ខណៈដែលក្រុមមេដឹកនាំមកពីទូទាំងពិភពលោកកំពុងផ្ចង់អារម្មណ៍ទៅលើសារនានាដែលចេញពីមហាសន្និបាតអង្គការសហប្រជាជាតិដ៏ពុះកញ្ជ្រោលក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកក្នុងសប្ដាហ៍នេះ ប្រទេសចិនបានបដិសេធខ្លាំងៗទៅលើការចោទប្រកាន់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាចិនកំពុងជ្រៀតជ្រែកក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិក្នុងសហរដ្ឋអាមេរិកនៅខែក្រោយ។
ទន្ទឹមពេលជាមួយគ្នា ការឆ្លងឆ្លើយខាងការទូតរវាងគ្នាទៅវិញទៅមកនេះមានលក្ខណៈកាន់តែតានតឹងរវាងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ អំពីអនាគតនៃកិច្ចព្រមព្រៀងនេះ។ សហរដ្ឋអាមេរិកកំពុងត្រៀមដាក់ទណ្ឌកម្មថ្មីៗលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់។
ការចោទប្រកាន់របស់លោក ត្រាំ ទៅលើប្រទេសចិន បានធ្វើឱ្យមនុស្សជាច្រើនដែលចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ មានការភ្ញាក់ផ្អើល។
នៅក្នុងសន្និសីទកាសែតមួយកាលពីល្ងាចថ្ងៃពុធ លោកប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានក្រុមអ្នកយកព័ត៌មានស្នើឱ្យបង្ហាញភស្តុតាងដែលលោកមាន ដើម្បីគាំទ្រការចោទប្រកាន់របស់លោក។
លោក ត្រាំ បានមានប្រសាសន៍ថា «ភ័ស្តុតាងនោះនឹងលេចចេញមក។ ខ្ញុំមិនអាចប្រាប់អស់លោកលោកស្រី នៅពេលនេះបានទេ ប៉ុន្តែ វាបានចេញមកហើយ ហើយភ័ស្តុតាងនោះ មិនមែនចេញមកដោយឯកឯងនោះទេ»៕