ពេលនេះក៏មិនខុសពីពេលកន្លកមកដែរ ខណៈប្រទេសនេះប្រឈមនឹងការបោះឆ្នោតជាលើកទីមួយដោយគ្មានវត្តមានរបស់មេដឹកនាំកាន់តំណែងដ៏យូរ គឺលោក Robert Mugabe ឈរឈ្មោះនៅក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។
កាលពីថ្ងៃអង្គារកន្លងទៅ ពួកអ្នកគាំទ្រក្រុមប្រឆាំងរាប់ពាន់នាក់បានដើរក្បួនតវ៉ានៅក្នុងរដ្ឋធានីហារ៉ារ៉េ ប្រទេសស៊ីមបាវ៉េដើម្បីទាមទារឲ្យមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងអាចទទួលយកបាន។ ក្រុមប្រឆាំងក៏បានធ្វើការបញ្ចុះបញ្ចូលដើម្បីឲ្យពលរដ្ឋស៊ីមបាវ៉េដែលរស់នៅក្រៅប្រទេសអាចទៅបោះឆ្នោតបានផងដែរ។
ប៉ុន្តែតុលាការធម្មនុញ្ញបានច្រានចោលការទាមទារដូចនេះកាលពីសបា្តហ៍មុន។ ក្រុមអ្នកតវ៉ាបានលើកហេតុផលថាប្រសិនបើពលរដ្ឋស៊ីមបាវ៉េដែលកំពុងរស់នៅក្រៅប្រទេសអាចបោះឆ្នោតបាននោះ សំឡេងរបស់ពួកនឹងជួយបន្ទរឲ្យបានកាន់តែខ្លាំងឡើង ក៏ដូចជាជួយបង្ហាញឲ្យកាន់តែច្បាស់ចំពោះការបោះឆ្នោតដែលកំពុងខិតជិតមកដល់នេះ។
ទោះជាគ្មានតួលេខផ្លូវការនៃចំនួនជនជាតិស៊ីមបាវ៉េដែលកំពុងរស់នៅក្រៅប្រទេសក្តីញ្ញត្តិដាក់ជូនតុលាការកាលពីសប្តាហ៍មុនបានដាក់តួលេខថាមានចំនួន៥លាននាក់។
លោក Sox Chikohwero គឺជាជនជាតិស៊ីមបាវ៉េម្នាក់រស់នៅក្នុងសហគមន៍នេះ។ ដោយសារតែលោកគាំទ្រក្រុមប្រឆាំង លោកត្រូវរស់នៅនិរទេសខ្លួនក្នុងប្រទេសអាហ្វ្រិកខាងត្បូងអស់រយៈពេល១៥ឆ្នាំមកហើយ បន្ទាប់ពីលោកត្រូវបានគេចាប់ខ្លួនក្រោមបទចោទគាំទ្រក្រុមប្រឆាំង និងបានទទួលរងទារុណកម្មពីក្រុមប៉ូលីស។
លោក Sox Chikohwero បានថ្លែងប្រាប់ VOA ថា៖ «លោកមានអាម្មរណ៍ថាខកចិត្ត និងច្របូកច្របល់មិនអាចធ្វើអ្វីកើត»។
វាមិនមែនជាសំណួរអំពីយុត្តិធម៌ទេ
លោក Lovemore Madhuku អ្នកជំនាញខាងច្បាប់រដ្ឋធម្មនុញ្ញ និងជាសាស្រ្តាចារ្យនៅសកលវិទ្យាល័យស៊ីមបាវ៉េបានថ្លែងថា ច្បាប់មានលក្ខណៈរឹងតឹងខ្លាំងនៅពេលដែលនិយាយអំពីដំណើការបោះឆ្នោត។ លោកបានថ្លែងបន្តថាកាលពីឆ្នាំ២០១៣ប្រទេសស៊ីមបាវ៉េបានបោះឆ្នោតបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយដែលមិនអនុញ្ញាតឲ្យជនជាតិស៊ីមបាវ៉េដែលរស់នៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោត។ លោកបាននិយាយបន្ថែមថាសេចក្តីសម្រេចរបស់តុលាការគឺអនុលោមទៅតាមច្បាប់ដែលមានស្រាប់។
លោកបានថ្លែងទៀតថា៖ «វាមិនមែនជាសំណួរអំពីយុត្តិធម៌នោះទេ។ ខ្ញុំគិតថាសំណួរដែលអ្នកត្រូវសួរ តើនោះជាអ្វីដែលមានចែងនៅក្នុងច្បាប់ឬ? យុត្តិធម៌កើតឡើងចំពោះអ្នកដែលបានដាក់លក្ខខណ្ឌនៅក្នុងរដ្ឋធម្មនុញ្ញនេះ។ ត្រូវចងចាំថារដ្ឋធម្មនុញ្ញត្រូវបានធ្វើប្រជាមតិកាលពីខែ មិនា ឆ្នាំ ២០១៣។ ប្រជាពលរដ្ឋស៊ីមបាវ៉េជាច្រើនរហូតដល់៩៣ភាគរយបានបោះឆ្នោតតាមការទទូចចង់បានរបស់គណបក្សទាំងពីរគឺគណបក្ស ZANU-PF ដែលជាគណបក្សកាន់អំណាចនិងគណបក្ស MDC ដែលជាគណបក្សដៃគូ។ គណបក្សទាំងពីរនេះបានធ្វើយុទ្ធនាការឲ្យមានគាំទ្រចំពោះរដ្ឋធម្មនុញ្ញនេះ»។
លោកបានថ្លែងថាការធ្វើវិសោធនកម្មនេះនឹងត្រូវការរយៈពេល៩០ថ្ងៃដើម្បីជូនដំណឹង។ ក៏ប៉ុន្តែរដ្ឋធម្មនុញ្ញបានចែងថាការបោះឆ្នោតត្រូវធ្វើឡើងនៅមុនចុងខែសីហានវ។ ការណ៍នេះនឹងមិនផ្តល់ពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការផ្លាស់ប្តូរច្បាប់នេះទេ។
ពួកគេគួរតែទទួលបានសិទ្ធិបោះឆ្នោត
លោក Shadrack Gutto អ្នកវិភាគនយោបាយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងបានថ្លែងថាលោកគិតថាវាជាការភ័ណ្ឌច្រឡំដែលយល់ថាពលរដ្ឋស៊ីមបាវ៉េរស់នៅក្រៅប្រទេសទាំងអស់គាំទ្រក្រុមប្រឆាំង។ លោកបានថ្លែងថាការបន្ថែមចំនួនពលរដ្ឋស៊ីមបាវ៉េដែលកំពុងរស់នៅក្រៅប្រទេសរាប់លាននាក់ដែលមិនដឹងចំនួនពិតប្រាកដឲ្យចូលរួមបោះឆ្នោតនោះគឺត្រូវចំណាយច្រើននិងមានលក្ខណៈស្មុគស្មាញខ្លាំងណាស់។
លោកបានថ្លែងបន្តថាប៉ុន្តែពួកគេទាំងនោះគួរតែទទួលបានសិទ្ធិនេះដោយសារតែពួកគេគឺជាអ្នកជួយដល់សេដ្ឋកិច្ចស៊ីមបាវ៉េដែលបានធ្លាក់ចុះ ទោះជាពួកគេរស់នៅក្រៅប្រទេសក៏ដោយ។ លោកបានថ្លែងយ៉ាងដូច្នេះថា«ពួកគេមានសិទ្ធិបោះឆ្នោតក្នុងនាមជាពលរដ្ឋ ហើយការអនុញ្ញាតឲ្យពលរដ្ឋរស់នៅក្រៅប្រទេសអាចបោះឆ្នោតបានគឺជារឿងសំខាន់ខ្លាំងណាស់។
ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺសេដ្ឋកិច្ចស៊ីមបាវ៉េមិនអាចរីកចម្រើនបានទេ ប្រសិនបើពលរដ្ឋស៊ីមបាវ៉េដែលរស់នៅក្រៅប្រទេសទាំងនោះមិនផ្តល់ធនធានឲ្យគ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសនោះ»។
កាលពីមុនអ្នកអង្កេតការណ៍ឯករាជ្យបានរិះគន់លើប្រព័ន្ធបោះឆ្នោតនៅយុគសម័យលោក Mugabeថាមានភាពមិនប្រក្រតី។ ពួកអ្នករិះគន់បានចោទប្រកាន់ថាលោកបានបំភិតបំភ័យអ្នកបោះឆ្នោត និងបានលួចបន្លំសន្លឹកឆ្នោត។
លោកMugabeដែលបានកាន់តំណែងតាំងពីប្រទេសស៊ីមបាវ៉េទទួលបានឯករាជ្យកាលពីឆ្នាំ១៩៨០មកបានលាលែងចេញពីតំណែងកាលពីខែវិច្ឆិកាដោយសាររងសម្ពាធពីកងកម្លាំងយោធានិងអនុប្រធានាធិបតីរបស់លោកគឺលោក Emmerson Mnangagwa។
លោក Mnangagwaវ័យ៧៥ឆ្នាំដែលត្រូវបានគេដាក់រហ័សនាមថាក្រពើដោយសារប៉ិនប្រសប់ប្រើប្រាស់កលល្បិចនយោបាយនោះឥឡូវនេះកំពុងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីរបស់គណបក្សកាន់អំណាចZANU-PF។ លោកកំពុងប្រឈមជាមួយនឹងគូប្រជែងដែលមានវ័យ៤០ឆ្នាំគឺលោក Nelson Chamisa បេក្ខជនមកពីគណបក្សប្រឆាំងបន្ទាប់ពីលោក Morgan Tsvangirai អតីតមេដឹកនាំគណបក្សនេះបានស្លាប់កាលពីខែកុម្ភៈ។
ប្រជាពលរដ្ឋស៊ីមបាវ៉េជាង៥លាននាក់បានចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ខែកក្កដាខាងមុខនេះ ដែលជាការបោះឆ្នោតលើកទីមួយដោយគ្មានវត្តមានរបស់លោក Mugabe ចាប់តាំងពីឆ្នាំ១៩៨០មក៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា