ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​ជីវពល​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់បាន​ដក​ចេញ​ពី​បរិវេណស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋ​ធានីបាកដាដ


កងកម្លាំងអ៊ីរ៉ាក់ត្រូវបានដាក់ពង្រាយនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងបាកដាដ ​ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ទី០១ ខែកម្ពុជា ឆ្នាំ២០២០។
កងកម្លាំងអ៊ីរ៉ាក់ត្រូវបានដាក់ពង្រាយនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកនៅក្រុងបាកដាដ ​ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃពុធ ទី០១ ខែកម្ពុជា ឆ្នាំ២០២០។

កង​ជីវពល​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់បាន​ដក​ចេញ​ពី​បរិវេណស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​រដ្ឋ​ធានីបាកដាដ ហើយស្ថាន​ភាព​នៅឯ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ាក់មានភាព​ស្ងប់​ស្ងាត់ឡើង​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ បន្ទាប់​ពី​ក្រុម​កង​កម្លាំងដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់បាន​ចាក​ចេញ​ពី​តំបន់​នេះ។

​ការ​ដក​នេះ​បាន​បញ្ចប់ភាព​មិនចាញ់​មិន​ឈ្នះ​អស់​រយៈ​ពេល​ជិត​២ថ្ងៃ ដែល​បាន​ចាប់​ផ្តើម​ដោយ​កងជីវពល​និងពួក​អ្នកគាំទ្រ​របស់​ពួកគេ​បាន​វាយ​ប្រ​ហារបរិវេណ​ស្ថាន​ទូត ​បំផ្លាញ​តំបន់​ទីកន្លែង​ទទួល​ភ្ញៀវ ដុត​បញ្ឆេះជា​ច្រើន​កន្លែង ហើយ​គូសវាស​នៅពេល​ដែល​ពួកគេតវ៉ាប្រឆាំង​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​ទៅលើ​ក្រុម​កង​ជីវពល​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់។

ការវាយ​ប្រហារ​ទាំង​នេះ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ីរី​ប្រឆាំង​នឹង​ក្រុម Kataeb Hezbollah ដើម្បីឆ្លើយតប​ទៅ​នឹងការ​សម្លាប់​អ្នក​ធ្វើ​ការ​ជាប់​កិច្ច​សន្យា​ជាតិ​អាមេរិកាំង​ម្នាក់នៅ​ក្នុងការវាយ​ប្រហារ​ដោយ​គ្រាប់​រ៉ូកែត។

​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ​បាន​ចោទ​ប្រកាន់​មេ​ដឹក​នាំ​ក្រុម Kataeb Hezbollah និងមេដឹកនាំ​ផ្សេង​ៗ​ទៀត ​ដែល​លោក​រដ្ឋ​មន្រ្តីការ​បរ ទេស​បាន​ហៅ​ថា ​«ជា​ពួកភេរវជន» ​ដែល​បាន​រៀប​ចំ​ការ​វាយ​ប្រហារស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​បាកដាដ។

កិច្ចប្រតិបត្តិការ​របស់​ស្ថាន​កុងស៊ុល​បាន​ត្រូវ​ផ្អាក​ហើយ​ក្រសួង​ការបរទេស​ស​ហរដ្ឋ​អាមេរិកបាន​ព្រមាន​ពលរដ្ឋ​អាមេរិក​ឲ្យ​ស្ថិត​នៅ​ឲ្យ​ឆ្ងាយ​ពី​ទី​កន្លែង​នោះ។

​លោក Brian Hook តំណាង​ពិសេស​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​អ៊ីរ៉ង់បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍ខ្សែកាប CNN ​កាល​ពី​ថ្ងៃ​ពុធថា «​អ្នក​ការទូត​របស់​យើង​មាន​សុវត្ថិ​ភាព​ហើយ​ស្ថាន​ទូត​របស់​យើង​ក៏មាន​សុវត្ថិភាព​ដែរ»។

​ទោះ​ជា​យ៉ាង​ណាក៏ដោយ ​មន្ទីរ​បញ្ចកោណកំពុង​បញ្ជូនកងទ័ព​បន្ថែម ​៧៥០ នាក់​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា​នៅ​ក្នុង​អ្វី​ដែល​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Mark Esper ហៅ​ថា «ជា​ចំណាត់​ការ​សមស្រប​និងការ​ប្រុង​ប្រយ័ត្ន»។

រដ្ឋ​មន្រ្តីការបរទេសអាមេរិក​លោក Pompeo ​បាន​ពន្យារ​ពេល​ដំណើរ​ទស្ស​នកិច្ច​ទៅ​កាន់​ប្រទេស​៥​នៅ​តំបន់​អឺរ៉ុប​និង​អាស៊ី​កណ្តាល ​ដែល​ត្រូវចាប់​ផ្តើម​នៅ​ថ្ងៃ​សុក្រ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG