ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មី​អាច​បង្ខំ​ឲ្យ​អ៊ីរ៉ង់​ត្រឡប់​មក​ចរចា​រឿង​នុយក្លេអ៊ែរ


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ថ្លែង​ក្នុស​ន្និសីទ​កាសែត​ក្នុង​សណ្ឋាគារ ​Lotte New York Palace អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិកាល​ពីថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ថ្លែង​ក្នុស​ន្និសីទ​កាសែត​ក្នុង​សណ្ឋាគារ ​Lotte New York Palace អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិកាល​ពីថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៨។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា «ប្រទេស​អ៊ីរ៉ង់​ត្រូវតែ​ត្រឡប់​មក​ចរចា​វិញ» ប្រសិនបើ​ប្រទេស​នេះ​មិន​ចង់​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជុំ​ថ្មី​នោះ​ទេ។

ដោយ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង New York កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Trump បាន​ការពារ​ការ​សម្រេច​ចិត្ត​របស់​លោក​នៅ​ក្នុង​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​ជា​កិច្ច​ព្រមព្រៀង​មួយ​តម្រូវ​ឲ្យ​អ៊ីរ៉ង់​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​កា​រដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​របស់​ខ្លួន។

លោក Trump និយាយ​ដូច្នេះ​ថា៖ «ប្រទេស​អ៊ីរ៉ង់​មាន​អតិផរណា​ធ្ងន់ធ្ងរ។ រូបិយវត្ថុ​របស់​អ៊ីរ៉ង់​គឺ​គ្មាន​តម្លៃ​អ្វី​នោះ​ទេ។ អ្វីៗ​ទាំង​អស់​គឺ​មិន​ដំណើរការ​ល្អ​ទេ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់»។

លោក Trump បន្ថែម​ទៀត​ថា៖ «ពេល​ខ្លះ ខ្ញុំ​គិត​ថា អ៊ីរ៉ង់​មាន​បំណង​ចង់​ត្រឡប់​មក​ចរចា។ រឿង​គឺ​វា​ងាយស្រួល​ដូច្នេះ គឺ​ខ្ញុំ​គ្រាន់តែ​មិន​ចង់​ឲ្យ​អ៊ីរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ​តែ​ប៉ុណ្ណោះ»។

ក្នុង​នាម​ជា​ប្រធាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Trump បាន​លើក​ឡើង​ភាគ​ច្រើន​អំពី​ប្រធានបទ​ទាក់ទង​នឹង​ការ​រារាំង​មិន​ឲ្យ​មាន​ការ​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​រិះគន់​ទៅ​លើ​ប្រទេស​អ៊ីរ៉ង់ ដោយ​ហៅ​រដ្ឋាភិបាល​អ៊ីរ៉ង់​ថា​ជា «អ្នក​គាំទ្រ​អំពើ​ភេរវកម្ម​នាំ​មុខ​នៅ​លើ​ពិភពលោក»។

លោក Trump បាន​អះអាង​ថា «ភាព​គឃ្លើន​របស់​ប្រទេស​អ៊ីរ៉ង់​បាន​កើន​ឡើង» បន្ទាប់ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ត្រូវ​បាន​បង្កើត​ឡើង​តែ​ប៉ុណ្ណោះ។ រដ្ឋបាល​របស់​លោក Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​កាល​ពី​ដើម​ឆ្នាំ​នេះ។

លោក Trump បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Barack Obama នេះ គឺ​ជា​កិច្ច​ព្រមព្រៀង​ដ៏​អាក្រក់ ដែល​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​តែ​ប្រទេស​អ៊ីរ៉ង់៕

XS
SM
MD
LG