំមិនយល់ស្របយ៉ាងខ្លាំងជាមួយសំណើជាច្រើនរបស់លោក ហើយមន្ត្រីឯទៀតៗនៅក្នុងរដ្ឋបាលក៏មិនយល់ស្របជាមួយសេចក្តីស្នើទាំងនេះដែរ ដូច្នេះខ្ញុំបានសុំឱ្យ John លាលែងចេញពីតំណែង ហើយពាក្យសុំចុះចេញពីតំណែងនេះបានប្រគល់ឱ្យខ្ញុំកាលពីព្រឹកមិញនេះ»។
លោកប្រធានាធិបតីបានអរគុណលោក Bolton ចំពោះសេវារបស់លោក ហើយបាននិយាយថា លោកនឹងតែងតាំងមន្ត្រីម្នាក់ឱ្យជំនួសលោក Bolton នៅសប្តាហ៍ក្រោយ។
នៅក្នុងការឆ្លើយតបយ៉ាងរហ័សនិងជាបន្ទាន់មួយតាម Twitter លោក Bolton បាននិយាយថា «ខ្ញុំបានសុំចុះចេញពីតំណែងកាលពីយប់មិញ ហើយប្រធានាធិបតី Trump បាននិយាយថា «ស្អែកយើងនឹងនិយាយអំពីការណ៍នេះ»។
លោក Hogan Gidley អ្នកនាំពាក្យរងនៃសេតវិមានបាននិយាយប្រាប់ក្រុមអ្នកកាសែតថា «លោកទាំងពីរនាក់ខ្វែងគំនិតគ្នាអំពីបញ្ហាជាច្រើន» ដោយលោកបានបដិសេធថា មិនមែនមានតែបញ្ហាមួយទេដែលបណ្តាលឱ្យមានការបែកគ្នារវាងលោក Trump និងលោក Bolton។
សេតវិមានបានថ្លែងថា លោក Charlie Kupperman នឹងបម្រើការជាទីប្រឹក្សាសន្តិសុខជាតិស្តីទី។
សេចក្តីប្រកាសនេះរបស់លោក Trump បានធ្វើឡើង៩០នាទីមុនលោក Bolton ត្រូវចេញបង្ហាញខ្លួនជាមួយលោករដ្ឋមន្ត្រីការបរទេស Mike Pompeo និងលោក Steve Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៅលើវេទិកាក្នុងបន្ទប់អ្នកកាសែតក្នុងសេតវិមានដើម្បីចូលរួមក្នុងសន្និសីទកាសែតខ្លីមួយ។
លោក Trump បានជ្រើសរើសលោក Bolton កាលពីខែមីនាឆ្នាំ២០១៨ ដើម្បីឱ្យកាន់តំណែងជំនួសលោក H. R. McMaster អតីតឧត្តមសេនីយឯកនៃកងទ័ពជើងគោក ជាទីប្រឹក្សាសន្តិសុខជាតិ៕