ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស្តារ​ស្ថានភាពសិទ្ធិ​មនុស្ស​ដើម្បី​​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថតរូបនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដែរ នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថតរូបនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដែរ នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣។

មេដឹកនាំ​សហជីព​និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រឹង​ប្រែង​ស្តារ​ឡើងវិញ​នូវ​ការ​គោរពសិទ្ធិមនុស្ស​ និងប្រព័ន្ធប្រជា​ធិបតេយ្យដែល​គួរ​ឲ្យជឿជាក់​បាន ដើម្បីមាន​ឱកាស​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ GSP​ ឡើងវិញសម្រាប់កម្ពុជា ក្នុង​អាណត្តិ​របស់លោកប្រធានាធិបតីអាមេរិកជាប់​ឆ្នោត​ Donald Trump។

ការ​អំពាវនាវ​របស់​សហជីព​និង​សង្គម​ស៊ីវិល​នៅ​កម្ពុជាកើតមានឡើង​ នៅពេល​ការ​ចូលកាន់​តំណែងរបស់​លោក Donald​ Trump កំពុង​ខិត​ជិត​ចូលមកដល់​ ពោល​គឺលោកនឹង​ស្បថចូលកាន់តំណែងនៅថ្ងៃទី ​២០​ ខែមករា ឆ្នាំ ​២០២៥​ ​ខាង​មុខនេះ​។

ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ លោក ​ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់​ត្រាល់​ លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​នៅ​តែ​ត្រូវ​ការ​ទីផ្សារ​សហភាព​អឺរ៉ុបនិង​សហរដ្ឋ​អាមេរិក​ជា​ចាំបាច់​ ដើម្បីទ្រទ្រង់ខឿន​សេដ្ឋកិច្ច​របស់​ប្រទេសនៅ​ក្នុងការ​នាំ​ចេញ​ ខណៈ​កម្ពុជា​កំពុងស្ថិត​ក្នុង​ដំណាក់កាល​មួយ​ដែល​ប្រជាពល​រដ្ឋត្រូវ​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​។

លោកបន្តថា កម្ពុជា​គួរតែ​មាន​កំណែទម្រង់​ឲ្យ​បាន​ស៊ីជម្រៅ​ចំពោះ​គ្រប់​លក្ខខណ្ឌ​ ពាក់​ព័ន្ធនឹង​ដំណើរការប្រជាធិប​តេយ្យ និង​ការ​កសាង​នីតិរដ្ឋ​ឲ្យបាន​ត្រឹមត្រូវ ​ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត​ពី​សហរដ្ឋ​អាមេរិក​ នៅ​ក្នុង​ការ​ផ្តល់ប្រព័ន្ធ​អនុគ្រោះពន្ធ​ឡើងវិញមក​កម្ពុជា។

លោក ឃុន ថារ៉ូ ​ថ្លែងថា៖ «ការ​កំណែទម្រង់​អភិបាល​កិច្ច​ ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​ជំរុញ​ឲ្យ​មាន​នូវ​គោលការណ៍​ប្រជា​ធិប​តេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ​ វា​គឺ​ជា​កត្តា​ចាំបាច់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​។ ចង់​មិន​ចង់​ យើង​ត្រូវ​មាន​ឆន្ទៈ​ផ្នែក​នយោបាយ​ក្នុង​ការ​កំណែ​ទម្រង់​ទៅ​នឹង​លម្ហ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ទាំង​អស់​ហ្នឹង [...] បញ្ហា​ដែល​សំខាន់​នោះ ​ចំណុច​ដែល​យើង​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ឆ្លើយតប​ជា​ចាំបាច់​នោះ​ គឺ​ឆន្ទៈ​ផ្នែក​នយោបាយ​ដែល​ជា​កត្តា​គន្លឹះ​ក្នុង​ការ​ដោះស្រាយ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​នយោបាយ​ សិទ្ធិ​ពលរដ្ឋ សេរីភាព​អង្គការ​សង្គម​ស៊ីវិល​អី​ជា​ដើម»។

បើតាម​លោក ឃុន ថារ៉ូ សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​ទៅអាមេរិកនិងអឺរ៉ុប​ស្មើនឹង​ប្រមាណ​ ៥០% ​នៃ​ការនាំ​ចេញ​សរុបរបស់​កម្ពុជា។ លោក​បានឲ្យ​ដឹង​ទៀតថា ​ជញ្ជីង​ពាណិជ្ជ​កម្មរបស់​ចិន​ កូរ៉េខាងត្បូង​ និងបណ្តា​ប្រទេស​ដទៃ​ទៀត​មិនទាន់​អាច​មកជំនួស​ទីផ្សារ​ទាំង​ពីរនេះ​បាននៅ​ឡើយទេ​។ ​

លោក​ គង់ អាទិត្យ ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋ​អាមេរិក ​ហៅកាត់​ថា​ GSP នៅ​តែ​មាន​សារសំខាន់​សម្រាប់​កម្ពុជា​ នៅ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ដើម្បី​បង្កើតឱកាស​ការងារ​បន្ថែម​ទៀត​ដល់​កម្មករ។ លោកថា ទំនិញ​កម្ពុជា​ក៏​នៅ​តែ​ត្រូវការ​ទីផ្សារ​អាមេរិក​និង​អឺរ៉ុប​។

លោក ​គង់ អាទិត្យ ថ្លែង​ថា៖ «ប្រាកដហើយ​! ដោយសារតែ​សហរដ្ឋ​អាមេរិក​ ក៏​ដូច​ជា​អឺរ៉ុប​ជា​ទីផ្សារ​ធំ​ពីរ​របស់​កម្ពុជានិង​ការ​ពង្រីក​បន្ថែម​ថ្មីៗ​នេះ​ ក៏​មិន​ទាន់​ទៅ​ទីផ្សារ​ផ្សេងៗ​របស់​ប្រទេស​ផ្សេងៗ​ ក៏​មិន​ទាន់​អាច​ប្រៀប​ជា​មួយ​អឺរ៉ុប​និង​អាមេរិក​ដែរ»។​

លោក​សង្ឃឹមថា សហរដ្ឋ​អាមេរិកនឹង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP មក​កម្ពុជាឡើង​វិញក្នុង​អាណត្តិ​លោក Donald Trump និងថា កម្ពុជា​ក៏​ត្រូវ​ពង្រឹង​បន្ថែម​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ធានា​ឲ្យបាន​ចំពោះ​សិទ្ធិ​ចរចា​ជា​សមូហភាព​ក្នុង​វិស័យ​ឧស្សាហកម្ម​។

​ប្រធានាធិបតីអាមេរិកជាប់​ឆ្នោតលោក​ Donald Trump ត្រូវបាន​គេមើលឃើញថា​ជា​ប្រធានាធិបតីដែលនឹង​ផ្តល់​អាទិភាពខ្ពស់លើ​វិស័យ​សេដ្ឋកិច្ច​ និងការ​ធ្វើពាណិជ្ជកម្ម​ នៅពេលលោក​ចាត់​ចែងកិច្ចការ​រដ្ឋបាល​នៅសេតវិមាន​ជា​ថ្មីម្តង​ទៀត​។

រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក កត្តា អ៊ន ប្រាប់​វីអូអេ​ជា​សារ​អក្ស​រ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃ​សុក្រ​ថា ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ GSP របស់​អាមេរិក​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើននៅក្នុង​ការ​លើក​កម្ពស់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ជា​ពិសេស​ជីវភាព​រស់នៅ​របស់កម្មករ​និយោជិតនៅ​ក្នុង​ឧស្សាហកម្មកាត់​ដេរ។

លោកបន្ថែមថា​ សហរដ្ឋ​អាមេរិក​គួរ​ពិចារណា​តម្កល់​ផល​ប្រយោជន៍​ប្រជាជន​កម្ពុជា និង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​អាមេរិក​និង​កម្ពុជា​ជា​ធំ​ ហើយ​ថា​អាមេរិក​ក៏​ត្រូវ​ផ្តល់​ភាព​ត្រឹមត្រូវ​អំពី​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​របស់​កម្ពុជា​ផង​ដែរ​។

វីអូអេ​មិន​អាច​ទាក់ទង​សុំការ​អត្ថាធិប្បាយ​ពី​អគ្គ​លេខាធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​(GMAC) ​លោក​ ខេន លូ​ បាន​នៅ​ឡើយ​ទេ។

ដោយឡែក លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លើក​ឡើង​ថា ការឲ្យ​ឬ​មិន​ឲ្យ​ប្រព័ន្ធ​អនុគ្រោះពន្ធ​មក​កម្ពុជា​នោះ​ គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​កម្ពុជា​ ដោយ​លោក​អះអាង​ថា ​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នាពេលខាង​មុខ ​បន្ទាប់​ពី​ទទួល​បាន​ការ​វាយតម្លៃ​ពី​អង្គការ​សហប្រជាជាតិ​។

លោក សុខ ឥសាន ថ្លែង​ថា៖ «ចំពោះ​ការ​និយាយ​ពី​អ្នក​ក្រីក្រ​ ខ្ញុំ​យល់​ថា នៅ​អាមេរិក​ក៏​អត់​ខ្វះ​អ្នក​ក្រីក្រ​ដែរ។ អ្នក​ណា​ខ្ជិល ​វា​ក្រ​អ៊ីចឹង​ហើយ។ ឥឡូវ​នេះ ​បើ​ក្រ​ អង្គការ​សហប្រជាជាតិ​ទើប​តែ​វាយ​តម្លៃ​ថា កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ទៀត​ចេញ​ផុត​ពី​ប្រទេស​ក្រីក្រ​ហើយ​ វា​ចូល​ទៅ​ដល់​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ នា​ឆ្នាំ​ខាង​មុខៗ​ហ្នឹង​ហើយ។ ដូច្នះ EBA GSP អី​ ចង់​ឲ្យ​ឬ​មិន​ឲ្យ​ អាហ្នឹង​ជា​រឿង​ធម្មតា​របស់​កម្ពុជា​ទៅ​ហើយ»។​

GSP គឺ​ជា​កម្មវិធី​អនុគ្រោះ​ពាណិជ្ជកម្ម​ធំ​បំផុត​ និង​ចំណាស់​ជាង​គេ​របស់​សហរដ្ឋអាមេរិក​ ដែល​មិន​គិត​ពន្ធ​លើ​ការនាំចេញ​ទំនិញរបស់​កម្ពុជា ហើយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​បាន​ផុត​កំណត់​កាល​ពី​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ ២០២០ គ្រាដែលស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិន​ទាន់​ប្រសើរ​ឡើង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG