ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តើ​លោក Martin Luther King អាច​និយាយ​ថា​ដូចម្តេច​ខ្លះ​ទៅ​អំពី​ព្រឹត្តិការណ៍​នៅ Ferguson?


រាល់​ថ្ងៃ​ច័ន្ទ​នៃ​សប្តាហ៍​ទី៣​ក្នុង​ខែ​មករា គឺជា​ថ្ងៃ​ឈប់​សម្រាក​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​រំឭក​ថ្ងៃ​កំណើត​របស់​លោក Martin Luther King ដែល​ជា​សកម្ម​ជន​សិទ្ធិ​ពលរដ្ឋ​ដ៏​ល្បី​ល្បាញ​ម្នាក់។ ថ្ងៃ​ឈប់​សម្រាក​ឆ្នាំ​នេះ មាន​ន័យ​ណាស់​សម្រាប់​មនុស្ស​ជា​ច្រើន បន្ទាប់​ពី​ព្រឹត្តិការណ៍​នៅ​ទី​ក្រុង Ferguson រដ្ឋ Missouri ដែល​បាន​កើត​ឡើង​ប៉ុន្មាន​ខែ​មុន​នេះ។

បើ​សិន​លោក​នៅ​រស់ តើ លោក Martin Luther King នឹង​និយាយ​យ៉ាង​ដូច​ម្តេច​ចំពោះ​ការ​ស្លាប់​របស់ Michael Brown នៅ Ferguson រដ្ឋ Missouri និង Eric Garner នៅ​ទីក្រុង New York ដែលបាន​ស្លាប់​នៅ​ពេល​តទល់​ជាមួយ​ប៉ូលិស និង​ការ​ខឹង​សម្បា និង​បាតុកម្ម​ដែល​បាន​កើត​ឡើង​នៅ​ទី​នោះ?

ក្នុង​សុន្ទរកថា​មួយ លោក Martin Luther King បាន​រៀប​រាប់​ថា៖

«ខ្ញុំ​មាន​ក្តី​ស្រមៃ​មួយ ថា​ថ្ងៃ​មួយ កូន​តូចៗ​ទាំង​៤នាក់​របស់​ខ្ញុំ នឹង​រស់​ក្នុង​ប្រទេស​ជាតិ​មួយ ដែល​ពួក​គេ​ត្រូវ​បាន​វាយ​តម្លៃ ដោយ​ចរិក​លក្ខណៈរបស់​គេ មិន​មែន​ពណ៌​សម្បុរ​របស់​គេ​ទេ»។

សន្ទុរកថា​ដ៏​ល្បី​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា «I Have A Dream» ក្នុង​ការ​ដើរ​ហែរ​ក្បួន​ឆ្នាំ១៩៦៣ នៅ​រដ្ឋធានី​វ៉ាស៊ីតោន គឺជា​ព្រឹត្តិការណ៍​ដ៏​ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​ការ​តស៊ូ​លុប​បំបាត់​ការ​រើង​អើង​ពូជ​សាសន៍ និង​ដើម្បី​សិទ្ធិ​ស្មើ​គ្នា​ដល់​ពលរដ្ឋ​អាមេរិក​គ្រប់​រូប។

កាល​ពី​ខែ​មុន មាន​ការ​ដើរ​ហែរ​ក្បួន​មួយ​ផ្សេង​ទៀត​នៅ​វ៉ាស៊ីនតោន។ បាតុករ​រាប់​ម៉ឺន​នាក់​បាន​ទាម​ទារ​រក​យុត្តិធម៌​ដល់​ការ​ស្លាប់​របស់ Michael Brown និង Eric Garner។

បាតុកម្ម​នេះ​បាន​ដំណើរ​ការ​ដោយ​សន្តិភាព។ អ្នកស្រី Alveda King ក្មួយ​ស្រី​របស់​លោក Martin Luther King ដែល​ឪពុក​របស់​នាង គឺ​លោក A.D King ក៏​ជា​សកម្ម​ជន​សិទ្ធិ​ពលរដ្ឋ​ម្នាក់​ដែរ​នោះ បាន​ណែ​នាំ​ថា ការ​ធ្វើ​បាតុកម្ម​ដោយ​អំពើ​ហិង្សា​នៅ Ferguson មិន​មែន​ជា​អនុសាស្ត្រ​ត្រឹម​ត្រូវ​ទេ ក្រោយ​ពេល​សាល​ក្រម​មិន​ផ្តន្ទា​ទោស​ប៉ូលិស ដែល​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់ Michael Brown។

អ្នកស្រី Alveda ថា ពាក្យ​ស្លោក «គ្មាន​យុត្តិធម៌ គ្មាន​សន្តិភាព» ក្នុង​ការ​ធ្វើ​បាតុកម្ម​នៅ Ferguson ជា​ការ​បង្កហេតុ ហើយ​ថា មាន​តែ​បាតុកម្ម​សន្តិភាព​ទេ​ទើប​អាច​នាំ​មក​នូវ​លទ្ធផល​វិជ្ជមាន ដោយ​លើក​ឡើង​ពី​ព្រឹត្តិការណ៍​ឆ្នាំ១៩៦៣ ពេល​ដែល​ផ្ទះ​នាង​ត្រូវ​បាន​បំផ្លិច​បំផ្លាញ។

អ្នកស្រី Alveda រៀប​រាប់​ថា៖ «ខ្ញុំ​ចាំ​ថា ឪពុក​ខ្ញុំ​បាន​ឈរ​លើ​ដំបូល​ឡាន ហើយ​ មនុស្ស​នាំ​គ្នា​ចង់​ធ្វើ​ដូច​នៅ Ferguson គឺ​ព្យាយាម​បំផ្លាញ​ឡាន​ប៉ូលិស ដោយ​គុំ​ដុំ​ថ្ម។ ម្នាក់ៗ​ប្រើ​អំពើ​ហិង្សា​ខ្លាំង​ណាស់។ តែ ខ្ញុំ​ចាំ​ថា ឪពុក​ខ្ញុំ​គ្រាន់​តែ​ឈរ​លើ​ដំបូល​ឡាន កាន់​មេក្រូ ហើយ​និយាយ​ថា៖ កុំ​បំផ្លិច​បំផ្លាញ! កុំ​ប្រើ​អំពើ​ហិង្សា។ គ្រួសារ​ខ្ញុំ និង​ខ្ញុំ​មិន​អី​ទេ។ សូម​អ្នក​ទាំង​អស់​គ្នា​ត្រឡប់​ទៅ​ផ្ទះ ហើយ​បន់​ស្រន់​ទៅ»។

អ្នក​រិះ​គន់​ខ្លះ ថា ការ​ធ្វើ​បាតុកម្ម​បាន​បង្ក​ជាគំនុំ​មក​លើ​ប៉ូលិស ហើយ​ទំនង​ជា​បណ្តាល​ឲ្យ​មាន ការ​សម្លាប់​មន្ត្រី​ប៉ូលិស​ពីរនាក់​នៅ​ក្រុង New York គឺ​លោក Rafael Ramos និង Wenjian Liu។ តែ មាន​កត្តា​វិជ្ជមាន​មួយ គឺ​ការ​ពិភាក្សា​ដោយ​សន្តិភាព​អំពី​ការ​រើស​អើង​ពូជ​សាសន៍​តាម​បណ្តាញ​សង្គម។

អ្នកស្រី Alveda យល់​ថា៖

«នៅ​ពេល​ខ្ញុំ​ឃើញ​ឃ្លា Black Lives Matter ខ្ញុំ​ជឿ​ថា ជីវិត​របស់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ ទាំង​អ្នក​មាន​ជំងឺ មនុស្ស​ចាស់ ក្មេង អ្នក​ចេះ​ដឹង រួម​ទាំង​មនុស្ស​គ្រប់​រូប​ផ្សេង​ទៀត គឺ​សុទ្ធ​តែ​មាន​សារសំខាន់»។

ជា​ការ​ឧទ្ទិស​ដល់​ថ្ងៃ​ឈប់​សម្រាក​នេះ មាន​ការ​រៀប​ចំ​ជា​ការ​ដើរ​ដង្ហែរ​ក្បួន​តាម​ទីក្រុង​ជា​ច្រើន និង​មាន​ការ​ច្រៀង​តាម​ព្រះ​វិហារ​ទូទាំង​ប្រទេស។ ពលរដ្ឋ​អាមេរិក​ទាំង​អស់ រួម​ទាំង​លោក​ប្រធានា​ធិបតី និង​គ្រួសារ​របស់​លោក បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​តាម​សហគមន៍​ដើម្បី​ការ​រួប​រួម​គ្នា។

អ្នកស្រី Alveda King និយាយ​ថា នេះ​គឺជា​សុបិន​របស់​អ៊ំ​នាង ដោយ​ចង់​បាន​ប្រទេស​ជាតិ​ដ៏​សន្តិភាព និង​រួប​រួម​មួយ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG