ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ INF


ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅកាន់​សារព័ត៌មាន​មុន​នឹង​លោក​ឡើង​យន្តហោះ Air Force One នៅ​អាកាសយានដ្ឋាន Elko កាលពី​ថ្ងៃសៅរ៍​ទី​២០ ខែតុលា ឆ្នាំ ២០១៨។
ប្រធានាធិបតីសហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅកាន់​សារព័ត៌មាន​មុន​នឹង​លោក​ឡើង​យន្តហោះ Air Force One នៅ​អាកាសយានដ្ឋាន Elko កាលពី​ថ្ងៃសៅរ៍​ទី​២០ ខែតុលា ឆ្នាំ ២០១៨។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម (Intermediate-Range Nuclear Forces Treaty) ដែល​ហៅ​កាត់​ថា INF ដោយសារតែ​ប្រទេស​រុស្ស៊ី​បាន​រំលោភ​លើ​សន្ធិសញ្ញា​នេះ។ ប៉ុន្តែ លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លំអិត​ណា​មួយ​អំពី​ការ​អះអាង​របស់​លោក​ដែល​ថា​រុស្ស៊ី​រំលោភ​លើ​សន្ធិសញ្ញា​នេះ​នោះ​ទេ។

រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា «ជំហាន​ដ៏​គ្រោះថ្នាក់» មួយ។

សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ចរចា​កាល​ពី​ចុង​ទសវត្សរ៍ ១៩៨០។ សន្ធិសញ្ញា​នេះ​តម្រូវ​ឲ្យ​សហរដ្ឋ​អាមេរិក និង​ប្រទេស​រុស្ស៊ី កាត់​បន្ថយ​គ្រាប់​នុយក្លេអ៊ែរ​ចម្ងាយ​ខ្លី និង​ចម្ងាយ​មធ្យម និង​មីស៊ីល​ដែល​មិន​មែន​នុយក្លេអ៊ែរ។

លោក Trump និយាយ​ដូច្នេះ​ថា៖ «ប្រទេស​រុស្ស៊ី​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ។ ពួកគេ​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ យើង​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ដោយ​ផលិត​អាវុធ​ទាំង​នោះ​ទេ»។

លោក Trump បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក​នឹង​ផលិត​អាវុធ​ទាំង​នោះ ប្រសិនបើ​ប្រទេស​រុស្ស៊ី និង​ចិន​មិន​យល់ព្រម​ឈប់​ផលិត​អាវុធ​ទាំង​នោះ​ទេ។

ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​រំលោភ​លើក​សន្ធិសញ្ញា​នេះ​ទេ។ ចំណែក​ឯ​ប្រទេស​ចិន​វិញ​គឺ​មិន​មែន​ជា​សមាជិក​នៃ​សន្ធិសញ្ញា​នេះ​ទេ។

ប៉ុន្តែ​លោក Trump បែរ​ជា​និយាយ​ថា៖ «ប្រសិនបើ​រុស្ស៊ី​ផលិត​អាវុធ​ទាំង​នេះ ចិន​ផលិត​អាវុធ​ទាំង​នេះហើយ​សហរដ្ឋ​អាមេរិក​គោរព​សន្ធិសញ្ញា​នេះ​តែ​ម្នាក់​ឯង នោះ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»៕

XS
SM
MD
LG