សហរដ្ឋអាមេរិកបានត្រៀមចាត់វិធានការយោធាជាមុនដើម្បីបង្ការការវាយប្រហារលើកងទ័ពអាមេរិកនាពេលអនាគត ខណៈក្រសួងការពារជាតិនៅតែសង្កេតឃើញថា អ៊ីរ៉ង់និងកងជីវពលគាំទ្រដោយអ៊ីរ៉ង់អាចនឹងគ្រោងធ្វើការវាយប្រហារបន្ថែមទៀតលើកងកម្លាំងអាមេរិកនៅមជ្ឈឹមបូព៌ា។ នេះបើយោងតាមលោក Mark Esper រដ្ឋមន្ត្រីការពារជាតិស.រ.អា.ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។
លោក Esper បាននិយាយថា «យុទ្ធសាស្ត្របានផ្លាស់ប្តូរ ហើយយើងបានត្រៀមធ្វើអ្វីដែលចាំបាច់ដើម្បីការពារបុគ្គលិកនិងផលប្រយោជន៍និងដៃគូរបស់យើងនៅក្នុងតំបន់»។
ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានធ្វើការវាយប្រហារប្រហែល១២ករណីទៅលើមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់ដែលជាកន្លែងកងទ័ពអាមេរិកនិងកងទ័ពអន្តរជាតិក្នុងខែវិច្ឆិកានិងខែធ្នូ ក្នុងនោះការវាយប្រហារមួយត្រូវគេចោទថា ជាស្នាដៃរបស់ក្រុម Kataeb Hezbollah នៅតំបន់ Kirkuk ដែលបានសម្លាប់អ្នកម៉ៅការអាមេរិកម្នាក់និងធ្វើឲ្យទាហានអាមេរិកនិងអ៊ីរ៉ាក់ជាច្រើននាក់រងរបួស។
ការវាយប្រហារតាមអាកាសរបស់អាមេរិក នាពេលថ្មីៗនេះលើក្រុម Kataeb Hezbollah បាននាំឲ្យមានការប្រឈមមុខគ្នារយៈពេល២ថ្ងៃនៅឯស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាដ។
ជីវពល និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានវាយប្រហារស្ថានទូតអាមេរិកកាលពីថ្ងៃអង្គារដោយបានបំផ្លាញកន្លែងទទួលភ្ញៀវ ដោយដុតភ្លើងជាច្រើននិងសរសេរ គូររូបប្រឆាំងការវាយប្រហារតាមអាកាសនោះ។ស្ថានការណ៍មានសភាពស្ងប់ស្ងាត់នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលក្រុមយោធាប៉ារ៉ាមដែលគាំទ្រដោយអ៊ីរ៉ង់បានចាកចេញពីតំបន់នោះ។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានចោទប្រកាន់មេដឹកនាំរបស់ក្រុម Kataeb Hezbollah និងអ្នកផ្សេងទៀតដែលលោកហៅថាជា«ភេរវករ» ពីព្រោះពួកគេជាអ្នកបំផុសការវាយលុកស្ថានទូតអាមេរិកនៅក្រុងបាកដាដ។
ប្រតិបត្តិការស្ថានកុងស៊ុលត្រូវផ្អាកហើយក្រសួងការបរទេសបានព្រមានពលរដ្ឋអាមេរិកឱ្យនៅឲ្យឆ្ងាយពីកន្លែងនោះ។ លោក Brian Hook អ្នកតំណាងពិសេសរបស់អាមេរិកអំពីបញ្ហាអ៊ីរ៉ង់បានប្រាប់ទូរទស្សន៍ CNN នៅថ្ងៃពុធថា «អ្នកការទូតរបស់យើងមានសុវត្ថិភាព ហើយស្ថានទូតក៏អ៊ីចឹងដែរ»៕