ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប.​ឈ្លេចសួរ​ស.រ.អា.​អំពី​​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស ​និង​ការ​រើសអើង​ខាង​ជាតិ​សាសន៍​

  • Lisa Schlein

ក្រុមមនុស្ស​ធ្វើបាតុកម្ម ដោយ​មាន​កាន់​បដាសរសេរថា «សូមបញ្ឈប់​ប៉ូលិស​ភេរវជន​ដែល​រើស​អើង​ពូជសាសន៍» នៅ​ Baltimore រដ្ឋ Maryland កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥។

នៅ​ឯ​សវនាការ​សាធារណៈ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​ពិនិត្យ​មើលប្រវត្តិ​សិទ្ធិ​មនុស្សរបស់​សហ​រដ្ឋ​អាមេរិក ​អាមេរិកបាន​បង្កើន​ការ​ការពារ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់ពល​រដ្ឋ​ទាំង​អស់​របស់​ខ្លួន។​

ក្នុង​អំឡុង​ពេល​នៃ​សវនាការ​ពាក់​កណ្តាល​ថ្ងៃដែល​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សរបស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​នេះ​ ​ពួក​តំណាង​មក​ពី​ប្រទេស​១១៧​បាន​ចោទ​សួរ​សហ​រដ្ឋ​អាមេរិក​អំពី​បញ្ហា​នានា​ រួមមាន​ភាព​ព្រៃផ្សៃ​របស់​ប៉ូលិស ​ការ​ប្រកាន់​ពូជសាសន៍​ហើយ​នឹង​ការ​ធ្វើ​ទារុណកម្ម។​

ក្រុម​អ្នក​ច្បាប់​ដ៏​ធំមួយ​របស់​សហ​រដ្ឋ​អាមេរិក​បាន​ឆ្លើយតប​សំណួរ​និង​ការ​រិះគន់​យ៉ាង​ខ្លាំងពី​រដ្ឋ​ជាសមា​ជិក​របស់​អង្គការ​សហ​ប្រជាជាតិ​អំពី​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​សហ​រដ្ឋ​អាមេរិក។​ ការ​ពិនិត្យ​មើល​ជា​ច្រើន​បំផុត​ហើយ​នឹងការ​បង្ហាញនូវ​ការ​ជំទាស់យ៉ាង​ខ្លាំង​នេះ​គឺទាក់​ទងនឹង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​រើសអើង​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​ហើយ​នឹង​ការ​ប្រើ​កម្លាំង​ហួសហេតុដោយ​ភ្នាក់ងារ​ពង្រឹង​ច្បាប់។​

គណៈប្រតិភូ​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ខ្លួន​មាន​មោទន​ភាពអំ​ពី​ប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​អាមេរិក ​ក៏​ប៉ុន្តែ​បាន​សារភាព​ថា ​ប្រវត្តិ​សិទ្ធិ​មនុស្ស​នេះ​ មិន​មែន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ​លោក ​James Cadogan ​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ភូឈួយរង​រដ្ឋ​មន្រ្តីក្រសួង​យុត្តិធម៌​សហ​រដ្ឋ​អាមេរិក​ ​ពន្យល់​អំពី​ករណី​ចម្រូង​ចម្រាស់​ជា​ច្រើនពាក់​ព័ន្ធ​នឹង​ប៉ូលិស​ និង​ជន​ជាតិ​ភាគ​តិច ​រួមមាន​ការ​បាញ់​សម្លាប់​យុវជន​ Michael Brown ​អាយុ​១៨​ឆ្នាំនៅ​ក្នុង​ទីក្រុង​ Ferguson​រដ្ឋ ​Missouri ​កាល​ពី​ឆ្នាំ​ទៅ។ ​មន្រ្តី​ប៉ូលិស​ដែល​បានបាញ់​សម្លាប់​យុវជន​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​នោះ ​មិន​បាន​រង​ការចោទ​ប្រកាន់​ទេ។​

លោក​ Cadogan ​ដែលធ្វើ​ការ​នៅ​ក្នុង​ផ្នែក​សិទ្ធិ​ពលរដ្ឋ ​បាន​និយាយ​ថា ​ក្រសួង​យុត្តិធម៌​ធ្វើ​ការ​ស៊ើប​អង្កេត​ហើយ​នឹងចាត់​វិធានការ​ខាង​បណ្តឹង​រដ្ឋប្បវេណី​ដើម្បី​ផ្លាស់​ប្តូរ​គោល​នយោបាយ​ប៉ូលិស​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ ឬ​ការ​រើសអើង នៅ​ពេល​ដែល​បញ្ហា​ជា​ប្រព័ន្ធនេះ​កើត​ឡើង។​

«ឧទាហរណ៍ ​នៅ​ខែ​មិនា ​យើង​បាន​បញ្ចេញ​សេចក្តី​រាយ​ការណ៍​ដែល​រក​ឃើញ​ថា​ ក្រសួង​ប៉ូលិស​ទីក្រុង​ Ferguson ​រដ្ឋ Missouri ​បាន​ទាក់​ទិន​នៅ​ក្នុង​អំពើរើសអើង​ខាង​ជាតិ​សាសន៍។​ លើសពីនេះ​ទៅ​ទៀត ​យើង​បាន​បើក​ការ​ស៊ើប​អង្កេត​ជាង​២០​ករណី​នៅ​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​កន្លង​មក​នេះ​ រួមមាន​ការ​ស៊ើប​អង្កេត​ក្នុង​ក្រសួង​ប៉ូលិស​នៅ​ទីក្រុង​បាល់ទីម័រ ​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃសុក្រ។​ ហើយ​នៅ​ពេល​បច្ចុប្បនេះ ​យើង​កំពុង​ពង្រឹង​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិ​សាស្រ្ត​ចំនួន​១៦​ជា​មួយ​ទី​ភ្នាក់ងារ​រដ្ឋ ​ឬ​ទីភ្នាក់​ងារ​ពង្រឹង​ច្បាប់ក្នុង​មូលដ្ឋាន‍»។​

ការ​ស៊ើប​អង្កេត​ក្នុង​ទីក្រុង​បាល់​ទីម័រ ​រដ្ឋ​ម៉ារីឡេន​បាន​កើត​មាន​ឡើង​ ​ក្រោយពី ​Freddie Gray ​ជន​ជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​អាយុ​២៥​ឆ្នាំ​ ​បាន​ស្លាប់​នៅ​ក្នុង​ការ​ឃុំឃាំង​របស់​ប៉ូលិស។​ មន្រ្តី​ប៉ូលិស​៦​នាក់​នៅ​ក្នុង​រឿង​ក្តី​នេះ​បាន​រក​ការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ឲ្យ​យុវជន​ Gray ​ស្លាប់។​

មនុស្ស​ដែល​និយាយ​ថា ​ពួក​គេ​ជា​ជន​រងគ្រោះ​នៃ​ការ​រើសអើង​ខាង​ជាតិ​សាសន៍​ហើយ​ដែល​បាន​ចូលរួម​ក្នុង​សវនាការ​នោះ ​មិន​បាន​ពេញ​ចិត្ត​នឹង​ការ​ធានា​អះអាងរបស់​សហ​រដ្ឋ​អាមេរិក​ដែល​ថា ​ខ្លួន​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​លុប​បំបាត់​ការ​ប្រើ​កម្លាំង​ហួស​ហេតុ​ និង​អំពើ​រើសអើងនៅ​ក្នុង​កង​កម្លាំង​ប៉ូលិស​របស់​អាមេរិក​ទេ។​

​មនុស្ស​ម្នាក់​បាន​បង្ហាញ​កសិណសាក្សី​នៅ​ខាងក្រៅ​សន្និសីទអំពី​ការ​ឈឺចាប់​ដែល​គ្មាន​ទី​បញ្ចប់​នោះ។ ​លោក​បាន​និយាយ​ថា ​លោក​និង​ក្រុម​គ្រួសារ​របស់​លោក​បាន​ស៊ូទ្រាំ​ការ​ឈឺ​ចាប់​ បន្ទាប់​ពី​ប៉ូលិស​បាន​បាញ់​សម្លាប់​បងប្អូន​ស្រី​របស់​លោក។ ​មន្រ្តី​ប៉ូលិស​ ដែល​ចេញពី​ធ្វើ​ការនៅ​ក្រុង​ឈីកាហ្គោ ​បាន​បាញ់សម្លាប់​បងប្អូន​ស្រី​របស់​លោក ​Matinez Sutton ​ឈ្មោះ ​Rekia Boyed ​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​មិនា ​ឆ្នាំ​២០១២ ​ខណៈ​ដែល​អ្នកស្រី​បាន​ស្ថិត​នៅ​ឧទ្យាន​ជាមួយ​មិត្ត​ភក្តិ។​

បី​សប្តាហ៍​ក្រោយ​មក ​មន្រ្តី​ប៉ូលិស​ដែល​បាន​បាញ់​អ្នកស្រី ​Boyed​ នោះ ​បាន​រួច​ពី​ការ​ចោទ​ប្រកាន់ ​ដែល​មេធាវី​សិទ្ធិ​ពលរដ្ឋហៅ​ថា​ ​ការកាត់​ទោស​មាន​គុណ​វិបត្តិ។​លោក ​Sutton ​បាន​ប្រាប់ ​VOA ​ថា ​លោក​មិន​រំពឹង​ថា ​នឹង​មាន​ការផ្លាស់​ប្តូរ​ទេ ​បន្ទាប់​ពីការ​តវ៉ា​ ការ​បះបោរ​អំពី​ការ​សម្លាប់​យុវជន ​Michael Brown ​ឬ ​Freddie Gray ​នោះ។​

«ខ្ញុំ​មក​ទី​នេះ​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​នេះ​ ដូច​ដែលខ្ញុំ​បាន​ធ្វើ៣​ឆ្នាំ​មក​ហើយ។ ​ខ្ញុំ​បាន​ទៅ​គ្រប់​ទីកន្លែង​ដើម្បី​សុំ​ឲ្យ​គេ​ជួយ។ ​ខ្ញុំ​មិន​រំពឹង​ថា ​ពួក​គេ​នឹង​ចាត់​វិធាន​ការ​អ្វី​ទេ ​ពីព្រោះ​នេះ​ជា​ការ​ជាក់​ស្តែង។​ ការណ៍​នេះ​កើត​មាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ តើ​គេ​បាន​ធ្វើ​អ្វីខ្លះ? ដូច​ដែល​ខ្ញុំ​បាន​និយាយ​កាល​ពី​មុន​ហើយ​ ​ពួកគេ​និយាយ​ថា ​អ្នក​មាន​កំហុស​ត្រូវតែ​ទទួល​ទោស។​ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្តែង ​មិន​មែន​និយាយ​តែ​មាត់​នោះ​ទេ»។

រដ្ឋ​ដែល​ចូលរួម​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​នេះបាន​ផ្តល់អនុសាសន៍​មួយ​ចំនួន​ដល់​សហ​រដ្ឋ​អាមេរិក។​ អនុសាសន៍​ទាំង​នោះ​រួមមាន​ការ​ទាម​ទារ​ឲ្យ​សហ​រដ្ឋ​អាមេរិក​លុប​ចោល​ទោស​ប្រហារ​ជីវិត ​បិទ​មជ្ឈមណ្ឌល​ឃុំឃាំង ​Guantanamo​ ​រារាំង​សកម្មភាព​ធ្វើ​ទារុណ​កម្ម​នៅ​ក្នុង​តំបន់​នានា​នៅ​ខាង​ក្រៅ​សហ​រដ្ឋ​អាមេរិក ​លុប​បំបាត់​ការ​រើសអើង​ខាង​ជាតិ​សាសន៍​គ្រប់​ទម្រង់​ទាំងអស់​ហើយ​នឹង​ប្រយុទ្ធ​ប្រ​ឆាំងអំពើ​ហិង្សា​ប្រឆាំង​នឹង​ស្រ្តី។​

សវនាការ​សាធារណៈរបស់​អង្គការ​សហ​ប្រជាជាតិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​ហៅ​ថា ​ការ​សើរើ​ពិនិត្យ​មើល​ជាសាកល​ដែល​ប្រទេស​ទាំងអស់​ជាសមាជិក​អង្គការ​សហ​ប្រជាជាតិ​ចំនួន​១៩៣ ​ត្រូវ​តែ​ធ្វើ​ជា​រៀងរាល់​៤​ឆ្នាំ។​ នេះជាលើក​ទី​២​ហើយដែលប្រវត្តិ​សិទ្ធិ​មនុស្ស​របស់​សហ​រដ្ឋ​អាមេរិក ​បាន​ត្រូវ​គេ​ពិនិត្យនៅ​ក្រោម​នីតិវិធី​នេះ។​ របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការត្រួត​ពិនិត្យ​មើល​ប្រវត្តិ​សិទ្ធិ​មនុស្សនិង​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ​នេះមាន​គម្រោង​នឹង​អនុម័តនៅ​ថ្ងៃ​សុក្រ​នេះ៕​

ប្រែសម្រួល​ដោយ​ជឹង​ ប៉ូជីន​


អត្ថបទ​ទាក់ទង

XS
SM
MD
LG