សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារយ៉ាងខ្លាំងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកងកម្លាំងពិសេសឃុត (Quds) នៃប្រទេសអ៊ីរ៉ង់នៅក្នុងការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអ៊ីរ៉ាក់។
មន្ទីរបញ្ចកោណ បានបញ្ជាក់ពីការស្លាប់ឧត្តមសេនីយ៍ Qassem Soleimani មេបញ្ជាការកងកម្លាំងពិសេសឃុតនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយនិយាយថា ការវាយប្រហារនេះ បានធ្វើឡើងទៅតាមបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។
សេចក្តីថ្លែងការណ៍នោះ បានពណ៌នាការវាយប្រហារនោះថាជាចំណាត់ការចាំបាច់ដើម្បីការពារបុគ្គលិកសហរដ្ឋអាមេរិកនៅបរទេស។
សេចក្តីថ្លែងការណ៍របស់សេតវិមាន ប្រាប់ឲ្យដឹងថា «ឧត្តមសេនីយ៍ Soleimani បានរៀបចំផែនការយ៉ាងសកម្មដើម្បីវាយប្រហារអ្នកការទូតនិងបុគ្គលិកយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងនៅទូទាំងតំបន់»។
សេចក្តីថ្លែងការណ៍នោះ បញ្ជាក់ទៀតថា «ការវាយប្រហារនេះ មានគោលបំណងរារាំងផែនការវាយប្រហារនៅពេលអនាគតរបស់អ៊ីរ៉ង់។សហរដ្ឋអាមេរិក នឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារពលរដ្ឋនិងផលប្រយោជន៍របស់យើងនៅជុំវិញពិភពលោក»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក បានបញ្ចេញសេចក្តីលម្អិតបន្តិចបន្តួចប៉ុណ្ណោះពីការវាយប្រហារនេះ ក៏ប៉ុន្តែ ពួកមន្រ្តីអ៊ីរ៉ាក់ បាននិយាយថា គ្រាប់រ៉ុកកែតបានបាញ់ត្រូវចំក្បួនរថយន្តដែលធ្វើដំណើរនៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុងបាដាដកាលពីយប់ថ្ងៃព្រហស្បតិ៍។
ក្រុមមន្រ្តីអ៊ីរ៉ាក់ និយាយទៀតថា លោក Abu Mahdi al-Muhandis មេបញ្ជាការរងរបស់កងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ដែលគេស្គាល់ថា «កងកម្លាំងពលរដ្ឋប្រមូលផ្តុំ»ក៏បានស្លាប់នៅក្នុងការវាយប្រហារនេះដែរ។ ពួកមន្រ្តីកំពូលផ្សេងទៀត ក៏អាចត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះដែរ។
តាំងពីមុនពេលក្រសួងការពារប្រទេសអាមេរិក បានបញ្ជាក់ពីការវាយប្រហារលើឧត្តមសេនីយ៍ Soleimani ម្លេះ រូបថតបង្ហាញពីសាកសពរបស់ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនោះ បានត្រូវគេផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គម។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់ទូរទស្សន៍ខ្សែកាប CNN កាលពីថ្ងៃសុក្រម្សិលម៉ិញថា ការវាយប្រហារដែលបានសម្លាប់មេបញ្ជាការកងកម្លាំងឃុតអ៊ីរ៉ង់បានបង្អាក់ការវាយប្រហារមួយលើពលរដ្ឋអាមេរិកាំង។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo មានប្រសាសន៍ទៀតថា «ឧត្តមសេនីយ៍អ៊ីរ៉ង់រូបនោះ បានចាត់ចែងផែនការសម្ងាត់យ៉ាងសកម្មនៅក្នុងតំបន់ដើម្បីចាត់វិធាន ការដោយមានសកម្មភាពធំៗ ដូចដែលឧត្តមសេនីយ៍អ៊ីរ៉ង់រូបនោះ បានពណ៌នាថា ផែនការសម្ងាត់នោះ នឹងធ្វើឲ្យពលរដ្ឋអាមេរិកាំងរាប់សិបនាក់ឬដល់រាប់រយនាក់មានគ្រោះថ្នាក់។ យើងដឹងថា ភាពគ្រោះថ្នាក់នោះធំធេងណាស់»។
នៅព្រឹកថ្ងៃព្រហស្បតិ៍នោះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា លោករដ្ឋមន្រ្តីការបរទេស បាននិយាយទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស Dominic Raab និងលោក Heiko Maas រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ដើម្បីពិភាក្សាពី«ចំណាត់ការការពារខ្លួនដើម្បីកម្ចាត់ឧត្តមសេនីយ៍ Soleimani ហើយបានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តីការបរទេសទាំង២ចំពោះសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះដែលទទួលស្គាល់ពីការបន្តការគំរាមកំហែងយ៉ាងខ្លាំងមកពីអ៊ីរ៉ង់និងកងកម្លាំងឃុត។
ពួកកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់និងឆ្មាំការពារបដិវត្តន៍ របស់អ៊ីរ៉ង់ ក៏បានបញ្ជាក់ភា្លមៗដែរពីការស្លាប់របស់ឧត្តមសេនីយ៍ Soleimani និងលោក al-Muhandis ដោយបានស្តីបន្ទោសសហរដ្ឋអាមេរិក។
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zariffបានហៅការវាយប្រហាររបស់សហរដ្ឋអាមេរិកនោះថា«ជាសកម្មភាពភេរវកម្ម»។ លោកZariff បានផ្ញើសារតាមTwitterថា ការវាយប្រហារនោះ «មានភាពគ្រោះថ្នាក់បំផុតនិងជាការបង្កើនភាពតានតឹងឆ្កួតលីលា»។
មេដឹកនាំកំពូលអ៊ីរ៉ង់លោកAyatollah Khameneiបានអំពាវនាវឲ្យមានការកាន់ទុកជាតិរយៈពេល៣ថ្ងៃហើយបានព្រមានថា «សត្រូវទាំងអស់ ត្រូវតែដឹងថា ការតស៊ូរបស់ជីហាដ នឹងបន្តដោយមានការជំរុញលើកទឹកចិត្តទ្វេដង ហើយជ័យជម្នះពិតប្រាកដរង់ចាំពួកអ្នកប្រយុទ្ធនៅក្នុងសង្គ្រាមសាសនានេះ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កំពុងការពារការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលបានសម្លាប់ឧត្តមសេនីយ៍ដ៏មានអំណាចបំផុតម្នាក់របស់អ៊ីរ៉ង់ ដោយបានច្រានចោលការគំរាមកំហែងមកពីរដ្ឋាភិបាលក្រុង Tehranថា ខ្លួន នឹងធ្វើការសងសឹកនោះ។
ក្នុងអត្ថាធិប្បាយលើកទី១របស់លោកចាប់តាំងពីមន្រ្តីក្រសួងការពារប្រទេស បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានធ្វើការវាយតាមអាកាសនៅជិតចំណតអាកាសយានដ្ឋានក្រុងបាដាដក្នុងប្រទេសអ៊ីរ៉ាក់កាលពីព្រឹកថ្ងៃសុក្រ(ម៉ោងក្នុងប្រទេសអ៊ីរ៉ាក់) លោកប្រធានាធិបតីត្រាំ បានស្តីបន្ទោសមេបញ្ជាការកងកម្លាំងឃុតចំពោះការស្លាប់ពលរដ្ឋអាមេរិកាំងរាប់ពាន់នាក់ ហើយបាននិយាយទៀតថា ការវាយប្រហារនោះ ត្រូវធ្វើតាំងពីពេលមុនយូរមកហើយ។
លោកប្រធានាធិបតីត្រាំ បានបញ្ជូនសារតាម Twitterកាលពីថ្ងៃសុក្រថា «ឧត្តមសេនីយ៍ Qassem Soleimani បានសម្លាប់ឬធ្វើឲ្យរបួសពលរដ្ឋអាមេរិកាំងរាប់ពាន់នាក់មួយរយៈពេលកន្លងមកនេះ ហើយបានធ្វើគម្រោងសម្ងាត់ដើម្បីសម្លាប់ពលរដ្ឋអាមេរិកាំងកាន់តែច្រើនឡើងថែមទៀត»។
លោកប្រធានាធិបតីត្រាំ និយាយបន្ថែមទៀតថា «ឧត្តមសេនីយ៍ Soleimani បានត្រូវគេស្អប់និងភ័យខ្លាច។ ជននោះ គួរត្រូវកម្ចាត់ចោលជាច្រើនឆ្នាំមកហើយ»។
កាលពីប៉ុន្មានថ្ងៃមុននោះ លោកប្រធានាធិបតីត្រាំ បានព្រមានអ៊ីរ៉ង់ថា លោក នឹងធ្វើឲ្យពួកមេដឹកនាំអ៊ីរ៉ង់ទទួលខុសត្រូវចំពោះការវាយប្រហារម្តងហើយម្តងទៀតដោយសមាជិករបស់កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ទៅលើស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីបាដាដនៃប្រទេសអ៊ីរ៉ាក់។
លោកប្រធានាធិបតីត្រាំ បាននិយាយក្នុងសារតាម Twitterថា «អ៊ីរ៉ង់ នឹងទទួលផលវិបាកយ៉ាងខ្លាំង។នេះមិនមែនជាការព្រមានទេ។នេះជាការគំរាមកំហែង»។ ក៏ប៉ុន្តែ លោកប្រធានាធិបតីត្រាំ បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា លោក មិនបានមើលឃើញឬប្រមើលមើលថា សហរដ្ឋអាមេរិកធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ។
លោកប្រធានាធិបតីត្រាំ បានមានប្រសាសន៍ទៀតថា «ខ្ញុំមិនគិតថា អ៊ីរ៉ង់ ចង់ឲ្យមានសង្គ្រាមកើតឡើងទេ។ការណ៍នេះ នឹងអាចកើតមានឡើងដ៏ឆាប់រហ័សបំផុត»។
សហរដ្ឋអាមេរិក បានដាក់ពង្រាយរួចហើយនូវទាហានចំនួន៧៥០នាក់មកពីកងពលទ័ពអាកាសលេខ៨២ប្រចាំនៅប្រទេសគុយវ៉ែតដើម្បីជួយការពារទីតាំងនិងបុគ្កលិកសហរដ្ឋអាមេរិកនៅក្នុងតំបន់។មន្រ្តីការពារប្រទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពកាន់តែច្រើនឡើងថែមទៀត នឹងត្រូវបញ្ជូនទៅកាន់ទីកន្លែងនោះ បើត្រូវការ។
ពួកអ្នកជំនាញនិងអ្នកតាមដានសភាពការណ៍ បានគិតថា ទោះមានអ្វីៗក៏ដោយដែលនឹងកើតមានឡើងនៅពេលខាងមុខ ក៏ការទាក់ទងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មានការផ្លាស់ប្តូរហើយ។
លោក IIan Berman អនុប្រធានក្រុមប្រឹក្សាគោលនយោបាយការបរទេសអាមេរិក បាននិយាយនៅក្នុងសារមួយផ្ញើទៅកាន់ VOA ផ្សាយជាភាសាពែក្សថា «ការវាយប្រហារនេះ មានសញ្ញាយ៉ាងច្បាស់មួយមកពីសហរដ្ឋអាមេរិកថា ព្រំដែននៃការប្រឈមរបស់យើងជាមួយប្រទេសអ៊ីរ៉ង់ បានផ្លាស់ប្តូរយ៉ាងខ្លាំង។ និយាយឲ្យខ្លីទៅ សហរដ្ឋអាមេរិក បានបង្ហាញថា ខ្លួនលែងប្រុងប្រៀបធ្វើការអត់ធ្មត់ចំពោះការបង្កហេតុម្តងហើយម្តងទៀតពីប្រទេសអ៊ីរ៉ង់ទៀតហើយ»។
លោក Bill Roggioអ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯមូលនិធិការពារលទ្ធិប្រជាធិបតេយ្យដែលមានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់ VOA ថា «មានភាពប្រថុយប្រថានយ៉ាងខ្លាំង»។ លោក ហៅការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍ Soleimaniនោះថា «ជាការវាយប្រហារទ្រង់ទ្រាយធំបំផុត»ចាប់តាំងពីសហរដ្ឋអាមេរិក បានសម្លាប់ Osama bin Laden មេដឹកនាំក្រុមអាល់កៃដាមក។
លោកបាននិយាយទៀតថា «ឧត្តមសេនីយ៍ Soleimani និង Muhandis បានត្រូវគោរពយ៉ាងខ្លាំងដោយពួកកងជីវពលនិកាយស៊ា (Shia) អ៊ីរ៉ាក់។ ពួកគេនឹងចង់បានការបង្ហូរឈាមសងសឹក។ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ អាចមានលទ្ធភាពឬមានឆន្ទៈធ្វើអ្វីៗដើម្បីរារាំងបញ្ហានេះដែរឬទេ»។
សហរដ្ឋអាមេរិក មានកងទ័ពប្រហែល៥.០០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ហើយប្រហែល៥៥.០០០នាក់ទៀតនៅទូទាំងតំបន់មជ្ឈឹមបូព៌ា។ កងទ័ពអាមេរិកទាំងអស់នេះអាចជាទីដៅរបស់អ៊ីរ៉ង់។
លោក Aaron David Miller ជាអតីតអ្នកវិភាគនិងជាអ្នកចរចាខាងតំបន់មជ្ឈឹមបូព៌ានៅក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជូនសារតាម Twitter ថា «សំណួរសំខាន់គឺថាតើព្រឹត្តិការណ៍នេះ នឹងនាំឲ្យមានការប្រឈមមុខខាងយោធាឬដល់សង្គ្រាមយូរអង្វែងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ហើយនឹងអ៊ីរ៉ង់និងអ៊ីស្រាអែលដែរឬទេ។បញ្ហាទាំងនេះ នឹងកាន់តែអាក្រក់ឡើងៗ»។
ក្រុមមន្ត្រីអាមេរិក បានសម្តែងនូវការព្រួយបារម្ភជាច្រើនលើកច្រើនសារ អំពីសមត្ថភាពយោធារបស់អ៊ីរ៉ង់ ដោយបានព្រមានថាកងកម្លាំង រដ្ឋាភិបាលក្រុង Tehran អាចធ្វើការវាយប្រហារលើបុគ្គលិក និងទីតាំងនានានៅទូទាំងតំបន់មជ្ឈឹមបូព៌ា។
ការព្រួយបារម្ភខ្លះផ្តោតទៅលើបច្ចេកវិជ្ជាកាំជ្រួច Ballistic Missile និងអំណាចកងកម្លាំងជើងទឹករបស់អ៊ីរ៉ង់។ កាលពីខែកក្កដាកន្លងទៅនេះ អ៊ីរ៉ង់ថែមទាំងបានបង្អាក់ការបើកបរនាវា នៅក្នុងច្រកសមុទ្រ Hormuz ហើយបានរឹបអូសនាវាដឹកប្រេងមួយចំនួន។
ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរថា កងកម្លាំងដែលចំណុះឲ្យអ៊ីរ៉ង់ ឧទាហរណ៍ដូចជាក្រុមជីវពលដែលអ៊ីរ៉ង់ឧបត្ថម្ភនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរ៉ីជាដើម អាចធ្វើឲ្យមានការខូចខាតធ្ងន់ធ្ងរ។
លោក Philip Smyth ជាអ្នកវិភាគម្នាក់នៅវិទ្យាស្ថាន Washington សម្រាប់ការសិក្សាគោលនយោបាយតំបន់ក្បែរបូព៌ា។ លោកថ្លែងថា ក្រុមទាំងនោះជាការគំរាមកំហែងច្រើនជាង ហើយមានការរៀបចំល្អជាងក្រុម Sunni ណាៗទាំងអស់។ លោកបន្តទៀតថាក្រុមទាំងនេះធ្វើការមិនដូចគេដូចឯងទេ ឬដូចពួករដ្ឋអ៊ីស្លាមទេ។ ពួកនេះមានការរៀបចំល្អជាងឆ្ងាយណាស់។
ទោះជាមានគ្រោះថ្នាក់បែបនេះក៏ដោយ ក៏សមាជិកគណបក្សសាធារណរដ្ឋខ្លះ បានកោតសរសើរចំពោះការវាយប្រហាររបស់សរអា លើឧត្តមសេនីយ៍ Soleimani ដែរ។
លោកJames Inhofe ជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនិងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា។ លោកថ្លែងថា «លោកប្រធានាធិបតី Trumpបាននិយាយច្បាស់លាស់តាំងពីដើមមកហើយថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យអ៊ីរ៉ង់បង្ហូរឈាមអាមេរិកាំងទេ ហើយយប់នេះលោកបានចាត់វិធាន ការណ៍ តាមក្រោយសម្តីរបស់ លោក។
សមាជិកព្រឹទ្ធសភា Ben Sasse ដែលត្រូវជាសមាជិកម្នាក់នៃគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការស៊ើបការណ៍សម្ងាត់បានថ្លែងថា «លោកប្រធានាធិបតី បានធ្វើសេចក្តីសម្រេចយ៉ាងក្លាហាន និងត្រឹមត្រូវហើយពលរដ្ឋអាមេរិកាំង គួរតែមានមោទនភាព។ ឧត្តមសេនីយ៍ Soleimani ស្លាប់ដោយសារតែគាត់ជាមនុស្សអាក្រក់ដែលធ្វើឃាតជនជាតិអាមេរិកាំង។»
អតីតអនុប្រធានាធិបតី និងបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកJoe Biden មានការប្រុងប្រយ័ត្នជាង។ នៅក្នុងសារមួយលោកថ្លែងថា ស្របពេលដែលលោកទទួលស្គាល់ថាឧត្តមសេនីយ៍ Soleimani «សមនឹងត្រូវនាំខ្លួនមកកាត់ទោសចំពោះឧក្រិដ្ឋកម្មរបស់គាត់ប្រឆាំងនិងកងទ័ពសហរដ្ឋអាមេរិកនិងមនុស្សស្លូតត្រង់រាប់ពាន់នាក់នៅក្នុងតំបន់ក៏ដោយ» ក៏លោកប្រធានាធិបតី Trump ត្រូវតែពន្យល់ប្រាប់ពលរដ្ឋអាមេរិកាំង អំពីយុទ្ធសាស្ត្រនិងផែនការដើម្បីធ្វើឲ្យបុគ្គលិកយោធាអាមេរិក និង អ្នកការទូតព្រមទាំងសម្ពន្ធមិត្ត មានសុវត្ថិភាពទាំងក្នុងប្រទេសអាមេរិកទាំងនៅបរទេស។
លោក Biden បានថ្លែងថា «ខ្ញុំសង្ឃឹមថារដ្ឋបាលលោកTrump បានពិចារណាឲ្យបានដិតដល់អស់ហើយ អំពីផលប៉ះពាល់ផ្សេងៗ ដែលកើតចេញពីមាគ៌ាដែលពួកគេបានជ្រើសរើស។ ប៉ុន្តែខ្ញុំភ័យខ្លាចថារដ្ឋបាលនេះមិនបានបង្ហាញនូវវិន័យ ឬ ទស្សនវិស័យវែងឆ្ងាយណាមួយ ដែលត្រូវមាន ហើយស្ថានភាពពេលនេះអាចមានគ្រោះថ្នាក់ខ្លាំងបំផុត»។
ទោះជាកងកម្លាំងបដិវត្តន៍និងកងកម្លាំង Quds របស់អ៊ីរ៉ង់ជាផ្នែកមួយនៃកងយោធាអ៊ីរ៉ង់ក៏ដោយ ក៏ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចាត់ទុកពួកគេថាជាអង្គការភេរវកម្មបរទេស កាលពីខែមេសាឆ្នាំ២០១៩ ដោយសារតែចំណងទាក់ទងរបស់ពួកគេ ជាមួយបណ្តាក្រុមភេរវករនៅមជ្ឈមបូព៌ាដូចជាពួកHezbollah និងHamas ជាដើម។
សហរដ្ឋអាមេរិកថែមទាំងដាក់កំហុសលើកងកម្លាំងបដិវត្ត និង កងកម្លាំង Quds ចំពោះមរណ ភាពរបស់បុគ្គលិកយោធាអាមេរិកាំងជាង ៦រយនាក់ ក្នុងប្រទេសអ៊ីរ៉ាក់ រវាងឆ្នាំ២០០៣ ដល់ឆ្នាំ២០១១ ផងដែរ៕