ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump គំរាម​អ៊ីរ៉ង់ ប៉ុន្តែ​ថា​សង្គ្រាម​នឹង​មិន​កើត​ឡើង​ទេ បន្ទាប់ពី​មាន​ការ​វាយ​ប្រហារ​លើ​ស្ថានទូត​អាមេរិក​នៅ​អ៊ីរ៉ាក់


ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅរមណីយដ្ឋាន Mar-a-Lago នៅក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅរមណីយដ្ឋាន Mar-a-Lago នៅក្រុង Palm Beach រដ្ឋ Florida កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ពុធ​នេះ កង​កម្លាំង​សន្តិសុខ​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​បាដាដ ប្រទេស​អ៊ីរ៉ាក់​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដើម្បី​បំបែក​ក្រុម​អ្នក​តវ៉ា​ដែល​ដឹកនាំ​ដោយ​ក្រុម​កង​ជីវពល​ដែល​មាន​ទំនោរ​រក​ប្រទេស​អ៊ីរ៉ង់ នៅ​ពេល​ដែល​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ទី​ពីរ​នៅ​បរិវេណ​ស្ថានទូត។

អ្នក​តវ៉ា​ខ្លះ​បាន​បោះ​តង់​ដេក​នៅ​ខាង​ក្រៅ​ស្ថានទូត​កាល​ពី​យប់​មិញ បន្ទាប់ពី​ក្រុម​អ្នក​តវ៉ា​យ៉ាង​ច្រើន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​បំបែក​ចូល​បរិវេណ​ស្ថានទូត និង​បាន​ដុត​ភ្លើង​ជា​ច្រើន​កន្លែង​មក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ប្រទេស​អ៊ីរ៉ង់​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត ឬ​ក៏​រង​របួស​ណា​មួយ​ដែល​កើត​ឡើង​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នេះ។

លោក Trump បាន​សរសេរ​សារ​នៅ​លើ Twitter ដូច្នេះ​ថា៖ «ពួកគេ​នឹង​ទទួល​ផល​វិបាក​យ៉ាង​ខ្លាំង​ជា​មិន​ខាន។ នេះ​មិន​មែន​ជា​ការ​ព្រមាន​ទេ វា​គឺ​ជា​ការ​គំរាម»។

ដោយ​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ លោក Trump បាន​បញ្ជាក់​ថា លោក​គិត​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​មាន​សង្គ្រាម​ជាមួយ​នឹង​អ៊ីរ៉ង់​នោះ​ទេ។

មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​ថ្កោលទោស​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី នៅ​ក្នុង​សារ​លើ Twitter របស់​លោក​នៅ​ថ្ងៃ​ពុធ​នេះ និង​បាន​ឆ្លើយតប​ដោយ​ផ្ទាល់​ចំពោះ​ការ​គំរាម​របស់​លោក Trump ដោយ​និយាយ​ថា «អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ»។

លោក Khamenei សរសេរ​ដូច្នេះ​ថា៖ «ប្រសិនបើ​លោក​មាន​ហេតុ​ផល លោក​នឹង​យល់​ថា​អំពើ​ឧក្រិដ្ឋ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ប្រទេស​អាហ្វហ្គានីស្ថាន​ជា​ដើម បាន​ធ្វើ​ឲ្យ​ប្រទេស​នានា​ស្អប់​សហរដ្ឋ​អាមេរិក»៕

XS
SM
MD
LG