ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសស៊ីមបាវ៉េ លោក Brian Nichols បានថ្លែងថាប្រទេសស៊ីមបាវ៉េត្រូវតែបង្ហាញពីកំណែទម្រង់ក្នុងប្រទេសឲ្យបានជាក់លាក់ប្រសិនបើប្រទេសនៅក្នុងទ្វីបអាហ្វ្រិកភាគខាងត្បូងមួយនេះចង់ឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកចេញទណ្ឌកម្មនានាប្រឆាំងនឹងមន្រ្តីកំពូលៗរបស់ខ្លួន។
លោកឯកអគ្គរដ្ឋទូតបានថ្លែងដូច្នេះបន្ទាប់ពីជំនួបជាមួយនឹងប្រធានាធិបតីស៊ីមបាវ៉េលោក Emmerson Mnangagwa កាលពីថ្ងៃពុធនៅឯវិមានប្រធានាធិបតីស៊ីមបាវ៉េក្នុងទីក្រុងហារ៉ារ៉េ។
ជំនួបរយៈពេលប្រហែលមួយម៉ោងរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេស
ស៊ីមបាវ៉េជាមួយនឹងប្រធានាធិបតីស៊ីមបាវ៉េ បានត្រូវធ្វើឡើងក្រោយមួយសបា្តហ៍បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានចុះហត្ថលេខាលើវិសោធនកម្មច្បាប់ឆ្នាំ២០១៨ ស្តីពីការងើបឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនិងសេដ្ឋកិច្ចរបស់ប្រទេសស៊ីមបាវ៉េឬហៅថា ZIDERA។ វិសោនធកម្មច្បាប់របស់សហរដ្ឋអាមេរិកនេះបានដាក់ទណ្ឌកម្មសារឡើងវិញទៅលើមេដឹកនាំស៊ីមបាវ៉េមួយចំនួននិងក្រុមហ៊ុននានា បន្ទាប់ពីមានការចោទប្រកាន់ថា មានការរំលោភសិទ្ធិមនុស្សនិងការលួចបន្លំនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០០២ ប្រឆាំងនឹងអតីតប្រធានាធិបតីលោកRobert Mugabe។
លោក Emmerson Mnangagwa ដែលជាប្រធានាធិបតីស៊ីមបាវ៉េបច្ចុប្បន្នក៏ស្ថិតក្នុងចំណោមបុគ្គលពាក់ព័ន្ធនានាដែលត្រូវបានដាក់បម្រាមរារាំងការធ្វើដំណើរនិងផ្នែកហរិញ្ញវត្ថុផងដែរ។
នៅពេលដែលលោក Mnangagwa ឡើងកាន់តំណែងជាប្រធានាធិបតីកាលពីខែវិចិ្ឆកាឆ្នាំមុន លោកបានសន្យាធ្វើឲ្យមានភាពប្រក្រតីឡើងវិញនូវទំនាក់ទំនងរបស់ស៊ីមបាវ៉េជាមួយនឹងសហរដ្ឋអាមេរិក និងបណ្តាបស្ចឹមប្រទេសនានាដែលបានដាក់ទណ្ឌកម្មលើប្រទេសស៊ីមបាវ៉េ។
កាលពីថ្ងៃពុធកន្លងទៅ លោកឯកអគ្គរដ្ឋ Nichols បានថ្លែងថា សហរដ្ឋអាមេរិកពេញចិត្តនឹងកំណែទម្រង់ក្នុងប្រទេសស៊ីមបាវ៉េចាប់តាំងពីលោក Mugabe ចាកចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំមុន ប៉ុន្តែមានការព្រួយបារម្ភចំពោះអំពើហិង្សាក្រោយការបោះឆ្នោតនាពេលថ្មីៗនេះដែលបានផ្ទុះឡើងកាលពីថ្ងៃទី១ ខែសីហា ដោយពួកកងទ័ពបានបាញ់ទៅលើហ្វូងបាតុករដែលបានបណ្តាលឲ្យពន្យារពេលដល់ការប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតី។
លោកឯកអគ្គរដ្ឋទូត Nicholsបានថ្លែងថា៖«ការប្តេជ្ញារបស់លោកប្រធានាធិបតី Mnangagwa ក្នុងការស៊ើបអង្កេតប្រកបដោយតម្លាភាពទៅលើហេតុការណ៍ដែលបានកើតឡើងទាំងនោះគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក។ អំពើហិង្សាកាលពីថ្ងៃទី១ ខែសីហាបានបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់នៅតាមផ្លូវ ការបំភិតបំភ័យភ្នាក់ងារបោះឆ្នោតរបស់ក្រុមប្រឆាំង និងបង្កអំពើហិង្សានៅតាមកន្លែងនានាក្នុងទីក្រុងហារ៉ារ៉េ រឿងរ៉ាវទាំងអស់នេះបានក្លាយជាក្តីបារម្ភយ៉ាងខ្លាំង»។
លោក Mnangagwa បានប្រកាសទទួលជោគជ័យលើការបោះឆ្នោតកាលពីថ្ងៃទី៣០ខែកក្កដាកន្លងទៅ ប៉ុន្តែគណបក្សប្រឆាំងបានប្តឹងតវ៉ាទៅតុលាការធម្មនុញ្ញលើលទ្ធផលនៃការបោះឆ្នោតនេះ ដោយបានប្រកែកមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយបានអះអាងថាមេដឹកនាំគណបក្សប្រឆាំងលោក Nelson Chamisa ទៅវិញទេដែលជាអ្នកទទួលជ័យជម្នះពិតប្រាកដ។
លោក Nichols បានថ្លែងកាលពីថ្ងៃពុធថាលោកសង្ឃឹមថា តុលាការនឹងមានភាពអព្យាក្រឹតនៅក្នុងការដោះស្រាយករណីនេះ។ កាលពីថ្ងៃពុធលោកMnangagwa
បានថ្លែងពីលទ្ធផលវិជ្ជមាននៃជំនួបជាមួយលោកឯកអគ្គរដ្ឋទូត Nichols។ លោកMnangagwa បានថ្លែងថា៖ «លោកត្រូវតែយល់ដឹងអំពីបរិយាកាសនៅក្នុងប្រទេសស៊ីមបាវ៉េ។ យើងបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកអំពីស្ថានភាពក្នុងប្រទេសនាពេលបច្ចុប្បន្ន។ ហើយយើងកំពុងធ្វើឲ្យប្រទេសស៊ីមបាវ៉េក្លាយជាប្រទេសមួយដែលមានប្រជាពលរដ្ឋរស់នៅក្នុងសន្តិភាព។ មានតែសន្តិភាពនឹងស្ថិរភាពទេដែលអាចធ្វើឲ្យប្រទេសមានការអភិវឌ្ឍបាន។ មិនមែនការចោលដុំថ្មដាក់គ្នានោះទេ»។
នៅពេលចោទសួរពាក់ព័ន្ធនឹងការយល់ឃើញចំពោះវិសោធនកម្មច្បាប់ ZIDERA លោកប្រធានាធិបតីវ័យ៧៥រូបនេះ បានផ្ទុះសំណើចបន្ទាប់មកបានដើរចូលរថយន្តដែលកំពុងរង់ចាំលោក។
តុលាការធម្មនុញ្ញនៃប្រទេសស៊ីមបាវ៉េមានពេលពីរសប្តាហ៍ដើម្បីធ្វើការសម្រេចទៅលើញត្តិតវ៉ាអំពីលទ្ធផលបោះឆ្នោតរបស់គណបក្សប្រឆាំង។
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា