លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា OPCW ឲ្យចូលរួមជួយក្នុងការពិនិត្យផ្ទៀងផ្ទាត់កាកសំណល់មួយចំនួន ដែលសង្ស័យថា ជាអាវុធគីមី នៅក្នុងទីតាំងជាច្រើននៃប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះ។
ការស្នើសុំរបស់លោក ប្រាក់ សុខុន ធ្វើឡើងក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឌឺដងដល់សហរដ្ឋអាមេរិក ទាក់ទិននឹងកាកសំណល់សង្គ្រាមវៀតណាម កាលពីជាង៤០ឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ជាក់ឲ្យដឹងថា លោក ប្រាក់ សុខុន បានផ្ញើលិខិតមួយច្បាប់ប្រាប់លោក Ahmet Uzumcu អគ្គនាយកនៃអង្គការហាមឃាត់អាវុធគីមីប្រទេស មានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ថា កម្ពុជាបានរកឃើញអាវុធគីមី ដែលតម្រូវឲ្យមានការពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញ។
លោក ប្រាក់ សុខុន បានលើកឡើងក្នុងលិខិតរបស់លោកថា ប្រតិបត្តិការបោសសម្អាតមីន និងកាកសំណល់សង្គ្រាមដែលមានផលប៉ះពាល់តំបន់ជាច្រើននៃផ្ទៃប្រទេសកម្ពុជា បានប្រទះឃើញអាវុធគីមីមួយចំនួន ដោយបានសំដៅដល់វត្តមាននៃអាវុធគីមីនៅខេត្តមណ្ឌលគីរី ដែលត្រូវបានរកឃើញកាលពីខែមីនា និងមេសា ឆ្នាំ២០១២ និងកាកសំណល់អាវុធមួយចំនួនទៀត ដែលត្រូវបានរកឃើញនៅខេត្តស្វាយរៀង នៅដើមខែតុលា ឆ្នាំ២០១៧។
លោករដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងបន្តថា មកដល់សព្វថ្ងៃ មានទីតាំងចំនួន៣៤កន្លែង ដែលត្រូវបានរកឃើញថា មានផ្ទុកអាវុធសង្ស័យថា ជាអាវុធ[គីមី]។ ដោយបានចាត់ទុកថា ការរកឃើញអាវុធដែលមិនបានបញ្ជាក់ពីប្រទេសដែលផលិត ឬប្រភេទអ្វីនោះ ជាការប្រឈមមុខនឹងមហន្តរាយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានសរសេរក្នុងន័យដើមថា៖
«ស្នើសុំជំនួយពីអង្គការហាមឃាត់អាវុធគីមី ក្នុងដំណើរការពិនិត្យផ្ទៀងផ្ទាត់គ្រឿងផ្ទុះទាំងអស់ នៅតាមទីតាំងដែលបានស្គាល់រួចហើយ និងជំនួយដើម្បីគាំទ្រដល់ការស្រាវជ្រាវបន្ថែមទៀត អំពីផលប៉ះពាល់នៃអាវុធគីមី ព្រមទាំងការបោសសម្អាត និងការបំផ្លាញអាវុធទាំងនេះ នៅថ្ងៃអនាគត»។
អង្គការហាមឃាត់អាវុធគីមីមិនទាន់ឆ្លើយតបទៅនឹងសំណួររបស់ VOA ទាក់ទិនការស្នើសុំរបស់លោក ប្រាក់ សុខុន ឲ្យជួយពិនិត្យផ្ទៀងផ្ទាត់កាកសំណល់អាវុធដែលសង្ស័យថា ជាអាវុធគីមី។
VOA ព្យាយាមសុំការអធិប្បាយពីលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) តែទូរស័ព្ទរបស់លោករោទិ៍គ្មានអ្នកទទួល។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ ក៏មិនទាន់ឆ្លើយតបចំពោះលិខិតរបស់ក្រសួងបរទេសផងដែរមកដល់ល្ងាចថ្ងៃចន្ទនេះ។ នៅថ្ងៃចន្ទនេះ VOA ក៏មិនទាន់អាចទាក់ទង លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានដែរ ដើម្បីសុំការអធិប្បាយ ទាក់ទិនលិខិតរបស់លោក ប្រាក់ សុខុន។
នៅពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា គិតគូរលើបញ្ហាគ្រាប់បែកគីមីនៅក្នុងខេត្តស្វាយរៀង ក៏ដូចជាគ្រាប់បែកផ្សេងទៀត។ លោកថា វាជាសំណល់របស់អាមេរិកក្នុងចំណោមគ្រាប់បែកទម្លាក់កាលពីសង្គ្រាមវៀតណាមជាង៤០ឆ្នាំមុន ដែលមានទម្ងន់ជិត៣លានតោន ហើយកំពុងកប់ក្នុងដីកម្ពុជា។ លោក ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ផងដែរថា គ្រាប់បែកទើបតែនឹងរកឃើញក្នុងពេលមានភាពរកាំរកោះជាមួយអាមេរិក កំពុងបង្កការភ័យខ្លាច និងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋក្នុងតំបន់នោះ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គម មានប្រសាសន៍ថា ជាការណ៍គួរឲ្យមន្ទិល ដែលរដ្ឋាភិបាលកម្ពុជាបានសើរើបញ្ហាអាវុធគីមីនេះមកប្រឆាំងជាមួយសហរដ្ឋអាមេរិក នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ លោកបានប្រាប់ VOA បន្ថែមថា វាជារឿងសមស្របមួយដែលរដ្ឋាភិបាលបានស្នើភាគីផ្សេងទៀត ឲ្យមកពិនិត្យ និងផ្ទៀងផ្ទាត់ថា តើកាកសំណល់អាវុធដែលត្រូវបានរកឃើញនោះ ជាអាវុធគីមីពិតប្រាកដឬយ៉ាងណា។
«ខ្ញុំវាពិបាកនិយាយថា អាហ្នឹងវាជារឿងនយោបាយ ឬក៏រឿងបច្ចេកទេស ដោយសារតែ យើងអត់មានអ្នកជំនាញបាទ។ អីចឹង បើសិនជារឿងដែលវាជារឿងបច្ចេកទេសដែលថា វាជាតិគីមីមែន ហើយយើងនិយាយថា អាហ្នឹងជារឿងនយោបាយ ក៏វាខ្ញុំហ្នឹងវាក្បត់ វិជ្ជាជីវៈរបស់ខ្លួនឯង»។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយរូបនេះបានរំឭកថា ក្នុងសម័យសង្គ្រាម លោកកម្របានឃើញ ឬប្រាប់អំពីវត្តមាននៃអាវុធគីមីក្នុងទឹកដីកម្ពុជា ក្រៅពីប្រភេទគ្រាប់បែកទម្លាក់ពីយន្ត ហោះ B-52 របស់អាមេរិក។
លោក មាស នី បានពណ៌នាយ៉ាងដូច្នេះ៖
«កាលណោះមាន មានតែគ្រាប់បែក គេហៅថា គ្រាប់បែក Napal បាទ។ គ្រាប់បែក Napal ហ្នឹងជាផ្នែកគ្រាប់ប្រភេទគ្រាប់បែកមួយដែលទម្លាក់មកទៅ វាមានជាអណ្តាតភ្លើងអីចឹង។ វាអាចឆេះផ្ទះ ឬឆេះអីធំៗអីចឹងណា៎ ឆេះជារបៀបទ្រង់ទ្រាយធំ ហើយនិងមួយទៀតដែលខ្ញុំធ្លាប់ឮដែរ វាជារបៀប ហៅគ្រាប់បែក Bombi។ អាគ្រាប់បែក Bombi ហ្នឹងកាលណាទម្លាក់មកហ្នឹង វាៗមានអាគ្រាប់តូចៗ វាធ្លាក់មកហ្នឹង វារមៀលរអិលធ្លាក់ចូលទៅតាមត្រង់សេ អីហ្នឹង។ អាហ្នឹងមាន»។
អ្នកវិភាគរូបនេះថ្លែងបន្តទៀតថា៖
«ប៉ុន្តែសម្រាប់អាវុធគីមី តាមខ្ញុំនៅចាំ ដោយសារខ្ញុំនៅស្វាយរៀងទាល់តែដល់ការទម្លាក់គ្រាប់បែករបស់អាមេរិកហ្នឹងចប់។ ហើយខ្ញុំធ្លាប់នៅជាមួយហ្នឹងតាំងពីមុនឆ្នាំ១៩៧០ទៀតបាទ។ ប្រហែលជាឆ្នាំ១៩៦៩ ដើមឆ្នាំ១៩៧០អីហ្នឹង មានទម្លាក់មកដល់ម្តុំក្បែរផ្ទះខ្ញុំអីហ្នឹង ហើយពេលយប់ហ្នឹងមាន B-52 អីទម្លាក់ មិនឆ្ងាយប៉ុន្មានពីផ្ទះខ្ញុំ។ ដូចជា ខ្ញុំមិនបានដឹងឮពីរឿងគ្រាប់បែកគីមីហ្នឹងទេបាទ។ ខ្ញុំក៏ឆ្ងល់ដែរ ហេតុអីក៏គ្រាប់បែកទាំងអស់ហ្នឹង ទើបរកឃើញឥឡូវនេះ ហើយរកឃើញសុទ្ធតែជាគ្រាប់មិនទាន់ផ្ទុះទៀតបាទ»។
កាលពីជាង៤០ឆ្នាំមុន ផ្នែកខ្លះនៃទឹកដីកម្ពុជាបានរងការទម្លាក់គ្រាប់ដោយសហរដ្ឋអាមេរិក នៅគ្រាដែលសហរដ្ឋអាមេរិកបានធ្វើសង្គ្រាមជាមួយវៀតណាមប្រឆាំងនឹងរដ្ឋាភិបាលក្រុងហាណូយ។ សហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកជាច្រើនតាមយន្តហោះចម្បាំងរបស់ខ្លួន ដោយបានឆ្លងចូលមកទឹកដីកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចំណាយថវិកាជាង១៦០លានដុល្លាររយៈពេលប្រមាណជា២០ឆ្នាំកន្លងទៅនេះ សម្រាប់គម្រោងបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ រដ្ឋាភិបាលអាមេរិកក៏បានផ្តល់ជំនួយផ្សេងៗទៀតដល់កម្ពុជា ដោយផ្តោតលើវិស័យយោធា ពាណិជ្ជកម្ម កសិកម្ម សេដ្ឋកិច្ច និងអប់រំជាដើម៕