សហរដ្ឋអាមេរិកប្រាប់ឲ្យដឹងថា ខ្លួនមានគម្រោងអនុញ្ញាតជាបណ្តោះអាសន្នឲ្យប្រទេសជាច្រើន បន្តទិញប្រេងពីប្រទេសអ៊ីរ៉ង់ដោយមិនរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។
ការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ត្រូវគេរំពឹងនឹងកើតមានឡើងវិញនៅថ្ងៃចន្ទ ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកនៅដើមឆ្នាំនេះចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកទាំង៦។ប្រទេសណាដែលនាំចូលប្រេងរបស់អ៊ីរ៉ង់ដែលមិនបានទទួលការអនុញ្ញាតនឹងត្រូវទទួលរងទណ្ឌកម្មខាងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រកាសការសម្រេចអនុញ្ញាតឲ្យនាំចូលប្រេងរបស់អ៊ីរ៉ង់នេះនៅក្នុងសន្និសីទតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ក៏ប៉ុន្តែ មិនបានបញ្ជាក់ថាតើប្រទេសណានឹងរួចផុតពីទណ្ឌកម្មនេះឬថា តើការអនុញ្ញាតឲ្យនាំចូលប្រេងអ៊ីរ៉ង់នោះមានរយៈពេលប៉ុន្មាន។
កាលពីដំបូង កាសែត Bloomberg បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង ឥណ្ឌានិងជប៉ុនស្ថិតនៅក្នុងចំណោមប្រទេសដែលអនុញ្ញាតឲ្យនាំប្រេងចូលពីអ៊ីរ៉ង់។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo និយាយថា សហភាពអឺរ៉ុប នឹងមិនបានទទួលការអនុញ្ញាតពីការនាំប្រេងអ៊ីរ៉ង់ចូលនេះទេ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Pompeo បាននិយាយបន្ថែមទៀតថា ប្រទេស២ នឹងកាត់ផ្តាច់ចេញទាំងស្រុងពីការនាំប្រេងចូលរបស់អ៊ីរ៉ង់ ខណៈដែលប្រទេស៦ផ្សេងទៀត នឹងកាត់បន្ថយយ៉ាងខ្លាំងការនាំប្រេងចូលនេះ។
ការដាក់ទណ្ឌកម្មនេះ ជាផ្នែកមួយនៃអ្វីដែលរដ្ឋបាលរបស់ប្រធានាធិបតីត្រាំហៅថា យុទ្ធនាការនៃ«ការដាក់គំនាបជាអតិបរមា»ដែលមានគោលបំណងជំរុញឲ្យអ៊ីរ៉ង់បោះ បង់ចោលកម្មវិធីនុយក្លេអ៊ែរបស់ខ្លួន ហើយនិងបញ្ចប់ការគាំទ្ររបស់ខ្លួនដល់សត្រូវរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo ថា យុទ្ធនាការនេះកំពុងមានដំណើរការ៕