ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រាប់បែក​ចង្កោម​ដែលជាចំណងដៃ​សង្គ្រាម​នៅតែ​មាន​ផលប៉ះពាល់


បុគ្គលិកនៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីនកម្ពុជា​ កាលពី​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ២០១៦​ បង្ហាញ​ពីទីតាំង​ដែលគ្រាប់​បែក​ចង្កោម​ត្រូវបាន​កម្ទេច​ នៅ​ឃុំ​ជីរោពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូង​ឃ្មុំ។​ (ហ៊ុល រស្មី/VOA)

កាលពី​ជាង​៤០​ឆ្នាំ​មុន​ ​ផ្នែក​ខ្លះ​នៃ​ទឹកដី​​កម្ពុជា ​​បាន​រង​ការ​ទម្លាក់​គ្រាប់​​ដោយ​​សហ​រដ្ឋ​អាមេរិក​ នៅគ្រា​ដែល​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​​​សង្គ្រាម​ជា​មួយ​​វៀតណាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ។

ស្រប​ពេល​ដែលរាជ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​សម្រេច​ចិត្ត​ចុះ​ហត្ថ​លេខា​លើ​អនុ​សញ្ញា​ស្តីពីការ​លុប​បំបាត់​គ្រាប់​បែក​ចង្កោម​ ប្រជា​រាស្ត្រ​ខ្មែរ​ដែល​រង​គ្រោះ​ដោយការ​ទម្លាក់​គ្រាប់បែក​ដ៏​មហន្តរាយ​នេះ​ បាន​ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ឈប់ទាស់​ទែង​គ្នា​ដែល​អាច​កើត​ជា​សង្គ្រាម និង​សុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​ហត្ថ​លេខា​លើ​អនុ​សញ្ញា​ដែល​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៨​មក​នោះ។​

កាលពី​ជាង​៤០​ឆ្នាំ​មុន​ ​ផ្នែក​ខ្លះ​នៃ​ទឹកដីកម្ពុជា បាន​រង​ការ​ទម្លាក់​គ្រាប់ដោយសហ​រដ្ឋ​អាមេរិក​ នៅគ្រា​ដែល​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​សង្គ្រាម​ជា​មួយវៀតណាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ហាណូយ។​ សហ​រដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់​បែក​ជាច្រើន​ ក្នុង​នោះ​មាន​ការ​ទម្លាក់​គ្រាប់បែក​ចង្កោម​ជាមួយ​និង​គ្រាប់​បែក​ B-52 ​តាម​យន្តហោះ​ចម្បាំង​របស់​ខ្លួន។​ ការ​ទម្លាក់​គ្រាប់​បែក​នេះ​ ក៏​បាន​ឆ្លង​ចូល​មក​ទឹកដី​កម្ពុជា​ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេសវៀតណាម។​

លោក​អ៊ុំម៉ៅ ថា​ វ័យ​៦០​ ជា​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ ដែល​បាន​បាត់​បង់​ជើង​ខាង​ស្តាំ​ដោយ​សារ​ការ​ទម្លាក់​គ្រាប់បែក​ចង្កោម បាន​ប្រាប់​ VOA ​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា នៅ​ក្នុង​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធភាព​ពល​កម្ម​កាយ​សម្បទា​ខេត្ត​កំពង់ចាម​ថា​ លោក​អ៊ុំ​ពុំ​បាន​ដឹង​ខ្លួន​ជាមុន​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​នោះទេ ​នៅ​ក្រោយ​ពេល​ដែល​លោក​អ៊ុំ​បាន​ត្រឡប់​មក​ពី​រក​ត្រី។​ ​ការ​ទម្លាក់​គ្រាប់​បែក​នៅពេល​នោះធ្វើ​ឡើង​ចំនួន​១២​ដង​ផ្ទួនៗ​គ្នា។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​អ៊ុំម៉ៅ ថា។​

លោក​ អ៊ុច​ អូន​ អនុប្រធាន​នាយកដ្ឋាន​ផែនការ​ និង​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​អំពី​ការ​ទម្លាក់​គ្រាប់​បែក​ចង្កោម​ពី​យន្ត​ហោះចម្បាំងផ្ទុះ​គ្រាប់បែក​ B-52​ នៅឃុំ​ជីរោពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូង​ឃ្មុំ។​ (ហ៊ុល រស្មី/​VOA)
លោក​ អ៊ុច​ អូន​ អនុប្រធាន​នាយកដ្ឋាន​ផែនការ​ និង​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​អំពី​ការ​ទម្លាក់​គ្រាប់​បែក​ចង្កោម​ពី​យន្ត​ហោះចម្បាំងផ្ទុះ​គ្រាប់បែក​ B-52​ នៅឃុំ​ជីរោពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូង​ឃ្មុំ។​ (ហ៊ុល រស្មី/​VOA)

លោក​អ៊ុំ​និយាយ​ថា​ ការ​ទម្លាក់​គ្រាប់​នោះ​បាន​បង្ក​ការ​ឈឺ​ចាប់​ឥត​ឧបមា​ និង​ធ្វើ​ឲ្យ​លោក​អ៊ុំ​ក្លាយ​ជា​ជនពិការ។​ លោក​អ៊ុំ​បន្ត​ថា​ សង្គ្រាម​មិន​អាច​កើត​មាន​ម្តង​ទៀត​នោះ​ទេ​ ហើយ​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោម​ដ៏វិនាសកម្ម​នេះ​ត្រូវ​តែ​បញ្ឈប់។​

«ខ្ញុំឆ្អែត​ហើយ​ បាន​ខ្ញុំ​ថា​ មិន​ចង់​ទេ។​ មិន​ចង់​ឲ្យ​អញ្ចឹងទៀត​ទេ​ ចង់​ឲ្យ​តែ​ស្រុក​យើង​បាន​សន្តិ​ភាព​ទៅ​ បាន​កូន​ចៅ​ជំនាន់​ក្រោយ​គ្នា​ ដូច​ថា​ រស់​នៅ​បាន​សុខ​សាន្ត​ណ៎ា។​ កុំ​ឲ្យ​មាន​កើត​សង្គ្រាម​ មាន​គ្រាប់​បែក​ គ្រាប់​ទម្លាក់​អី​ទៀត។ ​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ ​ ព្រោះ​ខ្ញុំ​ឆ្លង​កាត់។ ​ហើយ​ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ​៩​នាក់​ចូល​នេះ​...ស្លាប់​អស់​ហើយ​ នៅ​តែ​ខ្ញុំ​បី​នាក់​ប្អូន​ខ្ញុំ។ ​ហើយ​អា​ប្អូន​គ​ទេ​ នៅតែ​ប៉ុណ្ណឹង​ទេ​ អត់​មាន​ទៀត​ទេ»។​

ការ​លើក​ឡើង​របស់លោក​អ៊ុំ​ម៉ៅ ថាអំពី​ការ​ទប់ស្កាត់​សង្គ្រាម​មិន​ឲ្យ​កើត​មាន​សារជាថ្មី​លើ​ទឹកដី​កម្ពុជា​ និង​ការ​បញ្ឈប់​ការ​ប្រើប្រាស់​គ្រាប់​បែក​ចង្កោមនេះ​ កើត​មាន​ឡើង​នៅគ្រា​ដែល​អង្គការ​ជន​ពិការ​អន្តរ​ជាតិ​ (Handicap International) ​កំពុង​ធ្វើ​យុទ្ធនា​ការ​ស្នើ​ឲ្យ​រាជ​រដ្ឋា​ភិបាល​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​ស្តីពី​ការ​លុប​បំបាត់​គ្រាប់​បែក​ចង្កោម។​

កញ្ញា​ Kimberley McCosker ​ប្រធាន​តស៊ូ​មតិ​លើ​អនុ​សញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម​ បាន​ប្រាប់​ VOA ​ ​នៅ​ឯ​មជ្ឈ​មណ្ឌល​ស្តារ​លទ្ធភាព​ពល​កម្ម​កាយ​សម្បទា​ខេត្ត​កំពង់ចាម​ថា​ រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​លើ​ការ​ចុះហត្ថ​លេខា​លើ​អនុ​សញ្ញា​ស្តីពី​ការ​លុប​បំបាត់​គ្រាប់​បែក​ចង្កោម​ ​ដោយ​ហេតុថា​ រដ្ឋា​ភិបាល​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ចុះ​ហត្ថ​លេខា​នោះ។​

ផល​ប្រយោជន៍​ទាំងនោះ​ រួមមាន​ដូច​ជា​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​សមាជិក​នៃ​សហគមន៍​អន្តរជាតិ​ស្តីពី​គ្រាប់​បែក​ចង្កោម​ ហើយ​កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​បន្ថែម​សម្រាប់​ការ​បោស​សម្អាតគ្រាប់​មិន​ទាន់​ផ្ទុះ​ ចំណែក​ឯ​ជន​រងគ្រោះ​នឹង​ទទួល​បាន​ជំនួយ​សេវា​ស្តារ​លទ្ធភាព​ពលកម្ម។​

«ខ្ញុំ​សង្ឃឹម​ថា​ រដ្ឋាភិបាល​នឹង​ចុះ​ហត្ថលេខា។​ ​ខ្ញុំ​គិត​ថា​ ​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា​ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​ធ្វើការ​ងារ​ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​នេះ។​ ខ្ញុំ​គិត​ថា​ រាជ​រដ្ឋាភិបាល​បាន​ទទួល​ស្គាល់​រឿង​ទាំងអស់​នេះ...​ដូច្នេះ​ ខ្ញុំ​មាន​ក្តី​សង្ឃឹម​ថា​ ពួក​គេ​នឹង​ចុះ​ហត្ថលេខា។​

កញ្ញា​ថ្លែង​បន្តថា​ រាជ​រដ្ឋាភិបាល​មាន​ភាព​យឺតយ៉ាវ​នៅក្នុង​ការ​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​នេះ​ ដោយ​សារ​មាន​ការ​បកប្រែ​ខ្លឹម​សារនៃ​អនុ​សញ្ញា​នេះ​មិន​បាន​ត្រឹមត្រូវ​ និង​ម្យ៉ាង​ទៀត​រាជ​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា មាន​ការ​បារម្ភ​ពី​បញ្ហា​សន្តិ​សុខ​ជាតិ​ បន្ទាប់​ពី​ប្រទេស​ថៃ​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ប្រឆាំង​នឹង​កម្ពុជា​ ក្នុង​ពេល​មាន​ជម្លោះ​គ្រប់​គ្រង​ទឹកដី​ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ​នា​ឆ្នាំ​២០១១។​ កញ្ញា​និយាយ​ថា៖

«ដូច្នេះ​ នៅពេល​ដែល​អនុសញ្ញា​នេះ​ត្រូវបាន​សរសេរ​ជាលើក​ដំបូង​នៅ​ឆ្នាំ​ ២០០៨​ មាន​ការ​បកប្រែ​ខុស​ នៅ​ពេលវា​ត្រូវ​បាន​បកប្រែ​ទៅ​ជា​ភាសា​ខ្មែរ​ ហើយ​បន្ទាប់​ពីនោះ​មក​ ជា​អកុសល ប្រទេស​ថៃ​បាន​ប្រើ​គ្រាប់​រំសេវ​ចង្កោម​ប្រឆាំង​កម្ពុជា​កាលពី​ឆ្នាំ​២០១១។​ ហើយ​មក​ទល់​ពេលនេះ​ ហេតុផល​ដែល​យើង​ត្រូវបាន​ប្រាប់​នោះ​គឺ​ថា​ រាជ​រដ្ឋាភិបាល​នឹង​មិន​ចុះ​ហត្ថលេខា​នោះ​ទេ​ ដោយ​ពួកគេ​បារម្ភពី​បញ្ហា​សន្តិ​សុខ»។​

កញ្ញា​បញ្ជាក់​បន្តថា​ ការ​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​បាន​បង្ក​ការ​ខូច​ខាត​ជា​ច្រើន​ដល់​ជីវិត​មនុស្ស​តាម​ផ្លូវកាយ​ និង​ផ្លូវចិត្ត។​ គ្រាប់​បែក​ចង្កោម​ក៏​បង្ក​ក្តី​អន្តរាយ​ដល់​ការ​អភិវឌ្ឍ​របស់​សង្គម​ ដូចជា​ដី​ត្រូវ​ទុក​ចោល​មិន​អាច​បង្ក​បង្កើន​ផល​កសិកម្ម​បាន​ ឬ​ក៏​សង់​ផ្ទះ​ សាលា​រៀន​ និង​ផ្លូវថ្នល់​មិន​បានជា​ដើម។

កញ្ញា​ Kimberley McCosker​ បន្ថែម​ថា​ នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ អាស៊ាន​ ប្រទេស​ឡាវ​គឺ​ជា​ប្រទេស​ដំបូង​គេ​ដែល​បាន​ចុះ​ហត្ថលេខា​លើ​អនុ​សញ្ញា​ស្តីពី​ការ​លុប​បំបាត់​គ្រាប់​បែក​ចង្កោម​នៅក្នុង​ឆ្នាំ​ ២០០៨។​ ប្រទេស​ហ្វីលីពីន​ និង​ប្រទេស​ឥណ្ឌូនេស៊ីបាន​ក្លាយ​ជាប្រទេស​ហត្ថលេខី​នៃ​អនុ​សញ្ញានេះ​ តែ​សភា​នៃ​ប្រទេស​ទាំង​ពីរ​នេះ​មិនទាន់​បាន​ផ្តល់​ការ​អនុម័ត​ទទួល​យក​អនុ​សញ្ញា​នេះ​នៅឡើយ​ទេ។​

គ្រាប់​បែក​ចង្កោម​គឺ​ជា​គ្រាប់​បែក​ដែល​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ទម្លាក់​ពីលើ​អាកាស​ និង​បាច​សាច​កូន​គ្រាប់​បែក​តូចៗ​ពាសពេញ​ផ្ទៃ​ដី​ដ៏ធំ​ ដែល​ពេល​ខ្លះ​មាន​ទំហំ​ធំជាង​តារាង​បាល់​ទាត់​រហូត​ដល់​៣​ទៅ​៤​ដង​ទៅ​ទៀត។​ ចំនួន​កូន​គ្រាប់​បែក​តូចៗ​ ដែល​បាច​សាច​មាន​លក្ខណៈ​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​របស់​វា​ ហើយ​អាច​មាន​ចំនួន​ចាប់​ពី​១២​រហូត​ដល់​ច្រើន​ជាង​៦០០​គ្រាប់។​ នេះ​បើយោង​ទៅតាម​ឯកសារ​ស្តីពី​គ្រាប់​បែក​ចង្កោម​នៅ​កម្ពុជា​ ​ដែល​ផ្តល់ដោយ​អង្គការ​ជន​ពិការ​អន្តរជាតិ។

ឯកសារ​នេះ​ឲ្យ​ដឹង​បន្ថែម​ថា​ គ្រាប់​បែក​ចង្កោម​ដែល​នៅ​សេស​សល់​ក្នុង​ប្រទេស​កម្ពុជា​បង្ក​ឲ្យ​មាន​ការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ និង​ជា​បន្តបន្ទាប់​ដល់​ការ​រស់​នៅ​ និង​ជីវភាព​ប្រជាជន។​ សហ​រដ្ឋ​អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​ចង្កោម​ចំនួន​៨០.០០០​គ្រាប់​ ដែល​មាន​គ្រាប់​បែក​តូចៗ​សរុប​ចំនួន​២៦​លាន​គ្រាប់​ នៅ​តំបន់​ភាគ​ខាងកើត​ និង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​នៅ​អំឡុង​សង្គ្រាម​វៀតណាម​ នៅ​អំឡុង​ទសវត្សរ៍​១៩៦០​ និង​១៩៧០។

គ្រាប់មិន​ទាន់ផ្ទុះ​ ដែល​នៅ​សេស​សល់​មាន​រាយប៉ាយ​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​ពីរ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បង្កការ​គំរាម​កំហែង​ធ្ងន់​ធ្ងរ​ដល់​ប្រជាជន​ស៊ីវិល​ និង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​សេដ្ឋកិច្ច។​

ឯកសារ​បាន​បន្ត​ថា​ ក្នុង​ពេល​បច្ចុប្បន្ន​ តាម​ការ​ប៉ាន់ប្រមាណ​បាន​ឲ្យ​ដឹងថា​មាន​ផ្ទៃដី​ប្រមាណ​២២០​គីឡូ​ម៉ែត្រ​ការ៉េ​មាន​ផ្ទុក​គ្រាប់​បែក​ចង្កោម។ ​ទោះបី​ជាយ៉ាងណាក្តី​ ក្រុម​សកម្ម​ភាព​កំចាត់​មីន​កំពុង​តែ​ធ្វើការ​អង្កេត​យ៉ាង​ហ្មត់​ចត់​នៅ​តំបន់​ដែល​រង​គ្រោះដោយ​គ្រាប់​បែក​ចង្កោម​ដើម្បី​ធ្វើ​ការ​បញ្ជាក់​ពី​ចំនួន​នេះ។​ គ្រាប់​បែក​ចង្កោម​ត្រូវ​បាន​ស្វែងរក​នៅភាគ​ខាង​កើត​ប្រទេស​កម្ពុជា និង​នៅខេត្ត​ព្រះ​វិហារ។

​ខេត្ត​ត្បូង​ឃ្មុំ​ ដែល​ត្រូវបាន​បំបែក​ចេញ​ពី​ខេត្ត​កំពង់ចាម​កាលពី​ឆ្នាំ​២០១៤​ មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​ភាគខាង​កើត​នៃ​ប្រទេស​កម្ពុជា។​ គ្រាប់​បែក​ចង្កោម​ត្រូវ​បាន​ទម្លាក់​ទៅលើ​ផ្នែក​ខ្លះ​នៃ​ទឹកដី​ខេត្ត​ត្បូង​ឃ្មុំ​នេះ​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នៃ​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ដែល​កំពុង​ធ្វើ​ការ​បោស​សម្អាតគ្រាប់​មិន​ទាន់​ផ្ទុះ​ និង​គ្រាប់​បែក​ចង្កោម​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។​

នៅ​ក្នុង​ចម្ការគ្រាប់​មួយ​ស្ថិត​ក្នុង​ឃុំ​ជីរោទ៍​២​នៃស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​កក្កដា លោក​អ៊ុច អូន​ អនុប្រធាន​នាយកដ្ឋាន​ផែនការ​ និង​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ហៅ​កាត់​ថា CMAC ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ គ្រាប់​បែក​ចង្កោម​ត្រូវ​បាន​ទម្លាក់​នៅ​ច្រើន​កន្លែង​ក្នុង​ប្រទេស​កម្ពុជា​ រាប់ចាប់​តាំង​ពី​ខេត្ត​ដែល​ស្ថិត​នៅ​ប៉ែកខាង​កើត​ទន្លេ​មេគង្គ​ទាំង​អស់​ បូក​ជាមួយ​នឹង​ខេត្ត​កណ្តាល​ កំពង់​ស្ពឺ​ តាកែវ​ និង​ខេត្ត​ព្រះវិហារ។

លោក​ថ្លែង​ថា​ ផ្ទៃ​ដី​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ចង្កោម​នេះ​មាន​ទំហំ​ធំធេង​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​បោស​សម្អាតគ្រាប់​បែក​ដែល​មិន​ទាន់​ផ្ទុះ​ទាំង​អស់​នោះ។​

«យើង​សុំ​អំពាវនាវ​ដល់​ប្រជាជន​ហ្នឹង​ ពេល​ណា​ដែល​គាត់​ឃើញ​ ជួប​ប្រទះ​គ្រាប់​បែក​ចង្កោម​ហ្នឹង​ ប្រការ​ដែល​ល្អតែ​មួយ​គត់​គឺ​គាត់​រាយ​ការណ៍​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ ឬ​ក៏​អាច​រាយ​ការណ៍​ទៅ​ប្រតិ​បត្តិ​ករ​ EODO ​របស់​ CMAC ​ហ្នឹង​ នៅ​តាម​ទីកន្លែង​ដែល​មាន​ហ្នឹង​ គឺ​យើង​នឹង​ជួយ​ដោះ​ស្រាយ​ ហើយ​យើង​នឹង​កម្ទេចគ្រាប់​ហ្នឹង​ចោល​ដើម្បី​រក្សា​ស្ថិរភាព​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​យើង»។​

លោក​បន្ថែម​ថា ​ទំហំ​ផ្ទៃដី​ដែល​រង​ការទម្លាក់​គ្រាប់បែក​នេះនឹង​ផ្តល់ផល​ប៉ះពាល់​ទៅ​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ដែល​លោក​យល់​ថា​ អាច​នឹង​មានរយៈ​ពេល​វែង។​

នៅ​ក្នុង​ឃុំ​ជីរោទ៍២​នេះ​ មន្ត្រី​បោស​សម្អាតមីន​របស់​ CMAC​ កំពុង​ធ្វើការ​បោស​សម្អាតគ្រាប់​មិន​ទាន់​ផ្ទុះ​ និងគ្រាប់​បែក​ចង្កោម​នៅ​លើ​ផ្ទៃដី​ប្រមាណ​២២​ហិកតា​សម្រាប់​ប្រជា​ពលរដ្ឋ​ចំនួន​បួន​គ្រួសារ​ និង​មនុស្ស​ចំនួន​២០​នាក់​ផ្សេង​ទៀត​ដើម្បី​ធ្វើ​កសិកម្ម។​

សកម្មភាព​បោស​សម្អាតនេះ​បាន​ចាប់​ផ្តើម​ឡើង​កាលពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០១៦។​ ​នេះ​បើតាមការ​ធ្វើ​បទ​បង្ហាញ​អំពី​សកម្ម​ភាព​បោស​សម្អាត​មីន​របស់​លោកប៊ិន រដ្ឋា​ ប្រធាន​ក្រុម​បោស​សម្អាតតំបន់​អតីត​សម​រភូមិនៃ​អង្គការ​ CMAC។​

​លោក​ថ្លែង​ថា​ ចម្ការគ្រាប់​ស្ថិត​ក្នុង​ឃុំ​ជីរោទ៍​២​នេះ​គឺ​ជា​អតីត​សមរភូមិ​រវាង​កងទ័ព​របស់​រដ្ឋាភិបាល​លោក​សេនា​ប្រមុខ​លន់ នល់​ និង​កងទ័ព​ខោអាវ​ខ្មៅ​ខ្មែរក្រហម​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៧១​ដល់​ឆ្នាំ​១៩៧៣។​ លោក​ថ្លែង​ថា​ សហ​រដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​ចង្កោម​មួយ​ចំនួន​មក​លើ​តំបន់​នេះ។​ លោក​បាន​ឲ្យ​ដឹង​អំពី​ការ​បោស​សម្អាតគ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​តំបន់​នេះ​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​បាទ​បាន​ធ្វើការ​បោស​សម្អាតបាន​ផ្ទៃដី​ចំនួន​៤៣.០០០​ម៉ែត្រ​ការ៉េ ​ហើយ​និង​រក​ឃើញគ្រាប់​មិនទាន់​ផ្ទុះចំនួន​២០​គ្រាប់»។​

ទាក់ទិន​ការ​ចុះ​ហត្ថលេខា​លើអនុសញ្ញា​ស្តីពី​ការ​លុប​បំបាត់​គ្រាប់​បែក​ចង្កោម​ ប្រទេស​កម្ពុជា​ជា​អ្នក​គាំទ្រ​ដំបូង​គេ​ដ៏​លេចធ្លោ​ និង​មាន​ឥទ្ធិពល​នៃ​ដំណើរ​ការ​កិច្ច​ព្រមព្រៀង Oslo​ ដែល​នាំឲ្យ​មាន​ការ​បង្កើត​អនុ​សញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម។​ នេះ​បើ​យោង​ទៅតាម​ឯកសារ​ស្តីពី​គ្រាប់​បែក​ចង្កោម​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​អង្គការ​ជន​ពិការអន្តរជាតិ។

បើ​ទោះបី​ជា​មិនមែន​ជា​ហត្ថលេខី​ក្នុង​អនុ​សញ្ញា​នេះ​ក៏ដោយ​ ក៏​កម្ពុជាបាន​ចូលរួម​ស្ទើរ​តែ​គ្រប់​កិច្ច​ប្រជុំ​អំពី​អនុ​សញ្ញា​នេះ។​ កម្ពុជាគឺ​ជា​រដ្ឋ​ភាគី​នៃ​សន្ធិ​សញ្ញា​ស្តីពី​ការ​ហាម​ប្រាម​គ្រាប់​មីន​ និង​ជា​ប្រទេស​នាំ​មុខ​មួយ​ក្នុង​ពិភព​លោក​ក្នុង​សកម្មភាព​មីន។​ កម្ពុជា​ក៏ជា​ភាគី​មួយ​នៃ​អនុ​សញ្ញា​ស្តីពី​អាវុធ​ធម្មតា​ ដែល​តម្រូវ​ឲ្យ​មានការ​បោស​សម្អាតនូវគ្រាប់​មិន​ទាន់​ផ្ទុះ​ ​គ្រាប់​បែក​ចង្កោម។

លោក​ស្រី​សាយ សុគន្ធ​ អនុ​ប្រធាន​នាយកដ្ឋាន​បទ​បញ្ញត្តិ​ និង​ត្រួត​ពិនិត្យ​នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់​គ្រង​សកម្មភាព​កំចាត់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន បាន​ប្រាប់​ក្រុម​អ្នក​យកព័តមានកា​លពី​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​នៅ​ខេត្ត​កំពង់ចាមថា ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​ពី​ឆន្ទៈ​គាំទ្រ​ អនុ​សញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម ​តាំងពី​អនុសញ្ញា​នេះ​មិន​ទាន់​ត្រូវ​បាន​គេ​បង្កើត​ឡើង។​

ប៉ុន្តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដក​ថយ​មក​ពិចារណា​លើ​ការ​ចុះ​អនុ​សញ្ញា​នេះ​ បន្ទាប់​ពីប្រទេស​ថៃ​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​ក្នុង​ជម្លោះ​ទឹកដី​ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ។​

«ដូច្នេះ​កម្ពុជា​បាន​ដក​មួយ​ជំហាន​ដើម្បី​ពិចារណា​ឡើង​វិញ​ អំពី​កិច្ចការ​ការ​ពារ​សន្តិសុខ​ជាតិ​ ហើយ​អាជ្ញាធរ​មីន​ ក្នុង​នាម​រាជ​រដ្ឋាភិបាល​ហ្នឹង​ យើង​បាន​ចូលរួម​ជួយ​ពន្លឿន​ការ​ពិចារណា​ហ្នឹង​ ដែល​ក្នុង​នោះ​យើង​មាន​ចូលរួម​សម្រប​សម្រួល​កិច្ចប្រជុំ​អន្តរ​ក្រសួង។​ យើង​មាន​កិច្ច​ប្រជុំ​ជាមួយ​ក្រសួង​ការពារ​ជាតិ​ ដើម្បី​ពិចារណា​ និង​ពន្លឿន​រឿង​នេះ​ ហើយ​ក្នុង​នោះ​យើង​ក៏​បាន​ធ្វើ​របាយ​ការណ៍​ និង​លើក​យោបល់​ជូន​ថ្នាក់​ដឹកនាំ​ផង​ដែរ»។​

លោក​ស្រី​ សាយ សុគន្ធ​ បាន​បន្ត​ថា​ ​ក្រៅ​ពី​ហេតុ​ផល​នៃ​ការ​ព្រួយ​បារម្ភ​អំពី​សន្តិសុខ​ជាតិ​ក្រោយពីថៃ​វាយ​ប្រហារ​កម្ពុជា​ដោយ​គ្រាប់​បែក​ចង្កោម​នេះ​ ការ​មិន​ព្រម​ចុះ​លើ​អនុ​សញ្ញា​នេះ​ពី​ភាគី​ថៃក៏​បាន​ធ្វើ​ឲ្យ​កម្ពុជារារែក​ក្នុង​ការ​ចុះ​អនុ​សញ្ញា​នេះ​ដែរ។​ ​លោក​ស្រី​ឲ្យ​ដឹង​ទៀត​ថា​ ប្រទេស​វៀត​ណាម​ក៏នៅ​មិន​ទាន់​ចុះ​ហត្ថ​លេខា​លើ​អនុញ្ញា​អន្តរ​ជាតិ​នេះ​ដែរ។​

ចំពោះ​សកម្មភាព​បោស​សម្អាតគ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​សល់​ពី​សង្គ្រាម​ ​ ​លោកស្រី​សាយ សុគន្ធ​ថ្លែង​ថា​ ផ្ទៃ​ដី​ទំហំ​១៤១២​គីឡូម៉ែត្រ​ការ៉េ​ត្រូវ​បាន​សម្អាតគ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២​ មក​ដល់​ថ្ងៃ​ទី​១២ ខែ​កក្កដា​ឆ្នាំ​២០១៦។​ រីឯ​អ្នក​ស្លាប់​ និង​រង​របួស​ដោយ​សារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ លោក​ស្រី​បញ្ជាក់​ថា​ នៅ​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​២០១៦​ មាន​មនុស្ស​២០​នាក់​បាន​ស្លាប់​ និង​២៩​នាក់​បាន​រង​របួស។ នៅ​ឆ្នាំ​២០១៥​មាន​មនុស្ស​១១នាក់​បាន​ស្លាប់​ និង​មនុស្ស​៥៥​នាក់​បាន​រង​របួស។​

លោកស្រី​សាយ សុគន្ធ​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​អំពាវនាវ​ដល់​ប្រទេស​ជិតខាង​កម្ពុជា​ ចូលរួម​ក្នុង​អនុ​សញ្ញា​ស្តីពី​គ្រាប់​បែក​ចង្កោម​ ព្រោះ​ថា​ កម្ពុជា​មិនមែន​ជា​អ្នក​ផលិត​ ឬ​ក៏​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម​នោះ​ទេ។

លោកស្រី​បន្ថែម​ថា​ ទោះបី​ជា​កម្ពុជា​មិន​ទាន់​បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​សញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម​ក៏ដោយ​ ក៏​កម្ពុជា​បាន​ធ្វើការ​បោស​សម្អាតគ្រាប់​បែក​ចង្កោម​ និង​បាន​រំដោះ​ផ្ទៃ​ដី​ឲ្យ​ផុត​ពី​ការ​គំរាម​កំហែងពី​គ្រាប់​បែក​ចង្កោម​ ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​បាន​ចំនួន​១៤​គីឡូម៉ែត្រ​ការ៉េ៕

XS
SM
MD
LG