អ្នកគ្រប់គ្រងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាអះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងរ៉ាប់រងលើប្រតិបត្តិការរបស់ខ្លួន នៅពេលសហរដ្ឋអាមេរិកបញ្ជប់ជំនួយ។ ស្របពេលជាមួយគ្នានេះ ក្រសួងការបរទេសកម្ពុជាបានស្នើឲ្យអង្គការហាមឃាត់អាវុធគីមីមកពិនិត្យផ្ទៀងផ្ទាត់កាកសំណល់មួយចំនួន ដែលសង្ស័យថា ជាអាវុធគីមីនៅក្នុងទីតាំងជាច្រើននៃប្រទេសកម្ពុជា។ ទោះយ៉ាងណាក៏ដោយ ស្ថានទូតសហរដ្ឋអាមេរិកស្វាគមន៍អ្នកជំនាញនៃអង្គការហាមឃាត់អាវុធគីមី ហើយថា ខ្លួននឹងនៅតែបន្តការជួយដល់កម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា នាថ្ងៃអង្គារនេះបានថ្លែងថា ខ្លួននឹងផ្តល់ជំនួយសម្រាប់បោសសម្អាតគ្រាប់មិនទាន់ផ្ទុះមានប្រភពពីសហរដ្ឋអាមេរិក ដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងបន្ទាប់ពីកម្មវិធីជំនួយបច្ចុប្បន្នដល់ CMAC នឹងបញ្ចប់ទៅនៅខែធ្នូខាងមុខនេះ។
ការប្រកាសរបស់ស្ថានទូតសហរដ្ឋអាមេរិកធ្វើឡើង ក្រោយពីមន្ត្រីមួយរូបនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ VOA កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងលែងផ្តល់ជំនួយសម្រាប់ប្រតិបត្តិការដោះមីននៅកម្ពុជាទៅឱ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) នៅឆ្នាំក្រោយនេះ។
តាមសារឆ្លើយតបតាមអេឡិចត្រូនិក ឬ Email របស់ស្ថានទូតសហរដ្ឋអាមេរិកចំពោះសំណួររបស់ VOA ទាក់ទិនការកាត់ផ្តាច់ជំនួយដល់មជ្ឈមណ្ឌល CMAC នោះ លោក David Josar អ្នកនាំពាក្យរងរបស់ស្ថានទូត បានបញ្ជាក់ឲ្យដឹងថា សហរដ្ឋអាមេរិកនៅបន្តប្តេជ្ញាយ៉ាងខ្លាំងក្លាចំពោះភាពជាដៃគូរបស់អាមេរិកជាមួយប្រជាជនកម្ពុជា នៅក្នុងការគាំទ្រគោលដៅរបស់ប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យប្រទេសពួកគេ រួចផុតពីផលប៉ះពាល់នៃគ្រាប់មីននៅត្រឹម ២០២៥ ក៏ដូចជាសម្រេចឲ្យបានគោលដៅរួមគ្នារបស់អាមេរិកនៃការសម្អាតគ្រាប់មិនទាន់ផ្ទុះដែលមានប្រភពចេញពីសហរដ្ឋអាមេរិក។
ទាក់ទិននឹងការផ្តល់ជំនួយសម្រាប់ការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះក្នុងឆ្នាំ ២០១៨ លោក David បានសរសេរក្នុងសារអេឡិចត្រូនិក ដោយមានខ្លឹមសារដើមថា៖
«យើងនឹងប្រើធនធាននៅឆ្នាំ២០១៨សម្រាប់ដំណើរការកម្មវិធីដោះគ្រាប់ជាលក្ខណៈសាកលមួយ ដោយសំដៅលើប្រភេទគ្រាប់មិនទាន់ផ្ទុះមានប្រភពពីសហរដ្ឋអាមេរិក នៅក្នុងភាគខាងកើតប្រទេសកម្ពុជា។ អ្នកជំនាញគ្រាប់មិនទាន់ផ្ទុះជាច្រើនបានស្នើថា សហរដ្ឋអាមេរិកត្រូវផ្តោតការយកចិត្តទុកដាក់ឲ្យបានច្រើននៅក្នុងការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះប្រភេទនេះ បន្ថែមលើការគាំទ្ររបស់ពួកយើងសម្រាប់បោសសម្អាតគ្រាប់មិនទាន់ផ្ទុះជាច្រើនទៀតដែលជារបស់ចិន វៀតណាម និងសូវៀត ក្នុងទឹកដីភាគខាងលិចប្រទេសកម្ពុជា។ យើងជឿជាក់ថា កម្មវិធីនេះនឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះសំណើនេះ»។
លោកបានបញ្ជាក់ឲ្យដឹងតាមសារអេឡិចត្រូនិក Email បន្តទៀតដោយមានខ្លឹមសារដើមថា៖
«កម្មវិធីបច្ចុប្បន្នរបស់ពួកយើងនឹងបញ្ចប់ទៅនៅក្នុងខែធ្នូ ឆ្នាំ២០១៧ ហើយយើងមានបំណងផ្តល់ជំនួយសម្រាប់កិច្ចប្រឹងប្រែងនេះតាមគោលការណ៍ប្រកួតប្រជែង។ សំណើមួយនៃគម្រោងនានា ដែលយើងនឹងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលកម្ពុជា នឹងត្រូវបញ្ចេញឲ្យដឹងនៅក្នុងខែនេះ»។
មន្ត្រីនាំពាក្យរងរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជានេះបានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ន អាមេរិកបានចំណាយជាង១៣១លានដុល្លារអាមេរិកទៅលើការដោះស្រាយសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ លោក David Josar បានបន្តថា កិច្ចការងារនេះជាការជួយជ្រោមជ្រែងដែលមានអាទិភាពជាងគេរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ហើយជំនួយនេះនឹងបន្តឆ្លុះបញ្ចាំងពីសារៈសំខាន់នៃអ្វីដែលអាមេរិកបានធ្វើលើការងារនេះ។
ការកាត់ផ្តាច់ជំនួយរបស់អាមេរិកមកមជ្ឈមណ្ឌល CMAC នេះធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឌឺដងដល់សហរដ្ឋអាមេរិកទាក់ទិននឹងកាកសំណល់សង្គ្រាមវៀតណាមជាង៤០ឆ្នាំមុន។
លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទសវត្សរ៍មកនោះ ក៏បានបញ្ជាឱ្យប្រើថវិការដ្ឋាភិបាលផ្ទាល់ដើម្បីដោះគ្រាប់បែកគីមីពីរគ្រាប់ក្នុងខេត្តស្វាយរៀង ដែលបន្សល់ ឬទុកពីសង្គ្រាមវៀតណាម។ លោកក៏បានដាក់បញ្ជាឱ្យមន្ត្រីរបស់ខ្លួនអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា គឺលោក William Heidt ទៅមើលគ្រាប់បែកគីមីមួយគ្រាប់របស់អាមេរិកទម្លាក់ក្នុងសង្រ្គាមវៀតណាម ហើយដែលបានបន្សល់ទុកនៅខេត្តស្វាយរៀង។ លោក ហ៊ុន សែន អះអាងថា គ្រាប់បែកនេះកំពុងបង្កការភ័យខ្លាច និងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋក្នុងតំបន់នោះ។
លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ជំនួយរបស់សហរដ្ឋអាមេរិកផ្តល់តាមអង្គការមួយមកឲ្យមជ្ឈមណ្ឌលស៊ីម៉ាក់នឹងត្រូវលុបចោល។ លោកបានបញ្ជាក់ឲ្យដឹងថាគម្រោងជំនួយ នាពេលបច្ចុប្បន្ននេះ ត្រូវបានពន្យារពេលពីរខែទៀត ពោលគឺម្រោងនេះនឹងបញ្ចប់នៅដំណាច់ខែធ្នូឆ្នាំ ២០១៧។
នៅមុនការទទួលបានដំណឹងផ្លូវការអំពីការកាត់ផ្តាច់ជំនួយនេះ លោក ហេង រតនាបានលើកឡើងកាលពីថ្ងៃសុក្រថា ការកាត់ផ្តាច់ជំនួយនេះនឹងប៉ះពាល់ដល់ផ្នែកខ្លះនៃប្រតិបត្តិការការងាររបស់ CMAC ហើយថា ការកាត់ផ្តាច់ជំនួយនេះ គឺជាការគំរាមកំហែងមួយ។
លោក ហេង រតនា បញ្ជាក់យ៉ាងដូច្នេះ៖
«ជួបការលំបាកខ្លះដែរ តែយើងនឹងមិនដកដង្ហើមតាមគាត់ទាំងអស់ទេ។ បើគាត់យល់ថា អីចឹង យើងយល់ថា ជាដៃគូ សហប្រតិបត្តិការជាមួយគ្នា។ បញ្ហាផ្តាច់ជំនួយណាមួយ ខ្ញុំយល់ថា គ្រាន់តែជាការគំរាមកំហែងដើម្បីកុំឲ្យយើងមាត់កចំពោះអាវុធគីមីដ៏កាចសាវហាវរបស់គាត់ប៉ុណ្ណោះ»។
មេដឹកនាំមជ្ឈមណ្ឌល CMAC បានថ្លែងបន្តកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលកម្ពុជានឹងពុះពារជួយដល់ CMAC ក្នុងកិច្ចការដោះមីន និងបោសសម្អាតកាកសំណល់សល់ពីសង្គ្រាម និងគ្រាប់មិនទាន់ផ្ទុះនានា ជាពិសេសសំណល់សល់ពីអាមេរិក។
«ខ្ញុំគិតថា ប្រហែលជារាជរដ្ឋាភិបាលមិនទុកឲ្យប្រជាជនកម្ពុជាបន្តស្លាប់ដោយគ្រាប់អាមេរិក ហើយដោយសារអត់លុយអាមេរិក ប្រជាជនកម្ពុជាត្រូវតែបន្តស្លាប់ដោយគ្រាប់បែកអាមេរិកទេ។ យើងនឹងប្រឹងប្រែងដោះស្រាយ»។
នៅថ្ងៃអង្គារនេះ លោក ហេង រតនា បានបញ្ជាក់ប្រាប់ VOA ឲ្យដឹងបន្ថែមថា ការកាត់ផ្តាច់ជំនួយពីអង្គការក្រៅរដ្ឋាភិបាលដែលជាដៃគូរបស់អាមេរិកនឹងបង្កផលប៉ះពាល់ដល់អ្នកដោះមីនប្រហែល២៥០នាក់ និងអ្នកជំនាញខាងទិន្នន័យផ្សេងទៀត។ យ៉ាងណាមិញ លោកថា លោកនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានយល់ព្រមនឹងជួយរក្សាប្រតិបត្តិការរបស់ស៊ីម៉ាក់។
ក្នុងសង្រ្គាមវោហារសាស្ត្ររបស់លោក ហ៊ុន សែន ជាមួយអាមេរិក លោក ហ៊ុន សែនដែលជាអតីតកម្មាភិបាលខ្មែរក្រហម ក៏បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា គិតគូរលើបញ្ហាគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀង ក៏ដូចជាគ្រាប់បែកផ្សេងទៀតរបស់អាមេរិកដែលមានទម្ងន់ជិត៣លានតោន កំពុងកប់ក្នុងដីកម្ពុជា ដោយមិនត្រូវគិតតែពីបំណុលដែលកម្ពុជាជំពាក់ និងគិតតែពីការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួននៅកម្ពុជាក្នុងសង្គ្រាមអាមេរិក-វៀតណាមនោះទេ។
លោក Aksel Steen Nilson នាយកអង្គការជំនួយរបស់ប្រជាជនណ័រវេ (Norwegian People's Aid) ប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ VOA នៅថ្ងៃអង្គារនេះថា គម្រោងជំនួយរបស់អាមេរិកសម្រាប់ផ្តល់ដល់កម្មវិធីកម្ចាត់គ្រាប់មីននៃមជ្ឈមណ្ឌលស៊ីម៉ាក់នឹងមិនត្រូវបន្តទៀតទេ។ លោកបានថ្លែងបន្ថែមថា សហរដ្ឋអាមេរិកបានផ្តល់ការពន្យល់ថា ខ្លួននឹងពិចារណាលើគម្រោងជំនួយថ្មីជាមួយអង្គការស៊ីម៉ាក់។ យ៉ាងណាក៏ដោយ លោកមិនអាចបញ្ជាក់បន្ថែមពីហេតុផលនៃការកាត់ផ្តាច់ជំនួយនេះទេ។
លោក Aksel Steen Nilson បានបញ្ជាក់ប្រាប់ VOAថា៖
«ខ្ញុំមើលមិនឃើញគោលបំណងជាក់លាក់ណាមួយ ដែលពាក់ព័ន្ធនឹងរឿងនេះទេ ដោយសារតែវាជាការបញ្ចប់នៃដំណើរវិលចុះឡើងនៃការផ្តល់ជំនួយ ហើយជាការណ៍ពិតវាស្រេចតែទៅលើអ្នកផ្តល់ជំនួយ ប្រសិនបើមានប្រាក់ឧបត្ថម្ភ ឬចំណាប់អារម្មណ៍ដើម្បីបន្ត ឬក៏ឈប់នោះ»។
កាលពីជាង៤០ឆ្នាំមុន ផ្នែកខ្លះនៃទឹកដីកម្ពុជាបានរងការទម្លាក់គ្រាប់ដោយសហរដ្ឋអាមេរិក នៅគ្រាដែលសហរដ្ឋអាមេរិកបានធ្វើសង្គ្រាមជាមួយវៀតណាម ប្រឆាំងនឹងរដ្ឋាភិបាលក្រុងហាណូយ។ សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកជាច្រើនតាមយន្តហោះចម្បាំងរបស់ខ្លួន ដោយបានឆ្លងចូលមកទឹកដីកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា គឺលោក William Heidt ធ្លាប់បានបញ្ជាក់កន្លងទៅថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយថវិកាជាង១៦០លានដុល្លារ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅនេះ សម្រាប់គម្រោងបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ក្រៅពីនេះ រដ្ឋាភិបាលអាមេរិកក៏បានផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា ដោយផ្តោតលើវិស័យយោធា ពាណិជ្ជកម្ម កសិកម្ម សេដ្ឋកិច្ច និងអប់រំជាដើម។
ក្នុងនោះដែរ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាថវិកាប្រមាណ២លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដល់ CMAC ដើមទ្រទ្រង់សកម្មភាពដោះមីននៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា នាយកមជ្ឈមណ្ឌលស៊ីម៉ាក់។
ក្រៅពីនេះ លោកនិយាយថា CMAC ទទួលបានទាំងសម្ភារៈ និងថវិកាជារួមពីប្រទេសម្ចាស់ជំនួយ ប្រមាណជា២០លានដុល្លារ ទៅ៣០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ប្រទេសម្ចាស់ជំនួយទាំងនោះ រួមមាន អូស្រ្តាលី ស្វីស កាណាដា ជប៉ុន ណ័រវេ ស៊ុយអែត និងអាល្លឺម៉ងជាដើម។ លោកនិយាយថា កម្មវិធីអភិវឌ្ឍន៍របស់អ.ស.ប. (UNDP) ក៏ជាអ្នកផ្តល់ថវិកាដល់កិច្ចប្រតិបត្តិការរបស់ CMAC នៅកម្ពុជាផងដែរ។
លោក សុខ ឥសាន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា ការបញ្ចប់ជំនួយរបស់សហរដ្ឋអាមេរិកនេះបង្ហាញពីសញ្ញាណអវិជ្ជមាននៃទំនាក់ទំនងការទូតកម្ពុជាអាមេរិក និងជាការរាំងស្ទះដល់ដំណើរការកម្ចាត់ចោលកាកសំណល់សល់ពីសង្គ្រាមរាប់សិបឆ្នាំមកនេះ។
លោកសុខ ឥសាន បានប្រាប់ VOA យ៉ាងដូច្នេះ៖
«ខ្ញុំយល់ថា វាជាចំណែកមួយដែលធ្វើឲ្យរាំងស្ទះដល់ការស្រាវជ្រាវ និងរុករកគ្រាប់បែកមិនទាន់ផ្ទុះ ឬអាវុធយុទ្ធភ័ណ្ឌផ្សេងៗ ដែលពាក់ព័ន្ធតាំងពីសម័យសង្គ្រាមមក ហើយដែលវាធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត កាយសម្បទាររបស់ប្រជាពលរដ្ឋនៅជនបទ នៅតំបន់ព្រៃភ្នំ ក្រោមថ្មដែលទៅរុករកអនុផលព្រៃឈើ អីផ្សេងៗហ្នឹង ជួបប្រទះនូវការរងគ្រោះដល់កាយសម្បទាក៏ដូចជាអាយុជីវិតហ្នឹងជាបន្តបន្ទាប់ហូរហែមក»។
ទាក់ទិននឹងបញ្ហាបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ជាពិសេសគឺគ្រាប់បែកគីមី ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសថា គ្រាប់ប្រភេទនេះមានវត្តមាននៅខេត្តស្វាយរៀង នោះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាគឺលោកប្រាក់ សុខុនបានផ្ញើលិខិតមួយច្បាប់ ប្រាប់លោក Ahmet Uzumcu អគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមី មានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ថា កម្ពុជាបានរកឃើញអាវុធគីមី ដែលតម្រូវឲ្យមានការពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧។
មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈនៃអង្គការហាមឃាត់អាវុធគីមីបានបញ្ជាក់ប្រាប់ VOA នៅថ្ងៃអង្គារនេះថា អង្គការហាមឃាត់អាវុធគីមីបានទទួលសំណើពីរដ្ឋាភិបាលកម្ពុជា។ មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈដដែលបញ្ជាក់ថា អង្គការហាមឃាត់អាវុធគីមីកំពុងធ្វើការលើសំណើនេះ តែមិនបានផ្តល់ការពន្យល់បន្ថែមលម្អិតនោះទេ។
ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ Email ថា ខ្លួនបានដឹងអំពីលិខិតរបស់លោក ប្រាក់ សុខុន។
លោក David មន្ត្រីនាំពាក្យរងស្ថានទូតអាមេរិកបានសរសេរក្នុងសារអេឡិចត្រូវនិក ឬ Email ដោយមានខ្លឹមសារដើមថា៖
«យើងបានដឹងអំពីលិខិតផ្ញើទៅអង្គការហាមឃាត់អាវុធគីមី ហើយយើងស្វាគមន៍អ្នកជំនាញការរបស់ពួកគេ»។
លោកបានបន្ថែមថា កាលពីពេលមុនគឺនៅឆ្នាំ២០១២ មន្ត្រីអង្គការហាមឃាត់អាវុធគីមីបានស្ថិតក្នុងប្រទេសកម្ពុជា និងបានបញ្ជាក់ពីវត្តមាននៃគ្រាប់បែកផ្សែងប្រភេទ CS-2។ សហរដ្ឋអាមេរិក បន្ទាប់មកបានផ្តល់ការបណ្តុះបណ្តាលបីដងដល់មន្ត្រីរដ្ឋាភិបាលកម្ពុជាថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីដោះគ្រាប់បែកទាំងនេះដោយសុវត្ថិភាព៕