ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​រុស្ស៊ី​នឹង​បើក​កិច្ចប្រជុំ​ទៅ​លើ​អំពើ​ហិង្សា​នៅ​អ៊ុយក្រែន​


រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson នៅ​សេតវិមាន​ កាល​ពី​ខែ​ឧសភា។
រូបឯកសារ៖ រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី លោក Sergey Lavrov (ឆ្វេង) និង​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson នៅ​សេតវិមាន​ កាល​ពី​ខែ​ឧសភា។

រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សហរដ្ឋ​អាមេរិក​ក្នុង​ពេល​ឆាប់ៗ​នេះ​នឹង​បញ្ជូន​ប្រេសិត​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​មូស្គូ ​ដើម្បី​ចរចា​ជុំវិញ​ភាព​ចលាចល​នៅ​ប៉ែក​ខាង​កើត​ប្រទេស​អ៊ុយក្រែន ក្នុង​កិច្ច​ប្រជុំ​អំពី​អំពើ​ហិង្សា​ដែល​នៅ​តែ​បន្ត​មួយ​នេះ។​

លោក​រដ្ឋមន្ត្រី​ការបរទេស Sergey Lavrov បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាង​មួយ​ម៉ោង​នៅ​ក្នុង​ទីក្រុង​ម៉ានីល ជាមួយ​នឹង​លោក ​Rex Tillerson​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក។ នេះ​គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​មាន​ទំនាក់​ទំនង​រវាង​មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ទាំង​ពីរ ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​បាន​ចុះ​ហត្ថលេខា​ដោយ​ស្ទាក់​ស្ទើរ​ទៅ​លើ​ទណ្ឌកម្ម​ថ្មីៗ​ឲ្យ​ទៅ​ជា​ច្បាប់ ដើម្បី​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​ក្រុង​មូស្គូ ចំពោះ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះឆ្នោត​អាមេរិក​កាល​ពី​ឆ្នាំ​២០១៦ ដើម្បី​ជួយ​ដល់​រូប​លោក​ឲ្យ​ជាប់​ឆ្នោត។ ​

លោក ​Lavrov ​បាន​មាន​ប្រសាសន៍​ថា​ លោក​ Kurt Volker ​មន្ត្រី​ការទូត​អាមេរិក​នឹង​ជួយ​ជាមួយ​នឹង​ប្រេសិត​របស់​រុស្ស៊ី​គឺ​លោក ​Vladislav Surkov ​ចំពោះ​វិបត្តិ​អ៊ុយក្រែន។ លោក​ Volker កាល​ពី​ខែ​មុន​បាន​ទៅ​ទស្សនកិច្ច​នៅ​ប៉ែក​ខាង​កើត​អ៊ុយក្រែន ដែល​នៅ​ទីនោះ​ក្រុម​ផ្តាច់​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​កង​កម្លាំង​របស់​រដ្ឋាភិបាល​ក្រុង ​Kyiv ​អស់​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​ហើយ។ វា​គឺ​ជា​ជម្លោះ​មួយ​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាលក​ក្រុង​មូស្គូ បាន​យក​តំបន់ ​Crimean ​របស់​អ៊ុយក្រែនធ្វើ​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន ហើយ​មនុស្ស​ជាង​១ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់។

នៅ​មិនទាន់​មាន​ប្រតិកម្ម​ភ្លាមៗ​ពី​ភាគី​អាមេរិក​ចំពោះ​កិច្ចប្រជុំ​នេះ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បន្ទាប់​បន្សំ​នៃ​កិច្ចប្រជុំ​ការទូត​ថ្នាក់​តំបន់​នៅ​ឡើយ​ទេ។ លោក​ Rex Tillerson រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​មិន​អើពើ​នឹង​សំណួរ​អំពី​រឿង​នេះ​ពី​សំណាក់​អ្នក​កាសែត៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG