ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្រកាស​ប្រើ​ថវិកា​ពិសេស​ដើម្បី​ដោះ​គ្រាប់បែក​គីមី​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​វៀតណាម​


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

ខណៈ​ដែល​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កំពុង​ឡើង​កម្តៅ​ លោក​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​ខ្មែរ​បាន​បន្ត​រិះគន់​សហរដ្ឋ​អាមេរិក​ទាក់​ទិន​នឹង​កាក​សំណល់​សង្គ្រាម​វៀតណាម​ ជាង​៤០​ឆ្នាំ​មុន។​ លោក​ ហ៊ុន សែន​ ដ៏​មាន​អំណាច​បាន​បញ្ជា​ឱ្យ​ប្រើ​ថវិកា​រដ្ឋាភិបាល​ផ្ទាល់​ ដើម្បី​ដោះ​គ្រាប់​បែក​គីមី​ពីរ​គ្រាប់​ក្នុង​ខេត្ត​ស្វាយរៀង​ ដែល​បន្សល់​ឬ​ទុក​ពី​សង្គ្រាម​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រកាស​ជា​សាធារណៈ​ថា​ រដ្ឋបាល​របស់​លោក​នឹង​ប្រើប្រាស់​ថវិកា​ពិសេស​របស់​ខ្លួន​ផ្ទាល់​ ដើម្បី​ដោះ​គ្រាប់បែក​ជីវសាស្ត្រ​ ​ចំនួន​ពីរ​គ្រាប់​ក្នុង​ខេត្ត​ស្វាយរៀង​ ​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​ ​វៀតណាម​និង​សហរដ្ឋ​អាមេរិក។

ការ​ប្រកាស​របស់​លោក​ ហ៊ុន សែន​ ធ្វើ​ឡើង​ ​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ចំអក​ដល់​សហរដ្ឋ​អាមេរិក​ ​ដោយ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ William Heidt​ ទៅ​មើល​គ្រាប់​ជីវសាស្ត្រ​ដែល​មិន​ទាន់​ផ្ទុះ​នោះ​ និង​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ដោះ​យក​គ្រាប់​នោះ​ទៅ​វិញ​ផង​ដែរ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្របញ្ចប់​ការ​សិក្សា​របស់​និស្សិត​នៃ​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​ហ៊ុន សែន​ ​ប្រកាស​យ៉ាង​ដូច្នេះ​ថា៖

«ម្សិលមិញ​ខ្ញុំ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ថា​ តម្រូវការ​ដើម្បី​យក​គ្រាប់​មីន​ ​គ្រាប់​បែក​គីមី​ពីរ​ឯណោះ!​ រហូត​ទៅ​ដល់​ពីរ​ត្រូវ​ជម្លៀស​ប្រជាជន​ប៉ុន្មាន​ពាន់​គ្រួសារ​ឯណោះ! ​ហើយ​ត្រូវ​ម្សិលមិញ​មាន​ការ​សួរ​មតិ​របស់​ខ្ញុំ ​តើ​ត្រូវ​ប្រើ​ថវិកា​ខ្ទង់​ណា?​ ​ខ្ញុំ​បាន​ចង្អុល​ ​បង្ហាញ​ថា​ ប្រើ​ថវិកា​ពិសេស​របស់​រាជរដ្ឋាភិបាល​តែ​ម្តង​ទៅ!​ ព្រោះ​យើង​មាន​គណៈកម្មាធិការ​អាវុធ​គីមី!​ អាវុធ​គីមី»។

ដោយ​មិន​បាន​បញ្ជាក់​ពី​គម្រោង​ថវិកា​ដែល​នឹង​ចំណាយ​ ​និង​រយៈពេល​នៃ​ការ​ដោះ​គ្រាប់​បែក​ពីរ​គ្រាប់​នោះ​ ​លោក​ ​ហ៊ុន សែន​ ​ថ្លែង​ថា យុទ្ធនាការ​ដោះ​គ្រាប់បែក​គីមី​របស់​អាមេរិក​ ​ដែល​បន្សល់​ទុក​ក្នុង​ខេត្ត​ស្វាយរៀង​នេះ​ ​នឹង​អាច​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនៅ​មុន​ពេល​នៃ​ការ​បើក​វេសនកាល​សិក្សា​របស់​សិស្សានុសិស្ស​ទូទាំង​ប្រទេស។

​យ៉ាង​ហោច​ណាស់​ ​មាន​គ្រាប់​បែក​ ​និង​កាក​សំណល់​សង្គ្រាម​ ​ប្រមាណ​ជា​២លាន​៥​សែន​តោន​របស់​អាមេរិក​ ​ដែល​បន្សល់​ទុក​នៅ​កម្ពុជា​ ​ក្រោយ​សម័យ​សង្គ្រាម​វៀតណាម​ ​កាល​ពី​ជាង​៤០ឆ្នាំ​មុន។​

ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក ​William Heidt​ កាល​ពី​ពេល​កន្លង​មក​បាន​ទទួល​ស្គាល់​បញ្ហា​នេះ​ ហើយ​បញ្ជាក់​ថា ​សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ជាង​១៦០​លាន​ដុល្លារ​ ​សម្រាប់​ការងារ​លុប​បំបាត់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ​ក្នុង​នោះ​ថវិកា​ពាក់​កណ្តាល​ ​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ដោះ​មីន​របស់​ចិន​ ​សូវៀត​ ​និង​វៀតណាម​ ​ដែល​បន្សល់ទុក​ពី​សង្គ្រាម​ស៊ីវិល​ ​នៅ​ភាគ​ខាង​លិច​ ​ប្រទេស​កម្ពុជា។​ ចម្ការ​មីន​ ​ចិន​ ​សូវៀត​ ​និង​វៀតណាម​ ​ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​ប្រទេស​កម្ពុជា​ទាំង​នោះ​ ​មាន​គ្រោះថ្នាក់​១០ដង​ ​លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក។​

​VOA​ មិន​អាច​ទាក់ទង​ ​លោក​ ​ហេង រតនា​ ​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​កម្ពុជា ហៅ​កាត់​ថា​ ​ស៊ីម៉ាក់​ (CMAC)​ ​និង​ ​មន្ត្រី​នៃ​គណៈកម្មាធិការ​អាវុធ​គីមី ដើម្បី​សុំ​ការ​អធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រាប់​បែក​គីមី​នេះ​បាន​ទេ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

XS
SM
MD
LG