ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​ប្រញាប់​ប្រញាល់​ច្រាន​ចោទ​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​កូរ៉េ​ខាង​ជើង


រូបឯកសារ៖ ទិដ្ឋភាព​នៅ​អាគារ​ក្រុមហ៊ុន​អវកាស Yuzhmash គ្រប់​គ្រង​ដោយ​រដ្ឋ ក្នុង​ទីក្រុង Dnipro ប្រទេស​អ៊ុយក្រែន (រូបថត​ឆ្នាំ​ ២០១៤)។
រូបឯកសារ៖ ទិដ្ឋភាព​នៅ​អាគារ​ក្រុមហ៊ុន​អវកាស Yuzhmash គ្រប់​គ្រង​ដោយ​រដ្ឋ ក្នុង​ទីក្រុង Dnipro ប្រទេស​អ៊ុយក្រែន (រូបថត​ឆ្នាំ​ ២០១៤)។

វីអូអេ​ផ្សាយ​ជា​ភាសា​អ៊ុយក្រែន​បាន​សម្ភាស​អ្នក​វិភាគ​ម្នាក់ ដែល​បាន​លើក​ឡើង​អំពី​ការ​ចោទ​ប្រកាន់​នេះ។ ការ​លើក​ឡើង​របស់​លោក Michael Elleman ក៏​ត្រូវបាន​យក​ទៅ​បោះពុម្ព​ផ្សាយ​ជា​អត្ថបទ​មួយ​ដោយ​កាសែត ​The New York Times ​ដោយ​សង្កត់​ធ្ងន់​ថា រុស្ស៊ី ក៏​អាច​ជា​ប្រភព​ផ្គត់ផ្គង់​បច្ចេកវិទ្យា​នេះ​ដែរ។

លោក ​Daniel Schearf ​នៃ​វីអូអេ ​បាន​រាយការណ៍​ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ថា អ៊ុយក្រែន​ច្រាន​ចោល​ការ​លើក​ឡើង​ណា​មួយ​ដែល​ថា​ អ៊ុយក្រែន​អាច​ជួយ​ផ្គត់ផ្គង់​អាវុធ​ដល់​កូរ៉េ​ខាង​ជើង ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​គំរាម​បាញ់​កាំជ្រួច​មីស៊ីល​ទៅកាន់​កោះ Guam ដែល​ជា​ដីកោះ​របស់​សហរដ្ឋ​អាមេរិក។

មន្ត្រី​អ៊ុយក្រែន និង​អ្នក​វិភាគ​បាន​បដិសេធ​ភ្លាមៗ​លើ​ការ​ចោទ​ប្រកាន់​ ដែល​ថា រោងចក្រ​ផលិត​អាវុធ​ដែល​បន្សល់​ពី​សម័យ​សូវៀត​មួយ អាច​ជា​ប្រភព​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ខាង​ម៉ាស៊ីន ដែល​ត្រូវបាន​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​ផលិត​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

លោក ​Mykola Sunhurovskyi ​នៃ​មជ្ឈមណ្ឌល ​Razumkov​ នៅ​អ៊ុយក្រែន បាន​លើក​ឡើង​ថា៖ «‍វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ខាង​ម៉ាស៊ីន ដោយ​មិន​ឆ្លង​កាត់នីតិវិធី​នាំ​ចេញ។ អ្វី​ដែល​អាច​ទៅ​រួច​នោះ​គឺ​ថា កូរ៉េ​ខាង​ជើង​អាច​ទទួល​បាន​ម៉ាស៊ីន​ដែល​ត្រូវ​បាន​បន្សល់​ទុក​ក្រោយ​ពី​គ្រាប់​រ៉ុក្កែត​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​រុស្ស៊ី។ ការណ៍​នេះ​អាច​ធ្វើ​ទៅ​រួច»។

អ្នក​រៀប​រៀង​របាយការណ៍​ស្រាវជ្រាវ​មួយ ដែល​ត្រូវបាន​ដក​ស្រង់​ពាក្យ​សម្តី​ដោយ​កាសែត​ The New York Times​ លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ទំនង​ជា​ទទួល​បាន​ជំនួយ​ដោយ​ខុស​ច្បាប់​ពី​អ៊ុយក្រែន ក៏ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ជំនួយ​នេះ​ក៏​អាច​កើត​ចេញ​ពី​ប្រទេស​រុស្ស៊ី​ផង​ដែរ។​

លោក Michael Elleman អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អន្តរជាតិ​ស្តី​អំពី​ការសិក្សា​យុទ្ធសាស្ត្រ (International Institute for Strategic Studies) បាន​លើក​ឡើង​ថា៖ «‍មាន​ភាព​មិន​ប្រាកដ​ប្រជា​ច្រើន​ ថា​តើ​បច្ចេកវិទ្យា​នេះ​ត្រូវបាន​បញ្ជូន​ទៅ​ដោយ​របៀប​ណា។ ក៏ប៉ុន្តែ​ខ្ញុំ​យល់​ថា ប្រភព​ផ្គត់​ផ្គង់​នេះ​អាច​នៅ​រុស្ស៊ី​ ឬ​អ៊ុយក្រែន»។

អ្នក​វិភាគ​ផ្សេង​ទៀត អះអាង​ថា កូរ៉េ​ខាង​ជើង​អាច​ផលិត​ម៉ាស៊ីន​ដោយ​ខ្លួន​ឯង ហើយ​អាច​នឹង​មិន​ត្រូវការ​ជំនួយ​អ្វី​នោះ​ទេ។ ក៏ប៉ុន្តែ អ្នក​វិភាគ​ទាំងអស់​យល់​ស្រប​ថា ការ​ទាមទារ​របស់​អ៊ុយក្រែន ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​រឿង​នេះ គឺជា​គំនិត​ផ្តួច​ផ្តើម​ដ៏​ល្អ​មួយ។

លោក Volodymyr Horbulin ប្រធាន​វិទ្យាស្ថាន​ជាតិ​ស្តី​អំពី​ការ​សិក្សា​យុទ្ធសាស្ត្រ នៅ​អ៊ុយក្រែន បាន​លើក​ឡើង​ថា៖ «‍ការ​ស្នើ​សុំ​របស់​អ៊ុយក្រែន​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នេះ គួរ​តែ​បញ្ចប់​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​មក​លើ​ប្រទេស​យើង ដោយ​ជន​ខ្លះ​បាន​លើក​ឡើង​ថា អ៊ុយក្រែន​កំពុង​តែ​ធ្វើការ​ជួញដូរ​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​អន្តរជាតិ»។

ការ​ចោទ​ប្រកាន់​មក​លើ​អ៊ុយ​ក្រែន​នេះ បាន​កើត​ឡើង ខណៈពេល​ដែល​កូរ៉េខាង​ជើង​គំរាម​បាញ់​កាំជ្រួច​មីស៊ីល​ទៅ​ក្បែរ​កោះ​ Guam ដែល​ជា​ដីកោះ​របស់​សហរដ្ឋ​អាមេរិក។

អ្នក​ជំនាញ​ខ្លះ​នៅ​អ៊ុយក្រែន ព្រួយ​បារម្ភ​ថា ការ​ចោទប្រកាន់​នេះ​អាច​ប៉ះពាល់​ដល់​សេចក្តី​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ ថា​តើ​គួរ​តែ​ផ្តល់​អាវុធ​ការពារ​ដល់​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ផ្តាច់​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ ឬ​ក៏​យ៉ាង​ណា។​

លោក Ihor Fedyk អ្នក​វិភាគ​នៃ​មជ្ឈមណ្ឌល​យោធា នៅ​អ៊ុយក្រែន បាន​លើក​ឡើង​ថា៖ «‍មាន​ការ​ពិភាក្សា​ជា​បន្តបន្ទាប់​អំពី​លទ្ធភាព​ក្នុង​ការ​បញ្ជូន​អាវុធ​ដ៏​ប្រល័យ​ទៅ​ឲ្យ​អ៊ុយក្រែន។ រឿងរ៉ាវ​នេះ​អាច​បង្ក​ជា​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ដំណើរការ​ពិភាក្សា​នេះ»។

ខណៈ​ពេល​ដែល​ការ​ចោទ​ប្រកាន់​របស់​លោក Elleman កំពុង​ត្រូវបាន​ស៊ើប​អង្កេត​នោះ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ ទំនង​ជា​ដក​ថយ​ជំហរ​របស់​ខ្លួន​ក្នុង​ការ​គំរាម​កំហែង​បាញ់​កាំជ្រួច​មីស៊ីល​ទៅ​កាន់​កោះ Guam ដោយ​អះអាង​ថា ខ្លួន​នឹង​រង់ចាំ​មើល​ថា​តើ សហរដ្ឋ​អាមេរិក​នឹង​ចាត់​វិធានការ​អ្វី​បន្តទៀត៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

អត្ថបទ​ទាក់ទង

XS
SM
MD
LG