ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​អ៊ីរ៉ង់ ទោះបី​ខ្លួន​បាន​ទទួល​ស្គាល់​ថា​អ៊ីរ៉ង់​បាន​ធ្វើ​តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ក៏​ដោយ


មីស៊ីល​ផ្លោង​ត្រូវ​បាន​ក្រុម Revolutionary Guard​ ដាក់​តាំង​បង្ហាញ​ដោយ នៅ​ពេល​ប្រមូល​ផ្តុំ​គាំទ្រ​ដល់​ប្រទេស​ប៉ាឡេស្ទីន​នៅ​ទិវា Al-Quds នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។
មីស៊ីល​ផ្លោង​ត្រូវ​បាន​ក្រុម Revolutionary Guard​ ដាក់​តាំង​បង្ហាញ​ដោយ នៅ​ពេល​ប្រមូល​ផ្តុំ​គាំទ្រ​ដល់​ប្រទេស​ប៉ាឡេស្ទីន​នៅ​ទិវា Al-Quds នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល និង​ក្រុម​អ៊ីរ៉ង់​ចំនួន ១៨ ដែល​ខ្លួន​បាន​ចោទ​ប្រកាន់​ថា បាន​គាំទ្រ​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ ទោះបីជា​បន្ទាប់ពី​សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ឡើង​វិញ​អំពី​ការណ៍​ដែល​ប្រទេស​អ៊ីរ៉ង់​អនុលោម​តាម​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥ ក៏​ដោយ។

ក្រសួង​ការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា សកម្មភាព​របស់​អ៊ីរ៉ង់​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា «ប៉ះពាល់​ដល់​ស្ថិរភាព សន្តិសុខ និង​វិបុលភាព នៅ​ក្នុង​តំបន់‍»។

ក្រសួង​ការបរទេស​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ដល់​ក្រុម​ចំនួន ២ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រុម Revolutionary Guards កំពូលៗ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ ក្រសួង​ការបរទេស​អាមេរិក​បាន​បន្ថែម​ថា ក្រុម​ទាំង​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ស្រាវជ្រាវ និង​ការ​អភិវឌ្ឍ​គ្រាប់​ផ្លោង​មីស៊ីល និង​ការ​សាកល្បង​បង្ហោះ​គ្រាប់​មីស៊ីល។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​អង្គភាព​ចំនួន ៧ និង​បុគ្គល ៥ នាក់​ផ្សេង​ទៀត ដោយសារតែ​ពួកគេ​បាន​គាំទ្រ​ការ​ទិញ​អាវុធ​យោធា​របស់​អ៊ីរ៉ង់ ក៏​ដូចជា​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​អ៊ីរ៉ង់ ៣ នាក់​ផ្សេង​ទៀត ដោយសារតែ​ពួកគេ​ជា​ផ្នែក​មួយ​នៃ «អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់‍» ផង​ដែរ។

ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ គឺ​ធ្វើ​ឡើង​ដោយ​ផ្អឹប​ទុក​នូវ​ទ្រព្យសម្បត្តិ​ណា ដែល​ជនជាតិ​អ៊ីរ៉ង់​ដែល​ជា​គោលដៅ​អាច​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បាន​រារាំង​ជនជាតិ​អាមេរិកាំង​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ជាមួយ​ពួកគេ៕

XS
SM
MD
LG