ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​តវ៉ា​នៅ​អ៊ីរ៉ាក់​ថ្កោល​ទោស​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក


ក្រុម​ទាហាន​អ៊ីរ៉ាក់​ដែល​គាំទ្រ​ពួក Hashd al-Shaabi នៅ​ប្រទេស​អ៊ីរ៉ង់ ដាក់ទង់​ជាតិ​នៅ​លើ​របា​លួស​បន្លា​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក កាល​ពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៩ នៅពេល​មាន​បាតុកម្ម​ដោយ​ខឹង​សម្បា។
ក្រុម​ទាហាន​អ៊ីរ៉ាក់​ដែល​គាំទ្រ​ពួក Hashd al-Shaabi នៅ​ប្រទេស​អ៊ីរ៉ង់ ដាក់ទង់​ជាតិ​នៅ​លើ​របា​លួស​បន្លា​នៅ​ខាង​ក្រៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក កាល​ពី​ថ្ងៃ​ទី​៣១ ធ្នូ ២០១៩ នៅពេល​មាន​បាតុកម្ម​ដោយ​ខឹង​សម្បា។

នៅ​ថ្ងៃ​អង្គារ​នេះ កង​កម្លាំង​សន្តិសុខ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ទីក្រុង​បាដាដ ប្រទេស​អ៊ីរ៉ាក់ បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដាក់​ក្រុម​អ្នក​តវ៉ា​ដែល​បាន​បំបែក​ខ្លោង​ទ្វារ​ធំ​របស់​ស្ថានទូត នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​លើ​គោលដៅ​របស់​ពួក​កង​ជីវពល​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​ស៊ីរី។

អ្នក​តវ៉ា​មួយ​ចំនួន​ក្នុង​ចំណោម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​ដុត​ភ្លើង ​គប់​ដុំ​ថ្ម និង​គ្រវី​ទង់​ជាតិ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ក្រុម​កង​ជីវពល​ទាំង​នោះ។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា និង​ការ​រិះ​គន់​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ាក់​កំពូលៗ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ការពារ​សកម្មភាព​របស់​ខ្លួន និង​បាន​ព្រមាន​ថា ខ្លួន​អាច​នឹង​ធ្វើ​ការ​វាយ​ប្រហារ​ម្ដង​ទៀត។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ដោយ​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ ជា​ការ​ការពារ​ខ្លួន យ៉ាង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ៊ីរ៉ង់​រួច​ខ្លួន​នោះ​ទេ ដោយសារ​អ៊ីរ៉ង់​បាន​ប្រើ​កម្លាំង​ដែល​ជា​តំណាង​របស់​ខ្លួន​ដើម្បី​វាយ​ប្រហារ​លើ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក»។

ការ​វាយ​ប្រហារ​តាម​អាកាស​របស់​សហរដ្ឋ​អាមេរិក​លើ​កន្លែង​ស្តុក​អាវុធ និង​ទីតាំង​បញ្ជា​និង​គ្រប់គ្រង​របស់​ក្រុម Kataeb Hezbollah ​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ាក់ និង​ភាគ​ខាង​កើត​ប្រទេស​ស៊ីរី​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច ២៥ នាក់​ស្លាប់​បាត់បង់​ជីវិត និង​រាប់​សិប​នាក់​ផ្សេង​ទៀត​រង​របួស។

មន្ត្រី​អាមេរិកាំង​បាន​និយាយ​ថា ការ​វាយ​ប្រហារ​តាម​អាកាស​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុកកែត​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​លើ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​នៅ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់ ដែល​បាន​ធ្វើ​ឲ្យ​បុគ្គលិក​ក្រុមហ៊ុន​ដែល​មាន​កុងត្រា​ជាមួយ​នឹង​ក្រសួង​ការពារ​ប្រទេស​អាមេរិក​ម្នាក់​ស្លាប់​បាត់បង់​ជីវិត។ មន្ត្រី​ទាំង​នោះ​អះអាង​ថា ភស្តុតាង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្រុម Kataeb Hezbollah គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ។

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក ​Adel Abdul Mahdi ​បាន​ថ្កោលទោស​ការ​វាយ​ប្រហារ​នេះ ដោយ​បាន​ព្រមាន​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ទង្វើ​របស់​សហរដ្ឋ​អាមេរិក​នេះ​គឺ​មិន​អាច​ទទួល​យក​បាន ហើយ «នឹង​មាន​ផល​វិបាក​ដ៏​គ្រោះថ្នាក់» ជា​មិន​ខាន៕

XS
SM
MD
LG