ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បន្ត​ជួយ​ដោះមីន​តែ​ផ្តោត​លើ​មីន​អាមេរិក​​និង​ឈប់​ផ្តល់​ថវិកា​ដល់​ស៊ីម៉ាក់


​រូបឯកសារ៖ លោក​​ប៊ិន រដ្ឋា​ ប្រធាន​ក្រុម​បោស​សំអាត​តំបន់​អតីត​សមរភូមិនៃ​​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅកាត់​ថា​​ CMAC បង្ហាញពី​ទីតាំង​បោសសំអាត​គ្រាប់​បែក​ចង្កោម​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​ ២០១៦​នៅ​ក្នុង​ឃុំ​ជីរោពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។​ (ហ៊ុល រស្មី​/VOA)
​រូបឯកសារ៖ លោក​​ប៊ិន រដ្ឋា​ ប្រធាន​ក្រុម​បោស​សំអាត​តំបន់​អតីត​សមរភូមិនៃ​​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ហៅកាត់​ថា​​ CMAC បង្ហាញពី​ទីតាំង​បោសសំអាត​គ្រាប់​បែក​ចង្កោម​ កាលពី​ថ្ងៃ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​ ២០១៦​នៅ​ក្នុង​ឃុំ​ជីរោពីរ​ ស្រុក​ត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ។​ (ហ៊ុល រស្មី​/VOA)

សហរដ្ឋ​អាមេរិក​នឹងលែង​ផ្តល់​ជំនួយ​សម្រាប់​ប្រតិបត្តិការ​ដោះមីន​នៅ​កម្ពុជា​ទៅ​ឱ្យ​មជ្ឈ​មណ្ឌលសកម្មភាពកម្ចាត់​មីន​កម្ពុជា(CMAC​) ដោយ​ផ្ទាល់​ដូចមុន​ទៀត​ហើយ​នៅ​ឆ្នាំក្រោយ​នេះ ប៉ុន្តែ​នឹងផ្តល់​ទៅ​ឱ្យ​ក្រុម​អ្នកដោះមីន​ក្នុង​ស្រុក​ដោយ​ផ្អែក​លើ​ការដេញ​ថ្លៃ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​វិញ។ នេះ​បើ​តា​ម​ការ​បញ្ជាក់​របស់​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារ​ខ្លួន​មិន​មាន​សិទ្ធិក្នុង​ការ​និយាយ​ជាមួយ​នឹង​អ្នកសារព័ត៌មាន​បាន​ប្រាប់​វីអូអេ​ថា៖

«សហរដ្ឋ​អាមេរិក​មាន​គោលបំណង​ផ្តល់​មូលនិធិ​សម្រាប់​កិច្ច​ខិតខំ​(ដោះមីន)​នេះ​ដោយផ្អែក​លើ​ការប្រកួត​ប្រជែង។ សំណើ​សុំ​ថវិកា​ដែល​យើង​នឹង​រៀបចំ​ដោយ​មានការ​ពិភាក្សា​ជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា​នឹង​ត្រូវ​បញ្ចេញ​ឱ្យ​ដឹង​នៅ​ខែ​នេះ‍»។ ​

មន្ត្រី ​រូប​នោះ​បាន​បន្ត​ទៀត​ថាសម្រាប់​ឆ្នាំ​២០១៨​សហរដ្ឋ​អាមេរិកបន្ត​ជួយ​ដល់​ប្រតិបត្តិការ​ដោះមីន​នៅ​ប្រទេស​កម្ពុជា​ដោយផ្តោត​លើ​ការដោះមីន​នៅភាគខាងកើត​ប្រទេស​ដោយ​ប្រើ​ប្រាស់​កម្មវិធី​ដោះមីន​លំដាប់​ពិភពលោក​ដែល​ផ្តោតលើ​គោលដៅ​គ្រាប់មីន​ណា​ដែល​ផលិត​ដោយ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ដោយ​សារតែ​អ្នក​ជំនាញ​បាន​ស្នើឡើង​ថា​ការដោះមីន​ដោយ​វិធីសាស្រ្ត​នេះ​នឹង​មាន​ប្រសិទ្ធភាព។

មន្ត្រី​ក្រសួង​ការបរទេស​រូប​នោះ​បាន​បន្ថែម​ថា៖

«សហរដ្ឋ​អាមេរិកនៅតែ​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាងខ្លាំង​ចំពោះ​ដៃគូ​របស់​យើង​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងការ​គាំទ្រ​គោលដៅ​របស់​គេ​ដែល​ចង់​ឱ្យ​ប្រទេស​កម្ពុជា​គ្មាន​ការប៉ះពាល់​ដោយ​គ្រាប់​មីននៅឆ្នាំ​២០២៥​និង​គោលដៅ​រួម​របស់​យើង​ក្នុង​ការ​បោសសម្អាត​គ្រាប់មីន​និ​ងយុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​របស់​សហរដ្ឋ​អាមេរិក‍»។ ​

លោក​ ហេង​ រតនា​ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ ស៊ីម៉ាក​ បានបញ្ជាក់​ប្រាប់​ VOA កាលពីសប្តាហ៍​មុនថា​ សហរដ្ឋ​អាមេរិក​តាម​រយៈ​អង្គការជាដៃ​គូរបាន​ឧបត្ថម្ភថវិកាជាង​ ២លាន​ដុល្លារ​ជារៀង​រាល់​ឆ្នាំ​ដល់​ប្រតិបត្តិការ​ការងារ​របស់​ CMAC។​

មន្ត្រី​រដ្ឋាភិបាល​ម្នាក់​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​វីអូអេ​ឱ្យ​ដឹង​ថា​ការកាត់​ផ្តាច់​ជំនួយ​នេះ​នឹង​ប៉ះពាល់​ដល់​មន្ត្រី​អ្នក​ដោះមីន​នៃ​អង្គការ​CMAC​ចំនួន​២៤៥​នាក់​ដែល​ធ្វើការ​ក្រោម​គម្រោង​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG